en     km
en     km

កម្មករ-កម្មការិនី នឹងទទួលប្រាក់សោធននិវត្តន៍ចាប់ពីឆ្នំា២០១៩តទៅ

Share

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន បានលើកទ្បើងថា នៅឆ្នំា២០១៩ខាងមុខនេះ កម្ពុជានឹងដាក់ឱ្យអនុវត្តន៍នូវរបបប្រាក់ចូលសោធនិវត្តន៍សម្រាប់ កម្មករ-កម្មការិនី ក្នុងក្របខណ្ឌឯកជន។ មន្រ្តីសហជីពគំាទ្រការលើកទ្បើងនេះ។

រូបភាព៖ ហ្វេសប៊ុក សម្តេច ហ៊ុន សែន

នាពេលកន្លងមកនេះ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសជាសាធារណៈថា ក្រុមកម្មករ-កម្មការិនី ធ្វើការងារនៅតាមបណ្តារោងចក្រទំាងអស់អាចជិះទ្បានក្រុងសាធារណៈដោយមិនគិតថ្លៃរយៈពេល២ឆ្នំាយ៉ាងតិច។

ចំណែកនៅព្រឹកថ្ងៃទី ១១ តុលា ឆ្នំា២០១៧នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយ កម្មករ-កម្មការិនី នៅផ្លូវវែងស្រេង  សម្តេច ហ៊ុន សែន បានថ្លែងនៅចំពោះមុខ ក្រុមកម្មករ -កម្មការិនីថា ពេលនេះបញ្ហាប្រាក់បៀវត្ស កម្មករ-កម្មាការិនី មិនមែនជាចំណោទបញ្ហាដែលទាមទារឱ្យ ​ ហួសហេតុនោះទេ ដោយសម្តេច ហ៊ុន សែន លើកទ្បើងអំពី កម្មករ-កម្មការិនី នឹងទទួលបានអត្ថប្រយោជន៍មួយចំនួននៅពេលដែលពួកគេចូលនិវត្តន៍។

សម្តេច ហ៊ុន សែន ៖«ឆ្នំា២០១៩នេះនឹងដាក់ឱ្យអនុវត្តនូវរបបសោធននិវត្តនៅពេលដែលសោធននិវត្តសម្រាប់កម្មករ-កម្មាការិនី នៅក្នុងក្របខណ្ឌឯកជន យើងត្រូវគិតឱ្យហើយនឹងដាក់ឱ្យអនុវត្តនូវប្រាក់សោធន»

សម្តេច ហ៊ុន សែនពន្យល់ពីការកំណត់អត្រាប្រាក់បៀវត្សនៅពេល កម្មករចូលនិវត្តន៍។ សម្តេច ហ៊ុន សែន ៖ «ពេលយើងចូលនិវត្តន៍ទៅ ឧទាហរណ៍ប្រាក់ខែអប្បបរមារបស់យើង បានទ្បើងដល់២០០ ដល់ពេលយើងចូលនិវត្ត ប្រាក់បៀវត្សរបស់យើងត្រូវនៅសល់៨០% បើ៨០% យើងនៅសល់ ១៦០ដុល្លារដែរ។ ឥលូវយើងឧបមាប្រាក់បៀវត្សយើង១៧០ ដល់ពេលយើងចូលនិវត្តប្រាក់បៀវត្សហ្នឹងនៅសល់៨០% តើវានៅសល់ប៉ុន្មានដូចជាវានៅសល់១៤០អីដែរ»

តែ សម្តេច ហ៊ុន សែន បញ្ជាក់ថា ដើម្បីឱ្យកម្មករ-កម្មការិនី ទទួលបា្រក់សោធននិវត្តន៍នេះ គឺកម្មករ-កម្មការិនី ត្រូវបំពេញលក្ខណ្ឌមួយចំនួនដូចមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធផ្សេងៗទៀតដែលមានចែងក្នុងច្បាប់ទាក់ទងការទទួលបានប្រាក់សោធននិវត្តន៍។

ជុំវិញការលើកទ្បើងនេះ នាយករងបេទ្បាជាតិ​របបសន្តិសុខសង្គមនៃក្រសួងការងារ លោក ស៊ុំ សោភ័ណ្ឌ បានផ្តល់បទសម្ភាសឱ្យវិទ្យុស្រ្តីនាថ្ងៃទី១១ តុលានេះ ដោយពន្យល់ថាដើម្បីឱ្យ កម្មករ-កម្មការិនី ទទួលបានប្រាក់ចូលសោធននិវត្តន៍នោះ គឺពួកគេត្រូវបំពេញលក្ខណ្ឌមួយចំនួនទាក់ទងនឹងច្បាប់សោធននិវត្តន៍។ លោក ស៊ុំ សោភ័ណ្ឌ ពន្យល់ថា កម្មករ-កម្មារិនី ទំាងអស់ដែលចង់ទទួលបានប្រាក់សោធននិវត្តន៍គឺត្រូវចុះបញ្ជីការចាប់ពីឆ្នំា២០១៩តទៅ ហើយពួកគេអាចទទួលបានប្រាក់សោធននិវត្តន៍នេះយ៉ាងតិចនៅអាយុ៥៥ឆ្នំា។

លោក ស៊ុំ សោភ័ណ្ឌ៖«ទី០១ចាប់ពី២០១៩ទៅ នៅពេលចាប់ផ្តើមដំណើរការគាត់ត្រូវចុះបញ្ជីការផ្នែកសោធនហ្នឹងហើយបានគាត់ចាប់ផ្តើមបង់វិភាគទាន។គាត់បង់វិភាគទានគាត់ត្រូវបំពេញលក្ខណ្ឌណាមួយដើម្បីទទួលបានសោធននិវត្តន៍។ តាមច្បាប់សព្វថ្ងៃហ្នឹងគាត់អាចចុះបញ្ជីការយ៉ាងតិចបាន២០ឆ្នំា  ហើយក្នុង២០ឆ្នំាហ្នឹងគាត់បានបង់វិភាគទានចំនួនណាមួយដែលត្រូវទទួលបានចូលនិវត្តគិតត្រឹមអាយុ៥៥»។

ចំណែក ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី គាំទ្រការលើកទ្បើងនេះ«សម្រាប់ខ្ញុំ ខ្ញុំសាទរ​​ចំពោះប្រសាសន៍របស់សម្តេច ដែលបានលើកទ្បើងប្រាក់សោធននិវត្តរបស់កម្មករនិយោជិត ក៏ប៉ុន្តែវាក៏ជារឿងមួយដែលរាជរដ្ឋាភិបាលគួរតែគិតគូរយូរណាស់មកហើយ អ្វីដែលជាភាពវិជ្ជមានខ្ញុំសារទរព្រោះជាប្រយោជន៍រ​បស់កម្មករទូទំាងប្រទេស»។

ការប្រកាសរបស់សម្តេច ហ៊ុន សែន ដូចនេះបន្ទាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានព្រមព្រៀងគ្នាជាមួយក្រុមសហជីពសម្រេចតំទ្បើងប្រាក់ខែអប្បបរមា១៧០ដុល្លារក្នុងខែ ដោយគិតចាប់ពីឆ្នំា២០១៨ខាងមុខនេះតទៅ៕

Share

Image
Image
Image