en     km
en     km

កម្ពុជាចាត់ទុកចិនជារដ្ឋមួយតែងតែជួយការពារអធិបតេយ្យភាពកម្ពុជា(មានសំឡេង)

Share

កម្ពុជា -ចិន ប្រារព្ធខួបទំនាក់ទំនង៦០ឆ្នាំ ដែលជារំលឹកគុណសម្បត្តិរបស់ប្រទេសចិនដែលជួយអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជាដោយ កម្ពុជាចាត់ទុកចិនជាប្រទេសមួយតែងតែជួយការពារអធិបតេយ្យភាពកម្ពុជា។  

លោក រឿន ឬទី្ធ ជូនសេចក្ដីរាយការណ៍ !

 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន​ បានបង្ហាញការពេញចិត្តទៅនឹងការគាំទ្ររបស់ចិន ចំពោះការដឹកនាំនៅក្នុងប្រទេសកម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ការគាំទ្ររបស់ចិនមកលើកម្ពុជា គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រទេសកម្ពុជាដែលម្ពុជា មិនអាចបំភ្លេចបានឡើយ។

ការលើកឡើងរបស់សម្តេច ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេច ជាអធិបតីភាពក្នុងពិធីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ចិន នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ កាលពីល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨។

សម្តេចបន្តថា កម្ពុជា និងចិន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១៩ កក្កដា ១៩៥៨ បន្ទាប់ពីជំនួបទ្វេភាគីលើកទី១រវាង ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោក ជូ អេនឡាយ អតីតនាយករដ្ឋមន្ត្រីចិន ក្នុងអំឡុងពេលចូលរួមសន្និសីទទីក្រុងបានឌុង នៅខែមេសា ឆ្នាំ១៩៥៥ នៅទីក្រុងបានឌុង ប្រទេសឥណ្ឌូណេស៊ី។

មកទល់នឹងពេលនេះទំនាក់ទំនងរវាងកម្ពុជា និងចិន មានរយៈពេល៦០ឆ្នាំហើយ។ ក្នុងអំឡុងរយៈពេលនេះ កម្ពុជា និងចិន បានធ្វើការសហការ ជាច្រើនក្នុងការជំរុញការអភិវឌ្ឍប្រទេសកម្ពុជា។ 

ជាក់ស្តែង ក្នុងក្របខ័ណ្ឌតំបន់ ប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ» បង្កើត «មូលនិធិផ្លូវសូត្រ» និង «ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធឤស៊ី» ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍបែប «ឈ្នះឈ្នះ» រវាងប្រទេសក្នុងរង្វង់តំបន់ខ្សែ ក្រវ៉ាត់ និងផ្លូវសូត្រតាមរយៈកិច្ចសហប្រតិបត្តិការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ស្ថាប័ន និងប្រជាជន វិស័យធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និងវិស័យគន្លឹះផ្សេងៗទៀត ដែលកម្ពុជាសូមគាំទ្រគំនិត ផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ។

ប្រទេសចិនជាដៃគូញណិជ្ជកម្ម និងវិនិយោគិនដ៏ចម្បងរបស់កម្ពុជា។ ទំហំញណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៧ មានចំនួន ៥,៥៧៧លានដុល្លារឤមេរិក កើនឡើងជាង២១,៧% បើធៀបនឹងឆ្នាំ២០១៦។ក្នុងឆ្នាំ២០១៧ ទំហំវិនិយោគចិនសរុបនៅកម្ពុជា ឈរលំដាប់លេខ១ ធៀបនឹងទំហំវិនិយោគទុនពីប្រទេសដទៃទៀត ដែលមានទំហំសរុបប្រមាណ ១,៦៤៤លានដុល្លារឤមេរិក។

លើសពីនេះ ប្រទេសទាំងពីរក៏បានឯកភាពគ្នាជំរុញទំហំញណិជ្ជកម្មឲ្យកើនឡើងដល់៦,០០០លានដុល្លារឤមេរិកនៅឆ្នាំ២០២០។ ចំពោះវិស័យទេសចរណ៍ មានក្រុមហ៊ុនឤកាសចរណ៍ចំនួន១៥ កំពុងធ្វើប្រតិបត្តិការ ហោះហើរទៀងទាត់រវាង កម្ពុជា និងចិន។

នៅឆ្នាំ ២០១៧ ទេសចរចិនមានប្រមាណ ១,២លាននាក់។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៨ នេះ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិសរុប ១,៧លាននាក់ ដែលក្នុងនោះទេសចរចិនមានចំនួនជាង ៥០ម៉ឺននាក់៕

 

 

 

 

 

 

 

 

Share

Image
Image
Image