en     km
en     km

ការ​ទាម​ទារ​ប្រាក់​ខែចំនួន​ ១៨០$ សម្រាប់​កម្មករ​រោង​ចក្រ​នៅ​ដើម​ឆ្នាំ ២០១៦ ហាក់​គ្មាន​ពន្លឺ

Share

នៅ​ថ្ងៃ​ទី ​២០​ ខែ​កក្កដា​នេះ ​សហជីព​ធំៗ​ចំនួន​ពីរ​ដែល​មាន​និន្នា​ការ​ខុស​គ្នា​សុទ្ធ​តែ​បាន​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ថា​ និន្នា​ការ​របស់​មេ​បក្ស​ប្រឆាំង​ដែល​ចង់​បាន​ប្រាក់​ខែ ​១៨០​ ដុល្លារ​ជូន​កម្ម​ករ​រោង​ចក្រ​នៅ​ដើម​ឆ្នាំ​ ២០១៦ ​ខាង​មុខ​នោះ ​ហាក់​គ្មាន​ពន្លឺ​និង​គ្មាន​ភាព​ច្បាស់​លាស់​នៅ​ឡើយ​​។ ​ការ​លើក​ឡើង​ខាង​លើ​នេះ​ គឺ​បន្ទាប់​ពី​លោក​ សម ​រង្ស៊ី ​បាន​ជំរុញ​ឲ្យ​កម្ម​ករ​ទាម​ទា​រ​ប្រាក់​ខែ​គោល​អប្ប​បរមា​ឲ្យ​បាន​ ១៨០​ដុល្លារ​ក្នុង​​​មួយ​​​ខែ ​កាល​​ពី​​ម្សិល​មិញ​នេះ​ នៅ​ក្នុង​ជំនួប​ពិភាក្សា​ជា​មួយ​សមា​ជិក​របស់​សហ​ជីព​សេរី​កម្មក​រ​មាន​ចំនួន​ជាង ​១០០​ នាក់​ ដែល​ជា​តំណាង​កម្មករ​មក​ពី ​៦០ ​រោងចក្រ​។​

​លោក​​ សោម​ អូន​ ប្រធាន​ក្រុម​ប្រឹក្សា​សហ​ជីព​ជាតិ​កម្ពុជា​ ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​សហជីព​មួយ​មាន​ទំនោរ​ទៅ​រក​គណ​បក្ស​កាន់​អំណាច​ បាន​និយាយ​​នៅ​ថ្ងៃ​នេះ​ថា​ លោក​មាន​​ការ​សោក​ស្តាយ​ចំពោះ​លោក ​សម​ រង្ស៊ី ​ដែល​ជំរុញ​អោយ​កម្ម​ករ​ទាម​ទារ​ប្រាក់​ឈ្នួល​អប្ប​បរ​មា​ឲ្យ​បាន​ ​១៨០​ ដុល្លារ​ក្នុង​មួយ​ខែ​ ព្រោះ​ថា ​តួ​លេខ ​១៨០​ដុល្លារ​នេះ​មិន​ដឹង​ថា​មាន​ប្រភព​ពី​ណា ​ហើយ​មាន​កា​រ​ស្រា​វ​ជ្រាវ​យ៉ាងណា​នោះ​ទេ​។ ​

​លោក​ សោម​ អូន​ បន្ត​ថា៖​ « ​ចំពោះ​ប្រាក់​ឈ្នួល​គោល​អប្ប​បរ​មា​សម្រាប់​ឆ្នាំ ​២០១៦ ​ក្រុម​កា​រ​ងា​រដែល​មាន​ការ​ចូល​រួម​ពី​សហ​ជីព​ជាតិ​ សហ​ជីព​អន្តរ​ជាតិ ​ភាគី​ក្រសួង​ការ​ងារ​ ​និង​អង្គការ​ពល​កម្ម​អន្តរ​ជាតិ​ កំពុង​ ប្រជុំ​ពិភា​ក្សា​គ្នា​រក​តួលេខ​មួយ​ដែល​សម​ស្រប​ទៅ​នឹង​អតិ​ផរ​ណា​ទំនិញ​ ​ជីវ​ភាព​រស់​នៅ​របស់​កម្ម​ករ​ និង​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ជាក់​ស្តែង​»។

