en     km
en     km

ការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធEBA

Share

កាលល្ងាចពីថ្ងៃទី១២ កុម្ភៈកន្លងទៅនេះ សហភាពអឺរ៉ុបបានសម្រេចផ្ដាប់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា២០% ស្មើនឹងទំហំទឹកប្រាក់ជាង១០០០លានដុល្លារក្នុងមួយឆ្នាំ។ មានទស្សនៈលើកឡើងផ្សេងៗគ្នាជុំវិញការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBAនេះ កញ្ញា យី លុយហ៊ាង រាយការបន្ត !

ការសម្រេចផ្ដាប់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា២០%របស់សហភាពអឺរ៉ុបកាលពីល្ងាចថ្ងៃទី១២ កុម្ភៈកន្លងទៅ ធ្វើឲ្យកម្ពុជាជាប់កាតព្វកិច្ចបង់ពន្ធឲ្យសហភាពអឺរ៉ុប ប្រមាណជាង១០០០លានដុល្លារក្នុងមួយឆ្នាំ។ ការផ្ដាប់ប្រព័ន្ធអនុគ្រោះពន្ធ២០%នេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី ១២ខែសីហា ឆ្នាំ២០២០នេះតទៅ។

យោងតាមការចុះផ្សាយលើគេហទំព័ររបស់វិទ្យុអាស៊ីសេរី ថា ក្រុមហ៊ុន​សំលៀក​បំពាក់​លំដាប់​ពិភពលោក អេច អ៊ែន អ៊ែម (H&M Group) យល់​ស្រប​ទាំង​ស្រុង ចំពោះ​វិធានការ​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​តប​ត​ទៅ​នឹង​ការ​រំលោភបំពាន​សិទ្ធិពលរដ្ឋ និង​​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​កម្ពុជា។ ក្រុម​ហ៊ុន H&M បន្តថា ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ការងារ​នៅ​ក្នុង​វិស័យ​កាត់ដេរ ដែល​ស្រូប​ទាញ​កម្មករ​ប្រមាណ​ជា ១លាន​នាក់ និង​ជា​កម្លាំង​ចលករ​មួយ​យ៉ាង​សំខាន់​នៃ​ក្បាល​​ម៉ាស៊ីន​សេដ្ឋកិច្ច​របស់​កម្ពុជា។ ទន្ទឹមនឹងនេះក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លៃការថា ការ​សម្រេច​ដក EBA ២០% ពី​កម្ពុជា​នេះ ថា ជា​រឿង​អយុត្តិធម៌ និង​ធ្វើ​ឡើង​តាម​ទំនើង​ចិត្ត ហើយ​ក្រសួង​បាន​ចោទ​ប្រកាន់​គណៈកម្មការ​អឺរ៉ុប​វិញ​ថា ប៉ុនប៉ង​ប្រើ​ប្រាស់​ពាណិជ្ជកម្ម​ជា​លេស​ក្នុង​​ការ​លូក​ដៃ​ចូល​កិច្ច​​ការ​ផ្ទៃក្នុង​របស់​កម្ពុជា ហើយដែលកន្លងទៅថ្មីៗនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងប្រកាសថា កម្ពុជាបានត្រៀមទប់ទល់នឹងការដកហូតប្រព័ន្ធអនុគ្រោះពន្ធមួយនេះ ហើយក៏គ្មានការឱនក្បាលដាក់បរទេសជាថ្នូរនឹងភាពអនុគ្រោះណាមួយនោះដែរ។ សម្តេចនៅតែរក្សាជំហរ មិនយកអធិបតេយ្យជាតិ និងឯករាជ្យ ទៅដោះដូរនឹងអ្នកណានោះឡើយ ដោយសម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា៖ «សូមប្រជាពលរដ្ឋកម្ពុជាគិតឲ្យបានច្បាស់លាស់ថា ពេលនេះកម្ពុជាត្រូវការអ្វីពិតប្រាកដ? កម្ពុជាត្រូវការសន្តិភាព មិនអាចឲ្យអ្នកណាបំផ្លាញសន្តិភាពបានទេ។ នៅលើគេហទំព័ររបស់គណៈបក្សាប្រជាជនកម្ពុជា ដែលជាគណៈបក្សកំពុងដឹកនាំប្រទេ បានសរសេរដែរថា ការសម្រេចកាត់ប្រព័ន្ធអនុគ្រោះពន្ធEBA ពីកម្ពុជានៅពេលនេះ វាជាការប្រព្រឹត្តកំហុសទី៣ ដែលសហភាពអឺរ៉ុបព្យាយាមបំផ្លាញសមិទ្ធផលរបស់ខ្លួន ដែលបានសហការធ្វើជាមួយកម្ពុជា។

ស្របគ្នានេះបណ្ដាសហជីពធំៗនៅកម្ពុជា សុទ្ធតែបានបង្ហាញនូវការខកចិត្តចំពោះការបាត់បង់ការអនុគ្រោះពន្ធEBAនេះ។ ចំណែក លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា បើទោះបីជាកម្ពុជានឹងមិនបាត់បង់អត្ថប្រយោជន៍ទាំងស្រុងក្តី ក៏ការសម្រេចនេះ នឹងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ហើយអាចបាត់បង់ការទាក់ទាញអ្នកវិនិយោគអន្តរជាតិ និងអាចកាត់បន្ថយសក្តានុពលនៃកំណើនសេដ្ឋកិច្ចជាតិមួយកម្រិត ហើយវានឹងប៉ះពាល់ផ្ទាល់ដល់ជីវភាពប្រជាពលរដ្ឋ ដែលធ្វើការក្នុងសហគ្រាស ឬរោងចក្រ ដែលផលិតទំនិញនាំចេញទៅអឺរ៉ុប។

បើយោងតាមការចុះផ្សាយរបស់ The Cambodia Daily ថា តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុបលោក Josep Borrell មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មានមួយថា“ សហភាពអឺរ៉ុបគ្មានជម្រើសផ្សេងទៀតល្អជាងការដកហូតប្រព័ន្ធអនុគ្រោះពន្ធEBA ដោយផ្នែកមកលើកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងការបំពានក្នុងសកម្មភាពចូលរួមផ្នែកនយោបាយ និងការរំលោភទៅលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងអង្គការក្រៅរដ្ឋាភិបាល ពីសំណាក់រដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ លោក រស់ គង់

Share

Image
Image
Image