en     km
en     km

ការ​ពន្យារពេល​មិន​អនុវត្ដ​ច្បាប់​ចរាចរណ៍​ ប្រៀប​បាននឹងការ​ធ្វើ​ឱ្យ​មនុស្ស​ ៦​នាក់ ​ស្លាប់​ក្នុង​មួយ​ថ្ងៃ​

Share

cover-traffice-accident
រូបតំណាងពីគ្រោះថ្នាក់ចរាចរណ៍

 

​ការ​ពន្យារពេល​អនុវត្ត​ច្បាប់​ចរាចរណ៍​ជើង​គោក​ថ្មី​ក្នុង​មួយ​ថ្ងៃ​ គឺ​ប្រៀប​បាន​នឹង​ការ​បណ្ដោយ​ឱ្យ​មាន​ពលរដ្ឋ​កម្ពុជា​ ៦​នាក់​ ស្លាប់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​មួយ​ថ្ងៃ​ នេះ​បើ​តាម​ការ​ថ្លែង​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ ធ្វើការ​លើ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​។​

​មន្ដ្រី​កម្មវិធី​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ កញ្ញា​ ម៉ក់​ ទេវិន្ទ​ បាន​ថ្លែង​បែប​នេះ​ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ ទី​០៤​ ខែមករា​ ឆ្នាំ​២០១៦​  នៅ​ក្នុង​សន្និសីទ​ស្ដី​ពី​ “​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​“​ ក្រោម​ប្រធានបទ​ “​សំឡេង​ជន​រង​គ្រោះ​”​។​

​«​ហើយ​យើងខ្ញុំ​ក៏​សូម​ឱ្យ​ក្រសួង​សាធារណ​[​ការ​]​ និង​ដឹក​ជញ្ជូន​ ក្រសួងមហាផ្ទៃ​ និង​ក្រសួង​ ពាក់ព័ន្ធ​ទាំងអស់​ រក្សា​នូវ​ជំហរ​ក្នុង​ការ​រឹត​បន្តឹង​ការ​អនុវត្ដ​ច្បាប់​នេះ​ បើ​ទោះជា​មាន​ប្រតិកម្ម​ខ្លះ​ ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក៏​ដោយ​ ក៏​សូម​ឱ្យ​ក្រសួង​ចាត់ចែង​ ឱ្យ​មាននូវ​នីតិវិធី​ច្បាប់​ច្បាស់លាស់​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ ដែល​បាន​លើក​ឡើង​ដោយ​ ប្រជាពលរដ្ឋ​។​ គួរ​កត់​សម្គាល់ថា​ ការ​ពន្យារពេល​មួយ​ថ្ងៃ​ គឺ​ប្រៀប​បាន​នឹង​ការ​បណ្ដោយ​ឱ្យ​មាន​ពលរដ្ឋ​កម្ពុជា​ប្រមាណ​៦​នាក់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​»​។​

​កញ្ញា​ មក់​ ទេវិន្ទ​ លើក​ឡើង​បញ្ជាក់​បន្ថែម​ថា​ ការ​រឹត​បន្តឹង​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​ គឺជា​យន្ដការ​មួយ​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​  ហើយ​ប្រសិនបើ​ក្នុង​ករណី​ ដែល​ពលរដ្ឋ​មានការ​ពន្យារពេល​ក្នុង​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​  ដូច​ជា​ការ​រួមចំណែក​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ នៅ​តែ​ដដែល​។​

​និស្សិត​មួយ​រូប​មក​ពី​ សាលា​ជាតិ​កសិកម្ម​ព្រែក​លាភ​ លោក​ ហោ​ កុសល​ ជា​ជន​រង​គ្រោះ​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ បាន​និយាយ​នៅ​ក្នុង​កម្មវិធី​ខាងលើ​ថា​ កាលពី​មួយ​ខែ​មុន​ គាត់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ចៃដន្យ​មួយ​ នៅ​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ ឆ្ពោះទៅ​សាលា​។​

