en     km
en     km

កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនមនុស្ស១៣នាក់ក្នុងឆ្នាំ២០១៨ធ្វើសកម្មភាពផ្ដួលរំលំរដ្ឋាភិបាល

Share

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា កងកម្លាំងនគរបាលជាតិបន្តរក្សាបាននូវ​ស្ថានភាពសន្តិសុខជាតិបានយ៉ាងល្អប្រសើរជាងប្រទេសមួយចំនួននៅក្នុងតំបន់ និងពិភពលោក ដោយបានឃាត់ខ្លួន មនុស្សចំនួន ១៣ នាក់ដែលធ្វើសកម្មភាពប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ ២០១៨ ។  យ៉ាងណា មន្ត្រីសិទ្ធិមនុស្សថា ការអះអាងនេះមិនទាន់ត្រឹមត្រូវនោះទេ បើតាមការមើលទៅទិដ្ឋភាពនៃការរស់នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ។

លោក សោម លាភ រាយការណ៍៖

 

បើតាមការចុះផ្សាយលើគេហទំព័ររបស់ក្រសួងមហាផ្ទៃ ដែលចុះផ្សាយនៅថ្ងៃទី ២១ ខែកុម្ភៈនេះបញ្ជាក់បែបនេះ គឺធ្វើឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។

នាឱកាសនោះ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ កងកម្លាំងនគរបាលជាតិ បន្តរក្សាបាននូវស្ថានភាពសន្តិសុខជាតិយ៉ាងល្អប្រសើរ ។  

លោកថា កម្ពុជាពិតជាមានសន្តិភាពខណៈដែលប្រទេសដទៃទៀតក្នុងតំបន់ ក៏ដូចជាពិភពលោក កំពុងតែប្រឈមបញ្ហាសន្តិសុខ និងបញ្ហាមួយចំនួនជាច្រើនទៀតផងដែរ ។

ជាក់ស្ដែង លោកថា កម្ពុជាបញ្ជៀសបាននូវអំពើភេរវកម្មស្របពេលដែលភេរវកម្មលើពិភពលោកកើនឡើង ៧៣លើក លើ​៥៤ប្រទេស ។

អគ្គស្នងការនគរបាលជាតិ បន្ថែមថាព្រឹត្តិការណ៍នានា វេទិកាជាតិ និងអន្តរ​ជាតិជាង ៨០០០លើក ត្រូវបានរក្សាការពារនូវសុវត្ថិភាពទាំងស្រុង ជាពិសេស ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៤ និងការបោះឆ្នោតសភានីតិកាលទី៦ ពិធីបុណ្យជាតិជាច្រើន រួមទាំងកម្មវិធីសម្ពោធផ្សេងៗផងដែរ ។

លោកបញ្ជាក់ថា កងកម្លាំងនគរបាលជាតិ បានទប់ស្កាត់ ក៏ដូចជាបង្រ្កាបទាន់ពេលវេលានូវក្រុមប្រដាប់អាវុធខុសច្បាប់ ដែល​បានប៉ុន​ប៉ងធ្វើសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។ តួយ៉ាង កងកម្លាំងនគរបាលជាតិ បានឃាត់​ខ្លួនជនសង្ស័យ​១៣នាក់ និងរឹបអូសអាវុធ៣០ដើមផងដែរ ។ តែយ៉ាងណា លោកមិនបានបញ្រ្ជាបទេថា តើសកម្មភាពដែលចាត់ទុកថាជាសកម្មភាពប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលទាំងនោះ កើតឡើងតាមរូបភាពបែបណានោះទេ ។

មណ្ឌលព័ត៌មានស្ត្រីកម្ពុជា មិនអាចសុំការបកស្រាយពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធិ បានទេ ដោយហៅទូរស័ព្ទចូលហើយ ប៉ុន្តែលោកចុចផ្ដាច់វិញ  ។ លោក នេត សាវឿន ក៏បដិសេធន៍មិនធ្វើការអធិប្បាយលើរឿងនេះដែរ ។ តែលោកថា សកម្មភាពទាំងនេះអាចបញ្ជាក់បានពីសមត្ថភាពរបស់កងកម្លាំងនគរបាលជាតិ ក្នុងកិច្ចសហប្រតិបត្តិការ ស្រាវជ្រាវស៊ើបអង្កេត និងបង្រ្កាបជនល្មើសយកមកផ្តន្ទាទោស ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងបង្កើនភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋ ។

លោក ស៊ឹង សែន ករុណា មន្រ្ដីជាន់ខ្ពស់សមាគការពារសិទ្ធិមនុស្សអាហុក ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា នៅថ្ងៃទី ២១ កុម្ភៈនេះថា កម្ពុជាមិនទាន់មានសន្តិសុខ និងសណ្ដាប់ធ្នាប់ល្អនៅឡើយនោះទេ ។

