ភ្នំពេញ៖ ស្ត្រីមានមុខរបរជាកសិករ ជាកម្មករសំណង់ ជាអ្នករដ្ឋការ ជាមន្ត្រីជាន់ខ្ពស់ ជាវិស្វករ ជាគ្រូពេទ្យ ជាគ្រូបង្រៀន ជាកងទ័ព ក៏មានដែរ ក្នុងសង្គមយើងបច្ចុបប្បន្ននេះ ។ ប៉ុន្តែមុខរបរម៉ាស្សាក៏ជាផ្នែកមួយនៃពលកម្មរបស់មនុស្សស្រី និងជនពិការផងដែរ ។
នៅរយៈពេលចុងក្រោយនេះ គេសង្កេតឃើញ អ្នកជំនួញមួយចំនួន ចាប់អារម្មណ៍និងរបររកស៊ីបើកហាងម៉ាស្សា ហើយបើតាមការសង្កេតឃើញជាក់ស្ដែងជំនួញនេះ ក៏រីកសាយភាយនៅទូទាំងរាជធានីភ្នំពេញផងដែរ ។
តើចំនួនហាងម៉ាស្សានៅរាជធានីភ្នំពេញមានការកើនឡើងនេះ ជួយអ្វីខ្លះដល់ស្ត្រី ដល់ជនពិកានិងសង្គមហើយមានផលប៉ះពាល់ ដែរឬទេ?
ជាបន្ដសូមអញ្ជើញស្ដាប់បទយកការណ៍ដែលរៀបចំឡើងដោយ កញ្ញា ជុំ ជោគជាតា ដូចតទៅ៖
ស្របពេលដែលកន្លែងម៉ាស្សាឃើញនិងភ្នែកថាមានការកើនឡើង ម្ចាស់ហាងម៉ាស្សាមួយកន្លែង ស្ថិតនៅបណ្ដោយផ្លូវ២៧១ នៃរាជធានីភ្នំពេញ គឺម្ចាស់ហាងដៃចំណាន ។ ម្ចាស់ហាងមួយនេះ បានចាប់យកមុខរបរនេះតាំងពីឆ្នាំ២០០៨ ។ ប៉ុន្តែម្ចាស់ហាងនេះ គឺជាមនុស្សប្រុសដែលម្ចាស់ហាងមុនគឺម្ដាយរបស់លោក ។ លោកមានឈ្មោះ ជី វ៉ា ។
លោក ជី វ៉ា៖ « ពូសាង ពីយាយ ពីមុនយាយអ្នកបើក យាយគាត់ធ្វើការក្រសួងកិច្ចការនារី គាត់យល់ថា ស្ដ្រីស្រុកខ្មែរយើងចំណាកស្រុក ទៅរកការងារក្រៅប្រទេសប្រឈមមុខនិងបញ្ហាច្រើន …» ។
ពិតជាគួរឱ្យចាប់អារម្មណ៍ដែរ ដែលម្ចាស់ហាងរូបនេះ ចាប់យករបរនេះដើម្បីសម្រេចក្ដីប្រាថ្នារបស់ម្ដាយ ដែលមានគោលដៅជួយសង្គ្រោះជីវិតស្ដ្រីខ្មែរ អោយរួចផុតពីភាពអត់ការងារ ធ្វើ និងចំណាកស្រុក ។
ដោយមានទឹកមុខ រាក់ទាក់ ញញឹមស្រស់គឺ កញ្ញា សុខា ។ កញ្ញា សុខា បានប្រាប់ថាកញ្ញាមកពីខេត្តតាកែវ និងបានមកធ្វើការនៅទីនេះជិត៦ឆ្នាំហើយ ។ កញ្ញា សុខា ៖ «បងស្រីយកមកដាក់នៅ នៅនឹងតែម្ដងទៅ និយាយរួមទៅម៉ែដាក់ណានៅហ្នឹងរហូត…» ។
