en     km
en     km

កម្ពុជា​ហៅ​បញ្ហា​សិ​ទិ្ធ​មនុស្ស​ថា​ជា​ឧបករណ៍​របស់​សហគមន៍​អន្តរជាតិ​ ដើម្បី​បំបាក់មុខ​កម្ពុជា​

Share

ភ្នំពេញ៖​កម្ពុជា​ប្រតិកម្ម​ទៅ​នឹង​របាយការណ៍​របស់​ អង្គការ​ដែល​បាន​រិះគន់​ដល់​កម្ពុជា​ ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​ មនុស្ស​ដោយ​ ចាត់​ទុក​បញ្ហា​សិ​ទិ្ធ​មនុស្ស​ថា​ជា​ឧបករណ៍​របស់​សហគមន៍​អន្តរជាតិ​ ដើម្បី​បំបាក់មុខ​កម្ពុជា​។​

​លោក​នួន​បូ​រិ​ន​ ជូន​សេចក្ដីរាយការណ៍​៖

 

un-01

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ របស់​លោក​ ណី​ សំ​អុល​ ឯកអគ្គរាជទូត​ និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ ប្រចាំ​អង្គការសហប្រជាជាតិ​  នៅ​ទីក្រុង​ហ្សឺ​ណែវ​ ប្រទេស​ស្វី​ស​ បាន​ចាត់​ទុក​ថា​ បញ្ហា​សិទ្ធិ​មនុស្ស​តែងតែ​ក្លាយជា​ឧបករណ៍​ សម្រាប់​បង្ខូច​កេរ្តិ៍ឈ្មោះ​រដ្ឋាភិបាល​ កម្ពុជា​។​

​សេចក្តីថ្លែងការណ៍​ របស់​លោក​ ណី​ សំ​អុល​ ធ្វើ​ឡើង​ កាលពី​ថ្ងៃ​ទី​៩​មី​ថុ​នា​ ហើយ​ ត្រូវ​បាន​ ផ្សាយ​បន្ត​ដោយ​គេហទំព័រ​Fresh​ News​  បាន​ បន្ត​ថា​ សហគមន៍​អន្តរជាតិ​និង​អង្គការ​ មួយ​ចំនួន​ មិន​បាន​មើលឃើញ​ពី​ ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​អនុវត្ត​នីតិរដ្ឋ​ ទេ​តែ​បែរជា​ ដាក់​ ការ​ចោទប្រកាន់​ កម្ពុជា​រំលោភសិទ្ធិ​មនុស្ស​ បំបិទ​សិ​ទិ្ធ​សេរី​បញ្ចេញមតិ​ទៅ​វិញ​ ។​ 

ក្នុង​ន័យ​នេះ​តំណាង​កម្ពុជា​ មើលឃើញ​ថា​ បញ្ហា​សិទ្ធិ​មនុស្ស​  តែងតែ​ក្លាយជា​ឧបករណ៍​សម្រាប់​ បង្ខូច​កេរ្តិឈ្មោះ​ រាជរដ្ឋាភិបាល​ ជា​ពិសេស​នៅ​ពេល​មានការ​បោះ​ឆ្នោត​ ម្ដងៗ​ហើយ​ស្រប​ពេល​នោះ​អង្គភាព​ខ្លះ​បាន​អនុវត្ត​ស្តង់ដារ​ពីរ​ និង​វិធីសាស្ត្រ​ រើសអើង​ចំពោះ​រាជរដ្ឋាភិបាល​ ពេល​ដែល​និយាយ​ដល់​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​។​

​តំណាង​កម្ពុជា​ ដែល​ប្រតិកម្ម​នេះ​ គឺជា​ការ​ ឆ្លើយ​តប​ទៅ​នឹង​ សម័យប្រជុំ​លើក​ទី​៣៤​នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហ្សឹ​ណែវ​ ប្រទេស​ស្វិ​ស​កាលពី​ថ្ងៃ​ទី​ ៩​មី​ថុ​នា​។​ 

