en     km
en     km

កម្មកររោងចក្រកាត់ដេរ វ៉ូណាមមី សុំក្រសួងការងារ អន្តរាគមន៍ដោះស្រាយវិវាទ១៤ ចំណុច

Share

កម្មករ​កម្មា​រិ​នី​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ វ៉ូ​ណាម​មី​ខេម​បូឌា​ហ្គា​មេន​​ មក​ពី​ភូមិ​សំរោង​​ ឃុំ​សុភី​ ស្រុក​បាទី​ ខេត្ត​តា​កែវ​​ប្រមាណ​ ៤០០​នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ដើម្បី​សុំ​ក្រសួង​អន្តរា​គមន៍​រក​ដំណោះ​ស្រាយ​លើ​វិវាទ​១៤​​ចំណុច​ជា​មួយ​ក្រុម​ ក្រុមហ៊ុន​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ ទី​០៨​ ខែ​ឧសភា​ឆ្នាំ​២០១៥​​។

កម្មករកម្មារិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ូណាមមី ខេមបូឌា កំពុងឈរតវ៉ាមុខក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
កម្មករកម្មារិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ូណាមមី ខេមបូឌា កំពុងឈរតវ៉ាមុខក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

វិវាទ​សំខាន់ៗ​ ដែល​ក្រុម​កម្មករ​ស្នើរ​សុំ​រួម​មាន​​ ទាមទារ​ប្រាក់​ថ្លៃ​បាយ​មួយ​ថ្ងៃ​ចំនួន​ ២០០០​រៀល​ សុំ​ឱ្យ​ក្រុម​ហ៊ុន​ផ្តល់​ប្រាក់​រង្វាន់​ទៀង​ទាត់​ដល់​កម្មករ​ ហើយ​សុំ​ឲ្យ​​ស្រី្ត​មាន​ផ្ទៃ​ពោះ​បាន​ចេញ​មុន​ម៉ោង​ការងារ​១៥​នាទី​ នឹង​សុំ​ឱ្យ​ក្រុម​ហ៊ុន​ ទទួល​ខុស​ត្រូវ​លើ​គ្រោះ​ថ្នាក់​ផ្សេងៗ​ក្នុង​ពេល​បំពេញ​ការងារ​ព្រម​ទាំង​សុំ​ឱ្យ​ក្រុម​ហ៊ុន​ រក្សា​ប្រាក់​ឈ្នួល​ និង​ប្រាក់​រង្វាន់​ផ្សេងៗ​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ និង​មាន​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ទៀត​។​

កញ្ញា​ សុខ​ លាភ​ ជា​កម្មារិនី​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ វ៉ូណាមមី​ បាន​និយាយថា​ « ថៅ​កែ​រោងចក្រ​មិន​បាន​គោរព​ទៅ​តាម​លក្ខខ័ណ្ឌ​ការងារ​បាន​ត្រឹម​ត្រូវ​នោះ​ទេ។ ​ភាគី​រោងចក្រ​បាន​បំពាន​លើ​ច្បាប់​និង​សិទ្ធិ​ការងារ​យ៉ាង​ខ្លាំង​។​​ កម្មារិនី​ម្នាក់​រូប​នេះ​ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា​ ក្រុម​កម្មករ​បាន​នាំ​គ្នា​ទាម​ទារ​ទៅ​ភាគី​ ក្រុមហ៊ុន​ជា​ច្រើន​លើក​រួច​មក​ហើយ​ គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨​ ខែ​មេសា​ ប៉ុន្តែ​ភាគី​ រោង​ចក្រ​មិន​ព្រម​ជួប​ជា​មួយ​កម្មករ​ដើម្បី​រក​ដំណោះ​ស្រាយ​នោះ​ឡើយ​។​»​

