en     km
en     km

កម្រង​ជីវិត​ពិត​៖ ក្រុម​ជន​ពិការ​ស្វែង​រក​ជំនួយ​ថវិការ​តាម​រយៈ​ការ​ប្រគុំ​តន្រ្តី​

Share

ដោយសារ​តែ​ជីវ​ភាព​ទ័ល​ក្រ​និង​គ្មាន​ជំនាញ​អី្វ​ក្រៅ​ពី​សិល្បៈ​ ក្រុម​ជន​ពិការ​ភាព​មួយ​ក្រុម​ខិត​ខំ​ដើរ​ប្រគុំ​តន្រ្តី​ស្វែង​រក​ជំនួយ​មនុស្ស​ធម៌​ដើម្បី​ទ្រ​ទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ​នៅ​តាម​ទី​ផ្សារ​ និង​​ទី​​ប្រជុំ​​ជន​​នា​​នា​​នៅ​​រាជធានី​​ភ្នំពេញ​​ដើម្បី​​បាន​​ប្រាក់​​កាស​​ខ្លះ​​សម្រាប់​​ចិញ្ចឹម​​ជីវិត​​។ ​​ប៉ុន្តែ​​​ពួក​​គាត់​​បាន​​ជួប​​ប្រទះ​​នឹង​​​ឧបសគ្គ​ខ្លះ​ក្នុង​ការ​សុំ​ទី​តំាង​​ពី​សំណាក់​អាជ្ញាធរ​ដែន​ដី​មួយ​ចំនួន​នៅ​ឡើយ​ពី​ព្រោះ​នៅ​តំ​បន់​ខ្លះ​​អាជ្ញាធរ​ត្រូវ​ការ​​លិខិត​អនុញ្ញាត​ពី​សំណាក់​សង្កាត់​ ខណ្ឌ័​ ឬ​​ក្រុង​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​ប្រគុំ​តន្ត្រី​ និង​មិន​អាច​សែ្វង​រក​ជំនួយ​ថវិការ​បន្ថែម​បាន​។

ការ​បក​​ស្រាយ​​ចម្រៀង​របស់​យុវជន​ យុវតី​ពិការ​ភ្នែក​នៅ​ទី​កន្លែង​មួយ​ចំនួន​ត្រូវ​បាន​បន្លឺ​ឡើង​នៅ​តាម​ទី​សាធារណៈ​មួយ​ចំនួន​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​។ ​ឧបករណ៍​តន្រ្តី​របស់​ពួក​គេ​​មាន​តែ​ធុង​បាស​ចំនួន​២​​ ជាមួយ​អំភ្លី​ និង​ប្រអប់​​ដាក់​​លុយ​​ពី​សម្បុរស​ជន​ចំនួន​២​តែ​ប៉ុណ្ណោះ​។ ​នៅ​លើ​ប្រអប់​ដាក់​លុយ​គេ​បិទ​អក្សរ​ថា​ « ប្រអប់​មូល​និធិ​តន្រ្តី​​ជន​ពិការ​ ស្វែង​រក​សប្បុរស​ធម៌​ពី​សប្បុរស​ជន​ »។ « ថវិកា​ដែល​ទទួល​បាន​ពី​សប្បុរស​ជន​មិន​​ទៀង​នោះ​ទេ​។ ​​ ​ពេល​លេង​នៅ​ទី​ប្រជុំ​ជន​យើង​ទទួល​បាន​កំរៃ​គួរ​សម​ តែ​បើ​លេង​តាម​ផ្សារ​ និង​រោង​ចក្រ​តូចៗ​វិញ​គឺ​បាន​កំរៃ​តិច​តួច​។ ​ប្រាក់​ដែល​បាន​មក​គឺ​គ្រប់​គ្រាន់​សម្រាប់​តែ​បង់​ថ្លៃ​ឈ្នួល​ផ្ទះ​ អាហារ​ ហូបចុក​ ទឹកភ្លើង​ និង​ចំណាយ​ប្រចំា​ថ្ងៃ​ផ្សេងៗ​តែ​ប៉ុណ្ណោះ​ »។​ នេះគឺ​ជា​សម្តី​របស់​ យុវជន​ពិការ​ភ្នែក​ ពៅ​ ធារិទ្ធិ​ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង​។

ក្រុមជំនាញតន្រ្តីសម័យជនពិការ សម្តែងនៅក្បែរផ្សារ៧មករារាជធានីភ្នំពេញ
ក្រុមជំនាញតន្រ្តីសម័យជនពិការ សម្តែងនៅក្បែរផ្សារ៧មករារាជធានីភ្នំពេញ (រូបភាពដោយ៖ ធូ វីរៈ)