​ទាក់ទិន​នឹង​ សេចក្ដីថ្លែងការណ៍​របស់​ តំណាង​កម្ពុជា​ នៅ​អង្គការសហប្រជាជាតិ​   លោក​ មឿ​ន​តុលា​ នាយក​ប្រតិបត្តិ​ អង្គការ​សម្ព័ន្ធ​ការងារ​ និង​ការពារ​សិទ្ធិ​មនុស្ស​ យល់​ឃើញ​ថា​ ការណ៍​ដែល​ កម្ពុជា​ ខិតខំ​ បិទ​បាំង​និង​ការពារ​កិត្តិយស​ខ្លួន​  ដូចនេះ​ មិន​អាច​ លាក់​ជិត​ឡើយ​គឺ​ដូច​ យក​ចង្អេរ​បាំង​ខ្មោច​ដំរី​ ។​ លោក​ថា​ សហគមន៍​មុនគេ​ចេញ​របាយការណ៍​រិះគន់​កម្ពុជា​ គឺ​គេ​បាន​សិក្សា​ ស៊ីជម្រៅ​រួច​ហើយ​ ។​

​លោក​ទទូច​ថា​ រាជរដ្ឋាភិបាល​ កម្ពុជា​ គួរ​ទទួលយក​ ការ​រិះគន់​របស់​សហគមន៍​អន្តរជាតិ​ ហើយ​ កែទម្រង់​គោលនយោបាយ​ របស់​ខ្លួន​លើ​ ការ​គោរព​សិទ្ធិ​មនុស្ស​ឡើ​វិញ​ដែល​ លោក​បារម្ភ​ខ្លាច​អន្តរជាតិ​គេ​ ចាត់វិធានការ​ ជាក់ស្ដែង​លើ​ កម្ពុជា​។​

​កាលពី​ថ្ងៃ​សុក្រ​ទី​ ១០​ មិថុនា​ ក្នុង​ស​ន្នី​សី​ទ​ មួយ​ ជាមួយ​ តំណាង​អង្គការសិទ្ធិមនុស្ស​ របស់​ អង្គការសហប្រជាជាតិ​   លោក​ កែវ​រ៉េ​មី​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ លើក​ឡើង​ថា​ កម្ពុជា​ជា​ប្រទេស​បាន​គោរព​តាម​គោលការណ៍​សិទ្ធិ​មនុស្ស​ល្អ​ប្រសើរ​ បើ​ធៀប​បណ្ដា​ប្រទេស​ផ្សេង​ទៀត​លើ​ពិភពលោក​។​លោក​ថា​ ប្រទេស​ដែល​មានការ​រំលោភសិទ្ធិ​មនុស្ស​ខ្លាំង​ជាង​កម្ពុជា​នោះ​ មាន​ដូច​ជា​ សហរដ្ឋអាមេរិក​ ម៉ា​ឡេ​ស៊ី​ ហ្វី​លី​ពី​ន​ ថៃ​ សិង្ហ​បុរី​ មី​យ៉ា​ន់​ម៉ា​ និង​នៅ​តំបន់​អឺ​រុ​ប​ជាដើម​។​

​ឆ្លើយ​តប​នឹង​ ការ​ផ្ដល់​អនុសាសន៍​របស់​ លោក​មឿ​ន​តុលា​  លោក​សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​ បក្ស​កាន់​អំណាច​ និយាយ​ថា​ ការ​យល់​ឃើញ​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​ រូប​នេះ​ គឺជា​ការ​និយាយ​ ដោយ​មាន​ភាព​លំអៀង​ ដែល​ លោក​ថា​ ប្រទេស​ណា​ក៏​មានច្បាប់​ ទម្លាប់​គេ​ដែរ​។​ 

​សូម​ជម្រាប​ថា​ កាល​ឆ្នាំ​២០១៦​  ក៏​សម័យប្រជុំ​លើក​ទី ​៣៣​នៃ​ក្រុមប្រឹក្សា​សិ​ទិ្ធ​មនុស្ស​អង្គការសហប្រជាជាតិ​បាន​ ចេញ​សេចក្ដីថ្លែងការណ៍​រួម​ដាក់​ ប្រទេស​កម្ពុជា​ ជា​រដ្ឋ មាន​ហានិភ័យ​ខ្លាំង​ករណី​រំលោភសិទ្ធិ​មនុស្ស​៕​ 

Share

Image
Image
Image