en     km
en     km

កញ្ញា​ លឹ​ម​ ផា​ន់​ណា ប្រើប្រាស់​បណ្តាញ​សង្គម​បង្ហាញ​ស្នាដៃ ​រហូត​ក្លាយជា​អ្នកនិពន្ធ​ក្នុង​ផលិតកម្ម​ Diamond​ Music

Share

cover-Lim-Phanna
​មនុស្ស​មួយ​ចំនួន​មាន​ទេព​កោសល្យ​ តែ​គ្មាន​ឱកាស​បញ្ចេញ​ឱ្យ​អ្នក​ខាងក្រៅ​ដឹង​ពី​សមត្ថភាព​ខ្លួន​ឡើយ​ ដោយឡែក​កញ្ញា​ លឹ​ម​ ផា​ន់​ណា​ ក៏​មិន​ខុស​ពី​អ្នក​ផ្សេង​ប៉ុន្មាន​ដែរ​ ប៉ុន្តែ​កញ្ញា​ចេះ​បង្កើត​ឱកាស​ ដោយ​បាន​ចែករំលែក​ចំណេះដឹង​ដែល​ខ្លួន​មាន​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ (Facebook)​ ។​ ការ​ចែករំលែក​ចំណេះដឹង​តាម​រយៈ​បណ្តាញ​សង្គម​នេះ​ បាន​ផ្តល់​ឱកាស​ឱ្យ​កញ្ញា​ទទួល​បានការ​ងារ​មួយ​ ដោយ​មិនដឹង​ខ្លួន​។​

ដោយសារ​តែ​មានចំណេះ​ដឹង​ និង​គំនិត​ថ្មីៗ​ ផលិតកម្ម​ក្នុងស្រុក​មួយ​បាន​ផ្តល់​ឱកាស​ឱ្យ​កញ្ញា​ ចូលខ្លួន​ធ្វើ​ជា​អ្នកនិពន្ធ​បទ​ចម្រៀង​នៅ​ក្នុង​ផលិតកម្ម​នេះ​។​ ចង់​ដឹង​ថា​ ជីវិត​តស៊ូ​របស់​កញ្ញា​ លឹ​ម​ ផា​ន់​ណា​ យ៉ាងណា​នោះ​ ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​ជីវ​ព័ត៌មាន​ ដែល​រៀបចំ​ឡើង​ដោយ​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ ដូច​តទៅ​៖

​ទំនុកច្រៀង​ដែល​មាន​ន័យ​ និង​ក្រអួន​ក្រអៅ​នេះ​ គឺជា​ស្នាដៃ​និពន្ធ​របស់​កញ្ញា​ លឹ​ម​ ផា​ន់​ណា​ ដែល​បច្ចុប្បន្ន​ កញ្ញា​ជា​អ្នកនិពន្ធ​នៅ​ក្នុង​ផលិតកម្ម​ Diamond​ Music​ ។​

ផា​ន់​ណា​ បាន​ប្រាប់​ពី​មូល​ ហេតុ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​អ្នកនិពន្ធ​ថា​ កញ្ញា​តែងតែ​សរសេរ​ កំណាព្យ​ឬ​រឿង​ខ្លីៗ​ បង្ហោះ​ (Post)​ នៅ​ក្នុង​បណ្តាញ​សង្គម​ Facebook​ របស់​កញ្ញា​ ធ្វើ​ឱ្យ​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកលេង​ក្នុង​បណ្តាញ​សង្គម​មួយ​នេះ​។​

ដោយ​មើលឃើញ​ពី​សមត្ថភាព​ និង​ចំណេះដឹង​របស់​ ផា​ន់​ណា​ មិត្តភក្តិ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ក៏​បាន​ណែនាំ​កញ្ញា​ឱ្យ​ចូល​ផលិតកម្ម​ Diamond​  Music​ តាំងពី​ ២០១១​ មក​៖​ «​និយាយ​ទៅ​ខ្ញុំ​ ពេល​ហ្នឹង​ ខ្ញុំ​ចូល​ចិត្ត​ តែង​កំណាព្យ​តែង​អ្វី​ បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ទោះ​កំណាព្យ​ខ្លះ​ល្អ​ ខ្លះ​មិនល្អ​ក៏​ដោយ​ចុះ​សរសេរ​ ហើយ​ក៏​ខ្ញុំ​បង្ហោះ​រហូត​ខ្ញុំ​ចូល​ចិត្តច្រើន​អ​ញ្ចឹ​ង​ទៅ​អ្នក​ក៏​ស្គាល់​ខ្ញុំ​តាម​ហ្វេ​ស​ប៊ុ​ក​ អ​ញ្ចឹ​ង​គេ​ក៏​ជួយ​ទំនាក់ទំនង​ឱ្យ​ខ្ញុំ​បាន​ចូល​ក្នុង​ផលិក​ម្ម​តែ​ម្តង​…»​។​

