en     km
en     km

កម្ពុជាបន្តបង្កើនភ្ញៀវទេសច​រណ៍តាមរយៈ បុណ្យសមុទ្រនៅក្រុងកែប

Share

ភ្នំពេញ៖ កម្ពុជានឹងរៀបចំពិធីបុណ្យសមុទ្រលើកទី០៦ ឆ្នាំ២០១៧នៅទីក្រុងកែប ក្រោមប្រធានបទ«ឆ្នេរសមុទ្របៃតង៖ អនាគត គឺបច្ចុប្បន្ន» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០១៧។

ការរៀបចំបុណ្យសមុទ្រលើកទី០៦ នេះមានបំណងអបអរសាទរឆ្នេរសមុទ្រកម្ពុជាជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតលើសកលលោក និងបន្តជំរុញការអភិរក្សផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់ឆ្នេរ។ នេះបើយោងតាម សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ចុះផ្សាយកាលពីថ្ងៃទី០៧ វិច្ឆិកា ម្សិលមិញ។

តាមសេចក្តីជូនដំណឹងដដែល ពិធីបុណ្យសមុទ្រនៅឆ្នាំនេះមានសកម្មភាពសំខាន់ៗចំនួន០៤៖

-ការផ្សាយរបស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍នានានូវការសម្តែងទស្សនីយភាពសិល្បៈកម្ពុជា និងអន្តរជាតិ ការប្រគុំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រលើកទី០៦ ព្រមទាំងក្បួនព្យុហយាត្រា។

-មានរៀបចំមហោស្រពអន្តរជាតិម្ហូបអាហារ ស្រា និងភេសជ្ជៈ ព្រមទាំងការការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរសមុទ្រ។

-ការតាំងពិព័រណ៍ផលិតផលកសិទេសចរណ៍​ និងផលិតផលក្នុងស្រុក។

-សកម្មភាពកីឡាលើទឹក និងលើឆ្នេរខ្សាច់។

តាមការគ្រោងទុកពិធីបុណ្យសមុទ្រលើកទី០៦ រៀបចំនៅខេត្តកែបនេះ នឹងមានការចូលរួមសម្តែងសិល្បៈពីសំណាក់ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិ ព្រមទាំងមានកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ និងក្រុមហ៊ុនជាច្រើនផងដែរ។

ទាក់ទិននឹងពិធីបុណ្យនេះដែរ កាលពីខែតុលា រដ្ឋបាលខេត្តកែប ក្រោយការដឹកនាំកិច្ចប្រជុំរបស់លោកអភិបាលខេត្តបានសម្រេចបង្កើតគណៈកម្មការថ្នាក់ខេត្ត និងអនុគណៈកម្មការជាចំណុះរៀបចំពិធីបុណ្យសមុទ្រលើកទី០៦នេះ។

អនុគណៈកម្មការនេះមានតួនាតីទទួលបន្ទុកការងារពិធីការ រៀបចំទីតាំងអនាម័យ សោភ័ណ្ឌភាព និងហិរញ្ញវត្ថុ ព្រមទាំងមានភារកិច្ចសហការជាមួយអនុគណៈកម្មការថ្នាក់ខេត្តនិងអនុគណៈកម្មការអន្តរស្ថាប័នដែលមានពាក់ព័ន្ធ ដើម្បីសម្រួលការងារពិធីបុណ្យនេះឱ្យប្រសើរឡើង។

តាមការរំពឹងទុករបស់លោកអភិបាលខេត្ត លោករំពឹងថា ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកចូលរួមក្នុងពិធីនេះប្រមាណជាតិ ១លាននាក់។

រយៈពេល៩ខែចុងក្រោយនាឆ្នាំ ២០១៧ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានទៅទស្សនាខេត្តកែប មានប្រមាណ ៩៦ម៉ឺននាក់។ សូមរំលឹកថា ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី ៥ រយៈបីថ្ងៃនៅខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៦ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមប្រមាណជាង ៥០ម៉ឺននាក់៕

 

Share

Image
Image
Image