en     km
en     km

កម្ពុជា-ជប៉ុន ពិភាក្សាលើគម្រោងសាងសង់ឡអគ្គិសនីដើរដោយចំហេះអង្កាម

Share

ភ្នំពេញ៖ ភាគីកម្ពុជា និងជប៉ុន កំពុងពិភាក្សាលើគម្រោងសាងសង់ឡអគ្គិសនីដើរដោយ ចំហេះអង្កាម ដែល​ឡអគ្គិសនីនេះ មានសមត្ថភាពផលិតអគ្គិសនីប្រមាណ ២ មេកាវ៉ាត់ក្នុងមួយម៉ោង។ នេះបើតាមទំព័រហ្វេសប៊ុករបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបង្ហាញពីជំនួបរវាងសហព័ន្ធស្រូវអង្ករកម្ពុជា និងតំណាងមកពីទីក្រុង KITAKYUSHU ប្រទេសជប៉ុនកាលពីថ្ងៃទី៣១ ឧសភាម្សិលមិញ។

                                                        ជំនួបរវាងមន្រ្តីសហព័ន្ធស្រូវអង្ករ និងតំណាងក្រុមហ៊ុនមកពីជប៉ុន។

 

ឡអគ្គិសនីដើរដោយ ចំហេះអង្កាមស្ថិតក្នុងគម្រោង The Joint Crediting Mechanism (JMC)។ គម្រោងនេះត្រូវប្រើថវិកាប្រមាណ ៦លានដុល្លារ មានសមត្ថភាពផលិតអគ្គិសនីប្រមាណ ២ មេកាវ៉ាត់ក្នុងមួយម៉ោង ហើយធ្វើប្រតិបត្តិការបានរយៈពេល ១០ឆ្នាំ។

ការសាងសង់ឡអគ្គិសនីដើរដោយ ចំហេះអង្កាមនេះ មានគោលបំណងចូលរួមកាត់បន្ថយឧស្ម័នកាបូនិច (CO2) ក្នុងបរិយា កាស និងបង្កើនប្រាក់ចំណូលដល់សហគមន៍ រោងម៉ាស៊ីនកិនកែច្នៃ និងឡសម្ងួត ជាដើម។ គម្រោង(JMC)​នេះ មានការគាំទ្រ​ពីរដ្ឋាភិបាលជប៉ុនក្រោមប្រធានបទបម្រែបម្រែបរិយាកាស (Climate Change)។

ការអនុវត្តគម្រោងនេះ មាន២របៀបសំខាន់ៗគឺ៖

̵ករណីទី១ ៖ រាជរដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយថវិកាតិចជាង ៥០% ឬ ២.៥ លានដុល្លារសម្រាប់អនុវត្តគម្រោង រីឯថវិកាប្រមាណ៣.៥ លានដុល្លារផ្សេងទៀត គឺត្រូវការដៃគូរពីខាងក្រុមហ៊ុនរោងម៉ាស៊ីន​កិន-កែច្នៃ​ស្រូវ​អង្ករ ធ្វើការវិនិយោគរួមគ្នា។

ករណីទី២ ៖ រាជរដ្ឋាភិបាលជប៉ុននឹងផ្តល់ជំនួយថវិកាតិចជាង ៥០% ឬ ២.៥ លានដុល្លារសម្រាប់អនុវត្តគម្រោង រីឯថវិកាប្រមាណ ៣.៥ លានដុល្លារផ្សេងទៀត គឺមានក្រុមហ៊ុនមកពីប្រទេសជប៉ុនមកចូលរួមបណ្តាក់ទុនវិនិយោគ ប៉ុន្តែត្រូវមាន​ការសហការពីខាងបណ្តាក្រុមហ៊ុន រោងម៉ាស៊ីនកិន-កែច្នៃស្រូវអង្ករ ដើម្បីផ្គត់ផ្គង់អង្កាម និងប្រើប្រាស់ថាមពលអគ្គិសនីពីគម្រោងដែលមានតម្លៃទាបជាងទីផ្សារបច្ចុប្បន្ន។

ជាការឆ្លើយតប សហព័ន្ធស្រូវអង្ករកម្ពុជា បានសន្យានឹងបន្តជួយសម្របសម្រួលពិភាក្សា និងផ្សព្វផ្សាយព័ត៌មានស្តីពីគម្រោងដល់បណ្តា​សមាជិក​ទាំងអស់​ ដើម្បីស្វែងរកការចូលរួមសហការនិងគាំទ្រគម្រោងនេះ ព្រោះឡនេះនឹងរួមចំណែក​ក្នុង​ការ​កាត់ប​ន្ថយ​ថ្លៃដើម និងបង្កើនលទ្ធភាពប្រគួតប្រជែងរបស់អង្ករកម្ពុជា៕

Share

Image
Image
Image