en     km
en     km

កម្ពុជា​ នឹង​បញ្ជូន​ទ័ព​មួក​ខៀវ​ ២០៤​នាក់​ ទៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​

Share

​ភ្នំពេញ​ ៖​ ក្រសួងការពារជាតិ​កម្ពុជា​ នឹង​បញ្ជូន​កង​វិស្វកម្ម​លេខ​ ៥៩៤​ (​ទ័ព​មួក​ខៀវ​)​ ចំនួន​ ២០៤​នាក់​ ដែល​មាន​នារី​ ១០​នាក់​ ទៅ​ចូលរួម​បេសកកម្ម​ រក្សា​សន្ដិភាព​របស់​អង្គការសហប្រជាជាតិ​ UN​ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​។​ ការ​បញ្ជូន​នេះ​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍​ចិន​តុង​ រាជធានី​ភ្នំពេញ​។​ នេះ​បើ​តាម​មន្ដ្រី​នាំពាក្យ​ មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​ កងកម្លាំង​រក្សា​សន្ដិភាព​ បោសសំអាត​គ្រាប់​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ បញ្ជាក់​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​៣១​ ខែតុលា​នេះ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

 

​កញ្ញា​ កុសល​ ម៉ា​លី​ន​ដា​ មន្ដ្រី​នាំពាក្យ​ មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​ កងកម្លាំង​រក្សា​ សន្ដិភាព​ បោសសំអាត​គ្រាប់​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ មាន​ប្រសាសន៍​ថា​ កម្ពុជា​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ​ទៅ​ចូលរួម​បេ​ក​សកម្ម​ រក្សា​សន្ដិភាព​របស់​អង្គការសហប្រជាជាតិ​ តាំងពី​ឆ្នាំ​២០០៦​។​ បេ​កស​កម្មនេះ​ គឺ​កម្ពុជា​ ត្រូវ​ផ្លាស់​ប្ដូរ​សមាសភាព​ជា​រៀង​រាល់​ឆ្នាំ​ ស្រប​ទៅ​តាម​ការ​ស្នើ​ពី​អង្គការ​សហ​ប្រជា​តិ​។​

​កន្លង​មក​ កងទ័ព​មួក​ខៀវ​របស់​កម្ពុជា​ ធ្លាប់​បាន​ឈរជើង​នៅ​ប្រទេស​ចំនួន​ ០៥​ ដែល​មាន​ដូច​ជា​ អា​ហ្វ្រឹ​ក​កណ្ដាល​ លី​បង់​ ម៉ា​លី​ និង​ប្រទេស​ស៊ូ​ដង់​ខាងត្បូង​។​ គិត​ពី​ឆ្នាំ​២០០៦​ មក​ដល់​ឆ្នាំ​២០១៨​នេះ​ កម្ពុជា​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ​ទៅ​ចូលរួម​បេសកកម្ម​ រក្សា​សន្ដិភាព​ របស់​អង្គការសហប្រជាជាតិ​ចំនួន​ ៥៥៧៩​នាក់​ ហើយ​ក្នុង​នោះ​ ២៦៧​នាក់​ជា​ស្ដ្រី​។​

