en     km
en     km

កម្មករ​លើកគ្នា​ទៅ​តវ៉ា​នៅ​មុខ​តុលាការខេត្ដ​កំពង់ស្ពឺ​ ទាមទារ​ឱ្យ​ដោះ​លែង​តំណាង​សហជីព​ ៥​ នាក់​

Share

WMC-logo-for-slideshow
​ខេត្ដកំពង់ស្ពឺ​៖​  កាលពី​ព្រឹក​ម្សិលមិញ​តំណាង​សហជីព​ប្រាំ​នាក់​ ត្រូវ​អាជ្ញាធរ​ខេត្ដកំពង់ស្ពឺ​ ឃាត់ខ្លួន​ក្រោម​បទ​ចោទ​ថា​ បាន​បង្ក​របួស​ស្នាម​ លើ​កម្មករ​រោងចក្រ​ ដែល​ភាគី​រោងចក្រ​បាន​ប្ដឹង​។​ ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ តំណាង​សហជីព​ រួម​ជា​មួ​កម្មករ​ ប្រមាណ​ ៣០០​នាក់​ បាន​លើកគ្នា​ទៅ​តវ៉ា​នៅ​មុខ​សាលាដំបូង​ខេត្ដកំពង់ស្ពឺ​ ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង​តំណាង​របស់​ពួក​គេ​មក​វិញ​។​

កម្មករ​រោងចក្រ​ អ៊ែ​ជ្យា​យស៍​ ស្វេត​ធ័​រ​ ប្រមាណ​ជាង​ ៣០០​ នាក់​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សាលាដំបូង​ ខេត្ដកំពង់ស្ពឺ​ ទាមទារ​ឱ្យ​ដោះ​លែង​ តំណាង​សជីព​របស់​ពួក​ដែល​ត្រូវ​ឃាត់ខ្លួន​កាលពី​ព្រឹក​ម្សិលមិញ​។​

ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​ លោក​ ប៉ាវ​ ស៊ី​ណា​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ FM​ 102​ នៃ​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​ នៅ​ថ្ងៃ​ពុធ​ ទី​១៣​ ខែមករា​ ឆ្នាំ​២០១៦​ នេះ​ថា​ នៅ​ព្រឹក​នេះ​ កម្មករ​ប្រមាណ​ ៣០០​ នាក់​ បាន​ប្រមូលផ្ដុំ​របស់​កម្មករ​នៅ​មុខ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ដើម្បី​ទាមទារ​ឱ្យ​ព្រម​ដោះ​លែង​តំណាង​សហជីព​ទាំង​ ៥​ ដែល​សមត្ថកិច្ច​បាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ​។​

​លោក​ ប៉ាវ​ ស៊ី​ណា
​លោក​ ប៉ាវ​ ស៊ី​ណា

លោក​ ប៉ាវ​ ស៊ី​ណា​ បាន​បន្ដ​ថា​ ក្រុម​កម្មករ​តវ៉ា​រហូត​ទាល់តែ​មានការ​ដោះ​លែង​ តំណាង​សហជីព​ទាំង​ប្រាំ​នោះ​ត្រឡប់​វិញ​។​ លោក​ថា​ ក្រុម​កម្មករ​ក្រៅពី​ស្រែក​ទាមទារ​ ក៏​បាន​សរសេរ​លើ​បដា​ហើយ​ នៅ​មាន​ធ្វើ​ពិធី​សាសនា​ ដាក់​បណ្ដាសា​ ដល់​ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ ដែល​បាន​ចាប់ខ្លួន​តំណាង​របស់​ពួ​គ​គេ​។​

លោក​ ប៉ាវ​ ស៊ី​ណា​ បញ្ជាក់​ថា​ កាលពី​ម្សិលមិញ​ ក្រោយ​ពី​ឃាត់ខ្លួន​មន្ដ្រី​តំណាង​សហជីព​ ទាំង​ប្រាំ​ នាក់​ របស់​សហព័ន្ធ​សហជីព​ចលនា​កម្មករ​នោះ​ហើយ​ ក៏​មាន​ ព្រះរាជអាជ្ញា​មួយ​រូប​ ឈ្មោះ​ កែវ​ ធា​ បាន​ហៅ​តំណាង​សហជីព​ចំនួន​ប្រាំ​នាក់​ផ្សេង​ទៀត​ចូល​ជួប​ចរចារ​ តែ​លោក​ ប៉ាវ​ ស៊ី​ណា​ ថា​ការ​ហៅ​ចរចា​នោះ​ ពុំ​មែន​ជា​ការ​ចរចា​ទេ​ ផ្ទុយ​ទៅ​វិញ​ វា​ជា​ការ​គំរាម​ក្រុម​តំណាង​សហជីព​ ឱ្យ​ឈប់​តវ៉ា​ទៅ​វិញ​។​

