en     km
en     km

កិច្ច​ពីរ​ដែល​ត្រូវធ្វើ​ចាំបាច់​ ពេល​ទៅ​បោះ​បាយបិណ្ឌ​

Share

​ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​ខ្មែរ​ តែងតែ​ប្រាប់​កូនចៅ​របស់​ខ្លួន​ ឲ្យ​ទៅ​បោះ​បាយបិណ្ឌ​ដើម្បី​បាន​ដល់​ពពួក​ប្រេត​ ក្រែងលោ​សាច់ញាតិ​របស់​ខ្លួន​ មានកម្ម​អាក្រក់​ បាន​យល់​ភព​ជា​ពពួក​ប្រេត​។​ ក៏​ប៉ុន្ដែ​បើ​តាម​ការ​ពន្យល់​របស់​លោក​អាចារ្យវត្ដ​ទូល​ទំ​ពួ​ង​ អះអាង​ថា​ ប្រសិនបើ​ពលរដ្ឋ​បាន​ត្រឹមតែ​មក​បោះ​បាយបិណ្ឌ​មួយ​មុខ​ ផល​បុណ្យ​ ឬ​ក៏​បាយដំណើប​ដែល​បោះ​ទៅ​នោះ​ បាន​ត្រឹមតែ​ជា​ការ​អនុគ្រោះ​ដល់​ពពួក​តិរច្ឆាន​ ប្រែ​ត​មួយ​ចំនួន​ប៉ុណ្ណោះ​។​ គឺ​មិន​បាន​ដល់​បុគ្គល​ជា​ញាតិ​របស់​អ្នក​បោះ​នោះ​ឡើយ​។​ លោក​អាចារ្យ​ម្នាក់​បញ្ជាក់​ថា​ មាន​កិច្ច​ពីរ​ ដែល​ត្រូវធ្វើ​ជា​ចាំបាច់​ ប្រសិនបើ​ចង់​ឲ្យ​បាយ​ដែល​ខ្លួន​បោះ​ទៅ​ បាន​ដល់​សាច់ញាតិ​របស់​ខ្លួនឯង​ពិតមែន​។​

ចង់​ដឹង​ថា​ តើ​កិច្ច​ចំនួន​ពីរ​ ដែល​ត្រូវធ្វើ​ជា​ចាំបាច់​នោះ​ មាន​អ្វីខ្លះ​?​ តទៅ​នេះ​សូម​ស្ដាប់​ការ​រៀបរាប់​ដោយ​លោក​ លៀ​ ស៊ី​ណា​ ដូច​តទៅ​៖

 

​ឲ្យ​តែ​ដល់​រដូវ​ភ្ជុំបិណ្ឌ​ម្ដងៗ​ ពលរដ្ឋ​ខ្មែរ​មិន​ដែល​ភ្លេច​ឡើយ​ ការ​បោះ​បាយបិណ្ឌ​។​ ការ​បោះ​បាយបិណ្ឌ​នេះ​ គឺ​គេ​តែងតែ​ចាប់ផ្ដើម​នៅ​វេលា​ជិត​ភ្លឺ​ រង្វង់​ជាង​ម៉ោង​ ៣​ ឬ​ក៏​ម៉ោង​ ៤​។​ ការ​យក​វេលា​នេះ​ ពីព្រោះ​តែ​វេលា​អនុគ្រោះ​ដល់​ពពួក​ប្រេត​ ដែល​មិន​អាច​បង្ហា​ខ្លួន​មក​ពេល​ព្រះអាទិត្យ​មាន​ពន្លឺ​បាន​។​ ការ​បោះ​បាយបិណ្ឌ​នេះ​ ចាស់​ ទុំ​ តែងតែ​និយាយ​ តំណាល​មក​តៗ​គ្នា​ថា​ គឺជា​ការ​បោះ​ឲ្យ​ពពួក​ប្រេត​។​ កាលបើ​ញាតិ​របស់​ម្នាក់ៗ​ធ្វើបាប​កម្ម​ច្រើន​ នឹង​មិន​បាន​ចាប់ជាតិ​ជា​មនុស្ស​ ឬ​ទេវតា​ឡើយ​ ប៉ុន្ដែ​ពួក​គាត់​នឹង​កើតជា​ពពួក​ប្រេត​ តិរច្ឆាន​ ដែល​អត់បាយ​ក្រហាយ​ទឹក​ រង​ទុក្ខវេទនា​ ក្រៃ​លែង​ នៅ​ឋាននរក​។​

