en     km
en     km

កម្ពុជា​-​ចិន​ ចុះហត្ថលេខា​រួម​គ្នា​ ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​

Share

​ភ្នំពេញ​៖​ នៅ​ទីស្តីការក្រសួង​ការងារ​ នា​ព្រឹក​ថ្ងៃ​ទី​៣០​ តុលា​ ឆ្នាំ​២០១៨​នេះ​ លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​លោក​ Liu​ Gaodao​ អនុប្រធាន​អង្គការ​ CATAS​ (Chinese​ Academy​ of​ Tropical​ Agricultural​ Sciense​ )​ នៃ​ប្រទេស​ចិន​ បាន​ចុះ​អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា​ក្រោម​កិច្ច​សហប្រតិបត្តិការ​រយៈពេល​ ០៥​ឆ្នាំ​ ផ្តោត​លើ​ការ​បណ្តុះបណ្តាល​លើ​វិស័យ​កសិកម្ម​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖

 

​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ការងារ​បាន​បញ្ជាក់​ថា​ រដ្ឋមន្ដ្រី​ ក្រសួង​ការងារ​កម្ពុជា​ លោក​ អ៊ិ​ត​ សំ​ហេង​ បាន​ ស្វាគមន៍​ចំពោះ​កិច្ច​សហប្រតិបត្ដិការ​នេះ​ ព្រោះតែ​បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ លើស​ពី​នេះ​ វា​ក៏​ជា​ការ​ចែករំលែក​មួយ​របស់​សាធារណរដ្ឋ​ ប្រជាមានិត​ចិន​ ដែល​លោក​ថា​ ចិន​ពិតជា​មានការ​អភិវឌ្ឍ​ខ្ពស់​ចំពោះ​វិស័យ​កសិកម្ម​នេះ​។​

​នៅ​ក្រោយ​ចប់​ពិធី​ចុះហត្ថលេខា​ លោក​ ឡៅ​ ហ៊ី​ម​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ នៃ​ក្រសួង​ការងារ​ បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​ភាគី​ចិន​ចុះហត្ថលេខា​ជាមួយ​ក្រសួង​ការងារ​ ដោយសារ​ក្រសួង​មាន​សាលា​ជា​ច្រើន​លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ គ្របដណ្តប់​នៅ​ទូ​ទាំង​ប្រទេស​។​

​លើស​ពី​នេះ​លោក​ថា​ នេះ​គឺជា​គោលដៅ​នៃ​ពិធី​នា​ពេល​នេះ​ គឺ​ចង់​បង្កើន​សមត្ថភាព​ក្នុង​ការ​កែ​ច្នែ​ផលិតផល​កសិកម្ម​ និង​លើកកម្ពស់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ប្រកបដោយ​និរន្តរភាព​ទាំង​នៅ​ប្រទេស​ចិន​ និង​កម្ពុជា​ ពិសេស​ទៅ​លើ​ប្រជា​កសិករ​ខ្មែរ​ ឲ្យ​គាត់​ចេះ​ខាង​ច្នៃ​ ផ្នែក​ដាំ​ដុះ​ ក៏​ដូច​ជា​ផ្នែក​ប្រមូល​ធ្វើ​យ៉ាងណា​ឲ្យ​ការ​ប្រមូល​ផល​ឲ្យ​ត្រូវ​នឹង​និន្នាការ​ពេល​បច្ចុប្បន្ន​និង​អនាគត​ ដូច​ជា​ការ​ប្រើប្រាស់​ជី​ និង​ការ​ប្រើប្រាស់​ពូជ​ជាដើម​។​

​ជាង​នេះ​លោក​ ឡៅ​ ហ៊ី​ម​ បញ្ជាក់​ថា​ ប្រទេស​ចិន​ក៏​បង្រៀន​ពី​ការ​វេច​ខ្ចប់​ ឲ្យ​ត្រូវ​តាម​ស្ដង់ដារ​ ពីព្រោះ​តែ​ពេល​ខាង​មុខ​ប្រទេស​ចិន​ នឹង​ទទួល​នូវ​ផលិតផល​កម្ម​ពី​កម្ពុជា​ដ៏​ធំ​ជាងគេ​ ៖«​យើង​នឹង​មានការ​នាំ​ចេញ​ ផលិតផល​កសិកម្ម​ទៅ​ប្រទេស​ចិន​រង្វង់​ប្រហែល​ ៣០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​ អ​ញ្ចឹ​ង​ពី​មួយ​ឆ្នាំទៅ​មួយ​យើង​អាច​បង្កើន​ ការ​នាំ​ចេញ​តាម​រយៈ​គឺ​យើង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​របស់​យើង​ ហើយ​ផលិត​នូវ​អ្វី​ដែល​ជា​ស្ដង់ដារ​របស់​ប្រទេស​ចិន​ គេ​នឹង​ប្រមូល​ទទួល​ទិញ​ទៅ​ប្រទេស​គេ​»​។​