​មន្ដ្រី​នាំពាក្យ​ មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​ កងកម្លាំង​រក្សា​ សន្ដិភាព​ បោសសំអាត​គ្រាប់​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ ឲ្យ​ដឹង​ទៀត​ថា​ បច្ចុប្បន្ន​នេះ​កងទ័ព​មួក​ខៀវ​កម្ពុជា​ ដែល​កំពុង​ចូលរួម​បំពេញបេសកកម្ម​ រក្សា​សន្ដិភាព​ របស់​អង្គការសហប្រជាជាតិ​ មាន​ចំនួន​ជាង​ ៨០០​នាក់​។​ កងទ័ព​មួក​ខៀវ​កម្ពុជា​ ទាំងអស់​គឺ​ទៅ​មាន​ជំនាញ​ខុសៗ​គ្នា​ ៖«​យើង​ទៅ​នេះ​គឺ​មាន​ជំនាញ​ខុសៗ​គ្នា​។​ យើង​ទៅ​ទី​១​ ហ្នឹង​គឺ​ជំនាញ​ខាង​មីន​ បោសសំអាត​មីន​ បន្ទាប់​មក​យើង​ទៅ​ជំនាញ​ខាង​ត្រួតពិនិត្យ​ការ​ធ្វើ​ដំណើរ​ ហើយ​បន្ទាប់​មក​យើង​ទៅ​ខាង​វិស្វកម្ម​ ហើយ​យើង​ទៅ​ខាង​អាវុធហត្ថ​។​ អាវុធហត្ថ​ហើយ​ យើង​ទៅ​ខាង​ពេទ្យ​កម្រិត​ ២​ ហើយ​យើង​មាន​វិស្វកម្ម​ សំណង់​ ហើយ​មាន​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​ ហើយ​មាន​ខាង​វិស្វកម្ម​ខាង​ព្រ​លាន​យន្ដហោះ​ ហើយ​យើង​មាន​ជំនាញ​មួយទៀត​គឺ​ នាយទាហាន​សេនាធិការ​ និង​សង្កេត​ការ​យោធា​»​។​

​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​ក្រសួងការពារជាតិ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៣១​ ខែតុលា​នេះ​ បាន​បញ្ជាក់​ដែរ​ថា​ កង​វិស្វកម្ម​លេខ​ ៥៩៤​ គឺជា​កង​វិស្វកម្ម​ លើក​ទី​០៥​ហើយ​ ដែល​ត្រុ​វ​បញ្ជូន​ទៅ​ចូលរួម​បេសកកម្ម​ រក្សា​សន្ដិភាព​របស់​អង្គការសហប្រជាជាតិ​ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ ហើយ​កង​នេះ​ នឹង​ត្រូវ​ទៅ​ប្ដូរ​វេន​ជំនួស​កង​វិស្វកម្ម​លេខ​ ៩៥៤​ ដែល​បាន​សម្រេច​ភារកិច្ច​ដោយ​ជោគជ័យ​ ក្នុង​បេសកកម្ម​រក្សា​សន្ដិភាព​ របស់​អង្គការសហប្រជាជាតិ​ អាណត្ដិ​ ១​ឆ្នាំ​របស់​ខ្លួន​ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​។​

​គួរ​រំ​ឮ​កថា​ កាលពី​ខែឧសភា​ ឆ្នាំ​២០១៧​ មាន​កងទ័ព​មួក​ខៀវ​កម្ពុជា​បួន​រូប​ បាន​ស្លាប់​ ព្រោះតែ​ការ​វាយឆ្មក់​មួយ​ពី​ក្រុម​ឧទ្ទាម​ ក្នុង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​។​ ចំណែក​កាលពី​ខែមីនា​ ឆ្នាំ​២០១៨​នេះ​ មូលដ្ឋាន​កង​រក្សា​សន្ដិភាព​របស់​កម្ពុជា​ ប្រចាំ​នៅ​ក្នុង​ប្រទេស​ម៉ា​លី​ ក៏​ត្រូវ​បាន​ក្រុម​ជីវពល​ វាយប្រហារ​ដែរ​ ក៏​ប៉ុន្ដែ​មិន​មាន​កងទ័ព​មួក​ខៀវ​កម្ពុជា​រូប​ណា​គ្រោះថ្នាក់​ឡើយ​។​ បើ​ទោះជា​ធ្លាប់​មានការ​វាយ​ការ​បែប​នេះ​ក្ដី​ តែ​សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ បាន​អះអាង​កាលពី​ខែមីនា​កន្លង​ទៅ​ថា​ កម្ពុជា​មិន​រា​ថយ​ឡើយ​ បើ​ទោះជា​មានការ​វាយប្រហារ​ពី​កងកម្លាំង​ឧ​ទ្ធា​ម​ម្ចាស់​ស្រុក​ក៏​ដោយ​ ហើយ​កម្ពុជា​នឹង​នៅ​តែ​រក្សា​ការ​ចូលរួម​ រក្សា​សន្ដិភាព​នៅ​ទីកន្លែង​នានា​ក្នុង​ពិភពលោក​ជាមួយ​អង្គការសហប្រជាជាតិ​បន្ដ​ទៀត​៕

Share

Image
Image
Image