​ក្មេងៗ​ ស្រករ​ក្រោយ​ភាគច្រើន​ បាន​ដឹក​ពី​ប្រពៃណី​បោះ​បាយបិណ្ឌ​នេះ​ ហើយ​ពួក​គាត់​ក៏​ចេះ​តែ​ធ្វើ​តាម​គ្នា​តែ​ប៉ុណ្ណោះ​។​ ដោយ​អ្នកខ្លះ​បាន​ពូតបាយ​ពី​ផ្ទះ​ទៅ​ ហើយ​មិន​បាន​រៀប​បាយ​ជា​ពីរ​ចំណែក​ ១​សម្រាប់​បោះ​ និង​១​ទៀត​សម្រាប់​ប្រគេន​ព្រះសង្ឃ​ មុន​ពេល​ដែល​បោះ​បាយបិណ្ឌ​ឡើយ​។​ ករណី​នេះ​ លោក​ ហ៊ិ​ម​ ហេ​ម៉ា​ឡៃ​ អាយុ​ ៥១​ឆ្នាំ​ ជា​គណៈកម្មការ​ផ្នែក​ខាង​លេខាធិការ​វត្ដ​ទូល​ទំពូង​ រាជធានី​ភ្នំពេញ​ បញ្ជាក់​ថា​ ការ​បានដឹង​ តែ​មិន​បាន​យល់​ពី​កិច្ច​ដែល​ត្រូវធ្វើ​ គឺ​ប្រៀប​បាន​បាន​ធ្វើ​។​ ចាស់ៗ​ប្រាប់​ថា​ ទៅ​បាយបិណ្ឌ​នឹង​បាន​ដល់​ពពួក​ប្រេត​ បើសិនជា​ញាតិ​យើង​ ក្លាយជា​ប្រេត​។​ ក៏​ប៉ុន្ដែ​ គណៈកម្មការ​ផ្នែក​ខាង​លេខាធិការ​វត្ដ​ទូល​ទំពូង​ ប្រាប់​ថា​ ការ​បោះ​បាយបិណ្ឌ​គឺជា​ផ្សាយ​មេត្ដា​ដល់​ពពួក​តិរច្ឆាន​ និង​ការ​រក្សា​ប្រពៃណី​បោះ​បាយបិណ្ឌ​តែ​ប៉ុណ្ណោះ​ តែ​វា​មិន​បាន​ដល់​សាច់ញាតិ​របស់​បុគ្គល​អ្នក​ធ្វើ​ឡើយ​ ៖«​អ​ញ្ចឹ​ង​យើង​សួរ​ថា​ គេ​ធ្វើ​រាល់​ថ្ងៃនេះ​គឺ​វា​ខុស​ទេ​?​ ថា​វា​មិន​ខុស​ទេពី​ព្រោះតែ​នៅ​ពេល​នេះ​យើង​ផ្សាយ​មេត្ដា​ដល់​សត្វ​។​ យើង​បោះ​អ​ញ្ចឹ​ង​ទៅ​មាន​សត្វ​ឆ្កែ​សត្វ​ឆ្មា​ សត្វ​តូចតាច​ វា​មក​ស៊ី​ហើយ​ អ​ញ្ចឹ​ង​បញ្ជាក់​ថា​ មាន​មេត្ដា​មួយ​ ហើយ​ប្រយោជន៍​ទី​២​ យើង​រក្សា​ប្រពៃណី​វង់​បុរាណ​នេះ​ឲ្យ​វា​ជាប់​ទៅ​ កុំ​ឲ្យ​វា​បាត់​កណ្ដាល​សាសនា​អ​ញ្ចឹ​ង​។​ ប៉ុន្ដែ​គ្រាន់តែ​ថា​ បុណ្យ​ហ្នឹង​វា​ទៅ​ខុស​បំណង​របស់​យើង​។​ យើង​បោះ​បាយបិណ្ឌ​នេះ​មិនមែន​សម្រាប់​ឲ្យ​សត្វ​ធាតុ​ឆ្កែ​អី​ទេ​ មិន​អ​ញ្ចឹ​ង​។​ យើង​មក​វត្ដ​នេះ​បោះ​បាយបិណ្ឌ​នេះ​ គោលបំណង​គឺ​ដើម្បី​បាន​ដល់​ទៅ​បុព្វការី​ជន​ ញាតិ​មិត្ដ​របស់​យើង​ នែ​!​ខុស​ត្រង់​ហ្នឹង​»​។​

