en     km
en     km

ករណី​ពុល​ស្រា​នៅ​ខេត្ដក្រចេះ​ ពលរដ្ឋ​ ៥​នាក់​ស្លាប់​ ម្នាក់​ជា​ស្ដ្រី​

Share

​ភ្នំពេញ​ ៖​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដក្រចេះ​ បញ្ជាក់​ថា​ ជន​រង​គ្រោះ​ករណី​ពុល​ស្រា​ “​ស​”​ បាន​កើន​ដល់​ ៨៩​នាក់​ ហើយ​បណ្ដាល​ឲ្យ​ពលរដ្ឋ​ ៥​នាក់​បាន​ស្លាប់​ក្នុង​នោះ​ ម្នាក់​ជា​ស្ដ្រី​។​ តែ​យ៉ាងណា​គិត​មក​ដល់​ថ្ងៃ​ទី​២២​ ខែតុលា​ នេះ​ពលរដ្ឋ​ដែល​រង​គ្រោះ​បាន​ធូរស្រាល​ និង​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ហើយ​។​ លោក​ប្រធាន​មន្ទីរ​អំពាវនាវ​ ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​ផឹកស្រា​ គ្រប់​ប្រភេទ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

​រដ្ឋបាល​ខេត្ដក្រចេះ​ បាន​ចេញ​លិខិត​មួយ​នៅ​ថ្ងៃ​ទី​២២​ ខែតុលា​នេះ​ ចំពោះ​ករណី​ពលរដ្ឋ​ពុល​ស្រា​ “​ស​”​ កាលពី​ថ្ងៃ​ទី​១៩​ ខែតុលា​ គឺ​កើតឡើង​នៅ​ភូមិ​ដំ​រ៉ែ​ ភូមិ​កោះ​ដំបង​ ឃុំ​បឹង​ចារ​ ភូមិ​ដក​ព័រ​ ឧ​ប​សម្ព័ន្ធ​ភូមិ​ជើង​ពោត​ ឃុំ​កោះ​ខ្ញែរ​ ភូមិ​កោះ​រៀល​ ឃុំ​សំបូរ​ និង​ភូមិ​ស្រែ​ស្បូវ​ ឃុំ​ក្បាលដំរី​ ស្រុក​សំបូរ​ ខេត្ដក្រចេះ​។​

​គិត​មក​ដល់​ថ្ងៃ​ទី​២២​ ខែតុលា​ នេះ​ លោក​ ឈ្នាង​ សុ​វុ​ត្ថា​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដក្រចេះ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ករណី​ពុល​ស្រា​ គិត​ពី​ថ្ងៃ​ទី​១៩​ ខែតុលា​ មក​ មាន​ប្រជាពលរដ្ឋ​រង​គ្រោះ​រហូត​ដល់​ ៨៩​នាក់​ មាន​ស្ដ្រី​២២​នាក់​ ហើយ​មាន​ពលរដ្ឋ​ចំនួន​ ០៥​នាក់​បាន​ស្លាប់​ ហើយ​នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​៥​នាក់​នេះ​ មាន​ម្នាក់​ជា​ស្ដ្រី​។​ តែ​យ៉ាងណា​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ បាន​បញ្ជាក់​ថា​ មក​ដល់​ថ្ងៃនេះ​ពលរដ្ឋ​រង​គ្រោះ​ទាំងអស់​ បាន​ចេញពី​មន្ទីរពេទ្យ​ វិល​ទៅ​ផ្ទះ​របស់​ពួក​គាត់​រៀងៗ​ខ្លួន​អស់ហើយ​។​

​យោង​តាម​លិខិត​របស់​រដ្ឋបាល​ខេត្ដក្រចេះ​ បាន​បញ្ជាក់​ថា​ ករណី​ពុល​ស្រាស​នេះ​ បើ​ផ្អែក​តាម​ការ​អង្កេត​របស់​អាជ្ញាធរ​ខេត្ដ​ អាជ្ញាធរ​ស្រុក​ ក្រុមការងារ​ឆ្លើយ​តប​បន្ទាន់​របស់​ក្រសួងសុខាភិបាល​ មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​ឧស្សាហកម្ម​កម្ពុជា​ មន្ទីរ​សុខាភិបាល​ខេត្ដ​ និង​មន្ទីរ​ឧស្សាហកម្ម​ និង​សិប្បកម្ម​ខេត្ដ​ បាន​រក​ឃើញ​ថា​ ស្រា​ “​ស​”​ ដែល​ពលរដ្ឋ​ផឹក​នោះ​ គឺ​មាន​ជាតិ​មេតា​ណុ​ល​។​ នៅ​ពេល​នេះ​រដ្ឋបាល​ខេត្ដក្រចេះ​ បាន​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​ បញ្ឈប់​ការ​ផលិត​ និង​ចែកចាយ​ស្រា​ “​ស​”​ ខុស​លក្ខណៈ​បច្ចេកទេស​ទាំងនេះ​។​

​ទាក់ទិន​ករណី​ពុល​ស្រាស​នេះ​ កាលពី​ថ្ងៃ​ទី​២៤​ ខែឧសភា​ កន្លង​ទៅ​ មាន​ពលរដ្ឋ​ចំនួន​ ១៤​នាក់​បាន​ស្លាប់​ និង​ជិត​ ៣០០​នាក់​ផ្សេង​ទៀត​ បាន​ធ្លាក់ខ្លួន​ឈឺ​ ព្រោះ​ករណី​ពុល​ស្រា​ “​ស​”​ ដោយសារ​តែ​ស្រាស​ នោះ​ ផលិត​ខុស​បច្ចេកទេស​ និង​មាន​លាយ​សារធាតុ​មេតា​ណុ​ល​កម្រិត​ខ្ពស់​។​

