en     km
en     km

កម្មករ​រោងចក្រ​ វី​ន​ ស៊ី​ង​តិច​ នឹង​សុំឱ្យក្រសួង​ការងារ​អន្តរាគមន៍​រឿង​ថៅ​​កែ​រំលាយ​កិច្ចសន្យា​នៅ​ថ្ងៃ​ទី​២១​ មីនា​ ស្អែក​នេះ​

Share

​ភ្នំពេញ​៖​ កម្មករ​-​កម្ម​ការី​នី​ រោងចក្រ​ វី​ន​ ស៊ី​ង​តិច​ ខេ​ម​បូ​ឌា​ ខូ​ អិ​ល​ធី​ឌី​ (WIN​ SHINGTEX​ (CAMBODIA)​ CO.,LTD)​ ប្រមាណ​ជាង ​៤០០​ នាក់​ នឹង​ទ្បើ​ង​មក​សុំ​កិច្ច​អន្តរា​គម​ន៍ពី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នៅ​ថ្ងៃ​ចន្ទ​ ទី​២១​ ខែមីនា​ ស្អែក​នេះ​។​ ការ​សុំ​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​នេះ​ ក្នុង​គោលបំណង​ស្នើ​ក្រសួង​ការងារ​ ជួយ​ជំរុញ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​បើកប្រាក់​បំណាច់​គ្រប់​ប្រភេទ​តាម​ច្បាប់​ការងារ​ជូន​កម្មករនិយោជិត​ទាំងអស់​ និង​សូម​ឱ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​ឈ្នួល​ពេញ​ ក្នុង​ខែមីនា​ជូន​កម្មករ​និយោជិត​។​

Ministy-of-Labar-01កម្មករ​-​កម្ម​ការី​នី​ប្រមាណ​ជាង​ ៤០០​ នាក់ គ្រោង​ដង្ហែរ​ក្បួន​មក​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វី​ជ្ជា​ជីវៈ​ ដើម្បី​ឱ្យ​ក្រសួង​ជួយ​រក​អន្តរាគមន៍​ករណី​ដែល​ក្រុមហ៊ុន​ វី​ន​ ស៊ី​ង​តិច​ ​រំលាយ​​កិច្ចសន្យា​ពួក​គេ​មុន​ពេល​កំណត់​ដោយ​មិន​ទាន់​បាន​ផ្តល់​ប្រាក់​សំណង​ជូន​ពួក​គេ​នៅ​ទ្បើ​យ​។​

តំណាង​សហជីព​មូលដ្ឋាន​ ស៊ី​ខៅ​ឌូ​ (C.CAWDU)​ លោក​ ប៉ា​ល់​ មក​រា​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​២០​ ខែមីនា​ នេះ​ថា​ មូលហេតុ​ដែល​កម្មករ​គ្រោង​​ដង្ហែរ​ក្បួន​មក​ក្រសួង​ការងារ​នៅ​ថ្ងៃស្អែក​នេះ​ ដោយសារ​តែ​ក្រុមហ៊ុន​ វី​ន​ ស៊ី​ង​តិច​ បាន​រំលាយ​​កិច្ច​សន្យា​កម្មករ​​មុន​​ពេល​​កំណត់​ ហើយ​មិន​ទាន់​បាន​ផ្តល់​សំណង​ទៅ​កម្មករ​នៅ​ទ្បើ​យ​ ដូច្នេះ​​ទើប​ពួក​លោក​​សម្រេចចិត្ត​ថា​នឹង​ទ្បើ​ង​មក​សុំ​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ការងារ​។​

«​ក្នុង​ករណី​ហ្នឹង​គឺ​ក្រុម​ហ៊ុន​គាត់​បាន​រំលាយ​កិច្ចសន្យា​ទាំងស្រុង​មុន​កំណត់​ ហ្នឹង​ហើយ​អ្វី​ដែល​យើង​ស្នើ​សុំ ​គឺ​សូម​ក្រុមហ៊ុន​អនុវត្ត​ទៅ​តាម​ច្បាប់​ ហើយ​តាម​ច្បាប់​នឹង​មានអី​ មាន​ប្រាក់​សំណង​គ្រប់​ប្រភេទ​ដែល​ក្រុម​ហ៊ុ​នបាន​រំលាយ​កិច្ចសន្យា​គ្រប់​ប្រភេទ​ហ្នឹង​ឯង​..»​ ។​

​ជុំវិញ​បញ្ហា​នេះ​ មន្ត្រី​រដ្ឋបាល​ក្រុមហ៊ុន​ វី​ន​ ស៊ី​ង​តិច​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ មិន​ធ្វើការ​អត្ថាធិប្បាយ​ លើ​បញ្ហា​នេះ​ទេ​ ដោយ​អ្នកស្រី​ឱ្យ​រង់ចាំ​ខាង​តំណាង​មេធាវី​របស់​ក្រុមហ៊ុន​ជា​អ្នក​ដោះស្រាយ​ពី​បញ្ហា​នេះ​។​