​លោក​ ហ៊ិ​ម​ ហេ​ម៉ា​ឡៃ​ បន្ដ​ថា​ ដើម្បី​ឲ្យ​បាយបិណ្ឌ​ និង​ផល​បុណ្យ​ ដែល​បុគ្គល​ម្នាក់ៗ​ធ្វើ​បាន​ដល់​ពពួក​ញាតិ​យ៉ាង​ប្រាកដ​ តាម​ពុទ្ធ​ដិ​កា​ របស់​ព្រះសម្មាសម្ពុទ្ធ​។​ អ្នក​ទៅ​បោះ​បាយបិណ្ឌ​ ត្រូវ​រៀប​ជា​ពីរ​ចំណែក​ ១​ចំណែក​សម្រាប់​ពូត​ ជា​ដុំ​បាយ​ សម្រាប់​បោះ​ និង​ ១​ចំណែក​ទៀត​ សម្រាប់​គេ​ព្រះសង្ឃ​ ឧទ្ទិស​ដល់​សាច់ញាតិ​របស់​ខ្លួន​។​ ត្រង់​ចំណុច​នេះ​ ព្រះ​ភិក្ខុ​ ពុទ្ធ​បា​លិ​តោ​ ឡុ​ង​ ច័ន្ទ​ភក្ដី​ គង់នៅ​វត្ដ​ ជម្ពូ​វ័ន​ សង្កាត់​ ចោម​ចៅ​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មាន​សង្ឃ​ដិ​កា​ថា​ ជា​ការ​ពិត​ដើម្បី​ឲ្យ​ដុំ​បាយ​ និង​កុសល​ ផល​បុណ្យ​ដែល​បាន​ធ្វើ​ បាន​ដល់​សាច់ញាតិ​ ឬ​បុព្វការី​ជន​ របស់​ខ្លួន​ គឺ​ត្រូវ​រៀបចំ​បាយ​ជា​ពីរ​ចំណែក​ មួយ​ចំណែក​សម្រាប់​សង្ឃភត្ដ​ និង​ មួយ​ចំណែក​សម្រាប់​បោះ​ ៖«​ពរ​ ជា​ទូទៅ​ពាក្យ​ថា​ បាយបិណ្ឌ​ហ្នឹង​គឺ​បាយ​សម្រាប់​យក​ទៅ​ប្រគេន​សង្ឃ​ហ្នឹងឯង​ពរ​។​ បើ​យើង​ចង់បាន​បោះ​បាយបិណ្ឌ​ផង​ យើង​ត្រូវ​រៀបចំ​ពីរ​ចំណែក​។​ ១​ចំណែក​យើង​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដើម្បី​បង្សុកូល​ ឧទ្ទិស​ ជូន​ទៅ​ដល់​អ្នក​មានគុណ​របស់​យើង​។​ មួយ​ចំណែក​ទៀត​យើង​ដាក់​នៅ​ក្នុង​ចាន​ មាន​រៀបចំ​ផ្កា​ មាន​រៀបចំ​អី​ អាហ្នឹង​ យើង​សម្រាប់​បោះ​ឲ្យ​ ពពួកសត្វ​ទាំងឡាយ​ ទាំង​ពួក​ សត្វ​ដែល​យើង​មើល​មិនឃើញ​ ដែល​ហៅ​ថា​ មាន​កាយ​អត់​ប្រាកដ​ហ្នឹង​ បា​លិឍ​បរិភោគ​ »​។​

