en     km
en     km

កម្ពុជា​ផលិត​ស្រូវ​បាន​ជាង​ ១០​ លាន​តោន​ កើនឡើង​ជាង​ ៥​ ភាគរយ​ នៅ​ឆ្នាំ​មុន​

Share

ភ្នំពេញ​៖​ ប្រមុខ​រដ្ឋាភិបាល​ បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​ផលិត​ស្រូវ​បាន​សរុប​ជាង​ ១០​ លាន​តោន​ កើនឡើង​ជាង​ ៥​ ភាគរយ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។​ ជាមួយ​គ្ន​នេះ​ ផលិតកម្ម​ក​ជ័រកៅស៊ូ​ ផលិតកម្ម​សត្វ​ និង​វារីវប្បកម្ម​ក៏​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ​។​ 

​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​នៅ​ក្នុង​កម្មវិធី​ស​ន្និ​បាទ​បូក​សរុប​ការងារ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ​ ឆ្នាំ​ ២០១៧-២០១៨​ នៅ​ថ្ងៃ​ទី​ ២​ ខែ​ ឧសភា​នេះ​ថា​ កម្ពុជា​ផលិត​ស្រូវ​សរុប​ ១០​លាន​ ៥​ម៉ឺន​ ២​ ពាន់​តោន​ ដោយ​កើនឡើង​ ៥,៧​ ភាគរយ​។​ ក្នុង​នោះ​ អតិរេក​ស្រូវ​ ឬ​ ស្រូវ​សល់​ជាង​៥​លាន​ ៥​ សែន​ ៦​ម៉ឺន​តោន​ ឬ​ស្មើនឹង​ ៣,៥៦​ លាន​តោន​ បើ​គិត​ជា​អង្ករ​។​

​សម្តេច​ ហ៊ុន​ សែន​៖​ «​ផលិតផល​ស្រូវ​សរុប​ក្នុង​បរិមាណ​ប្រមាណ​ ១០​លាន​ ៥​ម៉ឺន​ ២​ ពាន់​តោន​ កើនឡើង​ ៥.៧​ ភាគរយ​ ធៀប​ទៅ​នឹង​ឆ្នាំ​មុន​ និង​អតិរេក​ស្រូវ​មាន​ចំនួន​ជាង​៥​លាន​ ៥​ សែន​ ៦​ម៉ឺន​តោន​ ឬ​គិត​ជា​អង្ករ​ស្មើនឹង​ ៣​លាន​ ៥​ សែន​ ៦​ម៉ឺន​តោន​។​»

​សម្តេច​ ហ៊ុន​ សែន​ ថ្លែង​បន្ត​ថា​ ក្រៅពី​ស្រូវ​ ផលិតកម្ម​ក​ជ័រកៅស៊ូ​ក៏​មាន​កំណើន​ ៣៣​ ភាគរយ​ ផលិតកម្ម​សត្វ​ ១,​ ៥​ ភាគរយ​ និង​វារីវប្បកម្ម​កើន​ ២០​ភាគរយ​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​។​



​បើ​តាម​ លោក​ វេ​ង​ សា​ខុន​ រដ្ឋមន្ត្រីក្រសួង​ កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ​ឲ្យ​ដឹង​ថា​ ការ​ដាំ​ដំណាំ​ស្រូវ​លើ​ផ្ទៃ​សរុប​៣,២១​លាន​ហិ​កតា​ នៅ​ឆ្នាំ​ ២០១៧​។​ ការ​ប្រមូល​ផល​ស្រូវ​ជា​មធ្យម​ ៣,២៩​ តោន​ក្នុង​មួយ​ហិ​កតា​។​ លោក​រដ្ឋមន្ត្រី​ថា​ វិស័យ​កសិកម្ម​បាន​កើនឡើង​ជិត​ ២​ ភាគរយ​នៅ​ឆ្នាំ​មុន​ ពោល​គឺ​ស្មើនឹង​ ២៤.៩​ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​។​

​បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បង្ហាញ​ថា​ កម្ពុជា​បាន​នាំ​ចេញ​ជ័រកៅស៊ូ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជាង​ ៤​ ម៉ឺន​តោន​ ដោយ​ទទួល​បាន​ចំណូល​ជាង​ ៥៧​ លាន​ដុល្លារ​ នៅ​ក្នុង​ត្រីមាស​ទី​១​ ឆ្នាំ​ ២០១៨​នេះ​។​

​អគ្គនាយកដ្ឋាន​កៅស៊ូ​ បន្ថែម​ថា​ បច្ចុប្បន្ន​កម្ពុជា​មាន​ផ្ទៃដី​កៅស៊ូ​សរុប​ ៤៣​ ម៉ឺន​ហិ​កតា​។​ ក្នុង​នោះ​ផ្ទៃដី​ចៀរ​ជ័រ​ចំនួន​ប្រមាណ​ ១៧​ ម៉ឺន​ហិ​កតា​ ហើយ​ផ្ទៃដី​ថែទាំ​កៅស៊ូ​ជាង​ ២៦​ ហិ​កតា​ និង​ រោង​សិប្បកម្ម​កែ​ច្នៃ​ចំនួន​ ១៣៩​ ទីតាំង​ ដោយ​ផលិត​ជ័រកៅស៊ូ​ស្ងួត​ជាង​ ១៩​ ម៉ឺន​តោន​។​ ជ័រកៅស៊ូ​កម្ពុជា​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​គឺ​ ប្រទេស​ចិន​ វៀតណាម​ ម៉ា​ឡេ​ស៊ី​ និង​ សឹ​ង្ហ​បុរី​។​ នៅ​ឆ្នាំ​២០១៧​ ប្រាក់​ចំណូល​លក់​ជ័រ​កម្ពុជា​ ទទួល​បាន​ជិត​ ៣០០​លាន​ដុល្លារ​។​

​កាលពី​ថ្មី​នេះ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​ក្រសួងកសិកម្ម​អា​មេ​រិ​ក​ (USDA)​ បាន​បង្ហាញ​ថា​ ការ​នាំ​ចេញ​អង្គរ​កម្ពុជា​នឹង​បន្ត​កើនឡើង​រហូត​ដល់​ ៤​ ភាគរយ​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ កាលពី​ឆ្នាំ​មុន​។​ បើ​ទោះបីជា​ កំណើន​នៃ​ការ​នាំ​ចេញ​អង្ករ​នៅ​ក្នុង​ត្រីមាស​ទី​១​ ឆ្នាំ​ ២០១៨​នេះ​ ធ្លាក់​ចុះ​ ៣,៤​ ភាគរយ​ ឬ​ស្មើនឹង​ជាង​ ៥​ពាន់​ ៥​ រយ​តោន​។​

​កម្ពុជា​នាំ​អង្ករ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ចំនួន​ ៦៣​ ប្រទេស​នៅ​ឆ្នាំ​មុន​។​ ក្នុង​ត្រីមាស​ទី​១​ ឆ្នាំ​ ២០១៨​នេះ​ ប្រទេស​ចិន​បាន​ទិញ​អង្ករ​កម្ពុជា​ច្រើន​ជាងគេ​ ៦៤​ ម៉ឺន​តោន​ ដោយ​ប្រទេស​បារាំង​តាម​ពីក្រោយ​ ជាង​ ២​ ម៉ឺន​តោន​ និង​ប្រទេស​ម៉ា​ឡេ​ស៊ី​ជាង​ ១​ម៉ឺន​តោន​។​
​បើ​តាម​របាយការណ៍​របស់​អង្គការ​ស្បៀងអាហារ​ពិភពលោក​(FAO)​ បាន​ប៉ាន់​ប្រមាណ​ថា​ កម្ពុជា​អាច​នឹង​នាំ​ចេញ​អង្ករ​កើនឡើង​ ៥​ ភាគរយ​ ឬ​ ១, ៣​ លាន​តោន​៕

Share

Image
Image
Image