en     km
en     km

ការនាំចេញអង្ករធ្លាក់ចុះ ១៣%ក្នុងរយៈពេល ១០ខែនៅឆ្នាំនេះ

Share

ភ្នំពេញ៖ កម្ពុជាបាននាំចេញអង្ករ ៤៣៤ ៨០៧ តោន ក្នុងរយៈពេល ១០ ខែដំបូងក្នុងឆ្នាំ២០១៨ ដែលចំនួននេះបានធ្លាក់ចុះ ១៣,២០ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ផ្លូវការណ៍ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ​។

 

                                                                  ​កសិករស្ទូងស្រូវនារដូវបង្កបង្កើនផល។

 

យ៉ាងណាអ្នករកស៊ីក្នុងវិស័យស្រូវអង្ករលើកឡើងថា ការធ្លាក់ចុះការនាំចេញអង្ករ ដោយសារតែកង្វះស្រូវស្តុកទុកដើម្បីផ្គត់ផ្គង់ឧស្សាហកម្មនេះ។

យោងតាមរបាយការណ៍ដដែរ សមាជិកសភាអឺរ៉ុបនាំអង្ករចូលពីកម្ពុជាមានចំនួន ២១២ ៥១៣តោន ប្រទេសចិនមានចំនួន ១១៣ ៥៣៧តោន និងសមាជិកអាស៊ានរួមមាន ប្រ៊ុយណេ វៀតណាម និងសឹង្ហបុរី មានចំនួន ៤៥ ៥២៦តោន។

ផ្អែកតាមតួលេខនេះសហភាពអឺរ៉ុបបានឈរលំដាប់លេខមួយក្នុងការនាំអង្ករពីកម្ពុជា បន្ទាប់មកគឺប្រទេសចិន។

កាលពីដើមខែកញ្ញាឆ្នាំ២០១៨ គណៈ​ក​ម្មា​ការ​អឺរ៉ុប​បាន​ទទួលយក​សំណើ​របស់​កសិករ​អ៊ី​តា​លី​ថា​ នឹង​ពិនិត្យ​ឡើង​វិញ​លើ​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​អង្ករ​ពី​ប្រទេស​កម្ពុជា​ និង​ប្រទេស​មី​យ៉ា​ន់​ម៉ា ព្រោះ​ការ​លើកលែង​ពន្ធ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​បាន​ប៉ះពាល់​ដល់ទី​ផ្សារ​អង្ករ​របស់​កសិករ​អ៊ី​តា​លី​។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​គណៈ​ក​ម្មា​ការ​អឺរ៉ុប​។​

កាលពី​ថ្ងៃ​ទី​ ១៦​ មិ​នា​ គណៈកម្មាការ​អឺរ៉ុប​បាន​ធ្វើការ​ស៊ើបអង្កេត​ចំពោះ​ការ​នាំ​ចូល​អង្ករ​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​ថា​ តើ​មាន​ភាព​ស្មើគ្នា​ចំពោះ​កសិករ​នៅ​អឺរ៉ុប​ដែរ​ឬ​យ៉ាងណា​។​ ការ​ស៊ើបអង្កេត​នេះ​ធ្វើ​ឡើង​តាម​សំណើ​របស់​ប្រទេស​អ៊ី​តា​លី​ស្នើ​សុំ​ឱ្យ​មាន​វិធានការ​រឹត​បន្តឹង​លើ​ការ​នាំ​ចូល​ និង​គិត​អត្រាពន្ធ​អង្ករ​ពី​កម្ពុជា​ និង​មី​យ៉ា​ន់​ម៉ា​។​

ជុំវិញ​បញ្ហា​នេះ​មន្ត្រី​ក្រសួងកសិកម្ម​សុំ​មិន​ធ្វើការ​អត្ថាធិប្បាយ​ចំពោះ​វិធានការ​គណៈកម្មការ​អឺរ៉ុប​គ្រោង​ពិនិត្យ​ឡើង​វិញ​លើ​កិច្ចព្រមព្រៀង​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​នាំ​ចេញ​អង្ករ​ពី​កម្ពុជា​ទេ​។​

សូមជម្រាបថា កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារបរទេស បានជាង៦៣ម៉ឺនតោនកាលពីឆ្នាំ២០១៧ ។

កម្ពុជា​ទើបនឹង​គ្រង​ពានរង្វាន់​អង្ករ​ល្អ​ជាងគេ​បំផុត​ក្នុង​ពិភពលោក​សម្រាប់​ឆ្នាំ​ ២០១៨​នេះ​ ក្នុង​សន្និសីទ​ស្រូវ​អង្ករ​ពិភពលោក​លើក​ទី​១០​ នៅ​ប្រទេស​វៀតណាម​។​

អង្ករ​កម្ពុជា​នាំ​ទៅ​ទីផ្សារ​អឺរ៉ុប​បាន​កើន​ឡើងជា​បន្តបន្ទាប់​ចាប់ពី​ ១៣​ ភាគរយ​ កាលពី​ឆ្នាំ​ ២០១៣​ និង​កើនឡើង​រហូត​ដល់​ ២១​ ភាគរយ​ កាលពី​ឆ្នាំ​ ២០១៧​។​ ប៉ុន្តែ​ទីផ្សារ​អង្ករ​របស់​កសិករ​អឺរ៉ុប​បាន​ធ្លាក់​ចុះ​ពី​ ៥២​ ភាគរយ​ មក​នៅ​ត្រឹម​ ៣០​ ភាគរយ​ក្នុង​រយៈពេល​ដូច​គ្នា​៕

Share

Image
Image
Image