en     km
en     km

កម្ពុជាអនុញ្ញាតអោយក្រុមហ៊ុនមួយយកទីតាំងនៅស្រុកសំបូរធ្វើអាជីវកម្មកសិកម្ម

Share

ភ្នំពេញ៖តាមរយៈគោលការណ៍វិនិយោគលិខិតលេខ ២២៦ (សជណ) ចុះថ្ងៃទី០៩ ខែកុម្ពៈ ឆ្នាំ២០០៦ របស់ទីស្តីការគណរដ្ឋមន្រ្តីបានឱ្យដឹងថា រាជរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ច ចំនួន ៩៥៨៣ហិកតា ទៅឲ្យក្រុមហ៊ុនហ្គីនអាយលែន ដែលក្នុងនោះផ្ទៃដីសម្រាប់ធ្វើអាជីវកម្មកសិកម្មដើម្បីដាំកៅស៊ូ និងអាកាស្យា មានចំនួន ៨១៨១ ហិកតា។

នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអំពីដំណើរទស្សនកិច្ចរបស់លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ នៅក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោក វេង សាខុន បានវាយតម្លៃខ្ពស់ និងកោតសរសើរពីការខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍលើដីសម្បទានសេដ្ឋកិច្ច ផ្តោតជាសំខាន់លើវិស័យកសិកម្ម និងការអភិរក្សធនធានធម្មជាតិស្របតាមគោលនយោបាយចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និងគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០៣០ ក្នុងទិសដៅបង្កើនបរិមាណ គុណភាព និងសុវត្ថិភាពសមស្របតាមស្តង់ដាទីផ្សារក្នុងតំបន់ និងទីផ្សារពិភពលោក។

តែយ៉ាងណាលោករដ្ឋមន្រ្ដីរូបនេះ ក៏បានបានផ្តល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុននូវចំណុចសំខាន់ៗមួយចំនួន ដូចជា ស្នើឱ្យក្រុមហ៊ុនបង្កើនការ យកចិត្តទុកដាក់ និងពន្លឿនការងារអនុវត្តលើផែនការសកម្មភាពចម្បងៗរបស់ក្រុមហ៊ុនដែលបានឯកភាពជាមួយក្រសួង ធ្វើយ៉ាងណាជំរុញការងារដាំដុះ និងនាំចេញកសិផលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

បញ្ជាក់ផងដែរថា ក្រុមហ៊ុនហ្គីនអាយលែន ក្រៅពីដាំដំណាំស្នូល ដូចជា កៅស៊ូ និងអាកាស្យា ក្រុមហ៊ុននេះ ក៏មានដាំចេកអំបូងលឿងសាកល្បងលើផ្ទៃដីចំនួន ២៤០ហិកតា និងម្រេចចំនួន ៦០ហិកតា។ បន្ថែមលើនេះទៀតនោះ ក្រុមហ៊ុនខាងលើក៏មានគម្រោងអភិវឌ្ឍន៍តំបន់វិនិយោគខាងលើទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិផងដែរ។

តាមការលើកឡើងរបស់លោក វេង សាខុន  ការអភិរក្សធនធានធម្មជាតិ ពិសេសព្រៃឈើ និងសត្វព្រៃ ក្រុមហ៊ុន ហ្គីនអាយលែន ចាំបាច់ត្រូវសហការជាមួយរដ្ឋបាលព្រៃឈើ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ឲ្យបានល្អប្រសើរ។​​

ក្រុមហ៊ុននេះ បច្ចុប្បន្ន មានបុគ្គលិក កម្មករបម្រើការចំនួន ២៣៦នាក់ ក្នុងនោះបុគ្គលិកបរទេសចំនួន ២០នាក់៕

Share

Image
Image
Image