en     km
en     km

កូនស្រីអ្នកទោសជាតិអូស្ត្រាលី៖ឪពុកខ្ញុំនឹងស្លាប់ក្នុងគុកនៅគុកព្រៃសកម្ពុជា

Share

កូនស្រីរបស់អ្នកផលិតភាពយន្តជាតិអូស្ត្រាលី លោក James Ricketson នាងRoxanne Holmes  បានសុំរដ្ឋាភិបាលប្រទេសអូស្ត្រាលីជួយអន្តរាគមន៍ អោយឱពុកខ្លួនបានចេញពីពន្ធនាគារព្រៃស នៃប្រទេសម្ពុជា ដែលនាងបារម្ភថាឪពុកនឹងស្លាប់ក្នុងគុក។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ និយាយថា គេមិនអាចដោះលែងក្រោមហេតុផល សុខភាពនោះទេហើយកម្ពុជាមិនព្រួយបារម្ភដែរករណីតានតឹងផ្នែកការទូត។ លោក សោម លាភ រាយការណ៍ជូន!

 

លោក James Ricketson មានវ័យ ៦៩ឆ្នាំ។

អ្នកផលិតភាពយន្តជនជាតិអូស្ត្រាលីរូបនេះ ត្រូវបានតុលាការកម្ពុជាកាត់ទោស  ៦ឆ្នាំ ក្រោមបទចារកម្ម។ នៅក្នុងសវនការ លោក James Ricketson បានចោទសួរទៅចៅក្រម ថាតើ «ខ្ញុំធ្វើចារកម្មអោយប្រទេសណា។ តែចៅក្រម ថា ធ្វើចារកម្មអោយរដ្ឋបរទេសមួយ»។

នាងHolmes បាននិយាយថា៖«ឪពុកចញ្ចឹម របស់ខ្ញុំ គឺលោក James Ricketson ជាមនុស្សមានបេះដូង សម្បុរសធម៌ណាស់ ។ គាត់នៅក្នុងការឃុំខ្លួននៅឡើយ។ គាត់មិនបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌអ្វីទេ។ ករណីនេះ ប្រសិនបើ រដ្ឋាភិបាល អូស្ត្រាលី មិនធ្វើអន្តរាគមន៍នោះទេ គឺគាត់អាចនឹងស្លាប់ក្នុងគុក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian នៅថ្ងៃពុធទី៥កញ្ញានេះ។ ស្ត្រីរូបនេះបានរៀបរាប់ច្រើន ពីជីវិតនិង ការតស៊ូរបស់លោក James Ricketsonដើម្បីជួយជនក្រីក្រ»

ទាក់ទិន ករណីលោក James Ricketson  អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បាននិយាយនៅក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រីថា ករណី សុខភាព គឺមិនអាចនិយាយបានទេ ព្រោះទណ្ឌិតណាក៏អាចលើកយកករណីនេះដែរ។ តែករណីនេះអាចមានការប៉ះពាល់ទំនាក់ទំនងការទូតឬទេ រវាងប្រទេសកម្ពុជា អូស្ត្រាលី លោក ជិន ម៉ាលីន អះអាងថា ពុំមានបញ្ហានោះទេ ព្រោះកម្ពុជា ជារដ្ឋអធិបតេយ្យ។

ដោយឡែក អ្នកច្បាប់ម្នាក់ ជាសមាជិកនៃគណៈមេធាវីកម្ពុជា លោក យ៉ុងផានិត បានពន្យល់ថា គេអាចសើរើ ទោស​ របស់ជនបរទេសនោះបាន តែអាស្រ័យលើ ប្រទេសនោះ មានកិច្ចព្រមព្រៀងប្រព័ន្ធយុត្តិធម៌ ជាមួយគ្នា។

ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបង្ហើបថា ការដោះលែងទណ្ឌិតបរទេសរូបនេះ អាចធ្វើបាន គឺករណីប្ដឹងឧទ្ធរណ៍ ឬសុំការលើកលែងទោស៕

Share

Image
Image
Image