​ជាមួយ​គ្នា​នេះ​ លោក​ លីវ​ គ័​រតាវ​ អនុប្រធាន​អង្គការ​ CATAS​ បាន​រៀបរាប់​ថា​ CATAS​ គឺជា​វិទ្យាស្ថាន​ស្រាវជ្រាវ​តំបន់​ត្រូពិច​នៃ​ប្រទេស​ចិន​ ឈរ​លើ​លំដាប់ថ្នាក់​ធំ​ជាងគេ​នៅ​ចិន​ ដែល​ទទួល​ការ​សិក្សា​ស្រាវជ្រាវ​លើ​ វិស័យ​កសិកម្ម​ និង​ជំនាញ​បច្ចេកទេស​ផ្សេងៗ​ ដែល​ទាក់ទង​ផ្នែក​កសិកម្ម​ដោយ​មាន​វិទ្យាស្ថាន​ ក្រោម​អង្គការ​ CATAS​ ចំនួន​១៣​វិទ្យាស្ថាន​លើ​ជំនាញ​ខុសៗ​គ្នា​។​ នៅ​ក្នុង​នោះ​មាន​ជំនាញ​សំខាន់​បំផុត​ គឺ​កៅស៊ូ​ បន្លែ​ ផ្លែ​ឈើ​គ្រប់យ៉ាង​ ការ​វេច​ខ្ចប់​ និង​ដំណាំ​ដូង​។​

​លោក​បញ្ជាក់​ មូលហេតុ​ដែល​ អង្គការ​ របស់​លោក​មក​សហការ​ជាមួយ​កម្ពុ​ជានា​ពេល​នេះ​ ពីព្រោះ​តែ​អង្គការ​របស់​លោក​មាន​គ្រប់​ផ្នែក​ ដែល​អាច​សហការ​ជាមួយ​កម្ពុជា​ បាន​ច្រើន​ក្រសួង​ស្ថាប័ន​។​ ជាង​នេះ​លោក​រំពឹង​ថា​ កាតាក់​ អាច​នឹង​នាំ​យកចំណេះ​ដឹង​ មក​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ច្រើន​ ៖«CATAS​ របស់​យើង​មាន​ផ្នែក​គ្រប់​ ដែល​អាច​សហការ​ជាមួយ​កម្ពុជា​ចំនួន​ច្រើន​ក្រសួង​ ហើយ​ចំពោះ​ការ​បណ្ដុះបណ្ដាល​នេះ​ CATAS​ គិត​ថា​ វា​អត់​ទាក់ទង​ជំនាញ​បច្ចេកទេស​ផ្ដោត​លើ​វិស័យ​កសិកម្ម​ទេ​។​ ព្រោះ​ CATAS​ ចង់​ឲ្យ​បណ្ដុះបណ្ដាល​ទៅ​ដល់​បងប្អូន​ប្រជា​កសិករ​នៅ​កម្ពុជា​កាន់តែ​ច្រើន​»​។​

​សូម​បញ្ជាក់​ថា​ ក្រោយ​ពិធី​ចុះហត្ថលេខា​នេះ​ ភាគី​ទាំង​ពីរ​ កម្ពុជា​-​ចិន​ នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ជា​ច្រើន​ រួម​មាន​ ការ​ផ្លាស់​ប្តូរ​សម្ភារ​ សិក្សា​ស្រាវជ្រាវ​ ឯកសារ​ និង​ព័ត៌មាន​ពាក់ព័ន្ធ​ កម្មវិធី​ផ្លាស់​ប្តូរ​គ្រូ​ និង​អ្នកបច្ចេកទេស​ និង​អ្នក​វិទ្យាសាស្ត្រ​ វគ្គ​បណ្តុះបណ្តាល​រួម​គ្នា​សម្រាប់​អ្នក​គ្រប់​គ្រង់​ជាន់ខ្ពស់​ និង​មន្ត្រី​បច្ចេកទេស​នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ការ​បណ្តុះបណ្តាល​ពី​ចម្ងាយ​ (Web​ distance​ training)​ ដែល​គាំទ្រ​ដោយ​អង្គការ​CATAS៕

Share

Image
Image
Image