​លោក​ ហោ​ កុសល​ ប្រាប់​បន្ដ​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ ដែល​កើត​មាន​ចំពោះ​លោក​នេះ​ ដោយសារ​តែ​អ្នកបើកបរ​ម៉ូតូ​មិន​គោរព​ច្បាប់​ចរាចរណ៍​។​ «​ពេល​ដែល​ខ្ញុំ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​ដោយសារ​មាន​មូលហេតុ​ក្មេង​ស្ទាវ​ម្នាក់​ គាត់​បើកបរ​ លឿន​ហួសកំណត់​ គាត់​មិន​គោរព​ច្បាប់​ចរាចរណ៍​ ដោយ​ក្នុង​លក្ខណៈ​ខ្ញុំ​ គោរព​ច្បាប់​ ចរាចរណ៍​ ខ្ញុំ​បាន​បញ្ឈប់​ ប៉ុន្ដែ​ពេល​ដល់​ចំណុច​ដែល​ភ្លើង​ខៀវ​ អនុញ្ញាត​ឱ្យ​ខ្ញុំ​ទៅ​ គាត់​ត្រូវ​ឈប់​ គាត់​មិន​ឈប់​ គាត់​បែរជា​ល្មើសច្បាប់​ មិន​គោរព​ច្បាប់​ ថែម​ទាំង​បើកបរ​យ៉ាង​លឿន​ ពេល​នោះ​បាន​មក​បុក​ខ្ញុំ​ ធ្វើ​ឱ្យ​ខ្ញុំ​ប៉ះពាល់​ទៅ​លើ​រាង​កាយ​របស់ខ្ញុំ​ មាន​ក្បាល​ កែងដៃ​ ចង្កេះ​ និង​ជើង​  ប៉ុន្ដែ​ដែល​ត្រូវ​ធ្ងន់​ជាងគេ​ គឺ​ចង្កេះ​  ហើយ​និង​ដៃ​របស់ខ្ញុំ​ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ងើប​មិន​រួច​»​។​

​លោក​ ហោ​ កុសល​ ប្រាប់​បន្ដ​ទៀត​ថា​ ពេល​ដែល​គាត់​ជួប​គ្រោះថ្នាក់​នេះ​ គាត់​ត្រូវ​សម្រាក​ ព្យាបាល​នៅ​មន្ទីរពេទ្យ​តែ​មួយ​កន្លែង​ អស់​រយៈពេល​ជិត​មួយ​ខែ​ ជាមួយ​គ្នា​នេះ​ គាត់​ក៏​ត្រូវ​ បាន​ក្រុម​គ្រួសារ​ ជូន​ទៅ​មន្ទីរពេទ្យ​រាល់​មួ​យស​ប្ដា​ហ៍​ម្ដង​ផង​ដែរ​ ដើម្បី​ពិនិត្យ​ទៅ​លើ​ក្បាល​ និង​ចង្កេះ​របស់​គាត់​ដែល​មាន​សភាព​គ្រាំ​ខ្លាំង​នោះ​។​

​នាយិកា​អង្គការ​សម្ព័ន្ធ​សុវត្ថិភាព​ចរាចរណ៍​ ផ្លូវគោក​ អ្នកស្រី​ លឹ​ម​ សុ​ជា​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​៥​ ខែមករា​ ឆ្នាំ​២០១៦​  ថា​ការ​ពន្យារពេល​មិន​អនុវត្ដ​ច្បាប់​ចរាចរណ៍​ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​មនុស្ស​ ៦​នាក់​ស្លាប់​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ​ ប៉ុន្ដែ​ ការ​ដែល​មិន​ចូលរួម​អនុវត្ដ​ច្បាប់​ចរាចរណ៍​ គឺ​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ នឹង​មានការ​កើនឡើង​។​

«​ចំនួន​អ្នក​ស្លាប់​នឹង​មានការ​កើនឡើង​ យើង​គ្រាន់តែ​គិតតែ​ប៉ុណ្ណេះ​ទេ​ បច្ចុប្បន្ន​យើង​ នៅ​អនុវត្ដ​ច្បាប់​ចាស់​ទេ​ ហើយ​យើង​ទើប​អនុវត្ដ​ច្បាប់​ថ្មី​ បាន​រយៈពេល​បី​បួន​ថ្ងៃនេះ​ទេ​។​ យើង​ឃើញ​ថា​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ករណី​ គ្រោះថ្នាក់​ចរាចរណ៍​ អ្នក​ស្លាប់​កើនឡើង​រហូត​ ចុះបើ​ទម្រាំ​ យើង​អត់​មាន​អនុវត្ដ​ច្បាប់​ទៀត​ តើ​យើង​គិត​ថា​ ថយ​ដែរ​ទេ​?»

