en     km
en     km

កុមារកម្ពុជាប្រមាណ៧៥%នៅតែរងគ្រោះនៃការប្រើប្រាស់អំពើហិង្សា

Share

ភ្នំពេញ៖ កុមារនៅក្នុងប្រទេសកម្ពុជាប្រមាណ ៧៥ % នៅតែទទួលរងគ្រោះនៃការប្រើប្រាស់អំពើហិង្សា​ ខណៈកុមារទូទំាងពិភពលោក ចំនួន ១ពាន់ ៧រយលាននាក់ នៅបន្តរងគ្រោះអំពើហិង្សា។ នេះបើតាមនាយកប្រតិបត្តិអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចំាកម្ពុជា ដែលផ្តល់បទសម្ភាសឱ្យក្រុមអ្នកសារព័ត៌មាន​ក្នុងកម្មវិធីសម្ពោធយុទ្ធនាការ it takes a world ដើម្បីបញ្ឈប់អំពើហិង្សាលើកុមារនៅផ្ទះ និងនៅសាលារៀន។

 នៅវេទិកានោះ ក្រុមកុមារមួយក្រុមបានច្រៀងចម្រៀងដែលមានន័យចង់បានសិទ្ធិសេរីភាព និងការបង្ហាញនូវអ្វីដែលខ្លួនពេញចិត្តជាពិ សេសសូមឱ្យបញ្ឈប់ការប្រើប្រាស់អំពើហិង្សលើកុមារ។

ដោយសារព្រួយបារម្ភអំពីអនាគតកុមារទាំងមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ទំាងអង្គការជាតិ និងអន្តរជាតិអំពាវនាវឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ និងឪពុក ម្តាយ ត្រូវរួមគ្នាបញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើកុមារ។

នាយកប្រតិបត្តិរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចំានៅកម្ពុជាលោក ទ្បេង វីរៈ បានលើកទ្បើងថាតាមការសិក្សាស្រាវជ្រាវទាក់ទងនិងកុមារកម្ពុជានោះគេរកឃើញថា កុមារប្រមាណ៧៥%នៅតែបន្តរងគ្រោះអំពើហិង្សា។ លោក បន្តថា​ការប្រើប្រាស់អំពើហិង្សានេះនឹងជះ​ឥទ្ធិពលខ្លំាងទៅលើការរស់នៅរបស់កុមារ និងសង្គមជាតិ។

លោកថាប្រសិនបើពុំមានការយកចិត្តទុកដាក់អ្នករងគ្រោះនោះគឺធ្លាក់ទៅលើប្រទេសជាតិ។ «បើសិនជាយើងមិនយកចិត្តទុកដាក់ជា មួយនឹងរឿងនេះទេគឺយើងបានរួមដៃសម្លាប់អនាគតកូនចៅរបស់យើង ហើយឈានទៅដល់ផលប៉ះពាល់សម្រាប់ការរីកលូតលាស់ជារួមសម្រាប់ប្រទេសជាតិរបស់យើង ការស្រាវជ្រាវរបស់យើង ៧៥% គាត់បានឆ្លើយថាគាត់ទទូលបានផលប៉ះពាល់អំពើហិង្សាលើសពីមួយទម្រង់ដែលក្នុងនោះមាន៤ទម្រង់ជាសំខាន់»

ឆ្លើយតបនឹងការលើកទ្បើងនេះ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍសង្គម នៃក្រសួងកិច្ចនារីលោកស្រី ញាណ សុចិត្រា ទទួលស្គាល់ថាការប្រើប្រាស់អំពើហិង្សាលើកុមារពិតជានៅមានច្រើននៅទ្បើយ ដោយសារតែអំពើហិង្សាទៅលើកុមារ ជាពិសេសស្រ្តីនៅតែកើតទ្បើងម្តងហើយម្តងទៀត ដែលទាមទារឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធទំាងអស់ត្រូវតែចួលរួមលុបបំបាត់ការរើសអើងលើកុមារ និងលុបបំបាត់ការប្រើប្រាស់អំពើហិង្សាលើកុមារ។«រាជរដ្ឋាភិបាលតែម្នាក់ឯងមិនអាចធ្វើបានគ្រប់ភារកិច្ចនោះទេ គ្រប់បណ្តាក្រសួងស្ថាប័នពាក់ព័ន្ធទំាងដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល អង្គការអន្តរជាតិក៏ដូចជាផ្នែកឯកជនបងប្អូនមាតាបិតា ហើយនឹងកុមារខ្លួនឯងផងដែររួមគ្នាបឈ្ឈប់អំពើហិង្សាលើកុមារនៅក្នុងប្រទេសរបស់យើង»។