«​ខាង​ខ្ញុំ​ ខ្ញុំ​អត់​ទាន់​ឆ្លើយ​តប​អី​ទេ​ ព្រោះ​ខាង​ក្រុមហ៊ុន​ខ្ញុំ​គាត់​មាន​អ្នកតំណាង​ខាង​មេធាវី​ខ្ញុំ​អត់​មាន​សិទ្ធិ​ឆ្លើយ​អី​ទាំងអស់​ទាំងអស់​ទេ​ដោយសារ​តែ​គាត់​មាន​ខាង​តំណាង​មេធាវី​ដែល​ក្រុមហ៊ុន​គេ​ចាត់តាំង​»​។​

​យោង​តាម​លិខិត​ជូនដំណឹង​របស់​ក្រុមហ៊ុន​ វី​ន​ ស៊ី​ង​តិច​ (​ខេ​ម​បូ​ឌា​)​ ខូ ​អិ​ល​ធី​ឌី​ ដែល​មា​នទី​តាំងនៅ​ភូមិ​ជម្ពូ​វ័ន​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ចុះ​ថ្ងៃ​ទី​ ០៥​ ខែមីនា​ ឆ្នាំ​ ២០១៦​ ស្តី​ពី​ការ​រំលាយ​កិច្ចសន្យាការងារ​មុន​ពេល​កំណត់​បានឱ្យ​ដឹង​ថា​ ដោយសារ​តែ​ក្រុមហ៊ុន​មិន​ទទួល​បាន​នូវ​ការ​បញ្ជា​ទិញ​ថ្មី​ ក្នុងឆ្នាំនេះ​ពី​អតិថិជន​នៅ​ក្រៅប្រទេស​ ជា​ហេតុ​ធ្វើ​ឱ្យ​សង្វា​ក់​ផលិតកម្ម​ និង​ការ​ផលិត​របស់​រោងចក្រ​កាត់ដេរ​សម្លៀក​កំ​ពាក់​ពុំ​អាច​ដំណើរការ​តទៅ​ទៀត​បាន​។​ ដូច្នេះ​ក្រុមហ៊ុន​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​បង់ប្រាក់​ឈ្នួល​ជូន​បុគ្គលិក​ កម្មករ​ និយោជិត​ និង​បង់ថ្លៃ​ចំណាយ​សម្រាប់​ដំណើរការ​ផលិត​នៅ​ក្នុង​រោងចក្រ​បាន​ទេ​។​

​លិខិត​ជូនដំណឹង​ដដែល​បន្ត​ថា​ ក្រុមហ៊ុន​សម្រេច​ធ្វើការ​រំលាយ​ទាំង​កិច្ចសន្យាការងារ​មាន​កំណត់​ថិរវេលា​ និង​កិច្ចសន្យា​ការងារ​​មាន​ថិរវេលា​មិន​កំណត់​ ហើយ​ក្រុមហ៊ុន​នឹង​មិន​បន្ត​កិច្ចសន្យាការងារ​សម្រាប់​បុគ្គលិក​ កម្មករ​ និយោជិត​ទៀត​ទ្បើ​យ​ ចាប់ពី​ថ្ងៃ​ទី​៥​ ខែមីនា​ ឆ្នាំ​២០១៦​ នេះ​តទៅ​។​

​សូម​បញ្ជាក់​ថា​ យោង​តាម​លិខិត​សុំ​អន្តរាគមន៍​របស់​កម្មករ​ និយោជិត​ បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ វី​ន​ ស៊ី​ង​តិច​ ជូនដំណឹង​រំលាយ​កិច្ចសន្យាការងារ​របស់​កម្មករនិយោជិត​ទាំងអស់​ចំនួន​ ៥៥០​ នាក់​ តាំងពី​ថ្ងៃ​ទី​០៥​ ខែមីនា​ ឆ្នាំ​ ២០១៦​ ប៉ុន្តែ​ក្រុមហ៊ុន​ពុំ​ទាន់​បាន​ទូទាត់​ប្រាក់​បំណាច់​កិច្ចសន្យា​តាម​ច្បាប់​ស្តី​ពី​ការងារ​នោះ​ទ្បើ​យ​ ចាប់តាំងពី​ថ្ងៃ​ជូនដំណឹង​នោះ​មក​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ចំណុច​ដែល​ក្រុម​កម្មករ​ និយោជិត​ទាមទារ​មាន​ពីរ​ចំណុច​ធំៗ​គឺ​៖​ ទី​មួយ​ សុំ​ឱ្យ​ក្រុមហ៊ុន​បើកប្រាក់​បំណាច់​គ្រប់​ប្រភេទ​តាម​ច្បាប់​ការងារ​ជូន​កម្មករទាំង​អស់​ និង​ទី​ពីរ​ សុំ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​ឈ្នួល​​ពេញ​​ក្នុង​​ខែ​មីនា​ ជូន​កម្មករនិយោជិត​៕​

Share

Image
Image
Image