en     km
en     km

កម្ពុជា-ថៃ គ្រោង​បើក​ច្រកព្រំដែន​អន្ដរជាតិ​ចំនួន ៤បន្ថែមទៀត

Share

 

ស្របពេលនាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវឱ្យភាគីថៃជួយទិញផលិតផលកសិកម្ម ហើយភាគីថៃក៏សន្យា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យបាន​ដល់ ១៥ ពាន់លាន​ដុ​លា្ល​រ​អាមេរិក​ក្នុង​ឆ្នាំ ២០២០ខាងមុខ​នោះ ថ្មីៗនេះ​ភាគី​ទាំងពីរ ​ក៏បាន​គ្រោង​នឹង​បើក​ច្រកព្រំដែន​អន្ដរជាតិ​ចំនួន ៤ បន្ថែមទៀត​ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​ដំណើរការផ្សេងៗ ខណៈ​ច្រកព្រំដែន​អន្ដរជាតិ​ប៉ោយប៉ែត​ចាប់ផ្ដើម​មានការ​កកស្ទះ។

លោក នុតថាវុធ ផូធិសារ៉ូ (Nuthavudh Photisaro) ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងក្នុងសិក្ខាសាលាស្តីពីការពង្រីកសក្តានុពលពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា និងថៃ ថា ការបើក​ច្រកព្រំដែន​បន្ថែម​ទាំង​បួន​នេះ​ នឹង​ធ្វើឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ជួយ​សម្រួល​ដល់​ដំណើរ​ឆ្លងកាត់​របស់​ភ្ញៀវទេសចរ​ក្នុងការ​ចេញចូល​ឆ្លងកាត់​ទៅមក ​រវាង​ប្រទេស​ទាំងពីរ។

លោកបញ្ជាក់ថា ដោយសារតែ​កំណើន​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​ជា​បន្ដ​បន្ទាប់ និង​ដើម្បី​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​អាច​ដើរ​ទៅដល់​ផែនការ​ទើប​ធ្វើឱ្យ​មានការ​ឈានទៅ​បើក​ច្រកព្រំដែន​អន្ដរជាតិ​ទាំង​បួន​បន្ថែមទៀត​ដើម្បី​ជួយ​សម្រួល​ដល់​កិច្ចការ​ទាំងនោះ។

គួរ​បញ្ជាក់ថា ច្រកព្រំដែន​អន្ដរជាតិ​ទាំង​បួន​ដែល​គ្រោង​នឹង​បើក​ដំណើរការ​ក្នុង​រយៈពេល​ណាមួយ​ខាងមុខ​ទៀត​នោះ​មានដូចជា៖

ទី១ .ច្រក​អានសេះ ខេត្ដ​ព្រះវិហារ ជាប់​ច្រក​អាន​ម៉ា ស្ថិត​ខេត្ដ ​កាន់​វ័ន​ឡា ​សុថា​នី។

ទី២ .ច្រក​ជប់​គគី ខេត្ដ​ឧត្ដរមានជ័យ ជាប់​ច្រក​សែ​ទូ​គោ ខេត្ដ​ប៊ុ​រី​រ៉ាំ។

ទី៣.ច្រក​ភ្នំ​ដី ខេត្ដ​បាត់ដំបង ជាប់​ច្រក​ខៅ​ឌី​ន ខេត្ដ​ស្រះកែវ ។

ទី៤. ច្រក​ថ្មដា ខេត្ដ​ពោធិសាត់ ជាប់​ច្រក ថា​សេន ខេត្ដ​ស្រះកែវ។

យោងតាមទិន្ន័យរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងថៃ ក្នុងឆ្នាំ២០១៥ មានចំនួន ៥,៥១៨លានដុល្លារអាមេរិក ហើយឆ្នាំ២០១៦ មានចំនួន ៥,៥៥១លានដុល្លារអាមេរិក ពោលគឺបានកើនឡើង ០,៦%។

ជាមួយគ្នានេះ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃ ក្នុងឆ្នាំ២០១៥ មានចំនួន ៦៣៨លានដុល្លារអាមេរិក ចំណែកឆ្នាំ២០១៦ មានចំនួន ៩៤៤លានដុល្លារអាមេរិក ពោលគឺបានកើនឡើង ៤៧,៩៦% ។

រីឯការនាំចូលរបស់កម្ពុជាពីប្រទេសថៃ ក្នុងឆ្នាំ២០១៥ មានចំនួន ៤,៨៨០លានដុល្លារអាមេរិក និងឆ្នាំ២០១៦ មានចំនួន ៤,៦០៧លានដុល្លារអាមេរិក ពោលគឺបានថយចុះ ៥,៥៩%៕

Share

Image
Image
Image