​អ្នកស្រី​បន្ថែម​ថា​ មិនមែន​តែ​អ្នក​ដែល​បើកបរ​ ឬ​អ្នក​អង្គុយ​ពីក្រោយ​អ្នកបើកបរ​ទេ​ ដែល​ជា​ជន​រង​គ្រោះ​ សូ​ម្បី​សាច់ញាតិ​ និង​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​ ក៏​ជា​ជន​រង​គ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ផង​ដែរ​ «​គ្រោះថ្នាក់​ចរាចរណ៍​ driver​ (​អ្នកបើកបរ​)​ ដែល​ភាគច្រើន​ជា​បុរស​នោះ​គឺ​ ជា​អ្នក​រង​គ្រោះ​ខ្លាំង​ជាងគេ​។​  អ្នក​ដែល​រង​ផល​ប៉ះពាល់​បន្ទាប់​ហ្នឹង​ គឺជា​ប្រពន្ធ​ហើយ​ ដែល​បន្សល់​ទុក​នូវ​ការ​ទទួលខុសត្រូវ​ផ្សេងៗ​ បន្ទាប់​ពី​ប្ដី​ រង​ពិការ​ ឬ​ក៏​ស្លាប់​ហ្នឹង​»​។​

​ជា​ថ្មី​ នាយិកា​នៃ​អង្គការ​សម្ព័ន្ធ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ មាន​ប្រសាសន៍​បន្ថែម​ថា​ ដើម្បី​ ទប់ស្កាត់​បញ្ហា​ ឬ​ដើម្បី​បញ្ចៀស​នូវ​សោកនាដកម្ម​ទាំងនេះ​ គឺ​ទាំងអស់​គ្នា​ ត្រូវ​ចូលរួម​ អនុវត្ដ​ច្បាប់​ចរាច​ចរណ៍​ផ្លូវគោក​ និង​ការ​យកចិត្ដទុកដាក់​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ ទាំងអស់​គ្នា​ ទើប​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​។​

​សូម​បញ្ជាក់​ថា​ កន្លង​មក​អង្គការ​សង្គម​ស៊ី​វិល​ជា​ច្រើន​ បាន​សម្រេចចិត្ដ​គាំទ្រ​ នូវ​ការ​អនុម័ត​ និង​ការ​ដាក់​ឱ្យ​អនុវត្ដ​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​ ក្នុង​នោះ​មាន​ដូច​ជា​ អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ (AIP)​  វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោលនយោបាយ​ (API)​ ក៏​ដូច​ជា​ អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ទៅ​ដល់​អ្នក​សារព័ត៌មាន​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ នៅ​តាម​មូលដ្ឋាន​និង​នៅ​តាម​សហគមន៍​។​

​សូម​ជម្រាប​ដែរ​ថា​ បើ​យោង​តាម​របាយការណ៍​ជន​រង​គ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​ ២០១៤​ របស់​គណៈ​កម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺ​ក្នុង​មួយ​ថ្ងៃៗ​ ជា​មធ្យម​មាន​មនុស្ស​ ប្រមាណ​ ៦​នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​ និង​ ៣៩​នាក់​ បាន​រង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​លើ​ផ្លូវថ្នល់​ ក្នុង​ប្រទេស​កម្ពុជា​។​ ក្នុង​នោះ​ ៦៩%​ នៃ​អ្នក​ស្លាប់​គឺជា​អ្នក​ប្រើប្រាស់​ទោចក្រយានយន្ដ​ ហើយ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​អស់នោះ​មាន​ ៦២%​ បាន​ទទួល​រង​ការ​ប៉ះ​ ទង្គិច​ក្បាល​។​  ជា​រួម​អ្នក​ធ្វើ​ដំណើរ​តាម​ទោចក្រយានយន្ដ​ដែល​ទទួល​រង​គ្រោះ​ មាន​ប្រមាណ​ ជាង​ ៨០%​ មិន​បាន​ពាក់​មួយ​សុវត្ថិភាព​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ទោចក្រយានយន្ដ​នៅ​ក្នុង​ គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​៕

Share

Image
Image
Image