មាន​សម្បុរ​ស​ រាងស្តើង​ខ្ពស់​ និង​ជា​កូន​ទី​២​ ក្នុង​ចំណោម​បងប្អូន​ពីរ​នាក់​ក្នុង​គ្រួសារ​នោះ​ កញ្ញា​ លឹ​ម​ ផា​ន់​ណា​ បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖​ «​ខ្ញុំ​មាន​បងប្អូន​ ២​នាក់​ ខ្ញុំ​ជា​កូនពៅ​  ឪពុក​ម្តាយ​ខ្ញុំ​មាន​ជីវភាព​មធ្យម​…»​។​

Lim-Phannaផា​ន់​ ណា​ ជា​អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ជា​អតីត​សិស្ស​វិទ្យាល័យ​សន្ធរ​ម៉ុ​ក​ បច្ចុប្បន្ន​កញ្ញា​បាន​បញ្ចប់​អនុ​បណ្ឌិត​អាហារ​រូបករណ៍​ផ្នែក​ចិត្ត​វិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ និង​ជំនាញ​គណនេយ្យ​នៅ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​ផង​ដែរ​៖​ «​នាង​ខ្ញុំ​បាន​បញ្ចប់​ថ្នាក់​បរិញាបត្រ​ក្នុង​ឆ្នាំ​២០១២​ ពេល​ថ្មី​នេះ​ខ្ញុំ​កំពុង​បញ្ចប់​ថ្នាក់​បរិ​ញ្ញ​ប​ត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដែរ​…»​។​

នារី​ដែល​មាន​វ័យ​ ២៦​ ឆ្នាំ​ និង​មាន​សម្តី​ស្រាលៗ​ កញ្ញា​ ផា​ន់​ណា​ បាន​រំឭក​ថា​ ដំបូង​ឡើយ​កញ្ញា​ មិន​ដែល​គិត​ថា​ ខ្លួន​អាច​ធ្វើ​ជា​អ្នកនិពន្ធ​បាន​ទេ​ ធ្លាប់តែ​ស្តាប់​បទ​ចម្រៀង​ និង​លួច​សរសើរ​អ្នកនិពន្ធ​ថា​ មានគំនិត​ឆ្លាត​វៃ​ និង​ពូកែ​តែ​ប៉ុណ្ណោះ​៖​ «​ពី​មុន​កម​ខ្ញុំ​មិន​ដែល​គិត​ថា​ ខ្លួនឯង​ក្លាយជា​អ្នកនិពន្ធ​ គ្រាន់​ថា​ឃើញ​គេ​ចេញ​ចម្រៀង​ អ​ញ្ចឹ​ង​អូ៎​!​ អ្នក​ណា​គេ​ ជា​អ្នកនិពន្ធ​!»​។​

ក្រៅ​តែ​ពី​ការ​និពន្ធ​បទ​ចម្រៀង​ឱ្យ​ផលិតកម្ម​ Diamond​ Music​  នារី​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​ មិន​ចាញ់​តារា​រូប​នេះ​ ក៏​ពូកែ​តែ​កំណាព្យ​ផង​ដែរ​។​ រាល់​ការ​ចាប់ផ្តើម​តែងតែ​ជួប​ការ​លំបាក​ គឺជា​រឿង​ធម្មតា​សម្រាប់​ខ្សែជីវិត​មនុស្ស​។​ នេះ​ជា​ការ​លើក​ឡើង​របស់​កញ្ញា​ លឹ​ម​ ផា​ន់​ណា​។​