​បន្ថែម​លើ​នេះ​ព្រះ​អង្គ​បន្ដ​ថា​ ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវ​តែ​ក​ម្ដ​ល់​ចិត្ដ​ពេល​ដែល​នៅ​វេរចង្ហាន់​ប្រគេន​ព្រះសង្ឃ​ ធ្វើ​យ៉ាងណា​ញ៉ាំង​ចិត្ដ​ឲ្យ​ជ្រះថ្លា​ ត្រេកអរ​ ផ្សាយ​ក្ដី​មេត្ដា​ ដល់​ពពួកសត្វ​តិរច្ឆាន​ ពពួក​ប្រេត​ ពពួក​អមនុស្ស​ អត់​រូបរាង​ឲ្យ​បាន​ទទួល​នូវ​ អាហារ​ភោជន​ ទាំងឡាយ​ដែល​ខ្លួន​បាន​ធ្វើ​។​ ជា​ពិសេស​គឺ​សុំ​ឲ្យ​សត្វ​ទាំងពួង​ លះ​អស់កម្ម​ពៀរ​វេរា​នឹង​គ្នា​ ហើយ​នៅ​បានជា​សុខ​។​

​បុណ្យ​ភ្ជុំបិណ្ឌ​ ជា​ពិធីបុណ្យ​ជាតិ​ដ៏​ធំ​មួយ​ ក្នុង​ចំណោម​ពិធីបុណ្យ​ធំៗ​ដទៃ​ទៀត​។​ តាំងពី​បុរាណ​រៀង​មក​ តែងតែមាន​ ប្រារព្ធ​ពិធី​នេះ​មិន​ដែល​ អាក់ខាន​ឡើយ​ គឺ​ចាប់ពី​ថៃ្ង​ ១​រោច​ ខែភទ្របទ​ រហូត​ដល់​ថៃ្ង​ ១៥​រោច​ ដែល​មាន​រយៈពេល​ ១៥​ថៃ្ង​។​

​បុណ្យ​ភ្ជុំបិណ្ឌ​ ត្រូវ​បាន​ធ្វើ​ឡើង​តាម​បែប​ព្រះពុទ្ធ​សាសនា​។​ ការ​ប្រារព្ធ​ពិធី​ “​បុណ្យ​ភ្ជុំ​បិ​ណ្​”​ នេះ​ គឺជា​ការ​ធ្វើបុណ្យ​ដាក់​បិណ្ឌ​ ដើម្បី​ឧទ្ទិស​កុសល​ដល់​ បេ​ត​បុគ្គល​ជា​ឪពុក​ ម្តាយ​ បងប្អូន​ សាច់ញាតិ​សន្តាន​ទាំងឡាយ​ ដែល​បាន​ចែក​ឋាន​ទៅ​ ហើយ​មិនដឹង​ថា​ ទៅ​ចាប់កំណើត​នៅ​ លោក​ខាង​មុខជា​អ្វី​នោះ​។​ ប៉ុ​នែ្ត​បើ​ តាម​លោក​សាស្ដ្រាចារ្យ​ប្រវត្ដិសាស្ដ្រ​ សំបូរ​ មា​ណ្ណា​រ៉ា​ វិញ​ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ធ្វើ​ឡើង​ដើម្បី​បណ្ដុះ​ង​អ្នក​បន្ដវេន​ បង្ហាញ​ពី​ការ​ដឹងគុណ​ចំពោះ​ឪពុក​ ម្ដាយ​ និង​មួយវិញទៀត​ ជា​ជួយ​ផ្នែក​សេដ្ឋកិច្ច​។​ ដូ​វ​បុណ្យ​ភ្ជុំបិណ្ឌ​ ចាប់តាំងពី​សម័យ​បុរាណកាល​ រហូត​ដល់​បច្ចុប្បន្ន​នេះ​ ពិធីបុណ្យ​នេះ​ គេ​តែងតែ​ប្រារព្ធ​នៅ​ក្នុង​រដូវវស្សា​ ។​ ពីព្រោះ​តែ​រដូវ​នេះ​ ព្រះសង្ឃ​មិន​អាច​និមន្ដ​ចេញ​ បិណ្ឌ​បាទ​បាន​ ស្រប​ទៅ​តាម​ ការ​កំណត់​របស់​ព្រះពុទ្ធ​ និង​ទី​០២​ រដូវ​នេះ​ គឺជា​វេលា​អនុគ្រោះ​ច្រើន​ ដល់​ពពួក​ប្រែ​ត​ រក​ចំណី​ ជាង​រដូវ​ផ្សេងៗ​។​ នៅ​ក្នុង​វស្សា​ អាហារ​របស់​ពួក​ប្រេត​ ដូច​ជា​ភក់ជ្រាំ​ ស្លេស្ម៍​ កំហាក​ សាកសព​ និង​កាក​សំណល់​អសោច​ សម្បូរ​នៅ​ក្នុង​ខែ​ភ្លៀង​ធ្លាក់​សស្រិច​ដូច្នេះ​។​

