en     km
en     km

បទយកការណ៍ ៖ កសិកម្មចម្រុះហុចផលគ្រប់រដូវទោះបីមានបំរែបំរួលអាកាសធាតុ

Share

សៀមរាប៖ កសិករមួយចំនួនតែងតែសម្រុកដាំដំណាំប្រភេទណាមួយលើផ្ទៃដីដែលខ្លួនមាន នៅពេលដែលដំណាំប្រភេទនោះកំពុងមានទីផ្សារខ្ពស់ ឬការដំដុះនោះស្របតាមសណ្ឋានដីនៃតំបន់នីមួយៗ។ អ្នកជំនាញព្រមានថា ការធ្វើកសិកម្មតែមួយមុខលើផ្ទៃដីទាំងអស់មិនមែនជាវិធីសាស្រ្តល្អនោះឡើយ ហើយអាចប្រឈមនឹងការខូចខាតនៅពេលមានបំរែបំរួលអាកាសធាតុ ការយាយីពីសត្វល្អិតចង្រៃ ពិសេសប្រឈមនឹងតម្លៃទីផ្សារដែលឡើងចុះមិនទៀងទាត់។ ក្នុងបរិបទនៃការបំរែបំរួលអាកាសធាតុជាសកលនេះ កសិករក្នុងស្រុកចំនួនពីនៃខេត្តសៀមរាបបានចាប់យកការធ្វើកសិកម្មចម្រុះ មានទាំងការដាំដំណាំ និងចិញ្ចឹមសត្វ បន្ទាប់ពីកសិករទាំងនោះបានទទួលចំណេះដឹងផ្នែកកសិកម្មពីអង្គការ ហ្រ្គេដ (Gret) និង អង្គការសៀដ។ កសិករលើកឡើងថា ការធ្វើកសិកម្មចម្រុះមិនត្រឹមតែអាចធន់ការប្រែប្រួលអាកាសធាតុនោះទេ ថែមទាំងអាចទទួលចំណូលបានគ្រប់រដូវផងដែរ។ ជាមួយគ្នានេះ ការដាំដំណាំចម្រុះអាចទប់ស្កាត់បានការបំផ្លាញពីសត្វល្អិតចង្រៃ និងការធ្លាក់ថ្លៃកសិផលបានផងដែរ។   តើការធ្វើកសិកម្មចម្រុះបានផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់កសិករ? តទៅនេះសូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍ដែលចងក្រងដោយលោក កែវ សុខា ដូចតទៅ។

 

                          ​ដំណាំចម្រុះរបស់កសិករក្នុងខេត្តសៀមរាប ដាំដំណាំឆ្លាស់មុខពីមួយរោងទៅមួយរោង។រូបភាព កែវ សុខា/WMC

 

ស្របពេលដែលកសិករជាទូទៅ បានបោះទុនវិនិយោគលើការដាំដុះ និងចិញ្ចឹមសត្វ ដែលកំពុងត្រូវប៉ាន់លើទីផ្សារ ពួកគេមិនខ្វល់ឡើយពីការធ្លាក់ថ្លៃនៅពេលប្រមូលផលនោះ។ ដោយឡែកកសិករស្ថិតក្នុងស្រុកសូត្រនិគម និងស្រុកប្រាសាទបាគង ក្នុងខេត្តសៀមរាប បានចាប់យកការធ្វើកសិកម្មចម្រុះរួមមានការចិញ្ចឹមសត្វ និងការដាំដុះ ដែលពួកគេអះអាងថា អាចទទួលចំណូលបានគ្រប់រដូវ និងធន់ការប្រែប្រួលអាកាសធាតុ។

កសិករក្នុងស្រុកចំនួនពីរដែលទទួលបានចំណេះ និងបច្ចេកទេសពីអង្គការ Gret ពួកគេលើកឡើងថា ការធ្វើកសិកម្មចម្រុះភាពគឺជាវិធីសាស្ត្រល្អ អាចលក់កសិផលបានគ្រប់រដូវ ទប់ស្កាត់បានការធ្លាក់ថ្លៃ អាចទប់ទល់ការបំផ្លាញពីសត្វល្អិតចង្រៃ ពិសេសគឺអាចសម្របតាមការប្រែប្រួលអាកាសធាតុបានទៀតផង។