បុគ្គលិកម៉ាស្សា កញ្ញា សុខា បានប្រាប់ទៀតថាព្រោះតែការងារម៉ាស្សា ទើបធ្វើឲ្យកញ្ញា និងគ្រួសាររួចផុតពីបំណុលរបស់គេនិងមិនធ្វើចំណាកស្រុក ។
កញ្ញា សុខា ៖ «ជីវភាពធូរជាងមុនច្រើន ពីមុនយើងជំពាក់(លុយ)គេច្រើន តែឥលូវយើងលែងជំពាក់គេហើយ ព្រោះសងហើយអស់ តាំងពីធ្វើការហ្នឹងមករាងគ្រាន់បើជាងមុន» ។
នៅជាប់ហាងម៉ាស្សាដៃចំណាន ក៏មានហាងម៉ាស្សាមួយទៀតដែរ ។ បុគ្គលិកនៅក្នុងហាង នេះ គឺ កញ្ញា ស្រី និច មានវ័យជាង២០ឆ្នាំ ។ នាង បានប្រាប់ពីមូលហេតុដែលនាងសម្រេចចិត្តធ្វើការនៅទីនេះ ៖ «នៅផ្ទះធ្វើស្រែ មានបងប្អូន៤នាក់ ជាអ្នកខេត្តកំពត…» ។
កញ្ញាវ័យ២២ឆ្នាំរូបនេះបន្ដទៀតថា មានមនុស្សមួយចំនួន មិនសូវឱ្យតម្លៃទៅលើការងារជាអ្នកម៉ាស្សានេះ ព្រោះគិតខុសថាអោយតែការងារជាស្រីម៉ាស្សាសុទ្ធតែមិនល្អ ។ ប៉ុន្ដែ កញ្ញាអះអាងថា ការងារមួយនេះគឺ មិនអាក្រក់ទាំងអស់ដូចដែរគេនិយាយនោះទេ ៖ «និយាយទៅដល់ពេលគេចូលមកគេដឹងថាកន្លែងយើងត្រឹមត្រូវទៅ គេអត់ហ៊ានមើលងាយទេ…» ។
ចំណែកម្ចាស់ហាងដៃចំណានគឺ លោក ជីវ៉ា និយាយថាជាទូទៅ បុគ្គលិករបស់លោកក្នុងម្នាក់ៗ ពួកគេអាចទទួលបានប្រាក់ខែចន្លោះពី១០០ដុល្លារ ទៅ៣០០ដុល្លារក្នុងមួយខែ ៖ «បើយើងនិយាយទៅ យើងសម្រាប់អ្នករកស៊ីយើងដឹងខ្លួនយើង យើងអាចថាគ្នាមកពីខេត្តធ្វើការរោងចក្រ ប្រាក់ខែ១៥០, ១៦០ តែមកនៅផ្ទះជួល តែនេះយើងផាត់បាយផាត់ទឹក ផាត់ការស្នាក់នៅហើយអស់ប្រាក់ខែ១០០ទៅ២០០ដុល្លារដូចគ្នា…» ។
ពេលបានស្ដាប់និងឃើញផ្ទាល់ភ្នែកចំពោះ ហាងម៉ាស្សាមួយនេះ គឺទាំងនេះពិតជាប្រសើរពិតមែន សម្រាប់អ្វីដែលម្ចាស់ហាងមួយនេះបានអនុវត្តចំពោះបុគ្គលិករបស់ខ្លួន ។
លោក ជីវ៉ា អះអាងថាមិនលាក់លួចប្រកបរបរទុច្ចរិត រកស៊ីជួញដូរផ្លូវភេទខុសច្បាប់នោះទេ ។ លោកបញ្ជាក់ថា ការងារជាអ្នកម៉ាស្សាក៏មានភាពថ្លៃថ្នូរ និងជាការងារមួយដែលរួចផុតពីជីវភាពក្រីក្ររបស់ពលរដ្ឋបានផងដែរ ។
