en     km
en     km

ការ​ជំនុំ​ជម្រះក្ដី​លោក ​នី​ ចរិយា​ បរិហារកេរ្តិ៍​មន្ត្រី​តុលាការខេត្ត​សៀមរាប​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២២​កញ្ញា​

Share

ភ្នំពេញ៖ លោក​ លី​ សុ​ផា​ណា​ មន្ដ្រី​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​ ២០​ខែកញ្ញា​ ឆ្នាំ​២០១៦​ នេះ​ បានឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​ ២២​ខែកញ្ញា​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​ សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បើក​ ជំនុំ​ជម្រះក្ដី​លើ​សំណុំរឿង​ លោក​ នី​ ចរិយា​ ដែល​មន្ដ្រី​តុលាការ​ ខេត្តសៀមរាប​២​រូប​ប្ដឹង​លោក​ពី​បទ​បរិហារកេរ្តិ៍​។​

លោក​ នី ​ចរិយា​ អតីតមន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អា​ដ​ហុ​ក
លោក​ នី ​ចរិយា​ អតីតមន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អា​ដ​ហុ​ក

​កន្លង​មក​លោក​ នី​ ចរិយា​ ត្រូវ​បាន​ លោក​ សុខ​ កែវ​បណ្ឌិត​ ព្រះរាជអាជ្ញា​រង​ និង​ លោក​ គី​ ឬ​ទ្ធី​ ចៅក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង​ខេត្តសៀមរាប​ ចោទប្រកាន់​លោក​ នី​ ចរិយា​ ថា​ បាន​បរិហារកេរ្ដិ៍​ពួក​លោក​ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​របស់​ពលរដ្ឋ​នៅ​ខេត្តសៀមរាប​ ជាមួយ​ក្រុមហ៊ុន​កសិពាណិជ្ជកម្ម​ (Community​ Takhmao​ Development​ Agriculture​ &​ Industrial​ )​ ដែល​អ្នក​ភូមិ​ ថា​ ក្រុមហ៊ុន​បាន​ព្យាយាម​រឹបអូស​យក​ដីស្រែ​ របស់​ពួក​គាត់​ដោយ​ខុសច្បាប់​។​

​កាលពី​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៦​ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​បើក​សវនាការ​ ជុំនុំជម្រះ​ពេញអង្គ​ តាម​ពាក្យបណ្ដឹង​របស់​មន្ដ្រី​តុលាការ​ពីរ​ រូប​នេះ​ ដែល​ប្ដឹង​ លោក​ នី​ ចរិយា​ ពី​បទ​បរិហារកេរ្ដិ៍​ ជា​សាធារណៈ​។​ ក្នុង​ពេល​បើក​សវនាការ​ជំនុំជម្រះ​ លោក​ នី​ ចរិយា​ បាន​សម្រេច​ប្ដឹង​ទាស់​ភ្លាមៗ​ ទៅ​សាលាឧទ្ធរណ៍​ ដើម្បី​សុំ​ប្ដូរ​ចៅក្រម​ ដែល​លោក​សំអាង​ថា​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ធ្វើការ​ជុំនុំជម្រះ​ ដោយ​មិន​មាន​វត្តមាន​ដើមបណ្ដឹង​រដ្ឋប្បវេណី​ចូលរួម​។​

បន្ថែម​លើ​នេះ​ លោក​ នី​ ចរិយា​ បាន​បញ្ជាក់​ថា​ អ្វី​ដែល​មន្ត្រី​តុលាការ​ខេត្តសៀមរាប​ ប្ដឹង​រូប​លោក​ គឺ​ លោក​មិន​អាច​ទទួលយក​បាន​ឡើយ​។​

​លោក​ នី​ ចរិយា​ ដែល​កំពុង​ជាប់​ឃុំខ្លួន​នៅ​ ពន្ធនាគារ​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោក​ បាន​លាលែង​ពី​ បុគ្គលិក​របស់​ សមាគម​ អា​ដ​ហុ​ក​ ហើយ​បច្ចុប្បន្ន​លោក​ ជា​អគ្គលេខាធិការ​រង​ នៃ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ ទទួល​បន្ទុក​ សវន​កម្ម​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​។​

​សូម​ជម្រាប​ដែរ​ថា​ ក្រៅពី​រង​ការ​ចោទប្រកាន់​ពី​មន្ដ្រី​តុលាការ​ខេត្តសៀមរាប​ លោក​ក៏​នូវ​មានការ​ចោទប្រកាន់​ និង​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​នឹង​ករណី​អ្នក​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ផង​ដែរ​៕

Share

Image
Image
Image