en     km
en     km

កម្ពុជានាំចេញស្វាក្ដាមជាង ៥ពាន់ក្បាលនៅឆមាសទី១ ឆ្នាំ២០១៨នេះ

Share

ភ្នំពេញ៖ សត្វស្វាក្តាមជាង ៥ពាន់ក្បាលត្រូវបាននាំចេញទៅបណ្តាលប្រទេសជឿនលឿនមួយចំនួនដើម្បីធ្វើការស្រាវជ្រាវ និងពិសោធន៍ធ្វើជាឱសថសម្រាប់ព្យាបាលមនុស្ស និងសត្វ។ នេះបើយោងតាមរបាយការណ៍ស្តីពី សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆមាសទី១ ឆ្នាំ២០១៨នេះ។


នៅឆ្នាំ ២០០៣ ក្រសួងកសិកម្ម បានអនុញ្ញាត ឱ្យមានការបង្កើតកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជស្វាក្តាមសម្រាប់ធ្វើការនាំចេញ។ សត្វស្វាក្តាម (Scientific Name: Macaca fascicularis) ជាប្រភេទសត្វមានបង្គួរ និង មិនខ្លាចទឹក ហើយពួកវារស់នៅជាហ្វូងធំរហូតដល់ទៅ១០០ក្បាល។

 

បើតាមរបាយការណ៍ មានក្រុមហ៊ុនចំនួន៦ ដែលមានកសិដ្ឋានស្រាវជ្រាវចិញ្ចឹម និងបង្កាត់ពូជសត្វស្វាក្តាមយកកូននាំចេញមានចំនួន ៧ទីតាំងនៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ កំពង់ចាម កំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដោយមានស្វាក្តាមសរុបចំនួន ៥៥ ៤៤៦ក្បាល។ ក្នុងនោះកូនកើតក្នុងរយៈពេល៦ខែក្នុងឆ្នាំ២០១៨ មានចំនួន ៥៩៧៩ក្បាល ដឹកជញ្ជូនក្នុងស្រុកបានចំនួន ១០៧៣ក្បាល និងនាំចេញបានចំនួន៥០០៨ក្បាល។

ក្រសួងកសិកម្មបានផ្តល់លិខិតអនុញ្ញាតដឹកជញ្ជូនសត្វព្រៃក្នុងស្រុកចំនួន ៩សន្លឹក មានសត្វក្តាមចំនួន១០៧៣ក្បាល និងផ្តល់លិខិតអនុញ្ញាតដឹកជញ្ជូនសម្រាប់នាំចេញទៅក្រៅប្រទេសចំនួន ១៨សន្លឹក មានសត្វស្វាក្តាមសរុបចំនួន ៥០០៨។

តាមរយៈការចុះធ្វើជំរឿនសត្វស្វានៅទីសាធារណៈ និងតំបន់សួនសត្វនៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ​ កំពង់ធំ កំពង់ចាម កំពង់ធំ ក្រចេះ បាត់ដំបង និងខេត្តព្រះសីហនុ ក្រសួងបានរាប់ឃើញសត្វស្វាសរុបចំនួន២៩៧០ក្បាល ក្នុងនោះមាន សត្វស្វាក្តាមចំនួន ២៧៤៣ក្បាល ស្វាត្រោសមានចំនួន២២៦ក្បាល និងស្វាព្រាមចំនួន១ក្បាល។

ដោយឡែករបាយការណ៍នៃការនាំចេញសត្វស្វាក្តាមកាលពីឆ្នាំ២០១៧ មានចំនួន៤៣១០ក្បាល។

​យោងតាមរបាយការណ៍ក្រសួងកសិកម្មដដែលឱ្យដឹងថា នៅ​កម្ពុ​ជាមាន​កសិដ្ឋាន ៧​សម្រាប់​ចិញ្ចឹម និង​បង្កាត់​ពូជ​ស្វា​ក្តាម ដើម្បី​នាំចេញ​ទៅ​ក្រៅប្រទេស ដូចជា​ សហរដ្ឋអាមេរិក ចិន ជប៉ុន សិង្ហ​បុរី កូរ៉េខាងត្បូង និង​អូស្ត្រាលីជាដើម។ ស្វាក្ដាមត្រូវបាននាំចេញក្នុងគោលដៅ ដើម្បីសិក្សាស្រាវជ្រាវផ្នែកឱសថមនុស្ស និងសត្វ។

សត្វ​ស្វា​ក្តាម គឺជា​ប្រភេទ​សត្វ ដែល​ចូលចិត្ត​រស់នៅ​ជា​ហ្វូង​តាម​តំបន់​ព្រៃ​លិច​ទឹក តំបន់​ព្រៃភ្នំ តំបន់​ព្រៃកោងកាង តាម​ឆ្នេរសមុទ្រ និង​តំបន់កសិកម្ម​។ បើតាមក្រសួងកសិកម្មដដែល ស្វាក្តាមមានវត្តមានស្ទើរតែទូទាំងតំបន់នៃប្រទេសកម្ពុជា និងបណ្តាប្រទេសនានានៃភូមិភាគអាស៊ីអាគ្នេយ៍រួមមាន៖ ប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន និងកោះសូម៉ាត្រា៕

Share

Image
Image
Image