និយាយ​ទាំង​ស្នាមញញឹម​ ផា​ន់​ណា​ ថា​ ធ្វើ​ជា​អ្នកនិពន្ធ​មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ​។​ មូលហេតុ​ដែល​មិន​ងាយស្រួល​ ព្រោះ​កញ្ញា​ជា​មនុស្ស​ម្នាក់​ដែល​ចូល​ចិត្ត​ស្តាប់​តែ​បទ​ចម្រៀង​ជំនាន់​ដើម​ ពោល​គឺ​បទ​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៦០​ ហើយ​បច្ចុប្បន្ន​ម្ចាស់​ផលិតកម្ម​តម្រូវ​ឱ្យ​កញ្ញា​និពន្ធ​ទំនុកច្រៀង​ថ្មីៗ​ ដូច្នេះ​ ផា​ន់​ណា​ ត្រូវ​ជួប​ឧបសគ្គ​ និង​ការ​លំបាក​ច្រើន​៖​ «​ផលិតកម្ម​ Diamond​  Music​ ហ្នឹង​ គឺ​ធ្វើ​បទ​ទាក់ទង​នឹង​យុវវ័យ​ ហើយ​ចំពោះ​ខ្ញុំ​ ជា​ទូទៅ​ខ្ញុំ​ចូល​ចិត្ត​ស្ដាប់​បទ​បុរាណ​ អ​ញ្ចឹ​ង​ដំបូង​ វា​មានការ​លំបាក​…»​។​

ស្នាដៃ​ដំបូង​នៅ​ក្នុង​ផលិតកម្ម​ Diamond​  Music​ ផា​ន់​ណា​ បាន​និពន្ធ​បទ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា​ “​ពេល​ណា​បង​មានឱកាស​”​ដែល​ច្រៀង​ដោយ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ Diamond​ Music​ គឺ​លោក​ ចេស្តា​ ។​ តាម​រយៈ​បទ​នេះ​ ធ្វើ​ឱ្យ​អ្នកគាំទ្រ​ស្គាល់​កញ្ញា​កាន់តែ​ច្បាស់​ និង​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ «​បទ​ដែល​ខ្ញុំ​ស្រលាញ់​ជាងគេ​ គឺ​បទ​ ពេល​ណា​បង​មានឱកាស​ បទ​នេះ​ បទ​ដំបូង​ដែល​ខ្ញុំ​ចេញ​ក្នុង​ផលិតកម្ម​ Diamond​ Music…»​។​

ជា​អតីត​សិស្ស​ពូកែ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ផ្នែក​អក្ស​សាស្ត្រ​ខ្មែរ​ កាលពី​ឆ្នាំ​ ២០០៨​ កញ្ញា​ ផា​ន់​ណា​ បាន​ចែករំលែក​បទ​ពិសោធ​ខ្លះៗ​ថា​ ដើម្បី​ក្លាយ​ខ្លួន​ទៅ​ជា​អ្នកនិពន្ធ​ម្នាក់​ តម្រូវ​ឱ្យ​មានការ​ស្រាវជ្រាវ​ និង​អាន​ឱ្យ​បាន​ច្រើន​ ។​ ផា​ន់​ណា​ ថា​ ទម្រាំ​តែ​វិ​វត្ត​ខ្លួន​បាន​មក​ដល់​សព្វ​ថ្ងៃនេះ​ កញ្ញា​ បាន​ចំណាយពេល​អាន​ និង​ស្រាវជ្រាវ​ជា​ច្រើន​ ដែល​ចំណុច​ទាំងនេះ​ធ្វើ​ឱ្យ​ស្នាដៃ​នៃ​ការ​តែង​និពន្ធ​បាន​ល្អ​ផង​ដែរ​៖​ «​ផ្អែក​ទៅ​លើ​បទ​ពិសោធ​ខ្ញុំ​តែ​ម្តង​ ដោយសារ​យើង​ធ្លាប់​មានចំណេះ​ដឹង​ផ្នែក​អក្សរសាស្ត្រ​ ហើយ​យើង​ចូល​ចិត្ត​អាន​ កំណាព្យ​ អ​ញ្ចឹ​ង​ធ្វើ​ឱ្យ​យើង​ដឹង​ចុង​ជួន​ច្រើន​…»​។​