ការដាំដំណាំចម្រុះ និងអត្ថប្រយោជន៍

លោក លឹម ឡឹង អាយុ ៥៨ ឆ្នាំជាកសិករមួយរូបរស់នៅភូមិគោកឫស្សីខាងជើង ឃុំដានរុន ស្រុកសូត្រនិគម ខេត្តសៀមរាបនិយាយថា លោកបានដាំដំណាំច្រើនមុខលើផ្ទៃដីតែមួយ មានទាំងបន្លែហូប ស្លឹក ហូ​បផ្លែ និងមើម ក្នុងនោះមាន សាឡាត ស្ពៃតឿ ខាតណា ម្ទេស ត្រប់ ពោត សណ្តែក ជីឆាយ ស្រូវ និងប្រភេទជីមួយចំនួនទៀត។ ជាងនេះទៀតលោក លឹម ឡឹង មានចិញ្ចឹមមាន់ និងត្រីផងដែរ។

កសិករមាឌល្អិតរូបនេះបន្ថែមថា ការធ្វើកសិកម្មចម្រុះអាចទទួលបានចំណូលជារៀងរាល់ខែ ដោយមិនបារម្ភពីការប្រែប្រួលអាកាសធាតុដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ឡើយ ព្រោះដំណាំខ្លះធន់នឹងកម្តៅហើយដំណាំខ្លះធន់នឹងទឹកច្រើន។ លោកបន្ថែមថា លោកលក់កសិផលបានថវិកាជាប្រចាំថ្ងៃចន្លោះពីមួយម៉ឺនរៀល ទៅពីរម៉ឺនរៀលក្នុងមួយថ្ងៃ។ លោក លឹម ឡឹង៖«សល់គ្រែល! បើខូចអានេះនៅសល់អានោះ ប្រាក់ចេះតែនៅ ឧទាហរណ៍ថាបើភ្លៀងខ្លាំងមិនបានដាំបន្លែ យើងបានត្រី បើត្រីសម្បូរចុះថោកយើងបានមាន់។ បើមាន់ចុះថោកយើងលក់បន្លែ ត្រីវិញ ដូចខែនេះលក់បន្លែបានថ្លៃ »។

កសិករ លឹម ឡឹង ធ្វើកសិកម្មចម្រុះលើផ្ទៃដីរបស់ខ្លួន ដោយអាចរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ ផ្តត់ផ្តគង់ការសិក្សារបស់កូនរហូតអាចឱ្យកូនរៀនចប់មហាវិទ្យាល័យចំនួន៣នាក់។រូបភាព កែវ សុខា/WMC។

 

ចំណែកស្រ្តីកសិករភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូត្រនិគម ខេត្តខេត្តសៀមឯណ្ណោះវិញ អ្នកស្រី ថៃ ឆេងលី ឱ្យដឹងថា អ្នកស្រីបានអនុវត្តការដាំបន្លែចម្រុះលើរាន ដែលការដាំបែបនេះបានហុចទិន្នផលល្អប្រសើរ ហើយមិនបារម្ភពីទឹកជន់លិចព្រោះ រានបន្លែមានកម្ពស់ផុតពីដីកន្លះម៉ែត្រ។ អ្នកស្រីបន្ថែមថា ការដាំដំណាំលើរោងគឺមានផលចំណេញ ព្រោះអាចដាំដំណាំរួមផ្សំផ្សេងៗនៅពីក្រោមរោងបន្លែ ដូចជា ក្រសាំងទាប និងពពួកជីជាដើម។

អ្នកស្រីឱ្យដឹងទៀតថា ការធ្វើកសិកម្មចម្រុះបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន តួយ៉ាងគេអាចយកលាមកមាន់ និងគោមកធ្វើជាជីកំប៉ុស្ត ចំណែកកាកសំណល់បន្លែអាចយកទៅឱ្យត្រីស៊ីបាន ហើយទឹកក្នុងស្រះក៏អាចយកមកស្រោចដំណាំប្រកបដោយជីវ ជាតិថែមទៀតផងដែរ។ អ្នកស្រី ថៃ ឆេងលី៖«ការដាំដំណាំចម្រុះវាផ្តល់ផលប្រយោជន៍ទី១ គឺកុំឱ្យសត្វល្អិតមកយាយីដាំដំណាំរបស់យើងបាន ដូចថាវាចង់ស៊ីស្ពៃដល់ពេលវាចុះមកប៉ះនឹងបន្លែផ្សេងដែលមិនត្រូវនឹងវា ថាអាចចេញទៅវិញបាន។ ការដាំដំណាំចម្រុះល្អមួយទៀត ល្អជាងគេគឺនៅរដូវដែលធ្លាក់ថ្លៃ ដូចថា ស្ពៃនេះធ្លាក់ថ្លៃប៉ុន្តែសាឡាតយើងអត់ធ្លាក់ថ្លៃទេ ហើយយើងអត់ខាតទេ»។

អ្នកស្រី ថៃ ឆេងលី សម្រេចចិត្តចាប់យករបបធ្វើកសិកម្មចម្រុះ មានទាំងការដាំដុះ និងចិញ្ចឹមសត្វ ដោយមិនបោះបង់ស្រុកកំណើតទៅធ្វើការនៅប្រទេសថៃ។ រូបភាព កែវ សុខា/WMC។