ធ្វើដំណើរចេញពីហាងម៉ាស្សាដៃចំណាន រួចបន្ដដំណើរទៅហាងម៉ាស្សាមួយកន្លែងទៀត នៅ ក្បែរប៉ុស្ដិ៍ប្រៃសនីយ៍ គឺឃើញមាន ហាងម៉ាស្សាមួយ ដែលមានឈ្មោះថាមជ្ឈមណ្ឌលម៉ាស្សាដៃទេព ។ ហាងម៉ាស្សាដៃទេព គឺជាកន្លែងផ្ដល់មុខរបរមួយ សម្រាប់ជនពិការ ។
អង្គុយចាំនៅកន្លែងទទួលភ្ញៀវមួយភ្លែត គឺកន្លែងម៉ាស្សាមួយនេះ ឃើញថា មានភ្ញៀវចេញចូលច្រើនគួរសម ។ អ្វីដែលគួរចាប់អារម្មណ៍ ភ្ញៀវដែលចូលមកទីនេះ ភាគច្រើនគឺ សុទ្ធតែធ្លាប់មកម្ដងឬជាពីរដងរួចមកហើយ ។ ជាងនេះ មជ្ឈមណ្ឌលម៉ាស្សាមួយនេះទៀតសោត ឃើញមានបរិយាកាស និងការតុបតែង គួរអោយចាប់អារម្មណ៍គ្រាន់បើ ហើយមើលទៅមានអារម្មណ៍ថាស្រឡះភ្នែក ។
អង្គុយចាំមួយស្របក់ បានឃើញនិងវត្តមានស្ដ្រីរាងសស្ដើង ភ្នែកងងឹតមួយរូប កំពុងធ្វើដំណើរចុះពីលើជណ្ដើរ មកខាងក្រោមឆ្ពោះមកកាន់កន្លែងអង្គុយរង់ចាំ ។ នោះគឺ អ្នកស្រី បឿន ប្រាក់ បុគ្គលិកម៉ាស្សានៅទីនេះ ។
អ្នកស្រី បឿន ប្រាក់ ៖ «ខ្ញុំ បុគ្គលិកនៅកន្លែងហ្នឹង ខ្ញុំឈ្មោះបឿន ប្រាក់ …ខ្ញុំទើបមកធ្វើការនៅទីនេះបានមួយខែជាងដែរហ្នឹង…» ។
ស្ដ្រីអាយុ៣៥ឆ្នាំរូបនេះបានប្រាប់ឱ្យដឹងថា អ្នកស្រីធ្វើការហើយស្នាក់នៅទីនេះ ជាមួយស្វាមី ។
អ្នកស្រីបន្ដទៀតថា តាំងពីគាត់បានធ្វើការនៅទីនេះ គឺកន្លែងនេះ បានផ្ដល់ភាពកក់ក្ដៅ និងមិនបង្ខិតបង្ខំអោយបុគ្គលិកធ្វើការលើសម៉ោងដូចកន្លែង ការងារចាស់ពីមុននោះទេ ។
អ្នកស្រី ថា នៅទីនេះក្នុងមួយថ្ងៃអ្នកស្រីនិងបុគ្គលិក អាចរកបានចន្លោះពី១ម៉ឺនរៀលទៅ២ម៉ឺនរៀល ហើយអាចសល់ប្រាក់ដើម្បផ្ញើឲ្យកូនប្រុសរបស់គាត់ ។
អ្នកស្រី បឿនប្រាក់ ៖«ធ្វើការពីម៉ោង៧ព្រឹក ដល់ម៉ោង១០យប់ … គិតជាម៉ោងក្នុងមួយម៉ោង២ដុល្លារ (ទៅតាមចំនួនភ្ញៀវ) » ។ អ្នកស្រី បឿន ប្រាក់ ដែលមានស្រុកកំណើតនៅខេត្តកណ្ដាលរូបនេះក៏បានបន្តថា ទោះជាលំបាកប៉ុណ្ណា និងមានភាពហត់នឿយប៉ុណ្ណា គឺអ្នកស្រីមិនអាចបោះបង់ការងារមួយនេះចោលដែរ ព្រោះការងារមួយនេះ អាចធ្វើអោយជីវិតកូនប្រុសរបស់អ្នកស្រីអាចល្អប្រសើរទៅថ្ងៃមុខបាន ។