​យុវជន​វ័យ​៣០​ឆ្នំា​រូប​នេះ​បាន​រៀប​រាប់​ថា​ លោក​ពិការ​ភ្នែក​ដោយ​​សារ​តែ​​​ជំងឺ​ស្រវាំង​មើល​មិន​ជា​តាំង​ពី​លោក​មាន​វ័យ​ ២០​ឆ្នាំ​មក​ម្ល៉ោះ​ ហើយ​ចាប់​តាំង​ពី​ធ្លាក់​ខ្លួន​ពិការ​ គាត់​ក៏​ចាក​ចេញ​ពី​​ស្រុក​កំណើត​មក​រៀន​ច្រៀង​នៅ​ក្នុង​សមា​គម​ជំនាញ​ជន​​ពិការ​​នៅ​រាជធានី​ភ្នំពេញ​។ ​បន្ទាប់​ពី​រៀន​ជំនាញ​នេះ​រួច​មក​ស្រប​​ពេល​​ដែល​សមា​គម​មាន​ខ្វះ​ខាត​ផង​នោះ​ ធារិទ្ធិ​ និង​មិត្ត​ភក្តិ​៤​នាក់​ទៀត​បាន​បង្កើត​ជា​ក្រុម​តន្ត្រី​តូច​ចេញ​ច្រៀង​​តាម​​សាធារណៈ​តាំង​ពី​ឆ្នាំ​២០១៤​ រហូត​​មក​ដល់​ពេល​នេះ​ ដើម្បី​​រក​លុយ​ផ្គត់​ផ្គង់​ជីវិត​។

ធារិទ្ធិ​ក៏​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា​ សមាជិក​ទាំង​អស់​នៅ​ក្នុង​ក្រុម​តន្ត្រី​របស់​គាត់​នេះ​ធ្លាក់​ខ្លួន​ពិការ​ភាគ​ច្រើន​ដោយ​ជំងឺ​មិន​មែន​ពិការ​ពី​កំនើត​នោះ​ទេ​។ ​យុវជន​មក​ពី​ខេត្ត​ព្រៃ​វែង​រូប​នេះ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ « សមាជិក​របស់​ក្រុម​តន្រ្តី​យើង​មក​ពី​បណ្តា​ខេត្ត​ដូច​ជា​ ព្រៃវែង​ ពោធិ៍សាត់​ និង​តា​កែវ​។ ​យើង​ខិត​ខំ​រៀន​ជំនាញ​ សិល្បៈ​តិច​តួច​ដើម្បី​សម្តែង​នៅ​តាម​​ទី​សាធារណៈ​ តាម​ទីផ្សារ​ និង​​ទី​​ប្រជុំ​ជន​នានា​​ នៅ​រាជ​​ធានី​​ភ្នំពេញ​ គឺ​សុំ​តែ​គ្រប់​គ្រាន់​ក្នុង​ការ​រស់​នៅ​ មិន​ប្រាថ្នា​​ក្លាយ​ជា​​អ្នក​​មាន​​នោះ​ទេ​ »។ ​ធារិទ្ធ​ ​បន្ត​ប្រាប់​ថា​ ការ​លើក​ទឹក​ចិត្ត​ ផ្តល់​ការ​អបរំ​ ចំណេះ​ជំនាញ​ និង​លើក​កម្ពស់​អំពី​សិទ្ធិ​ដល់​ជន​ពិការ​ មាន​​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន​ខ្លះ​ ក៏​ប៉ុន្តែ​ជន​ពិការ​មួយ​ចំនួន​ នៅ​តែ​ប្រឹង​រស់​ដោយ​សារ​ការ​ឧបត្តម​ពី​សប្បុរស​ជន​ ដូច​ជា​ក្រុម​តន្រ្តី​លោក​ជា​គំរូ​ស្រាប់​។