cover_cambodia_garment

​ចំណែក​ប្រធាន​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្មករ​លោក​ ប៉ាវ ​ស៊ីណា​ វិញ​យល់​ឃើញ​ថា​៖​ « ​ខ្ញុំ​គិត​ថា ​ប្រាក់​ខែ​គោល ​១៨០ ​ដុល្លារ ​មិន​អាច​ទៅ​រួ​ច​នោះ​ទេ ដោយ​សារ​តែ​កន្លង​មក​យើង​ទារ​ត្រឹម​តែ ​១​៦០​ ដុល្លារ​ ហើយ​​ ប្រាក់​ឈ្នួល​រហូត​មក​ដល់​ពេល​នេះ​ យើង​មិន​ទាន់​បាន​ផង​។ ​ក្រោយ​មក​ទៀត​យើង​ទារ​ ១៧៧​ ​ដុល្លារ​ក្នុ​ង​មួយ​ខែ ​ប៉ុន្តែ​នៅ​តែ​មិន​ទាន់​បាន»​។ ​

​ទោះ​ជា​យ៉ាង​ណា​ក្តី ​លោក​ ប៉ាវ ​ស៊ីណា ​បាន​បញ្ជាក់​ប្រាប់​ថា ​ការ​គាំ​ទ្រ​របស់​លោក​ សម ​រង្ស៊ី ​ដែល​ចង់ឲ្យ​ កម្ម​ករ​ទទួល​បាន​ប្រាក់​ខែ​ ១៨០ ​ដុល្លារ​នោះ​​គឺ​មិន​មាន​អ្វី​ចំឡែក​នោះ​ទេ​ ប៉ុន្តែ​លោក​រំពឹង​ថា​ ប្រាក់​ឈ្នួល​នៅ​ឆ្នាំ​ ​២០១៦​ ​ខាង​មុខ​ កម្មករ​នឹ​ង​ទទួល​បាន​ប្រាក់​ខែ​មួយ​ស​ម​រម្យ​ ដែល​អាច​ធា​នា​ថា​កម្ម​ករ​នឹង​រស់​នៅ​ក្នុ​ង​ភាព​ថ្លៃ​ថ្នូរ​បាន​។ ​

​សូម​រំលឹក​ផ​ង​ដែ​រថា​ ក្នុ​ង​ជំ​នួ​បជាមួយ​​ស​មាជិ​​ក​រ​ប​ស់​ស​ហជីព​សេរី​កម្ម​ករ​ជាង ​១០០​ នាក់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​​នេះ ​លោក​ សម ​រង្ស៊ី ​បា​ន​ថ្លែង​ប្រាប់​កម្ម​ករ​ថា​ប្រាក់​ឈ្នួល​ ១២៨​ ដុ​ល្លា​រ​ក្នុង​មួយ​ខែ ​គឺ​មិន​គ្រប់​គ្រាន់​សម្រាប់​កម្ម​ករ​ក្នុង​ការ​ផ្គត់​ផ្គង់​ជីវ​ភាព​នោះ​ទេ ព្រោះ​ថា​តម្លៃ​ទំនិញ​គ្រប់​ប្រភេទ​នៅ​លើ​ទី​ផ្សារ​នៅ​ក្នុង​ស្រុក​បាន​ហក់​ឡើង​ថ្លៃ​ខ្ពស់​។ ក្នុង​ជំនួប​នោះ​ដែរ ​លោក ​ជា ​មុនី ​ប្រធាន​សហ​ជីព​សេរី​កម្ម​ករ​ក៏​បាន​ថ្លែង​ទៅ​កាន់​​សមា​ជិក​របស់​លោក​ថា ​កុំ​ឲ្យ​មាន​ការ​រា​រែក​ក្នុង​ការ​ទាម​ទារ​ប្រាក់​ឈ្នួល​សម​រម្យ​។ លោក​បន្ត​ថា ​សហ​ជីព​​សេរី​កម្ម​ករ​បាន​ត្រៀម​រួច​រាល់​ហើយ​ក្នុង​ការ​ឃ្លាំ​មើល​សមា​ជិក​គណៈ​កម្ម​ការ​ប្រឹក្សា​ការ​ងារ​ក្នុង​ការ​តម្លើង​ប្រាក់​ឈ្នួល​ជូន​កម្ម​ករ​កម្ម​ការិនី​។​ ករណី​បើ​ការ​​តម្លើង​នោះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​មិន​យុត្តិ​ធម៌​ទេ ​បញ្ហា​នឹង​​កើត​មាន​ឡើង​ជាក់​ជា​មិន​ខាន​​៕​

Share

Image
Image
Image