អ្នកស្រី បឿន ប្រាក់ ៖«ខ្ញុំ រាល់ថ្ងៃខ្ញុំនិយាយមែន ខ្ញុំអត់គិតអីទេ ខ្ញុំគិតតែថាធ្វើម៉េចឱ្យខ្ញុំបានលុយ បានកាក់ចិញ្ចឹមកូនខ្ញុំ ដូចថា ធម្មតាម៉ែឱងងឹត ចេះតែតស៊ូ អោយតែបានរកលុយមកដើម្បីចិញ្ចឹមកូន ដើម្បីដូចថា ថ្ងៃក្រោយទៅអនាគតគេវែងឆ្ងាយ ចង់បានអោយគេរៀនបានខ្ពង់ខ្ពស់ ការងារហ្នឹងខ្ញុំសង្ឃឹមថាអាចអោយវាបានរៀនខ្ពង់ខ្ពស់ ខ្ញុំអត់ចង់បានអីក្រៅពីហ្នឹងទេ ខ្ញុំចង់អោយតែវាបានអនាគតដូចកូនគេអ្នកភ្លឺៗ …» ។
ចំណែកលោក ភួង វីសាក់ អ្នកគ្រប់គ្រងក្នុងមជ្ឈមណ្ឌលម៉ាស្សាដៃទេព បានប្រាប់វិទ្យុស្ដ្រីតាមរយៈទូរស័ព្ទ ថាមជ្ឈមមណ្ឌលម៉ាស្សាដៃទេព គឺជាកន្លែងម៉ាស្សាបែបជប៉ុន ព្យាបាលជំងឺ បំបាត់ភាពតានតឹងក្នុងអារម្មណ៍ និងភាពចុករោយនៅក្នុងរាងកាយ ។
លោក ភួង វីសាក់ ៖«កន្លែងមជ្ឈមណ្ឌលម៉ាស្សាដៃទេពហ្នឹង គឺសំដៅទៅលើកន្លែងដែលប្រាកដប្រជានូវបច្ចេកទេសម៉ាស្សា តាមបែបជប៉ុន Anma និង Shiatsu …» ។
លោកបន្ដប្រាប់ទៀតថា មជ្ឈមណ្ឌលម៉ាស្សាដៃទេពមួយនេះ បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៥ ដោយស្ថាបនិកជនជាតិអាមេរិកមួយរូប ។ មជ្ឈមណ្ឌលមួយនេះ មានទិសដៅ ជួយដល់អ្នកពិការភ្នែកដែលមានបំណងធ្វើការនៅទីនេះ ។
លោក ភួង វីសាក់ ៖«ទិសដៅដូចខ្ញុំជម្រាបពីដំបូងមកចឹង គឺគាត់មើលឃើញ អំពីភាពលំបាករបស់ជនពិការភ្នែកនៅប្រទេសកម្ពុជា បានជាលោកឱពុក John បង្កើតវាឡើងមក គឺទិសដៅសំខាន់ អោយអ្នកពិការភ្នែកហ្នឹង មានសមត្ថភាពរស់នៅក្នុងសង្គមដូចជាគេដែរ ដោយមិនចង់អោយអ្នកពិការភ្នែកទៅធ្វើអ្វីដែរប៉ះពាល់ដល់សង្គម នេះជាទិសដៅរបស់គាត់» ។
