en     km
en     km

កម្ពុជាត្រៀមធ្វើពិធីរំលឹកវីរភាពទ័ពមួកខៀវ ខណៈ UN ត្រៀមផ្តល់មេដាយ«បច្ឆាមរណៈ»

Share

ភ្នំពេញ៖ កម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ដើម្បីធ្វើពិធីរំលឹកដល់វីរភាពនៃ កងទ័ពកម្ពុជា ដែលបានពលិជីវិតក្នុងបុព្វហេតុរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅថ្ងៃទី២៩ ឧសភានេះ នៅបន្ទាយ​ទាហាន ACO  ក្នុងស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំពង់​ស្ពឺ។ ស្របពេលជាមួយគ្នា អង្គការសហប្រជាជាតិក៏ត្រៀមធ្វើពិធីនេះដូចគ្នា ដោយមានបំពាក់មេដាយ«បច្ឆាមរណៈ»ដល់អតីតទាហានមួកខៀវកម្ពុជា ៥រូបដែល បានបាត់បង់ជីវិត។ នេះបើតាមការឱ្យដឹងពីលោក ផល សាម៉ន អគ្គនាយករង​នៃ​​មណ្ឌល​ជាតិ​​សម្រាប់​​កងកម្លាំង​រក្សា​សន្តិភាព និង​បោស​សម្អាត​មីន និង​គ្រាប់​​មិន​ទាន់​ផ្ទុះ​​ ដែលបានប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី២៨ ខែឧសភានេះ។

 

រូបភាពមន្រ្តីស្ថានទូតនានាចូលរួមដាក់កម្រងផ្កានាកាលកងទ័តមួកខៀវស្លាប់។

 

បើគ្មានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី២៩ ឧសភានេះអគ្គនាយកនៃមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោស សម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ នឹងរៀបចំពិធីរំលឹកគុណដល់វីរភាពនៃការពលីជីវិតរបស់កងទ័ពមួកខៀវកម្ពុជា ក្នុងបុព្វហេតុរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ពិធីនេះនឹងរៀបចំឡើងនៅបន្ទាយទាហាន ACO  ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីតំណាងអង្គការសហប្រជាជាតិ តំណាងស្ថាទូតនានា និងក្រុមគ្រូសាររបស់ទាហានមួកខៀវកម្ពុជាដែលបាត់បង់ជីវិតផងដែរ។

បើតាមលោក ផល សាម៉ន អគ្គនាយករងនៃមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ​ប្រាប់វិទ្យុស្រ្តីថា ពិធីរំលឹកគុណកងទ័ពមួកខៀវរបស់អង្គការសហប្រជាជាតិ ពិសេសទ័ពកម្ពុជា គឺដើម្បីរំលឹកដល់វីរភាព ទ័ពមួកខៀវទាំងអស់ ដែលបានពលីជីវិតក្នុងការបំពេញបេសកម្មស្វែងរកសុខសន្តិភាពជូនពិភពលោក។

ជាមួយគ្នានេះដែរ អង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន ដោយថានៅថ្ងៃទី២៩ ឧសភា ស្អែកនេះគឺជាថ្ងៃរំលឹកខួបលើកទី៧០ នៃការបំរើ និងការពលីជីវិតរបស់កងកម្លាំងរក្សាសន្តិភាព។

កម្រងរូបថតកងទ័ពមួក ខៀវកម្ពុជាដែរពលីជីវិតនៅបរទេស។

 

បើតាមអង្គការសហប្រជាជាតិពិធីរំលឹកគុណទ័ពមួកខៀវនឹងចាប់ផ្តើមធ្វើនៅថ្ងៃទី១​ខែមិថុនា ខាងមុខនៅការិយាល័យកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ក្នុងពិធីនោះក៏មានវត្តមានអគ្គលេខាធិការអង្គការសហប្រជាជាតិចូលរួមដាក់កម្រងផ្កា និងបំពាក់មេដាយ«បច្ឆាមរណៈ»​ដល់ទ័ពមួកខៀវចំនួន ១២៩ ដែលបានពលីជីវិត ហើយកម្ពុជាទទួលបានចំនួន៥ផងដែរ។