ស្រដៀង​គ្នា​នេះ​ដែរ​ កម្មារិនី​កំពុង​មាន​ផ្ទៃ​ពោះ​មួយ​រូប​គឺ​ អ្នកស្រី ​ស៊ុំ​ ស្រីខូច​ ដែល​បាន​ចូល​រួម​ក្នុង​បាតុកម្ម​នោះ​បាន​ប្រាប់​ថា​ថៅកែ​មិន​គោរព​សិទ្ធិ​កម្មករ​ព្រម​​ទាំង​មិន​អើ​ពើ​រា​ល់​សំណើរ​ទាម​ទារ​របស់​កម្មករ​ឡើយ​។ កត្តា​​នេះ​ហើយ​ បាន​ជំរុញ​ឱ្យ​ក្រុម​កម្មករ​បង្ខំ​ចិត្ត​ចេញ​មុ​ខ​មក​តវ៉ា​ដើម្បី​រក​យុត្តិធម៌​។

ចំនែក​ លោក​​ សន​ សុភាព​ ជា​អ្នក​សម្រប​សម្រួល​សហព័ន្ធ​សហជីព​ការងារ​ដើម្បី​កម្ពុជា​ជា​អ្នក​ដឹក​នាំ​បាតុកម្ម​នេះ​បាន​ឱ្យ​ដឹង​ថា ​ការ​ហែ​ក្បូន​កម្មករ​មក​បាតុកម្ម​នេះ​មាន​គោល​បំណង​ដាក់​ញ្ញាតិ​ដល់​ក្រសួង​ការងារ​ឱ្យ​ជួយ​អន្តរាគមន៍​លើ​វិវាទ​១៤​ចំណុច​របស់​កម្មករ​និង​ភាគី​រោងចក្រ​ ដូច​ជា​ទាម​ទារ​ប្រាក់​ថ្លៃ​បាយ​មួយ​ថ្ងៃ​ ចំនួន​ ២០០០​រៀល​ សុំ​ឱ្យ​ក្រុមហ៊ុន​ផ្តល់​រង្វាន់​ដល់​កម្មករ​ចំនួន​១៥​ ដុល្លា​ ក្នុង​មួយ​ខែ​ដើម​។​

លោក​ សន​ សុភាព​ បាន​បញ្ជាក់​ផង​ដែរ​ថា​ បន្ទាប់​ពី​តំណាង​កម្មករ​ទាំង​ ១៥​រូប​បាន​ចូល​ទៅ​ចរចារ​នៅ​ក្នុង​ក្រសួង​ការងារ​រូច​មក​ ជា​លទ្ធផល​ពុំ​ទទួល​បាន​ ដំណោះ​ស្រាយ​សម​ស្រប​ណា​មួយ​នៅ​ឡើយ​នោះ​ទេ​។ លោក​ថា ​ប្រសិន​បើ​ក្រសួង​មិន​បាន​ជួយ​អន្តរាគមន៍​ក្នុ​ង​ករណី​វិវាទ​ខាងលើ​ ក្រុម​កម្មករ​នៅ​តែ​បន្ត​តវ៉ា​ ដដែល​។

ជុំវិញ​បញ្ហា​នេះ​ ​វិទ្យុ​ស្ត្រី ​មិនអាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​រឿង​នេះ​​ពី​អ្នកនាំ​ពាក្យ​ក្រសួង​ការងារ​បាននោះ​ទេ​។

​ចំនែក​ឯ​ ក្រុម​កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ វ៉ូណាមមី​ ខេមបូឌា​ ហ្គាមេន​ បញ្ជាក់​គោល​ជំហរ​​ថា​ ពួក​គេ​នឹង​បន្ត​ធ្វើ​បាតុកម្ម​ ប្រសិន​បើ​ថៅ​កែ​រោង​ចក្រ​នៅ​ តែ​មិន​ព្រម​ផ្តល់​ដំណោះ​ស្រាយ​សមរម្យ​ដល់​ពួកគេ​៕

 

Share

Image
Image
Image