​ពពួក​ប្រេត​ បើ​តាម​គម្ពី​ព្រះពុទ្ធ​សាសនា​ បាន​ចែង​ថា​ មនុស្ស​ដែល​ស្លាប់​ទៅ​ តែង​ទៅ​កើត​ទី​ផ្សេងៗ​ គ្នា​តាម​កម្ម​របស់​ខ្លួន​។​ មនុស្ស​ចិត្ដអាក្រក់​ ដែល​បាន​ធ្វើបាប​កម្ម​ផ្សេងៗ​ លុះ​ស្លាប់​ទៅ​តែងតែ​កើតជា​ប្រេត​ ៤​ប្រភេទ​ គឺ​ប្រេត​ដែល​ចិញ្ចឹមជីវិត​ដោយ​ខ្ទុះ​ឈាម​ ប្រេត​ស្រេកឃ្លាន​អាហារ​ជា​និច្ច​ ប្រេត​ដែល​ភ្លើង​ឆេះ​ជា​និច្ច​ និង​ប្រេត​ដែល​ចិញ្ចឹមជីវិត​ដោយ​ផល​ដែល​បុគ្គល​ដទៃ​ឧទ្ទិស​ទៅ​ឲ្យ​។​ ការ​កំណត់​យក​ថ្ងៃ​នៃ​ដួងខែ​រនោច​ ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ ពីព្រោះ​តែ​ព្រះ​ចន្ទ​ ពុំ​សូវ​មាន​ពន្លឺ​ ហើយ​ចេះ​តែ​ងងឹត​ទៅៗ​ ដែល​ជា​ឱកាស​របស់​ពពួក​ប្រេត​ទាំងពួង​ អាច​មក​លាយឡំ​ជាមួយ​មនុស្ស​ដើម្បី​ទទួល​ភោគផល​ដែល​បងប្អូន​ ញាតិសន្ដាន​ ឧទ្ទិស​ឲ្យ​បាន​។​ តាម​ឯកសារ​បញ្ជាក់​ថា​ ក្នុង​រង្វង់​ ១៥​ថ្ងៃ​ នៃ​ដួងខែ​រនោច​នេះ​ ប្រសិនបើ​ប្រេត​ដើរ​រក​គ្រប់​ ៧​វត្ដ​ មិនឃើញ​ញាតិ​សន្ដា​ធ្វើ​បុណ្យឧទ្ទិសកុសល​ឲ្យ​ទេ​ ពួក​គេ​នឹង​អត់បាយ​ក្រហាយ​ទឹក​ ស្រេកឃ្លាន​រង​ទុក្ខវេទនា​យ៉ាង​ក្រៃ​លែង​ ស្រប​ពេល​ដែល​ពួក​គេ​ អត់បាយ​ អត់​ទឹកជា​ច្រើន​ខែ​ស្រាប់​ផង​។​ ពួ​គ​គេ​នឹង​ជេរប្រទេច​ផ្ដាសា​ដល់​បងប្អូន​ញាតិ​កា​ របស់​គេ​ឲ្យ​បាន​ដល់​ក្ដី​វិនាស​ហិនហោច​ ព្រាតប្រាស់​បងប្អូន​កូនចៅ​ ញាតិ​ផៅ​ទាំង​ ៧​សន្ដាន​ពុំខាន​។​ ព្រោះតែ​មានការ​តំណាល​មក​ដូច្នេះ​ហើយ​ ទើប​បព្វ​បុរស​ខ្មែរ​ ចាស់​ ព្រឹទ្ធាចារ្យ​ តែងតែ​ផ្ដែផ្ដាំ​កូនចៅ​គ្រប់​រូប​ ធ្វើ​យ៉ាងណា​ កុំ​ខក​ ខាន​ ការ​ទៅ​វត្ដ​ ដាក់​បិណ្ឌ​ ក្នុង​ឱកាស​ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ បើ​ទោះជា​មិន​បាន​ច្រើន​វត្ដ​ក៏​បាន​មួយ​វត្ដ​ដែរ​៕

Share

Image
Image
Image