en     km
en     km

ការ​ប្រកួត​ផលិតភាព​យន្ដ​ខ្នាត​ខ្លី​ស្ដី​ពី​ ACF​ រឿង​ “​បន្ទប់​ជួល​”​ ទទួល​បាន​ជ័យ​លា​ភី​លេខ​ ១​

Share

​ភ្នំពេញ​ ៖​ ការ​ប្រកាស​ជ័យ​លា​ភី​ ប្រកួតប្រជែង​ផលិតភាព​យន្ដ​ខ្នាត​ខ្លី​ស្ដី​ពី​ មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ កាលពី​ថ្ងៃ​ទី​២៧​ ខែតុលា​ម្សិលមិញ​ មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ បាន​ប្រគល់​ជ័យ​លា​ភី​លេខ​ ១​ លើ​ខ្សែភាពយន្ដ​ខ្នាត​ខ្លី​ ដែល​មាន​ចំណងជើង​ថា​ “​បន្ទប់​ជួល​”​។​ គណៈកម្មការ​វាយតម្លៃ​បញ្ជាក់​ថា​ ការ​ផ្ដល់​ពិន្ទុ​គឺ​ផ្អែក​លើ​អត្ថន័យ​ បច្ចេកទេស​ថត​ ភាព​ស៊ីសង្វាក់​គ្នា​ ដែល​ស្ដែង​ចេញពី​ទិដ្ឋភាព​ពិត​​ នៃ​ខ្លឹមសារ​រឿង​។​ យ៉ាងណា​គណៈកម្មការ​លើកទឹកចិត្ដ​ អ្នក​មិន​បាន​ជាប់​កុំ​បាក់ទឹកចិត្ដ​ ហើយ​ត្រៀម​ចូលរួម​ប្រកួត​ភាពយន្ដ​ខ្នាត​ខ្លី​នេះ​ នៅ​ឆ្នាំ​បន្ដបន្ទាប់​ទៀត​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​កម្មវិធី​ប្រកួត​ភាពយន្ដ​ខ្នាត​ខ្លី​ ដែល​រៀបចំ​ឡើង​ដោយ​ មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ ហៅ​កាត់​ថា​ ACF​ នេះ​ គឺជា​លើក​ទី​២​ហើយ​នៅ​ឆ្នាំ​២០១៨​ ដែល​លើក​ទី​១​ គឺ​ធ្វើ​ឡើង​កាលពី​ចុងឆ្នាំ​២០១៧​។​ នៅ​រដូវ​កាល​ទី​២​នេះ​ មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ វាយតម្លៃ​ថា​ ការ​ថត​របស់​យុវជន​គឺ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​ ទាំង​បច្ចេកទេស​ថត​ រូបភាព​ ទីតាំង​ ពន្លឺ​ និង​ការ​សម្ដែង​ និង​មួយវិញទៀត​ស្រប​ទៅ​ប្រធានបទ​ដែល​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដាក់​ឲ្យ​។​

​ភាពយន្ដ​ខ្នាត​ខ្លី​ដែល​ មូលនិធិ​ក្រម​ប្រឹក្សា​អាជ្ញាកណ្ដាល​ ជ្រើស​យក​មក​វគ្គ​ចុង​ក្រោយ​នេះ​ មាន​ចំនួន​ ០៦​ ដើម្បី​ធ្វើការ​ដាក់​បញ្ចាំង​ឲ្យ​អ្នកចូលរួម​បាន​ទស្សនា​។​ ក៏​ប៉ុន្ដែ​គឺ​មាន​តែ​ ៥​ភាពយន្ដ​តែ​ប៉ុណ្ណោះ​ ដែល​ទទួល​បាន​រង្វាន់​ពី​កម្មវិធី​ នៅ​ក្នុង​នោះ​មាន​ពី​លេខ​ ១​ ដល់​លេខ​ ៣​ និង​ពីរ​ភាពយន្ដ​ទៀត​ ទទួល​បាន​រង្វាន់​លើកទឹកចិត្ដ​។​