ក្នុងសេចក្តីជូនដំណឹងរបស់ UN មានបុរស និងស្រ្តីរាប់លាននាក់បានបម្រើក្រោមឆ័ត្រអង្គការសហប្រជាជាតិនេះ។ បច្ចុប្បន្នមានកងទ័ពជាងមួយសែននាក់ត្រូវបានប្រទេសជាសមាជិក ១២៤ប្រទេសបញ្ជូនឱ្យមកការពារសន្តិភាពនៅប្រទេសចំនួន៤ ដែលកំពុងហែកហួរដោយសង្គ្រាមស៊ីវិល។ ចំណែកថវិកាដែលត្រូវចំណាយលើប្រតិបត្តិការណ៍របស់កងទ័ពមួកខៀវវិញមានជាង ៧ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

តាមការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងសេចក្តីជូនដំណឹង UN  អំពាវនាវដល់រដ្ឋជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ ផ្តោតការយកចិត្តទុកដាក់ឡើងវិញនូវការរក្សាសន្តិភាពជាមួយនឹង ការបង្កើនការគាំទ្រដល់ដំណោះស្រាយនយោបាយនិងការធ្វើឱ្យបេសកកម្មថែរក្សាសន្តិភាពកាន់តែមានសុវត្ថិភាតាមរយៈការដាក់ពង្រាយនិងបំពាក់បំប៉នល្អ។ អង្គការសហប្រជាជាតិ ក៏ស្នើសុំឱ្យមានការចូលរួមពីកងកម្លាំងស្រ្តីបន្ថែមទៀក្នុងប្រតិបត្តិការនេះ។

ចាប់តាំងពីឆ្នាំ១៩៤៨មក កងទ័ពមួកខៀវត្រូវបានពលីជីវិតក្នុងបេសកម្មរបស់ខ្លួន។ ដោយឡែកក្នុងឆ្នាំ២០១៧មានទ័ពមុខខៀវ ១២៩ត្រូវស្លាប់។

សម្រាប់កម្ពុជា កងទ័ពមួកខៀវបានស្លាប់ចំនួន ៥នាក់ ក្នុងនោះមានលោក លុយ ប៊ុកឡុង ស្លាប់ដោយសារជំងឺគ្រុនចាញ់ ចំណែកលោក អឹម សំ លោក មុំ តុលា លោក ស៊ាន នរិន្ទ លោក ម៉ៅ អេង បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍បាញ់ប្រហារពេលបំពេញបេសកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

កងទ័ពមួកខៀវស្រ្កីកម្ពុជា។

 

បើតាមលោក ផល សាម៉ន កម្ពុជាបានបញ្ជូនទ័ពមួកខៀវចំនួនជាង ​៥ពាន់នាក់ ចាប់តាំងពីឆ្នាំ២០០៦មក ឈរជើងនៅប្រទេសចំនួន៨ រួមមាន លីបង់ ម៉ាលី សាធារណរដ្ឋអាហ្វ្រិកកណ្តាល ស៊ូដង់ ស៊ូដង់ខាងត្បូង និងប្រទេសឆាតជាដើម​។​

កាលពីដើមខែឧសភានេះ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវ ទៅបំពេញបេសកកម្មរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិ ចំនួន៣កង ស្មើនឹងកម្លាំងទ័ព ៤២៨នាក់ ទៅកាន់សាធារណរដ្ឋម៉ាលី និងសាធារណរដ្ឋស៊ូដង់ខាងត្បូង។

កងកម្លាំងចំនួន ៣កងពលនោះ រួមមាន៖១-កងវិស្វកម្ម ព្រលានយន្តហោះលេខ១៩៨ ចំនួន១៦៥នាក់ ទៅកាន់សាធារណៈរដ្ឋម៉ាលី ទី២-កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ១៣២ ចំនួន១៤៤នាក់ ទៅកាន់សាធារណៈរដ្ឋម៉ាលី និងទី៣-កងរាជអាវុធហត្ថលេខ៦៨១ ចំនួន១១៩នាក់ ទៅសាធារណរដ្ឋស៊ូដង់ខាងត្បូង៕

Share

Image
Image
Image