en     km
en     km

កម្មករ​រោងចក្រ ​ខូ​ស​ម៉ូ​ ដាក់​ញ្ញត្តិ​សុំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ​ ឱ្យ​ជួយ​ដោះស្រាយ​រឿង​ថៅកែ​រំលោភសិទ្ធិ​ការងារ​

Share

cover-protest-at-Cosmo-garment-factory
​កម្មករ​-​កម្ម​ការ​រិ​នី​រោងចក្រ​ ខូ​ស​ម៉ូ​ តិច​ស្តាយ​ ខូ​អិ​ល​ធី​ឌី​  ប្រមាណ​ជាង​ ២០០​ នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​  ឆ្នាំ​២០១៦​ នេះ​ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខក្រសួង​ការងារ​  និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក្នុង​គោលបំណង​ដើម្បី​  ឱ្យ​ក្រសួង​ការងារ​ជួយ​អន្តរាគមន៍​ដាក់​សម្ពា​ធ​ថៅកែ​ក្រុមហ៊ុន​បញ្ឈប់​ការ​រំលោភសិទ្ធិ​កម្មករ​ និង​គោរព​ច្បាប់​ការងារ​។​ លើស​ពី​នេះ​ទៀត​ ក្រុម​កម្មករ​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​ ១០​ចំណុច​ផង​ដែរ​។​

​លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​ ៖

​ប្រធាន​សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ​ប្រចាំ​រោងចក្រ​ ខូ​ស​ម៉ូ​ លោក​ សៀង​ សម្បត្តិ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​ WMC​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ នេះ​ថា​ មូលហេតុ​ដែល​ក្រុម​កម្មករ​ប្រមូលផ្តុំ​នៅ​មុខក្រសួង​ការងារ​នេះ​ គឺ​ក្នុង​គោលបំណង​ដើម្បី​ឱ្យ​ក្រសួង​ការងារ​ជួយ​រក​អន្តរាគមន៍​ និង​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់​ទាក់ទង​នឹង​វិវាទ​ការងារ​រវាង​ក្រុម​កម្មករ​ និង​ថៅកែ​រោងចក្រ​ ខូ​ស​ម៉ូ​ ដែល​មាន​ភាព​ចម្រូងចម្រាស់​គ្នា​អស់​រយៈពេល​ ៩​ ថ្ងៃ​មក​ហើយ​។​

​លោក​ សៀង​ សម្បត្តិ​បន្ត​ថា​  បន្ទាប់​ពី​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ​ហើយ​ លោក​ និង​បន្ត​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋ​សភាជាតិ​ ខុទ្ទកាល័យ​សម្តេច​ ហ៊ុន​ សែន​ និង​ស្ថានទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ពី​បញ្ហា​នេះ​បន្ថែម​ទៀត​។​

លោក​បាន​បញ្ជាក់​ទៀត​ថា​ លក្ខខណ្ឌ​ដែល​ក្រុម​កម្មករ​ទាមទារ​ឱ្យ​ថៅកែ​រោងចក្រ​នេះ​ផ្តល់​ជូន​ពួក​គេ​នេះ​រួម​មាន​៖​ «​អ្វី​ដែល​យើង​ឃើញ​នោះ​មាន​ ១៥​ ចំណុច​ដែល​មាន​លិខិត​អម​ស្រាប់​របស់​កម្មករ​  ឧទាហរណ៍​ទី​០១​ ក្រុមហ៊ុន​ត្រូវ​ផ្តល់​លុយ​ជំនាញ​ដូច​ដើម​វិញ​ ទី​០២​ ត្រូវ​ផ្តល់​លុយ​បន្ថែម​ដូច​ដើម​វិញ​ ទី​០៣​ ត្រូវ​ផ្តល់​លុយ​សហការ​ផ្សេងៗ​ដូច​មុន​វិញ​ជាដើម​…»​។​

កម្មករ​រោងចក្រ​ ខូ​ស​ម៉ូ​ លោក​ មឿ​ន​ ឈី​ត​ បាន​និយាយ​ថា​ ថៅកែ​រោង​ក​ច្រ​នេះ​ មានការ​គាបសង្កត់​ និង​រំលោភសិទ្ធិ​ការងារ​កម្មករ​យ៉ាងធ្ងន់ធ្ងរ​។​ លើស​ពី​នេះ​ទៀត​ លោក​ថា​ ថៅកែ​ក្រុមហ៊ុន​ បាន​កាត់​ប្រាក់ខែ​កម្មករ​ ដោយ​គ្មាន​មូលហេតុ​៖​ «​មក​ពី​កាត់​លុយ​ ៥​ រៀល​  [​ដុល្លារ​]​ ហើយ​លុយ​ជំនាញ​ លុយ​ទៀងទាត់​កាត់​អស់រលីង​ហ្មង​ អ្នក​អត់​ឈប់​ក៏​កាត់​ដែរ​ លុយ​ ៥​ រៀល​ ធ្លាប់​បាន​ប្រចាំខែ​កាត់​ចោល​ទាំងអស់​ សូម​ជួយ​រក​ដំណោះស្រាយ​ឱ្យ​លុយ​កម្មករ​  ទាំងអស់​គ្នា​»​។​