យុវជន​ធា្លប់​ជា​សិស្ស​​​រូប​​នេះ​​ពន្យល់​​ថា​ ការ​ជ្រើស​រើស​ទី​តាំង​​ដើម្បី​​រៀប​​ចំ​​ប្រគុំ​​តន្ត្រី​សប្បុរស​ធម៌​នេះ​ថា​មាន​ផល​វិបាក​ និង​មាន​ការ​រើស​អើង​ខ្លះ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ ក៏​ប៉ុន្តែ​មិន​ទាំង​អស់​នោះ​ទេ​​ វា​អាស្រ័យ​​ទៅ​តាម​តំបន់​នី​មួយៗ​ប៉ុណ្ណោះ​។ ទោះ​បី​ជា​បែប​​នេះ​ក្តី​ យុវជន​មាន​ក្តី​ព្យាយាម​នេះ​បាន​និយាយ​ថា​ មាន​ប្រជាពល​រដ្ឋ​ជា​ច្រើន​បាន​គាំ​ទ្រ​ ផ្តល់​ជា​មូល​និធិ​ខ្លះ​ និង​ទី​តំាង​ដល់​ក្រុម​តម្រ្តី​ជន​ពិការ​របស់​ពួក​គេ​។​  «ផ្សារ​ទូទៅ​ដែល​គ្រប់​គ្រង​ដោយ​ប្រធាន​ទីផ្សារ​គឺ​មាន​ភាព​ងាយ​​ស្រួល​តែ​បើ​គ្រប់​គ្រង​ដោយ​អាជ្ញាធរ​ដែន​ដី​គឺ​ពិបាក​ ពី​ព្រោះ​គេ​ទាម​ទារ​ឲ្យ​មាន​លិខិត​អនុញ្ញាតិ​​ពី​ខណ្ឌ័​ សង្កាត់​ ឬ​ ពី​ក្រុង​ដោយ​ហេតុ​ថា​ខ្លាច​ស្ទះ​ចរាចរណ៍​ »។ ​តំណាង​ក្រុម​តន្រ្តី​ជន​ពិការ​រូ​ប​នេះ​ក៏​បាន​ ស្នើ​សុំ​ឲ្យ​អាជ្ញា​ធរ​ដែន​ដី​មួយ​ចំនួន​ មាន​ការ​យោគ​យល់​ដល់​ក្រុម​តន្រ្តី​ របស់​ពួក​គាត់​ផង​ ដើម្បី​ងាយ​ស្រួស​បាន​​ កន្លែង​ប្រគុំ​តន្រ្តី​នៅ​ក្បែរ​ផ្សារ​ធំៗ​មួយ​ចំនួន​ ដែល​អាច​នឹង​ទទួល​បាន​ មូលនិធិ​ខ្លះ​។

ទោះ​បី​ជា​ធារិទ្ធិ​ពិការ​ភ្នែក​ក៏​ដោយ​ លោក​មាន​ក្តី​ប្រាថ្នា​ចង់​បង្កើត​ សមាគម​​​​​​ជួយ​ជ​ន​ពិការ​មួយ​ ដើម្បី​ផ្តល់​ចំណេះ​ និង​ជំនាញ​ទៅ​ជន​ពិការ​ដទៃ​ និង​អាច​ឲ្យ​ជន​ពិការ​ដទៃ​ទៀត​មាន​លទ្ធិភាព​ចិញ្ចឹម​ជីវិត​បាន​ដោយ​ខ្លួន​ឯង​នា​ពេល​អនាគត​។ យុវជន​ពិការ​ភ្នែក​តែ​មាន​ឆន្ទះ​តស៊ូ​ខ្ពស់​រូបនេះ​ ក៏​បាន​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​​ ទាំង​អស់​សូម​ជួយ​​គាំ​​ទ្រ​​ក្រុម​តន្រ្តី​របស់​ពួកគេ​ និង​កុំរើស​​អើង​ក្រុម​ជន​ពិការ​។ ​តំណាង​ក្រុម​វ័យ​ ៣០​ឆ្នាំ​នេះ​ ក៏​បា​ន​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជួយ​ទាក់​ទង​ ក្រុម​តន្រ្តី​របស់​គាត់​ ទៅ​ច្រៀង​​នៅ​តាម​​ពិធី​ផ្សេងៗ​ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ជន​ពិកា​រ​ក៏​ដូច​ជា​ជួយ​ឲ្យ​ក្រុម​ជន​ពិការ​អាច​រក​ប្រាប់​ចំនូល​ទ្រង់​ជិវិត​ ពី​ព្រោះ​ថា​ សមា​ជិក​ក្រុម​របស់​គាត់​គ្មាន​អ្វី​ជា​ទី​ពឹង​ក្រៅ​ពី​ការ​សម្តែង​នេះ​ទេ។

គួរ​បញ្ជាក់​ផង​ដែរ​មាន​ ក្រុម​តន្រ្តី​របស់​ ធារិទ្ធិ​​ មាន​ឈ្មោះ​ថា​​ « ក្រុម​ជំនាញ​តន្រ្តី​សម័យ​ជន​ពិការ​» មាន​សមាជិក​ ៥​នាក់​ ដែល​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​ពីរ​នាក់​។ ​ក្រុម​តន្ត្រី​នេះ​បាន​បង្កើត​ឡើង​តាំង​ពី​ដើម​ឆ្នាំ​២០១៤ ​និង​មាន​ទីតាំង​នៅ​ទី​ក្រុង​តាខ្មៅ​៕

Share

Image
Image
Image