 

លោក ទូច សុខារិទ្ធ ប្រធានគ្រប់គ្រងគម្រោងរបស់អង្គការ Gret លើកឡើងថា ការធ្វើកសិកម្មចម្រុះ ជាផ្នែកមួយនៃការធ្វើកសិកម្មតាមប្រព័ន្ធក្សេត្រវិទ្យា ឬតាមប្រព័ន្ធអេកូឡូស៊ី​ដែលអាចធានានិរន្តភាពដីកសិកម្មមិនឱ្យខូចរេចរិល ព្រោះប្រើបច្ចេកទេសតាមបែបប្រពលវប្បកម្ម និងប្រើប្រាស់ជីវសរីរាង្គមិនប៉ះពាល់សុខភាព និងទទួលទិន្នផលបានច្រើន។ លោកបន្តថា ការធ្វើកសិកម្មចម្រុះអាចការពារបាននូវពេលមានបំរែបំរួលអាកាសធាតុ សត្វល្អិតចង្រៃ និងទប់ស្កាត់បានការធ្លាក់ថ្លៃលើទីផ្សារ។ លោក ទូច សុខារិទ្ធ៖ «ការធ្វើកសិកម្មតាមប្រព័ន្ធកសិកម្មចម្រុះគឺវាធានាដល់ប្រាក់ចំណូលរបស់ពួកគាត់ និងបរិស្ថានល្អផង ដែរ។ ការធ្វើកសិកម្មចម្រុះវាធ្វើឱ្យមានតុល្យភាព ប្រើសិនបើគាត់ចិញ្ចឹមគាត់អាចប្រើប្រាស់ប្រាក់ចំណូលពីការលក់សត្វ ហើយគាត់អាចបានផលប្រយោជន៍លាមកសត្វធ្វើជាជីកំប៉ុស្ត៍យើងដាក់ទៅលើដំណាំ។ អីចឹងដំណាំលូតលាស់បានល្អមានការកែប្រែគុណភាពដីបានល្អ អីចឹងគាត់អាចទទួលបានប្រាក់ចំណូលពីដំណាំបន្ត ហើយដំណាំមួយចំនួនគាត់អាចធ្វើជាចំណីសត្វ​បានផងដែរ។ ហើយយើងចិញ្ចឹមត្រី អាចយកទឹកមកស្រោចដំណាំវាដូចជាកំប៉ុស្តទឹកដែលអាចឱ្យដំណាំលូតលាស់បានល្អផងដែរ»។ 

                                            មាន់របស់កសិករនៃអង្គការGret ក្នុងខេត្តសៀមរាប។រូបភាព កែវ សុខា/WMC

 

ទីផ្សារលក់កសិផល

ទាក់ទិនទីផ្សារលក់កសិផលវិញលោក លឹម ឡឹង ឱ្យដឹងថា ពេលប្រមូលផលជារៀងរាល់ព្រឹកមានភ្នាក់ងារក្នុងក្រុមកសិកររបស់អង្គការ Gret ដើរប្រមូលទិញយកទៅលក់បន្តនៅទីផ្សារ ហាង និងភោជនីយដ្ឋានមួយចំនួននៅក្នុងក្រុងសៀមរាប។ លោកបន្ថែមថា លោកមិនបារម្ភចំពោះទីផ្សារលក់កសិផលឡើយ ដោយពេលខ្លះមានអតិថជនមកទិញបន្លែពីចំការផ្ទាល់តែម្តង ព្រោះភ្ញៀវមានជំនឿចិត្តថា បន្លែរបស់លោកមិនមានប្រើជីគីមី។

​ចំណែកអ្នកស្រី ថៃ ឆេងលី លើកឡើងថា ការដាំដំណាំដោយមានចងក្រងជាសហគមន៍កសិករ គឺមានភាពងាយស្រួលក្នុងការរកទីផ្សារ មិនពិបាកយកកសិផលទៅលក់នៅទៅផ្សារដោយខ្លួនឯង។ ជាងនេះទៀត ការដាំដំណាំមានទិសដៅច្បាស់លាស់ស្របតាមតម្រូវតាមការរបស់អតិថជន ឬអ្នកបញ្ជាទិញ។

បន្លែសរីរាង្គរបស់កសិកម្មនៃអង្គការGret បានដាក់លក់ក្នុងវេទិកាជំរុញការអភិវឌ្ឍកសិ-ពាណិជ្ជកម្មកម្ពុជាលើកទី៧ នៅក្រុងសៀមរាប កាលពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៨បន្លែសរីរាង្គរបស់កសិករនៃអង្គការ Gret ក៏មានដាក់លក់នៅផ្សារដំដែក ខេត្តសៀមរាបផងដែរ។ រូបភាព កែវ សុខា/WMC