អ្នកគ្រប់គ្រង និង ជាគ្រូបង្វឹកម្នាក់ផងដែរនោះលោក ភួង វីសាក់ បាននិយាយថា បុគ្គលិកម៉ាស្សានៅក្នុងមជ្ឈមណ្ឌលដៃទេព មាន២៤នាក់ក្នុងនោះមានស្រី១១នាក់ និងប្រុស១៣នាក់ ហើយមកទល់និងពេលនេះក្នុងចំណោមអ្នកទាំងនេះគឺ មាន៦នាក់ ដែលបានធ្វើជាគ្រូម៉ាស្សា តាមកន្លែងផ្សេងៗ ។ លោកបន្ដថា មកទល់និងពេលនេះ បុគ្គលិកម៉ាស្សារួមទាំងគ្រូម៉ាស្សា គឺ មានជីវភាពគ្រាន់បើជាងមុន ។
ចំណែក ប៉ែន សុខសាន្ត ជាអ្នកគ្រប់គ្រង នៃហាងម៉ាស្សាចំប៉ីស្ប៉ា មានប្រសាសន៍ជាមួយ វិទ្យុស្ត្រីថា ហាងម៉ាស្សាចំប៉ីស្ប៉ា របស់លោក មាន សាខា ៨កន្លែងនៅភ្នំពេញ ។ លោកថាហាងនីមួយៗ មានបុគ្គលិក៣០នាក់ ក្នុងបុគ្គលិកស្រីមាន ជាងពាក់កណ្ដាល ហើយបុគ្គលិកម្នាក់ៗមានប្រាក់ចំណូល៣០០ដុល្លារ ទៅ៤០០ដុល្លារក្នុងមួយខែ ។ លោកបន្តថា ហាងម៉ាស្សាបែបបុរាណមួយនេះ មានគោលបំណង ជួយសុខភាពសម្រស់ និងបំបាត់ភាពតានតឹងក្នុងអារម្មណ៍ ។ «ធម្មតានៅក្នុងសុខភាព ន័យសុខភាព ដើម្បីធ្វើអោយសុខភាពល្អ ទាល់តែសុខភាពផ្លូវកាយ ផ្លូវចិត្តរបស់យើងហ្នឹងល្អទាំងពីរ ព្រោះជួនកាល ពេលយើងឈឺជំងឺផ្លូវកាយ វាអាចជះឥទ្ធិពលដល់ផ្លូវចិត្ត ហើយឈឺជំងឺផ្លូវចិត្ត វាអាចជះឥទ្ធិពលដល់ផ្លូវកាយដែរ…» ។
ជុំវិញរឿងនេះដែរ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានលើកឡើងថា កន្លែងម៉ាស្សា មានការកើនឡើង គឺវាមានផ្ដល់ទាំងភាពអវិជ្ជមាន និងវិជ្ជមានដល់សង្គម ។ លោកថា មួយផ្នែកវាបានជួយទៅដល់ពលរដ្ឋដែលអត់ការងារធ្វើ និងពលរដ្ឋដែលចង់ធ្វើចំណាកស្រុកទៅរកការងារនៅក្រៅប្រទេស ។ ប៉ុន្ដែក្នុងនោះ វាក៏ផ្ដល់ផលប៉ះពាល់ មួយផ្នែកទៅដល់សង្គមជាតិផងដែរ នៅពេលដែលកន្លែងម៉ាស្សាតូចធំទាំងនោះ រកស៊ីដោយខុសច្បាប់ និងមានបង្កប់សេវាផ្លូវភេទនោះ ។
