en     km
en     km

ការ​បាត់បង់​ទីជម្រក​ និង​ការ​ចាប់​ធ្វើ​ជា​អាហារ​ គឺជា​កត្ដា​នាំ​ឲ្យ​វិនាស​ផុត​ពូជ​អណ្ដើក​ហ្លូ​ង​

Share

​ភ្នំពេញ​ ៖​ ប្រធាន​អង្គការ​អភិរក្ស​សត្វព្រៃ​ WCS​ បាន​លើក​ឡើង​ថា​ ចំនួន​របស់​អណ្ដើក​ហ្លួង​គិត​មក​ដល់​ឆ្នាំ​២០១៨​នេះ​ មានការ​កើនឡើង​។​ ប៉ុន្ដែ​ពួក​វា​នៅ​តែ​ប្រឈម​ហានិភ័យ​ខ្ពស់​ ព្រោះ​ការ​បាត់បង់​ទីជម្រក​ និង​ការ​ចាប់​យក​ទៅ​ធ្វើ​ជា​អាហារ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

​សត្វ​អណ្ដើក​ហ្លូ​ង​ គឺ​ ជា​ប្រភេទ​សត្វ​ល្មួ​ន​ ដែល​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​ IUCN​គឺជា​ប្រភេទ​សត្វ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​ នៅ​លើ​សាក​លោក​។​ ​ល្មួ​ន​ប្រភេទ​នេះ​ មាន​វត្ដ​មាននៅ​តែ​ប្រទេស​កម្ពុជា​ ឥណ្ឌូ​នេ​ស៊ី​ ម៉ា​ឡេ​ស៊ី​ ភូមា​ និង​ប្រទេស​ថៃ​តែ​ប៉ុណ្ណោះ​។​ យោង​តាម​ការ​រក​ឃើញ​របស់​អង្គការ​អភិរក្ស​សត្វព្រៃ​ ចំនួន​របស់​អណ្ដើក​ហ្លួង​ នៅ​លើ​សាកលលោក​ មាន​មិន​ដល់​ ៥០០​ក្បាល​នោះ​ទេ​។​

​សម្រាប់​ប្រទេស​កម្ពុជា​ ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ WCS​ ប្រចាំ​ប្រទេស​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ពួក​វា​មាន​ចំនួន​ប្រមាណ​ជាង​ ៥០​ក្បាល​ប៉ុណ្ណោះ​។​ លោក​ឲ្យ​ដឹង​បន្ដ​ថា​ ពួក​វា​គឺ​មាន​រស់នៅ​តែព្រៃ​ធម្មជាតិ​ ស្រុកស្រែ​អំបិល​ ខេត្ដកោះកុង​តែ​ប៉ុណ្ណោះ​។​

​លោក​ កែន​ សេរីរ​ដ្ឋា​ ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ WCS​ ប្រចាំ​ប្រទេស​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ សត្វ​អណ្ដើក​ហ្លួង​ ក្រោយ​ពី​រក​ឃើញ​វត្ដមាន​ជា​ថ្មី​នៅ​ឆ្នាំ​២០០០​។​ គិត​មក​ដល់​ឆ្នាំ​២០១៨​នេះ​ ចំនួន​របស់​ពួក​វា​ គឺ​មានការ​កើនឡើង​ ប៉ុន្ដែ​មិន​មាន​ចំនួន​នោះ​ទេ​។​ យ៉ាងណា​លោក​នៅ​មាន​ក្ដី​បារម្ភ​ពី​ការ​ថយ​ចុះ​ចំនួន​របស់​ពួក​វា​ ពីព្រោះ​តែ​ការ​បាត់បង់​ទីជម្រក​ និង​ការ​ចាប់​យក​ទៅ​ធ្វើ​ជា​ចំណីអាហារ​ ៖«​ដោយសារ​ចំនួន​របស់​វា​ក្នុង​ធម្មជាតិ​មាន​តិច​ ហើយ​ហានិភ័យ​ព្រោះ​ការ​បាត់បង់​ទីជម្រក​ តាម​រយៈ​ការ​បូម​ខ្សាច់​ តាម​រយៈ​ការ​ចាប់​ធ្វើ​ចំណីអាហារ​ ល​ និង​ល​។​ ដោយ​ចំនួន​របស់​វា​តិច​ផង​ ហើយ​និង​ជម្រក​របស់​វា​មាន​តែ​ក្នុង​តំបន់​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​។​ អ​ញ្ចឹ​ង​បើ​យើង​អត់​មានការ​អភិរក្ស​ទេ​ គឺ​ប្រភេទ​សត្វ​អណ្ដើក​ហ្លួង​គឺ​បាត់​រូបរាង​តែ​ម្ដង​»​។​