​ឆ្លងកាត់​តាម​ការ​វាយតម្លៃ​ លោកស្រី​ អ៊ួ​ង​ ចាន់​ថុ​ល​ នាយក​បច្ចេកទេស​ នៃ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ ដែល​ជា​គណៈកម្មការ​មួយ​រូប​ នៅ​ក្នុង​ចំណោម​គណៈកម្មការ​ផ្សេងៗ​ទៀត​ មាន​ប្រសាសន៍​ថា​ ភាពយន្ដ​ខ្នាត​ខ្លី​ដែល​មាន​ចំណងជើង​ថា​ “​បន្ទប់​ជួល​”​ ត្រូវ​បាន​គណៈកម្មការ​ឯកភាព​ថា​ គឺ​ស្រប​ទៅ​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់​។​ ក្រៅ​តែ​ពី​បំពេញ​លក្ខខណ្ឌ​ដែល​បាន​កំណត់​ហើយ​ ភាពយន្ដ​នេះ​ បាន​ធ្វើ​ឲ្យ​មានការ​ទាក់​អារម្មណ៍​ និង​មាន​ជំនឿ​លើ​ការ​ដោះស្រាយ​វិវាទ​ការងារ​ របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ ៖«​សម្រាប់​ខ្ញុំ​ពេល​ដែល​ខ្ញុំ​ (​ពិនិត្យ​មើល​)​ គិត​ថា​ បើសិនណា​ខ្ញុំ​ជា​អ្នក​មើល​វិញ​ ពេល​មើល​ចប់​ខ្ញុំ​ជឿជាក់​លើ​យន្ដការ​អាជ្ញាកណ្ដាល​ហ្នឹង​អត់​?​ ប្រើ​អត់​?​ ហ្នឹង​ជា​សំណួរ​ដែល​ខ្ញុំ​ចង់​ដឹង​ជាងគេ​ ហើយ​តាំងពី​សម្លៀក​បំពាក់​អ្វី​អស់ហ្នឹង​ គឺ​យើង​មើល​ទាំងអស់​សព្វគ្រប់​ទាំងអស់​។​ យើង​ឃើញ​ភាពយន្ដ​ទី​១​ហ្នឹង​ល្អ​ មាន​ន័យ​ខ្លឹមសារ​ល្អ​ វា​មិនល្អ​ឥត​ខ្ចោះ​ទេ​ វា​នៅ​មាន​បន្ដិច​បន្ដូច​ដែរ​ ព្រោះ​គ្នា​ក្មេងៗ​ ហើយ​អត់​ទាន់​មាន​បទ​ពិសោធ​ច្រើន​ឆ្នាំ​។​ ប៉ុន្ដែ​យ៉ាងណា​ខ្ញុំ​សប្បាយចិត្ដ​ ហើយ​ឃើញ​ល្អ​ខ្លាំង​មែនទែន​»​។​

​ម្ចាស់​ជ័យ​លា​ភី​លេខ​ ១​នេះ​ គឺ​លោក​ អុ​ន​ ភា​និ​ត​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​ធ្លាប់​បាន​ចូល​ប្រកួត​កម្មវិធី​នេះ​កាលពី​ឆ្នាំ​មុន​ម្ដង​ ក៏​ប៉ុន្ដែ​មិន​បាន​ជាប់​នោះ​ទេ​។​ តែ​យ៉ាងណា​លោក​មិន​បាន​បោះបង់​ការ​ខិត​របស់​ខ្លួន​ចោល​ឡើយ​ បើ​ទោះជា​មានការ​លំបាក​ខ្លាំង​ ក្នុង​ស្វែងរក​ប្រភព​ថវិកា​ ដើម្បី​យក​មក​ប្រើប្រាស់​ ក្នុង​ការ​ផលិតភាព​យន្ដ​នេះ​ក៏​ដោយ​។​ ជោគជ័យ​លោក​ថ្ងៃនេះ​ គឺ​បាន​មក​ពី​ការ​ខិតខំ​ ផ្សំ​និង​ក្ដី​ស្រឡាញ់​ផ្នែក​ខាង​ផលិត​ខ្សែភាពយន្ដ​នេះ​។​