​លោក​ ឈ្នាង​ សុ​វុ​ត្ថា​ បាន​ប្រាប់​ថា​ កន្លង​មក​អាជ្ញាធរ​បាន​ចុះ​ផ្សព្វផ្សាយ​ជា​ញឹកញាប់​ ដើម្បី​ពន្យល់​ពលរដ្ឋ​ ពី​គុណវិប្បត្ដិ​ នៃ​គ្រឿង​ស្រវឹង​ ក៏​ប៉ុន្ដែ​ពលរដ្ឋ​ហាក់​មិនសូវ​ចាប់អារម្មណ៍​ ហើយ​នៅ​តែ​បន្ដ​ផឹកស្រា​ “​ស​”​ ហើយ​មិនតែប៉ុណ្ណោះ​ថែម​ទាំង​បាន​យក​ស្រា​ធ្វើ​ជា​ភេសជ្ជៈ​ ដើម្បី​ទទួលភ្ញៀវ​ក្នុង​ឱកាស​បុណ្យ​ទាន​ផ្សេងៗ​ថែម​ទៀត​ ៖«​យើង​សំណូមពរ​កុំ​ឲ្យ​បរិភោគ​តែ​ប៉ុណ្ណឹង​។​ តែ​សំណូមពរ​យើង​ចេះ​តែ​សំណូមពរ​ តែ​រហូត​ ប៉ុន្ដែ​សុំ​ដាស់តឿន​ក្រើន​រំ​ឮ​ក​គាត់​ ជា​ពិសេស​នៅ​ពេល​បុណ្យ​ទាន​អីហ្នឹង​ កុំ​ឲ្យ​យក​ស្រា​ យក​មក​ដាក់​។​ ព្រោះ​គាត់​ទម្លាប់​បុណ្យសព​ក៏​ហូប​ស្រា​ បុណ្យ​ភ្ជុំ​ក៏​ស្រា​ បុណ្យ​អី​ក៏​ស្រា​ ស្អី​ក៏​ស្រា​ នឹង​បាន​ថា​ យក​ស្រា​ជា​ភេសជ្ជ​ទទួលភ្ញៀវ​ អ​ញ្ចឹ​ង​សុំ​ឲ្យ​ដូរ​ទម្លាប់​ហ្នឹង​ទៅ​»​។​

​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ អះអាង​ថា​ ស្រា​គ្រប់​ប្រភេទ​គឺ​សុទ្ធតែ​បង្ក​គ្រោះថ្នាក់​សុខភាព​មនុស្ស​ គ្រាន់តែ​ប្រភេទ​ស្រា​ខ្លះ​បង្ហាញ​ឥទ្ធិពល​ភ្លាមៗ​ និង​ស្រា​ប្រភេទ​ខ្លះ​ទៀត​ បង្ហាញ​ឥទ្ធិពល​ក្នុង​រយៈពេល​យូរ​។​ ក៏​ប៉ុន្ដែ​ជា​រួម​ស្រា​ គឺជា​ប្រភេទ​គ្រឿង​ស្រវឹង​ ដែល​មិន​បាន​ជួយ​អ្វី​ដល់​សុខភាព​មនុស្ស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ មាន​តែ​បំផ្លាញ​សុខភាព​ប៉ុណ្ណោះ​ ៖«​ទាល់តែ​យើង​ទាំងអស់​គ្នា​ហ្នឹង​ទាំង​អ្នក​សារព័ត៌មាន​ត្រូវ​ជួយ​ផ្សាយ​ទាក់ទង​ការ​ពិសារ​គ្រឿង​ស្រវឹង​។​ មិនមែន​តែ​ស្រាស​ទេ​ អា​ស្រា​ ដែល​មិន​ ស​ ហ្នឹង​ក៏​វា​គ្រោះថ្នាក់​។​ តាំងពី​ចរាចរណ៍​ យើង​ឃើញ​ហើយ​ តាំងពី​អំពើ​ហិង្សា​ ទាំងអស់​ គឺ​ស្រា​ទាំងអស់​ហ្នឹង​»​។​

​ក្រសួងសុខាភិបាល​តាម​រយៈ​ការ​អំពាវនាវ​ កាលពី​ថ្ងៃ​ទី​២០​ ខែតុលា​ បាន​អះអាង​ថា​ ក្រុម​ន្ដ្រី​ជំនាញ​សុខាភិបាល​ នៅ​តែ​បន្ដ​ចុះ​អង្កេត​ទៅ​ភូមិ​ផ្សេងៗ​ទៀត​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ នឹង​គ្មាន​ករណី​ពុល​ស្រា​ដទៃ​ទៀត​កើតឡើង​។​ នៅ​ក្នុង​រយៈពេល​នេះ​ មន្ដ្រី​ជំនាញ​របស់​ក្រសួងសុខាភិបាល​ បាន​សំណូមពរ​ដល់​ដល់​អាជ្ញាធរ​ដែនដី​ ពង្រឹង​ការ​ត្រួតពិនិត្យ​ ការ​ផលិត​ ការ​ចែកចាយ​ និង​ការ​លក់​ ស្រា​ “​ស​”​ ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ជៀសវាង​ ការ​ប៉ះពាល់​ដល់​សុខភាព​ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​បន្ដ​ទៀត​។​ តែ​ជាមួយ​គ្នា​នេះ​ក្រសួងសុខាភិបាល​ ក៏​សំណូមពរ​ផង​ដែរ​ សុំ​ឲ្យ​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ មិន​ត្រូវ​ផឹកស្រា​ “​ស​”​ ដែល​គ្មាន​ការ​ត្រួតពិនិត្យ​បច្ចេកទេស​ពី​អាជ្ញាធរ​ត្រឹមត្រូវ​ឡើយ​៕

Share

Image
Image
Image