ថ្លែងបើកក្នុងកម្មវិធីសម្ពោធយុទ្ធនាការ បញ្ឈប់អំពើហិង្សាលើកុមារ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកស្រី ខៀវ បូរី មានប្រសាសន៍ថា យុទ្ធនាការនេះធ្វើទ្បើងក្នុងគោលបំណង ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់អំពើហិង្សាលើគ្រួសារជាដើម។ ការណ៍នេះលោកស្រីសង្កត់ធ្ងន់ថាការលុបបំបាត់អំពើហិង្សាលើកុមារគឺជារឿងចំាបាច់ដែលត្រូវចូលរួមពីគ្រប់ភាគីទាំងអស់។

«កុមារ និងយុវជន ជាអនាគតនៃប្រទេសជាតិ ប៉ុន្តែជានិច្ចជាកាលសុខាមាលភាពរបស់ពួកគេត្រូវបានគម្រាមកំហែងដោយកខ្វះការពារពួកគេអំពីអំពើហិង្សាលើពួកគេនៅកន្លែងដែលកើតមានជារឿយនៅតាមផ្ទះ សាលារៀន និងនៅសហគមន៍របស់ពួកគេជាដើម»។

អង្គការទស្សនៈពិភពលោកបានកំណត់និយមន័យអំពើហិង្សាលើកុមារថា គឺរាល់ទម្រង់ទំាងអស់នៃអំពើហិង្សាផ្លូវកាយ ផ្លូវភេទ និងផ្លូវចិត្ត ការមិនយកចិត្តទុកដាក់ ឬការព្យាបាលដោយធ្វេសប្រហែស។

អ្នកស្រី ចាន់ ស៊ី ដែលជាម្តាយរបស់កុមារី មូ រីយ៉ា អតីតបេក្ខភាព The Voice kid បានលើកទ្បើងថាជាធម្មតាគ្រប់ម្តាយ ឪពុក មិនអាចចៀសផុតពីការប្រើប្រាស់អំពើហិង្សាលើកូនៗរបស់ខ្លួនទ្បើយ គ្រាន់តែថាការប្រើប្រាស់អំពើហិង្សានោះមានទម្រង់ខុសគ្នាតែប៉ុណ្ណោះ។

អ្នកស្រីចាន់ ស៊ី     ប្តេជ្ញាចិត្តចូលរួមកាត់បន្ថយការប្រើប្រាស់អំពើហិង្សាលើកុមារ និងអំពាវនាវឱ្យគ្រប់ម្តាយឪពុក ដែលធ្លាប់តែប្រើប្រាស់អំពើហិង្សាលើកូនៗរបស់ខ្លួនត្រូវបឈ្ឈប់ការប្រើអំពើហិង្សា ដោយប្រើវិធីអប់រំកូនៗរបស់ខ្លួនតាមផ្លូវត្រូវវិញ។

«ព្យាយាមផ្លាស់ប្តូរទិចនិកអប់រំកូនដើម្បីកុំឱ្យប្រើអំពើហិង្សាលើកូនទៀតបើសិនជាយើងធ្លាប់វាយកូនពីមុនមកយើងផ្លាស់ប្តូរពេលខ្លះគាត់ធ្វើខុសយើងចង់ប្រាប់ថាអាហ្នឹងគាត់ធ្វើខុស តែយើងត្រូវតែផ្លាស់វិធីនៅក្នុងការដាក់ពិន័យកូន ព្យាយាមរកអ្វីដែលជាការដាក់ពិន័យកូនឬក៏បង្រៀនកូនថាអានេះខុសហើយកុំធ្វើទៀត នៅក្នុងផ្លូវដ៏ត្រឹមត្រូវក្នុងនិយាយពាក្យផ្អែមក្នុងការអប់រំកូន»។

តាមអង្គការទស្សនៈពិភពលោក  កុមារចំនួន១ពាន៧រយលាននាក់ នៅលើពិភពលោកនៅតែទទួលរងអំពើហិង្សាដែលបានឆក់យកនូវភាពរីករាយ សេចក្តីថ្លៃថ្នូរ និងអនាគតរបស់ពួកគេ។អង្គការមួយនេះប្តេជ្ញាចិត្តជាសកលក្នុងការសម្រេចឱ្យបានតាមទ្សនៈវិស័យពិភពលោកគឺគ្មានអំពើហិង្សាត្រឹមឆ្នំា២០៣០ ជាពសេសគោលដៅអភិវឌ្ឍន៏ប្រកបដោយចីរភាពដែលផ្តោលើការបញ្ឈប់នូវការរំលោភបំពាន ការកេងប្រវ័ញ្ច ការជួញដូរ និងរាល់ទម្រង់ទំាងអស់នៃអំពើហិង្សា និងទារុណកម្មទៅលើកុមារ៕

Share

Image
Image
Image