​ទាក់ទិន​និង​ការ​ដាក់​ចំណងជើង​ភាពយន្ដ​នេះ​ថា​ “​បន្ទប់​ជួល​”​ លោក​ ភា​និ​ត​ បញ្ជាក់​ថា​ គឺជា​ការ​ឆ្លុះ​បញ្ចាំង​តថភាព​ពិត​នៅ​ក្នុង​សង្គម​ ដែល​ម្ចាស់ផ្ទះ​មួយ​ចំនួន​ តែងតែ​ប្រើ​សម្ដី​អាក្រក់​ដាក់​កម្មករ​ និង​មិន​ដែល​ខ្វល់ខ្វាយ​ពី​ទុក្ខ​លំបាក​របស់​កម្មករ​ឡើយ​ ហើយ​គិតតែ​ផលប្រយោជន៍​ខ្លួន​ តែ​មួយ​មុខ​ប៉ុណ្ណោះ​។​ ខ្សែភាពយន្ដ​ខ្នាត​ខ្លី​នេះ​ លោក​រំពឹង​ថា​ ម្ចាស់ផ្ទះ​ជួល​ដែល​ធ្លាប់តែ​មាន​កិរិយា​បែប​នេះ​ នឹង​ផ្លាស់​ប្ដូរ​ ហើយ​កម្មករ​ បានដឹង​ពី​កន្លែង​ផ្ដល់​សេវា​ដោះស្រាយ​វិវាទ​ការងារ​ ដែល​អាច​ជឿជាក់​បាន​ និង​មិន​ចំណាយ​ប្រាក់​ ៖«​បាទ​សម្រាប់​ខ្ញុំ​ ខ្ញុំ​ចង់​សំណូមពរ​ទៅ​ដល់​កម្មករ​ទាំងអស់​ នៅ​ពេល​ដែល​មាន​បញ្ហា​ ដូចដែល​រឿង​ខ្ញុំ​បាន​ផលិត​ហ្នឹង​ គឺ​ចង់​ឲ្យ​គាត់​កុំ​ មាន​ដូច​ថា​ មានកូន​ចិត្ដ​មួយ​ថា​ នឹង​ធ្វើ​បាតុកម្ម​ដើម្បី​បាន​ដំណោះស្រាយ​ គឺ​ធ្វើ​អ​ញ្ចឹ​ង​គឺ​អត់​ល្អ​ទេ​។​ យើង​គួរតែ​ទៅ​រក​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ គឺជា​ឱកាស​មួយ​ដ៏​ល្អ​ដែល​គាត់​នឹង​ជួយ​ដោះស្រាយ​ឲ្យ​យើង​បាន​ដោយ​សន្ដិវិធី​»​។​

​លោក​ ភា​និ​ត​ លើកទឹកចិត្ដ​ដល់​អ្នក​ដែល​មិន​បាន​ជាប់​ ឲ្យ​ខិតខំ​បន្ដ​ទៀត​ ដើម្បី​ឲ្យ​វិស័យ​ភាពយន្ដ​ខ្មែរ​កាន់តែ​រីក​ចម្រើន​ទៅ​មុខ​។​ បន្ថែម​ពី​នេះ​លោក​ចែករំលែក​បទ​ពិសោធ​ថា​ ដើម្បី​ផលិត​ខ្សែភាពយន្ដ​មួយ​ឲ្យ​បាន​ល្អ​ គឺ​សំខាន់​បំផុត​ត្រូវ​ស្វែង​យល់​អំពី​ប្រធានបទ​ឲ្យ​បាន​ច្បាស់​ រក​តួ​សម្ដែង​ឲ្យ​សមនិង​សាច់​រឿង​។​

​សូម​ជម្រាប​ថា​ ការ​រៀបចំ​ឲ្យ​មានកម្ម​វិធី​ប្រកួត​ផលិតភាព​យន្ដ​ខ្នាត​ខ្លី​នេះ​ឡើង​ ពីព្រោះ​តែ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ជឿជាក់​ថា​ វា​មាន​អត្ថប្រយោជន៍​ច្រើន​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ទៅ​គ្រប់​ទីកន្លែង​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ ពិសេស​កម្មករ​ កម្មការិនី​ និយោជិត​ និង​ថៅកែ​និយោជក​ បានដឹង​កាន់តែ​ច្បាស់​ពី​កន្លែង​ផ្ដល់​សេវា​ ដោះ​ស្រា​វិវាទ​ការងារ​រួម​ ជូន​ពួក​គេ​ដោយ​ឥត​បង់ថ្លៃ​ ឯករាជ្យ​ និង​តម្លាភាព​។​

​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ គឺជា​ស្ថាប័ន​ឯ​រាជ្យ​ត្រីភាគី​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៣​ ដោយ​មានការ​ឧបត្ថម្ភ​ពី​អង្គការ​អន្ដរជាតិ​ខាង​ការងារ​ និង​ដោយ​មាន​កិច្ចសហការ​ជាមួយ​ក្រសួង​ការងារ​ និយោជក​ និង​សហជីព​ នៅ​ក្នុង​គោលបំណង​ដោះស្រាយ​វិវាទ​ការងារ​រួម​ជូន​កម្មករ​ និយោជិត​ និង​ថៅកែ​និយោជក​។​ ក្រុមប្រឹក្សា​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​អំណាច​យ៉ាង​ទូលំទូលាយ​ក្រោម​ច្បាប់​ស្ដី​ពី​ការងារ​ និង​ប្រកាស​ពាក់ព័ន្ធ​ ដែល​ក្រសួង​ការងារ​បាន​ចេញ​។​ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ គឺជា​ស្ថាប័ន​តែ​មួយ​ដំបូង​គេ​ ក្នុង​ប្រទេស​កម្ពុជា​ ដែល​ផ្ដល់​សេវា​ដោះស្រាយ​វិវាទ​ការងារ​រួម​ដោយ​មិន​គិតថ្លៃ​៕

Share

Image
Image
Image