en     km
en     km

ករណី​ពលរដ្ឋ​វិលមុខ​សន្លប់​នៅ​ខេត្តមណ្ឌលគិរី​ពុំ​មែន​ពុល​ទឹក​ទេ​តែ​មក​ពី​អារម្មណ៍​ភ័យ​ខ្លាច​ករណី​ស្លាប់​នៅ​ក្រចេះ​

Share

​ភ្នំពេញ​៖​ ក្រសួងសុខាភិបាល​ប្រកាស​ឲ្យ​ដឹង​ថា​ ករណី​ប្រជាពលរដ្ឋ​ស្ថិត​នៅ​ស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃ​ទី​៩​ ខែ​ ឧសភា​នេះ​មក​ មិនមែន​ជា​ករណី​ពុល​ទឹក​ដូច​នៅ​ខេត្តក្រចេះ​ទេ​ តែ​អាការ​នេះ​មក​ពី​ប្រជាពលរដ្ឋ​មាន​អា​ម្មរណ៍​ភិតភ័យ​ខ្លាំង​ចំពោះ​ករណី​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​ដោយសារ​ពុល​ទឹក​ព្រែក​មាន​សារធាតុ​គីមី​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​។​

ប្រជាពលរដ្ឋដេកព្យាបាលនៅក្នុងមន្ទីរពេទ្យដោយសារភ័យខ្លាចនឹងព្រឹត្តិការណ៍ពុលទឹកព្រែកនៅក្រចេះ ស្រប់ពេលពួកគាត់មានអាការក្អួតចង្អោរ។ រូបភាព៖ Facebook



​បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​ ១០​ ឧសភា​នេះ​ថា​ ប្រជាពលរដ្ឋ​ រស់នៅ​ក្នុង​ឃុំ​ឈូក​ ស្រុក​កែវ​សីមា​ ខេត្ត​មណ្ឌល​កិ​រី​ មក​ព្យាបាល​ជំងឺ​សរុប​ ៨៤​ នាក់​។​ ក្នុង​នោះ​មនុស្ស​ ១១​ នាក់​ រក​ឃើញ​ថា​ មាន​រោគ​សញ្ញា​ជំងឺ​គ្រុនផ្តាសាយ​ធំ​ និង​ ៧៣​ នាក់​ទៀត​មានការ​ភ័យ​ខ្លាច​ចំពោះ​ព្រឹត្តិការណ៍​កើតឡើង​នៅ​ខេត្តក្រចេះ​ គួប​ផ្សំ​នឹង​អាការ​ឈឺក្បាល​ រាក​ ឈឺពោះ​ វិលមុខ​ ទន់​ដៃជើង​ និង​អស់កម្លាំង​ ទើប​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​មាន​ស្ថានភាព​ស្រឺ​ត​ ហើយ​ករណី​នេះ​មិន​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​ទេ​។​

​ក្រសួង​បញ្ជាក់​ថា​ ចំពោះ​ប្រជាពលរដ្ឋ​ដែល​មក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ស្រុក​ស្នួល​ចំនួន​ ២៦​ នាក់​ ដែល​សង្ស័យ​កើត​ជំងឺ​ផ្តាសាយធំ​ មាន​ស្ថានភាព​ធូរស្រាល​ជា​ធម្មតា​ ហើយ​ពួក​គាត់​បាន​ត្រឡប់​ទៅ​លំនៅ​ឋាន​រៀងខ្លួន​អស់ហើយ​ បន្ទាប់​សម្រាក​ព្យាបាល​អស់​រយៈពេល​ប្រមាណ​ ៤​ ម៉ោង​។​

​យ៉ាងតិច​មនុស្ស​ ១៧​ នាក់​ស្លាប់​ និង​មនុស្ស​រាប់រយ​នាក់​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ដោយសារ​ពុល​ទឹក​ព្រែក​ទេរ​ដោយ​ក្រុម​ជំនាញ​រក​ឃើញ​ថា​ មាន​សារធាតុ​គីមី​ថ្នាំ​បាញ់​សម្លាប់​សត្វល្អិត​ និង​ថ្នាំ​បាញ់​ស្មៅ​ ស្ថិត​ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​។​ បច្ចុប្បន្ន​ក្រសួង​ហាម​មិន​ឲ្យ​ប្រើប្រាស់​ទឹក​ព្រែក​ទេរ​នោះ​ទេ​៕

Share

Image
Image
Image