en     km
en     km

កម្ពុជា​និង​ម៉ា​ឡេ​ស៊ី​ ស្នើ​ឲ្យ​អា​មេ​រិ​ក​បន្ធូរ​ដៃ​នៅ​ឧបទ្វីប​កូរ៉េ​ (​មាន​សំឡេង​)

Share

ភ្នំពេញ៖ប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ ហៅកាត់ថា អាស៊ាន ចំនួនពីរបានអំពាវនាវឲ្យសហរដ្ឋអាមេរិកបន្ទន់ជំហរចំពោះភាពតានតឹងនៅឧបទ្វីបកូរ៉េ។ សំណើរនេះធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីចុងខែ មេសា នៅប្រទេសហ្វ៊ីលីពីន។

brak-sokhon
ប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន និងសមភាគីប្រទេសម៉ាឡេស៊ី បានស្នើឲ្យសហរដ្ឋអាមេរិកបន្ទន់ឥរិយាបទចំពោះភាពចម្រូងចម្រាស់នៅក្នុងឧបទ្វីបកូរ៉េ ប្រយោជន៍ដើម្បីចៀសវាងហានិភ័យដោយសង្គ្រាមជាយថាហេតុណាមួយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជានៅរសៀលថ្ងៃអង្គារ ទី២ ខែឧសភា នេះ។

លោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានស្នើយ៉ាងដូច្នេះក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងទីក្រុងម៉ានិល ប្រទេសហ្វ៊ីលីពីន។ កិច្ចប្រជុំដែលបានបិទបញ្ចប់កាលពីថ្ងៃទី២៨ខែ មេសា។
កាលពីថ្ងៃទី៣០ មេសា ទីប្រឹក្សាសន្តិសុខសហរដ្ឋអាមរិកបានផ្តល់យោបល់ ឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឲ្យឆាប់បង្ក្រាបភាពក្រអឺតក្រទមរបស់រដ្ឋការក្រុងព្យុងយ៉ាង។

ដោយសារកូរ៉េខាងជើងនៅតែបន្តបង្ហាញអំនួតនិងសាច់ដុំផ្នែកសព្វាវុធប្រល័យលោកនិងផ្គើនដល់សហរដ្ឋអាមេរិក ខណៈដែលអាមេរិកបានបញ្ជូនយន្តហោះ និងនាវាចម្បាំងមកកាន់ឧបទ្វីបកូរ៉េ។ ប៉ុន្តែលោកប្រធានាធិបតីអាមេរិកនៅមិនទាន់ធ្វើការសម្រេចចិត្តបែបណានៅឡើយទេ។
ខណៈនេះចលនាប្រទេសបារាំង និងអង់គ្លេសបានបញ្ជូននាវាចម្បាំងមកធ្វើសមយុទ្ធយោធានៅប្រទេសជប៉ុន ដែលក្រុមអ្នកវិភាគគិតថា សហគមលោកខាងលិចកំពុងដាក់សម្ពាធជាប្រយោលលើទីក្រុងព្យុងយ៉ាងដែលជាប្រទេសកុម្មុយនិស្តយ៉ាងឯកោ។ រដ្ឋមន្ត្រីការបរទេសកម្ពុជានិងរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានទទូចថា អាមេរិកគួរធ្វើយ៉ាងណាដើម្បីបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េនេះ។

ប្រមុខការទូតនៃប្រទេសទាំងពីរបានគូសបញ្ជាក់ថា ប្រសិនបើមានការប៉ះទង្គិចគ្នាផ្នែកយោធាកើតឡើងនោះ ផលប៉ះពាល់ផ្នែកសន្តិសុខ សន្តិភាព សេ្ថរភាពនឹងកើតមានដំណាលគ្នាផងដែរ។ បន្ថែមពីនោះទាំងឧបទ្វីបកូរ៉េ តំបន់អាស៊ីប៉ាស៊ីភិក និងតំបន់អាស៊ាន នឹងទទួលរងផលប៉ះទង្គិច។ លោកប្រាក់ សុខុន និងសមភាគីម៉ាឡេស៊ី បាននិយាយយោងទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិកថា អាមេរិក «គួរពិចារណា បន្ធូរបន្ថយ» ស្ថានការណ៍នៅជ្រោយកូរ៉េនេះ។
ដំណាលគ្នានោះដែរកម្ពុជា និងម៉ាឡេស៊ី ក៏បានស្នើឲ្យប្រទេសកូរ៉េខាងជើងបញ្ឈប់ការបាញ់សាកល្បងកាំជ្រួចមីស៊ីលនិងបញ្ឈប់ការផលិតអាវុធនុយក្លេអ៊ែរ។ កាលពីពេលថ្មីៗនេះប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន ក៏បានបង្ហាញការព្រួយបារម្ភចំពោះភាពតានតឹងផ្នែកយោធានៅឧបទ្វីបកូរ៉េនោះដែរ។ ប៉ុន្តែសម្តេច ហ៊ុន សែន គិតថា ភាពតានតឹងនេះនឹងមិនអាចបង្កឲ្យមានផ្ទុះជាសង្គ្រាមនោះទេ។ ដោយសារភាពតានតឹងនេះគ្រាន់តែជារូបភាពនៃការបង្ហាញសាច់ដុំដាក់គ្នាផ្នែកសព្វាវុធ ឬគ្រាន់តែជាការរត់ប្រណាំងផ្នែកសព្វាវុធដាក់គ្នាតែប៉ុណ្ណោះ៕

Share

Image
Image
Image