ជុំវិញ​បញ្ហា​នេះ​ វិទ្យុ​ស្ត្រី​មិន​ទាន់​អាច​ស្វែងរក​ការ​ឆ្លើយ​តប​ពី​ភាគី​រោងចក្រ​បាន​នៅឡើយ​ទេ​ នៅ​ថ្ងៃនេះ​។​ ចំណែក​បញ្ហា​កម្មករ​ដាក់​ញត្តិ​នៅ​មុខក្រសួង​ការងារ​វិញ​ ប្រធាន​ការិយាល័យ​អន្តរាគមន៍​នៃ​គណកម្មការ​ដោះស្រាយ​បាតុកម្ម​និង​កូដកម្ម​ នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក​ អ៊ូ​ រតនា​ បាន​ចេញ​មក​ទទួលយក​ញ្ញ​តិ្ត​ និង​បាន​អៈ​អាង​ថា​ ក្រសួង​ការងារ​និង​ជួយ​រក​អន្តរាគមន៍​ជូន​ដល់​កម្មករ​ ប៉ុន្តែ​លោក​មិន​ទាន់​អាច​កំណត់​ពី​ពេលវេលា​ ថា​នៅ​ថ្ងៃ​ណា​នៅឡើយ​ទេ​ ដោយ​ឱ្យ​រង់ចាំ​ថ្នាក់លើ​ជា​អ្នក​សម្រេច​។​

លោក​ អ៊ូ​ រតនា​ ស្នើ​ឱ្យ​កម្មករ​ត្រូវ​អត់ធ្មត់​រង់ចាំ​ដំណោះស្រាយ​ពី​ក្រសួង​ការងារ​ និង​ជៀសវាង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​៖​ «​ក្រសួង​នឹង​តាម​ការពារ​រាល់​អត្ថប្រយោជន៍​ជូន​កម្មករនិយោជិត​ និង​មិន​ព្រងើយកន្តើយ​ចំពោះ​កម្មករនិយោជិត​នោះ​ទេ​ បើ​យើង​យក​អំពើ​ហិង្សា​វា​ទៅ​ជា​រឿង​មួយ​ផ្សេង​ហើយ​…»​ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ កម្មករ​-​កម្ម​ការ​រី​នី​ រោងចក្រ​ ខូ​ស​ម៉ូ​ តិច​ស្តាយ​ ខូ​អិ​ល​ធី​ឌី​  បាន​ទាមទារ​លក្ខខណ្ឌ​ការងារ​ពី​ក្រុមហ៊ុន​ ខូ​ស​ម៉ូ​ ប្រមាណ​ជា​ ១០​ ចំ​ណុ​ម​មាន​៖​ ទី​១​ ស្នើ​សុំ​ឱ្យ​រោងចក្រ​ត្រូវ​អនុញ្ញាត្តិ​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​បាន​ទៅ​ពិនិត្យ​សុខភាព​ ១​ថ្ងៃ​ ក្នុង​១​ខែ​ ដោយ​រក្សា​ប្រាក់​ឈ្នួល​ ប្រាក់​រង្វាន់​ទៀងទាត់​ និង​អត្ថប្រយោជន៍​ផ្សេង​នៅ​ដដែល​,​ ទី​២​ សូម​ឱ្យ​រោងចក្រ​រក្សា​នូវ​ប្រាក់​រង្វាន់​ផ្នែក​អ៊ុត​ដែល​ធ្លាប់​ទទួល​បាន​ពី​មុន​មក​ឱ្យ​នៅ​ដដែល​ជូន​កម្មករ​,​ ទី​៣​ ស្នើ​សុំ​ឱ្យ​រោងចក្រ​ផ្តល់​ប្រាក់​បន្ថែម​លើ​ប្រាក់​បាយ​ថ្ងៃត្រង់​ចំនួន​ ២០០០​ រៀល​ជូន​កម្មករ​-​កម្មការិនី​ និង​លក្ខខណ្ឌ​ផ្សេងៗ​មួយ​ចំនួន​ទៀត​៕

Share

Image
Image
Image