en     km
en     km

កម្ពុជា-ចិន ពង្រឹង-ពង្រីកវិស័យទេសចរណ៍ និងវប្បធម៌នៅឆ្នាំ២០១៩នេះ

Share

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជានិតចិន បានកំណត់យកឆ្នាំ២០១៩ ជាពេលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នាលើវិស័យទេសចរណ៍ និងវប្បធម៌ ឬហៅថា «ឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន»។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃទី០៦ មិថុនានេះ។

ការប្រកាសនេះធ្វើឡើង ក្នុងពិធីបើកជាផ្លូវការដែលមានមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងមន្រ្តីទូតចិនចូលរួមកាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩។

លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានឱ្យដឹងថា វិស័យទេសចរណ៍ គឺជាវិស័យអាទិភាពមួយនាំឱ្យមានការជំរុញវិនិយោគ និងលំហូរទេសចរនៃប្រទេសទាំងពីរ។ លោកបន្តថា កិច្ចសហប្រតិបត្តិការនោះរួមមាន ការជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ការបណ្ដុះបណ្ដាលធនធានមនុស្ស ការសម្ដែងសិល្បៈរួមគ្នាជាដើម។

លោក ប៊ិន ឈិន​ ឱ្យដឹងទៀតថា«ឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន»នេះ នឹងក្លាយជាចលករជំរុញទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងចិន ការផ្លាស់ប្ដូរវប្បធម៌ ការជំរុញលំហូរទេសចរទៅវិញទៅមក នឹងបង្កើតឱកាសថ្មីៗក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងវប្បធម៌។

សូមរំលឹកថា ចំនួន​ទេសចរ​ចិន​មក​​ទស្សនា​ប្រទេស​កម្ពុជា​ ក្នុង​​ឆ្នាំ​ ​២០១៨​ មាន​​ប្រមាណ ​២ ​លាន​​នាក់​ កើន​ឡើង​ជាង ​៧០ ​ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ ​២០១៧។​

​កម្ពុជា​រំពឹង​ថា​ នៅ​ឆ្នាំ ​២០២​០ ​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​ ៣ ​លាន​នាក់​ ហើយ​នឹង​កើន​ឡើង​ដល់ ​៥ លាន​នាក់​​នៅ ឆ្នាំ ​២០២៥ ​និង​ ៨ ​លាន​នាក់​នៅ​ឆ្នាំ ​២០​៣០​៕

 

Share

Image
Image
Image