លោក​បន្ថែម​ថា​៖​ «​ឥឡូវនេះ​មិន​ទាន់​មាន​ មន្ដ្រី​ណាមួយ​ចេញ​មក​ជួប​ដោះស្រាយ​ទេ​ តែ​ម្សិលមិញ​ មាន​ព្រះរាជអាជ្ញា​ ឈ្មោះ​ កែវ​ ធា​ គាត់​បាន​ហៅ​ក្រុមការងារ​ ចំនួន​ប្រាំ​នាក់​ចូល​ទៅ​ពិភាក្សា​ជុំវិញ​បញ្ហា​រឿង​ហ្នឹង​ តែ​គាត់​បាន​ បង្ហាញ​សញ្ញា​ឫកពារ​ ឈ្លើយ​ មិន​មាន​សីលធម៌​ គំរាមកំហែង​ មក​លើ​តំណាង​សហជីព​ទាំង​ប្រាំ​ដែល​ចូល​ទៅ​ចរចា​ ហើយ​គាត់​ បាន​ប្រើ​ពាក្យ​ថា​ ខេត្ដកំពង់ស្ពឺ​ គាត់​ចង់​បញ្ជា​ឲ្យ​ចាប់​អ្នក​ណា​ ចាប់​អ្នក​ហ្នឹង​ ហើយ​ចាប់​ឱ្យ​អស់​ពួក​ អា​សហជីព​ ហើយ​គាត់​ការពារ​តែ​ថៅកែ​ទេ​ គាត់​អត់​ខ្វល់​ពី​កម្មករ​ ឬ​សហជីព​ណា​ទេ​ គាត់​ថា​ថៅកែ​មក​ស្រុក​ខ្មែរ​ត្រូវ​វេច​លុយ​ទៅ​វិញ​»​។​

​វិទ្យុ​ស្ត្រី​ មិន​អាច​ទាក់ទង​លោក​ កែវ​ ធា​ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​បាន​ទេ​។​ ប៉ុន្តែ​ ប្រធាន​តុលាការខេត្ដ​កំពង់ស្ពឺ​ លោក​ ខ្លូត​ ពេជ្រ​ បាន​មាន​ប្រសាសន៍​ថា​ នៅ​ព្រឹក​នេះ​ពិតជា​មានការ​តវ៉ា​របស់​ក្រុម​កម្មករ​នៅ​មុខ​សាលាដំបូង​ខេត្ត​មែន​។​ លោក​ថា​ នៅ​ព្រឹក​នេះ​ ខាង​ព្រះរាជអាជ្ញា​ បាន​ហៅ​តំណាង​សហជីព​មួយ​ចំនួន​ទៅ​ជួប​ពិភាក្សា​ពី​បញ្ហា​នេះ​ដែរ​ ប៉ុន្ដែ​លោក​មិន​បានដឹង​ចំនួន​ថា​មាន​ប៉ុន្មាន​នាក់​នោះ​ទេ​។​

លោក​ ខ្លូត​ ពេជ្រ​ បាន​បញ្ជាក់​ថា​ ចំពោះ​ចំណាត់ការ​ទៅ​លើ​តំណាង​សហជីព​ទាំង​ប្រាំ​នាក់​ ដែល​សមត្ថកិច្ច​ បាន​ឃាត់ខ្លួន​កាលពី​ម្សិលមិញ​នោះ​លោក​មិន​អាច​បញ្ជាក់​បាន​ទេ​ ព្រោះ​សុំ​ណុំ​រឿង​នេះ​ស្ថិត​នៅ​ក្នុង​ដៃ​ព្រះរាជអាជ្ញា​នៅឡើយ​។​
​លោក​បន្ថែម​ថា​៖​ «​បាទ​ រឿង​ហ្នឹង​ខ្ញុំ​មិន​ទាន់​បានដឹង​ទេ​ ព្រោះ​អី​នៅ​ខាង​ព្រះរាជអាជ្ញា​នៅឡើយ​ទេ​ ចាំ​មើល​ខ្ញុំ​សួរ​ព្រះរាជអាជ្ញា​សិន​ ព្រោះ​អី​ម្សិលមិញ​ឮ​ថា​មានការ​ចាប់ខ្លួន​មែន​»​។​

សូម​ជម្រាប​ថា​ កម្មករ​-​កម្ម​ការ​នី​ដែល​ធ្វើការ​នៅ​ រោងចក្រ​ អ៊ែ​ជ្យា​យស៍​ ស្វេត​ធ័​រ​ ស្ថិត​នៅ​ក្រុង​ ច្បារមន​ ខេត្ដកំពង់ស្ពឺ​ ធ្លាប់​បាន​ឡើង​មក​តវ៉ា​នៅ​មុខក្រសួង​ការងារ​ និង​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ចំនួន​បី​លើក​មក​ហើយ​ ពោល​គឺ​កាលពី​ចុងឆ្នាំ​២០១៥​ មួយ​លើក​ និង​ពីរ​ លើក​ទៀត​ នៅ​ដើម​ខែមករា​ ឆ្នាំ​២០១៦​នេះ​ ក្នុង​គោលបំណង​ទាមទារ​ លក្ខខណ្ឌ​ការងារ​ទាំង​ ០៩​ ចំណុច​ ពី​រោងចក្រ​។​ ក៏​ប៉ុន្ដែ​ ក្រុម​កម្មករ​មិន​ទាន់​ទាំង​ទទួល​បាន​ដំណោះស្រាយ​ពី​ក្រសួង​ផង​ តំណាង​សហជីព​ ចំនួន​ប្រាំ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ ខេត្ដកំពង់ស្ពឺ​ ឃាត់ខ្លួន​ក្រោម​បទ​ចោទ​ថា​បាន​បង្ក​ហិង្សារ​ទៅ​លើ​កម្មករ​ក្នុង​រោងចក្រ​ទៅ​វិញ​៕

Share

Image
Image
Image