en     km
en     km

កម្ពុជា​ប្រកា​សភាព​ជោគជ័យ​ប្រយុទ្ធ​ប្រឆាំង​ជំងឺថ្លើម​ប្រភេទ​បេ​លើ​កុមារ​

Share

​ភ្នំពេញ​៖​ ក្រសួងសុខាភិបាល​ប្រកា​សភាព​ជោគជ័យ​ក្នុង​ការ​សម្រេច​គោលដៅ​ជាតិ​ និង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច​នៃ​ប្រយុទ្ធ​ប្រឆាំង​ជំងឺថ្លើម​ប្រភេទ​បេ​ដោយ​ការ​ចាក់​ថ្នាំ​វ៉ាក់សាំង​ជំងឺ​រលាក​ថ្លើម​ដល់​កុមារ​អាយុ​ក្រោម​ ៥​ឆ្នាំ​ បាន​រហូត​ ៩៨​ ភាគរយ​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​

                                                   មន្រ្តីពេទ្យចាក់ថ្នំាវ៉ាក់សំាងដល់កុមារ។រូបភាព៖ ក្រសួងសុខាភិបាល

​ការ​គ្រប់​ដណ្តប់​នៃ​ការ​ផ្តល់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​លើ​កុមារ​មាន​អត្រា​កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​។​

​ក្រសួងសុខាភិបាល​ប្រកាស​នៅ​ក្នុង​កម្មវិធី​ស​ន្និ​សិ​ទ​សារព័ត៌មាន​ នៅ​ថ្ងៃ​សុក្រ​ ទី​ ៨​ ខែ​ មិថុនា​នេះ​ថា​ កម្ពុជា​សម្រេច​គោលដៅ​ជាតិ​ និង​ក្នុង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច​ប្រយុទ្ធ​ប្រឆាំង​ជំងឺថ្លើម​ប្រភេទ​បេ​លើ​កុមារ​អាយុ​ក្រោម​ ៥​ ឆ្នាំ​។​

​លោក​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ថ្លែង​ថា​ កាលពី​ ៧​ ឆ្នាំ​មុន​ ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​លើ​កុមារ​អាយុ​ ៥​ ឆ្នាំ​ នៅ​រាជធានី​ភ្នំពេញ​ ខេត្តក្រចេះ​ និង​ ខេត្តរតនគិរី​ មាន​អត្រា​ប្រ​វ៉ាឡង​ខ្ពស់​។​ នៅ​ឆ្នាំ​ ២០១១​ អត្រា​ប្រេ​វ៉ាឡង​ នៅ​ក្រុងភ្នំពេញ​មាន​ ០.​ ៣៣​ ភាគរយ​ ខេត្តក្រចេះ​១.៤១​ ភាគរយ​ និង​ ខេត្តរតនគិរី​ មាន​រហូត​ដល់​ ៣.​ ៤៥​ ភាគរយ​។​

ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​ថា​ អត្រា​ប្រេ​វ៉ាឡង​កុមារ​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ​នេះ​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​៣​ឆ្នាំ​ ចុង​ក្រោយ​នេះ​ ពោល​គឺ​នៅ​ឆ្នាំ​ ២០១៧​នេះ​ អត្រា​ប្រេ​វ៉ាឡង់​របស់​កុមារ​អាយុ​ ៥​ ឆ្នាំ​ដល់​ ៦​ ឆ្នាំ​ កើត​ជំងឺថ្លើម​ប្រភេទ​បេ​ មាន​ត្រឹម​ ០.៥៦​ ភាគរយ​។​ អត្រា​នេះ​ស្រប​តាម​គោលដៅ​កំណត់​របស់​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ការ​កាត់​បន្ថយ​ប្រេ​វ៉ាឡង់​ជំងឺថ្លើម​ប្រភេទ​បេ​ក្នុង​ ចំណោម​កុមារ​ឲ្យ​តិច​ជាង​១​ ភាគរយ​។​

​បើ​តាម​អង្គការ​សុខភាព​ពិភពលោក​បាន​ប៉ាន​ប្រមាណ​ថា​ មនុស្ស​ប្រហែល​ ១១៥​ លាន​នាក់​ ក្នុង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​រុំ​ា​រ៉ៃ​ ស្មើនឹង​ ៤៥​ ភាគរយ​ នៃ​ជំងឺឆ្លង​នៅ​ពិភពលោក​ ហើយ​ មនុស្ស​ ៩​ នាក់​ក្នុង​ចំណោម​ ១០​ នាក់​ មិន​បានដឹង​ថា​មាន​ជំងឺ​រលាក​ថ្លើម​រុំ​ា​រ៉ៃ​នោះ​ទេ​។​

​លោកស្រី​ ទុង​ រ​ដ្ឋា​វី​ ប្រធាន​ម​ជ្ឍ​មណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក​នៃ​ក្រសួងសុខាភិបាល​ អះអាង​ថា​ នៅ​ឆ្នាំ​ ២០១៧​នេះ​ កុមារ​ ៩៨​ ភាគរយ​ ទទួល​បានការ​ចាក់​វ៉ាកសាំង​ការពារ​ជំងឺថ្លើម​ប្រភេទ​បេ​នៅ​ក្នុង​ចំណោម​កុមារ​ជាង​ ១​ លាន​ ៧​ សែន​នាក់​នៅ​ទូ​ទាំង​ប្រទេស​។​

​លោកស្រី​ ទុង​ រ​ដ្ឋា​វី​ ប្រធាន​ម​ជ្ឍ​មណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក​នៃ​ក្រសួងសុខាភិបាល​ ត្រូវការ​ថវិការ​ប្រមាណ​ ៧៧៧.៥០០​ ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ទិញ​ថ្នាំ​វ៉ាកសាំង​រលាក​ថ្លើម​ប្រភេទ​បេស​ម្រា​ប់​ចាក់​ទារក​ទើប​កើត​ ហើយ​ក្រសួង​ត្រូវការ​ថវិកា​ជាង​ ១​លាន​ ២​ សែន​ ដុល្លារ​ ទៀត​ ដើម្បី​ទទួល​បាន​ថ្នាំ​វ៉ាកសាំង​ចាក់​កុមារ​ឲ្យ​គ្រប​ចំនួន​៣​ដូ​ស​។​

​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួងសុខាភិបាល​ អង្គការ​សុខភាព​ពិភពលោក​ និង​អង្គការ​ហូ​នី​សេ​ហ្វ​ ចេញផ្សាយ​នៅ​ថ្ងៃ​ សុក្រ​នេះ​ បញ្ជាក់​ថា​ ជា​រៀង​រាល់​ឆ្នាំ​ មនុស្ស​ជិត​ ២៦០​ លាន​នាក់​ នៅ​ជុំវិញ​ពិភពលោក​រស់នៅ​ជាមួយ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​ ហើយ​មនុស្ស​ប្រហែល​ ៨​ លាន​នាក់​ស្លាប់​ដោយសារ​ជំងឺថ្លើម​ប្រភេទ​បេ​៕

Share

Image
Image
Image