លោកបញ្ជាក់ថា អាជ្ញាធរកម្ពុជាបច្ចុប្បន្នតែងតែយកវិធានការបង្ក្រាប ជាជាងវិធានការបង្ការ ខណៈដែលសង្គមស៊ីវិលចង់ឃើញឱ្យមានការបង្ការឱ្យបានច្រើន ។

លោកថា សន្តិភាពនៅកម្ពុជា ក៏ពុំទាន់មានដែរ ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់ស្នើទៅភាគីនៃប្រទេសចិនឱ្យផ្ដល់បច្ចេកទេស រួមទាំងការគ្រប់គ្រងសន្តិសុខសាធារណៈនៅកម្ពុជា ។

ថ្មីៗនេះ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល រួមទាំងមន្ត្រីបក្សកាន់អំណាច បានបង្ហាញពីការប្ដេជ្ញាចិត្ត ក្នុងការប្រឆាំង និងកំទេចក្រុមបដិវត្តន៍ពណ៌ដែលប៉ុនប៉ងផ្ដូលរំលំរាជរដ្ឋាភិបាល ។

ជាងនេះ នាយករដ្ឋមន្ត្រីកម្ពុជា ក៏ធ្លាប់បានដាក់បញ្ជាឱ្យទាហានទាំងអស់ប្រឆាំងកំទេចក្រុមនោះផងដែរ បើទោះបីជាមួយការសម្លាប់មនុស្សមួយចំនួនក៏ដោយ ។  

យ៉ាងណា ក៏មានការរៀបចំកម្លាំងរួចរាល់ហើយ នៅតាមអាកាសយានដ្ឋាន និងច្រកទ្វារអន្តរជាតិផ្សេងៗទៀត ដើម្បីចាប់លោក សម រង្ស៊ី និងក្រុមរបស់លោក នៅពេលមានវត្តមាននៅកម្ពុជា ។

លោក សម រង្ស៊ី ធ្លាប់បានប្រកាសថា លោក នឹងវិលចូលកម្ពុជានៅឆ្នាំ ២០១៩ នេះ ។ បើតាមមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ និងតាមរយៈការសរសេរលើទំព័រហ្វេសបុករបស់លោក សម រង្ស៊ី ជាច្រើនបញ្ជាក់ថា អាចនឹងមានកម្លាំងបរទេសរួមដំណើរជាមួយលោក មកកម្ពុជាផងដែរ ។

សម្ដេច ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា កម្ពុជានៅតែមានវិធានការម៉ឺងម៉ាត់ ក្នុងការដោះស្រាយរឿងនេះ ព្រោះដើម្បីធ្វើឡើងការពារស្ថិរភាពនយោបាយ ការពាររាជរដ្ឋាភិបាលស្របច្បាប់កើតឡើងពីការបោះឆ្នោតដោយពលរដ្ឋ និងសណ្ដាប់ធ្នាប់សាធារណៈកម្ពុជា ។

កាលពីម្សិលមិញ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងថា  ក្រុម​ក្រៅ​ច្បាប់ ដែលមជ្ឈដ្ឋានទូទៅដឹងថា ​ដឹក​នាំ​ដោយ​ លោក​សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ គឺ​ជា​ក្រុម​កំពុងធ្វើសកម្មភាព​ប៉ុន​ប៉ង​ប្រឆាំង​នឹង​សុខ​សន្តិភាព​នៅ​កម្ពុជា ​។

សម្ដេច ស ខេង សម្ដៅថា ការ​ចង់​មក​កម្ពុជា​របស់​លោក​សម រង្ស៊ី ​ឆ្នាំ២០១៩ ​នេះ គឺ​ការ​ប៉ុនប៉ង​ ដើម្បី​បំផ្លាញ​សុខ​សន្តិភាព​ និង​ស្ថិរភាព​នៅ​កម្ពុជា​ ។ សម្ដេចថា ​កាល​ណា​ចូលមក​ខុស​ច្បា​ប់ ​ប្រមូល​កម្លាំង​គាំទ្រ​ចូលរួម​ ដើម្បី​​ទទួល​ឬ​ធ្វើ​សកម្មភាព​ណា​មួ​យ​ គឺ​ជាការប្រឆាំងទៅនឹងសកម្មភាពទាំងនេះ។

កម្ពុជាធ្លាប់មានព្រឹត្តិការណ៍ហិង្សាជាច្រើន ដែលជា​ការដណ្ដើមអំណាច ហើយព្រឹត្តិ​ការណ៍ធំជាងគេ នៅថ្ងៃ៥-៦កក្កដា នៅឆ្នាំ​១៩៩៧ ដែលកាលនោះកងទ័ព​ស្មោះត្រង់​គណបក្ស​​ប្រជាជនកម្ពុជាបានប៉ះទង្គិចគ្នានៅកណ្ដាលរាជធានីភ្នំពេញ ។​តែជ័យ​ជម្នះ​បានទៅលើកងទ័ពគាំទ្រ បក្សប្រជាជនកម្ពុជា ។ ព្រឹត្តិការណ៍នោះ បណ្ដាល​អោយ​ស្លាប់មនុស្ស និងកងទ័ពជាច្រើន ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image