​តែ​យ៉ាងណា​ប្រធាន​អង្គការ​ WCS​ សង្កេត​ឃើញ​ថា​ ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​បាន​យល់​ដឹង​ពីសារ​ប្រយោជន៍​ របស់​សត្វព្រៃ​ ក៏​ដូច​ជា​សត្វ​អណ្ដើក​ហ្លួង​នេះ​ជាដើម​។​ លោក​សំណូមពរ​ថា​ ដើម្បី​បន្ដ​ចូលរួម​រក្សា​វត្ដមាន​ដ៏​តិច​តូច​របស់​ពពួកសត្វ​អណ្ដើក​ហ្លួង​នៅ​កម្ពុជា​នេះ​ សូម​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​បន្ថែម​ទៀត​ ក្នុង​ករណី​ដែល​រក​ឃើញ​សត្វ​អណ្ដើក​ហ្លួង​ នៅ​តាម​ដងព្រែក​ស្រែអំបិល​ សូម​យក​មក​ប្រគល់​ឲ្យ​អង្គការ​ WCS​ ឬ​ក៏​រដ្ឋបាល​ជលផល​ដែល​មាន​ការិយាល័យ​នៅ​ក្នុង​តំបន់​នោះ​។​ ជាង​នេះ​លោក​ស្នើ​ សូមកុំ​បរិភោគ​សត្វ​អណ្ដើក​ហ្លួង​នេះ​ ពីព្រោះ​តែ​វា​ជា​សត្វ​កម្រ​ ហើយ​ក៏​មិន​មាន​ជាតិ​ប្រូ​តេ​អ៊ិ​ន​ច្រើន​អ្វី​ដែរ​។​

​ជាមួយ​គ្នា​នេះ​លោក​ក៏​សំណូម​ផង​ដែរ​ សុំ​ឲ្យ​រដ្ឋាភិបាល​បន្ដ​ជួយ​អភិរក្ស​សត្វ​អណ្ដើក​ហ្លួង​នេះ​ ដោយ​ធ្វើ​យ៉ាងណា​ ការពារ​ទីជម្រក​របស់​ពួក​វា​ ដើម្បី​អាច​ឲ្យ​ពួក​វា​បន្ដ​ពូជ​ និង​មាន​វត្ដមាន​កាន់តែ​ច្រើន​ឡើង​នៅ​កម្ពុជា​។​ ​សត្វ​អណ្ដើក​ហ្លួង​ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ប្រភេទ​សត្វ​ល្មួ​ន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ ដោយ​ព្រះរាជ​ក្រិ​ត្យ​ចុះ​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០០៥​។​ មូលហេតុ​ដែល​គេ​ដាក់​ឈ្មោះ​ថា​ អណ្ដើក​ហ្លួង​ ពីព្រោះ​តែ​កាលពីមុន​ គឺ​មាន​តែ​ក្រុម​គ្រួសារ​រាជវង្ស​ប៉ុណ្ណោះ​ ដែល​អាច​សោយ​សាច់​ និង​ពង​របស់​ពួក​វា​បាន​។​

​សត្វ​អណ្ដើក​ហ្លួង​ ធ្លាប់​ត្រូវ​បាន​គេ​គិត​ថា​ ពួក​វា​បាន​ផុត​ពូជ​ពី​កម្ពុជា​អស់​ទៅ​ហើយ​ ក៏​ប៉ុន្ដែ​នៅ​ឆ្នាំ​២០០០​ រដ្ឋបាល​ជលផល​ខេត្ដកោះកុង​ និង​អង្គការ​ WCS​ បាន​សិក្សា​រក​ឃើញ​ចំនួន​សេសសល់​តិច​តូច​បំផុត​ រស់នៅ​តាម​ដងព្រែក​ស្រែអំបិល​ ខេត្ដកោះកុង​។​ ក្រោយ​ពី​រក​ឃើញ​ វត្ដមាន​របស់​អណ្ដើក​ហ្លួង​ នៅ​ឆ្នាំ​២០០១​ រដ្ឋបាល​ជលផល​ខេត្ដកោះកុង​ និង​អង្គការ​ WCS​ បាន​រៀបចំ​កម្មវិធី​ការពារ​សំបុក​ ដោយ​ជួល​ប្រជា​សហគមន៍​នៅ​ក្នុង​តំបន់​នោះ​ការពារ​សំបុក​ តាំងពី​ពង​រហូត​ដល់​ញាស់​ ហើយ​អង្គការ​ផ្ដល់​ជា​ប្រាក់​កម្រៃ​សម្រាប់​ពួក​គាត់​ ជំនួស​ឲ្យ​ការ​ប្រមូល​យក​ពង​កូន​សត្វ​អណ្ដើក​ហ្លួង​ទៅ​លក់​៕

Share

Image
Image
Image