 

ជុំវិញបញ្ហាទីផ្សារនេះ អ្នកស្រី Lucie Reynaud ជំនួយការបច្ចេកទេសនៃគម្រោង APICI របស់អង្គការ Gret ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា អង្គការ Gret មានគោលដៅចាប់យកទីផ្សារក្នុងសហគមន៍ជាជាងផលិតផ្គត់ផ្គង់តែលើផ្សារទំនើប និងភោជនីយដ្ឋាន។ ការធ្វើបែបនេះ គឺដើម្បីឱ្យពលរដ្ឋទូទៅអាចបានទទួលទានបន្លែ ឬ កសិផលធម្មជាតិបានក្នុងតម្លៃសមរម្យ។

អ្នកស្រី Lucie ឱ្យដឹងទៀតថា សកម្មភាពអង្គការ Gret បានចងក្រងជាក្រុមកសិករ ដោយមានអ្នកប្រមូលទិញកសិផលពីកសិករក្នុងក្រុម។ អ្នកស្រីបន្ថែមថា ការចងក្រងជាក្រុមកសិករគឺមានសារៈសំខាន់ណាស់សម្រាប់កសិករ ដោយអាចដឹងតម្លៃបន្លែត្រីសាច់លើទីផ្សារ ព្រមទាំងអាចបញ្ចៀសការបន្ថោកតម្លៃពីឈ្មួញកណ្តាល។ អ្នកស្រី Lucie Reynaud មានប្រសាសន៍តាមអ្នកប្រែសម្រួលថា៖«គោលដៅរបស់គម្រោងធ្វើលើរឿងទីផ្សារ គឺយើងមិនផ្គត់ផ្គង់មនុស្សមួយចំនួនតូចនោះទេ ឧទាហរណ៍បើយើងផ្គត់ទៅភោជនីយដ្ឋាន ឬផ្សារទំនើរគឺយើងផ្គត់ផ្គត់បានតែមួយចំនួនតូចទេ ដូច្នេះមុខព្រួញរបស់យើងធ្វើម៉េចប្រជាជនក្នុងសហគមន៍ទទួលបានបន្លែសុវត្ថិភាពហូប ដូចផ្សារដំដែកហ្នឹងយើងព្យាយាមបញ្រ្ជាបបន្លែរបស់យើងទៅដល់ហ្នឹង​ដើម្បីឱ្យប្រជាជនទទួលបានបន្លែសុវត្ថិភាពច្រើនសម្រាប់ការហូបចុករបស់គាត់»។

 

អ្នកស្រី Lucie Reynaud ជំនួយការបច្ចេកទេសនៃគម្រោង APICI របស់អង្គការ Gret ប្រចាំប្រទេសកម្ពុជា ផ្តល់បទសម្ភាសន៍មកកាន់អ្នកសារព័ត៌មានពីវឌ្ឍនភាពនិង បច្ចេកទេសមួយចំនួនរបស់កសិករនៃអង្គការ Gret។ រូបភាព កែវ សុខា/WMC

អង្គការ GRET បានធ្វើសកម្មភាពការងារនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៨ ។ គោលដៅរបស់អង្គការមួយនេះ សំដៅដើម្បីបង្កើនលទ្ធភាពទទួលបានសេវាមូលដ្ឋាន ការគាំពារសុខមាលភាពសង្គម ប្រសិទ្ធភាពអនាម័យនិងប្រព័ន្ធទឹកស្អាតនៅទីប្រជុំជន និងតំបន់ជនបទ។ អង្គការ Gret ក៏បានគាំទ្រដល់កសិករខ្នាតតូចផងដែរ ដោយលើកកម្ពស់ការធ្វើកសិកម្មតាមបែបប្រព័ន្ធក្សេត្រវិទ្យា ឬកសិកម្មតាមប្រព័ន្ធអេកូឡូស៊ី។

ក្នុងនោះអង្គការ GRET ​បានធ្វើសកម្មភាពគ្របដណ្តប់លើស្រុកចំនួនពីរក្នុងខេត្តសៀមរាប គឺស្រុកសូត្រនិគម និងស្រុកប្រាសាទបាគង ។ ចំណែកប្រជាពលរដ្ឋប្រមាណ ២ពាន់គ្រួសារបានទទួលផលពីគ្រោងនេះ។ កសិករដែលបានទទួលផលប្រយោជន៍ពីអង្គការ GRET លើកឡើងយ៉ាងដូច្នេះថា៖«…»។

https://www.facebook.com/ALiSEACambodia/videos/2216455375290321/

Share

Image
Image
Image