លោក សន ជ័យ ៖«នៅកម្ពុជាសព្វថ្ងៃ យើងសង្កេតឃើញមានហាងម៉ាស្សាហ្នឹង វាមានពីរបីប្រភេទ ម៉ាស្សាខ្លះ ជាប្រភេទម៉ាស្សាបែបបុរាណ ដែលមានប្រតិបត្តិការ ឬក៏អនុវត្តដោយក្រុមជនពិការ ដែលគេហៅថា ដូចជាម៉ាស្សាដៃទេព ជាដើមនោះម៉ាស្សាមួយទៀត គឺកន្លែងដែលមានស្រីស្អាតៗ គេទៅបម្រើការងារនៅទីនោះ ហើយមួយទៀតសេវាម៉ាស្សាផង កោះជប់ផង ហើយរូបភាពហ្នឹង ងាយនិងមានបញ្ហាការរកស៊ីផ្លូវភេទជាដើមអីណឹងដែរ ។ ចឹង សម្រាប់ពាក្យថា ម៉ាស្សានេះ យើងចង់អោយមាននិយមន័យជាស្ដង់ដារមួយ…» ។
ទោះជាយ៉ាងណាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោកស្រី សិង សុផារី បានផ្ដល់បទសម្ភាសដល់វិទ្យុស្ដ្រីថា មកទល់និងពេលនេះ ខាងក្រសួងពាណិជ្ជកម្មមិនទាន់រកឃើញពីចំនួនហាងម៉ាស្សាថា មានចំនួនកើនប៉ុន្មានបាននៅឡើយទេ ។
លោកស្រីថា សព្វថ្ងៃកម្ពុជា មិនទាន់មានការគ្រប់គ្រងលើផ្នែកមួយនេះទេ ដោយភាគច្រើនផ្ដោតតែទៅលើការជួញដូរទំនិញធម្មតា ចំណែករឿងសេវា នៅមិនទាន់បានគ្រប់គ្រងជាក់លាក់ឡើយ ។
លោកស្រី សិង សុផារី ៖«បើមែនទេយើងអត់ទាន់ដឹងថា ឧបមាថា នៅភ្នំពេញឧទាហរណ៍ថា មាន១០ចុះ ១០ហ្នឹង យើងមិនទាន់ដឹងថា គាត់ចុះបញ្ជីពានិជ្ជកម្ម ជាអាជីវកម្មផ្លូវការ ហើយនៅអត់ទេ ។ នេះជាចំនុចខ្វះខាតរបស់យើង›› ។ អ្នកស្រី សិង សុផារី បញ្ជាក់ថាជាទូទៅ ម្ចាស់អាជីវកម្មហាងម៉ាស្សានិមួយៗនៅកម្ពុជា គឺភាគច្រើនម្ចាស់អាជីវកម្មម៉ាស្សាខ្នាតតូច មិនបានមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ទើបធ្វើឱ្យក្រសួងមានការលំបាកក្នុងការធ្វើស្ថិតិ ។
អ្នកស្រី សិង សុផារី ៖«យើងអាការចុះបញ្ជីនេះ ទាល់តែអ្នកម្ចាស់អាជីវកម្មនេះ គាត់មកចុះខ្លួនឯង ប៉ុន្ដែសម្រាប់អ្នក នៅខ្នាចតូចៗអី គាត់អត់បានចុះបញ្ជីទេ ។ តាមជាក់ស្ដែងគឺ គាត់បើកអាជីវកម្មគាត់ ហើយក្នុងកម្រិតតូចមួយនេះ គាត់អត់ខ្វល់ពីការចុះបញ្ជីនៅក្រសួងទេ ហើយគាត់សុំត្រឹមការអនុញ្ញាត ត្រឹមខណ្ឌ ឬក៏ត្រឹមក្រុង តាមភាពជាក់ស្ដែងសម្រាប់អ្នកដែលគាត់មានអាជីវកម្ម មិនថាតែម៉ាស្សា មិនថាតែអ្នករករបរផ្សេងៗទេ ភាគច្រើនគាត់មកចឹង ព្រោះគាត់មិនចង់ចំណាយច្រើន» ៕