en     km
en     km

កូនប្រុសច្បងរបស់នាយករដ្ឋមន្ដ្រីត្រូវបានតំឡើងជាគណៈកម្មាធិការអចិន្ដ្រៃយ៍បក្ស

Share

ភ្នំពេញ៖ បន្ទាប់ពីមហាសន្និបាតបានបិទបញ្ចប់រយៈពេល ៣ថ្ងៃ គណបក្សប្រជាជនកម្ពុជាដែលសម្ដេចនាយករដ្ឋមន្ដ្រីជាប្រធានគណបក្សបានជ្រើសរើសសមាជិកអចិន្ដ្រៃយ៍បក្ស ៧រូបថែមទៀត ក្នុងនោះមានកូនប្រុសច្បងរបស់សម្ដេច ហ៊ុន សែន ផងដែរ។

លោក ហ៊ុន ម៉ាណែត ដែលជាអគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទទទួលបន្ទុកទ័ពជើងគោក ត្រូវបានឪពុកលោក គឺ សម្ដេច ហ៊ុន សែនតែងតែឧទ្ទេសនាមថា នឹងអាចក្លាយជាមេដឹកនាំរបស់កម្ពុជានាពេលខាងមុខ នោះបានទទួលតំណែងក្នុងឋានៈដ៏ខ្ពស់បំផុតរបស់បក្សកាន់អំណាចជាង ៣០ឆ្នាំមកនេះ។

លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់អ្នកសារព័ត៌មានថា សមាជិកអចិន្ដ្រៃយ៍ថ្មីទាំង ៧រូបនោះមានលោក ជា សុផារ៉ា លោក អូន ព័ន្ធមុនីរ័ត្ន លោក ប្រាក់ សុខុន លោក វង្ស ពីសេន អគ្គមេបញ្ជាការកងទ័ព លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លោក ឥត សារ៉ាត់ និង លោក ហ៊ុន ម៉ាណែត ។

លោក សុខ ឥសាន្ដ បានបញ្ជាក់ថា ការតំឡើងឋានៈរបស់អ្នកទាំង ៧រូបនេះ ដោយសារតែពួកគេមានសមត្ថភាព និងស្នាដៃជាច្រើន។ លោកថា មិនមានទំនាស់ផលប្រយោជន៍នៅក្នុងការងារនយោបាយ និងមុខតំណែងនោះទេ។

គណបក្សប្រជាជនកម្ពុជាមានសមាជិកអចិន្ដ្រៃយ៍សរុប ៣៧រូប ក្នុងនោះមានសម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន ​សែន សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នឹងសម្ដេចទៀបាញ់រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដែលពួកគាត់ គឺជាអ្នកធ្វើសេចក្ដីសំរេចគោលនយោបាយរបស់បក្ស។

ដោយឡែក លោក ហ៊ុន ម៉ាណែត គឺជាថ្នាក់ដឹកនាំបក្សវ័យក្មេងដែលបានទទួលសញ្ញាប័ត្របណ្ឌិតសភាយោធាពីសហរដ្ឋអាមេរិក។ ចំណែកឯកូនប្រុសទី២ គឺ លោក ហ៊ុន ម៉ានិត ជាប្រធានអង្គភាពចារកម្មយោធា ហើយ លោក ហ៊ុន ម៉ានី កូនប្រុសពៅជាសមាជិករដ្ឋសភា៕

Share

Image
Image
Image