en     km
en     km

កម្ពុជា-ចិន ពង្រឹងកិច្ចសហការវិស័យកម្មសិទ្ធិបញ្ញានិងម៉ាកពាណិជ្ជកម្ម

Share

(ភ្នំពេញ)៖ ដើម្បីការពារការក្លែងផលតិផលទំនិញតាមរយៈការបន្លំម៉ាក់សញ្ញា ប្រទេសកម្ពុជានិងចិន បានចុះអនុស្សរណៈយោគយល់គ្នា លើកស្ទួយវិស័យម៉ាក និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដើម្បីទប់ស្កាត់ការក្លែងម៉ាក់ទំនិញ។

                                                     មន្រ្តីកម្ពុជា-ចិន ចុះអនុស្សរណៈយោគយល់គ្នាដើម្បីការពារម៉ាក់សញ្ញាផលិតផល។

កាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា ម្សិលមិញ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ម៉ា ហ្សិងគី (Ma Zhengqi) អនុរដ្ឋមន្ត្រីនៃរដ្ឋបាលជាតិឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នាមួយ លើកិច្ចសហប្រតិបត្តិការក្នុងវិស័យម៉ាក និងការកសាងម៉ាកយីហោ រវាងក្រសួងពាណិជ្ជកម្មនៃកម្ពុជា ជាមួយរដ្ឋបាលជាតិឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ បំណងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិល្អ ដោយឈរលើមូលដ្ឋានស្មើភាព និងផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកលើវិស័យម៉ាក និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ។ ជាងនេះទៀត អនុស្សរណៈនេះនឹងជំរុញការកសាងម៉ាកកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា និងចិនផងដែរ។

បន្ថែមលើនេះ អនុស្សរណៈនេះក៏មានគោលបំណងធ្វើឲ្យប្រសើរឡើង នូវការអនុវត្តកម្មសិទ្ធិបញ្ញា តាមរយៈការគាំពារផលប្រយោជន៍អ្នកប្រើប្រាស់ និងផលិតករឲ្យកាន់តែមានប្រសិទ្ធភាព។

តាមរយៈអនុស្សរណៈនេះ ប្រទេសទាំងពីរនឹងធ្វើការចែករំលែកលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធកម្មសិទ្ធិបញ្ញា ព្រមទាំងធ្វើទស្សនកិច្ចសិក្សាពីគ្នាទៅវិញទៅមក ដើម្បីដកស្រង់បទពិសោធន៍នៅលើវិស័យកម្មសិទិ្ធបញ្ញា និងការពង្រឹងកិច្ចការពារម៉ាកពាណិជ្ជកម្ម។

ក្នុងកិច្ចសហការនេះ ប្រទេសចិន ក៏សន្យាជួយបណ្តុះបណ្តាលធនធានមនុស្ស លើផ្នែកត្រួតពិនិត្យម៉ាកដល់កម្ពុជា និងជួយជំរុញឲ្យមានការតាំងពិព័រណ៍ផលិតផលខ្មែរ ក៏ដូចជាការកសាងម៉ាកយីហោរបស់កម្ពុជានៅលើទីផ្សារបន្ថែមទៀត៕

Share

Image
Image
Image