ក្រោយ​ពី​បាន​ក្លាយជា​អ្នកនិពន្ធ​ ផា​ន់​ណា​ សរសេរ​ទំនុកច្រៀង​បាន​ជាង​ ១០០​ បទ​ ហើយ​មក​ដល់​បច្ចុប្បន្ន​នេះ​។​ បទ​ដែល​កញ្ញា​និពន្ធ​ ភាគច្រើន​ជា​ចម្រៀង​បែប​មនោ​ច​ញ្ចេ​ត​នា​។​ ស្នាដៃ​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ផ្សេង​ទៀត​គឺ​  កញ្ញា​ លឹ​ម​ ផា​ន់​ណា​ បាន​សរសេរ​រំឭក​ដល់​ស្នា​ព្រះ​ហ​ស្ថ​របស់​ប្រះ​បរម​រតន​កោដ្ឋ​ ព្រះ​វរៈ​រាជបិតា​ជាតិខ្មែរ​ ដែល​មាន​ចំណងជើង​ថា​ (​នឹក​ស្រណោះ​សម័យ​សង្គមរាស្ត្រនិយម​)​ «​ពេល​ហ្នឹង​ មាន​អារម្មណ៍​ថា​នឹក​ស្រណោះ​សម័យ​សង្គមរាស្ត្រនិយម​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេចឪ​…​ ហើយ​បើ​បទ​នេះ​ផ្សព្វផ្សាយ​ទៅ​ក៏​ធ្វើ​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​ចង​ចាំ​នូវ​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះ​អង្គ​…»​។​

ក្រៅពី​និពន្ធ​បទ​ចម្រៀង​ ផា​ន់​ណា​ នៅ​មាន​មហិច្ឆតា​មួយទៀត​ គឺ​ចង់​ក្លាយ​ខ្លួន​ជា​អ្នកនិពន្ធ​ខ្សែភាពយន្ត​ផង​ដែរ​ ទៅ​ថ្ងៃ​អនាគត​៖​ «​និយាយ​ទៅ​ខ្ញុំ​ក៏​ធ្លាប់​ស្រមៃ​ថា​នឹង​ បាន​ក្លាយជា​អ្នកនិពន្ធ​ម្នាក់​ក្នុង​ស្ថានីយទូរទស្សន៍​មួយ​ តែ​ក្តី​ស្រមៃ​នេះ​ប្រហែល​ធំ​ពេក​ហើយ​»…​។​

សូម​បញ្ជាក់​ថា​ កញ្ញា​ លឹ​ម​ ផា​ន់​ណា​ កាលពី​ឆ្នាំ​២០០៨​ ទទួល​បាន​ជ័យ​លា​ភី​ សិស្ស​ពូកែ​ទួ​ទាំង​រាជធានី​ ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​ ក្រោយមក​កញ្ញា​បាន​ទទួល​ ចំណាត់ថ្នាក់​លេខ​៣​ ផ្នែក​កំណាព្យ​ក្នុង​កម្មវិធី​៖​ “​យុវជន​ស្ម​គ្រ័​ចិត្ត​អន្តជាតិ​”​ ដែល​រៀបចំ​ដោយ​ UNV​ និង​មាន​ស្នាដៃ​ជា​ច្រើន​ទៀត​។​

​ក្នុង​នោះ​កញ្ញា​ ផា​ន់​ណា​ ក៏​បាន​បោះពុម្ពផ្សាយ​ស្នាដៃ​និពន្ធ​របស់​ខ្លួន​ចំនួន​ពីរ​ក្បាល​ គឺ​សៀវភៅ​ទី​១​ មាន​ចំណងជើង​ថា​ “​សោភ័ណ​ជីវិត​ និង​បេះដូង​យុវវ័យ​”​ ចងក្រង​ឡើង​ ដោយ​សរសេរ​ជា​កំណាព្យ​សុទ្ធ​ចំនួន​ ១៦៨​ អត្ថបទ​ និង​ចំណាយពេល​សរសេរ​អស់​រយៈពេល​៨​ឆ្នាំ​។​ ហើយ​សៀវភៅ​ទី​២​ គឺ​សរសេរ​ជា​រឿង​ខ្លី​ចំនួន​ ៣​រឿង​ ដែល​មាន​ចំណងជើង​លើ​ក្រប​មុខ​ថា​
“​បាន​ថើប​រសើប​បេះដូង​”​។​ ក្រៅ​តែ​ពី​អាជីព​ជា​អ្នកនិពន្ធ​ បច្ចុប្បន្ន​ ផា​ន់​ណា​ ក៏​មានការ​ងារ​ផ្សេង​ទៀត​ គឺ​ ជា​អ្នក​ផ្តល់​យោបល់​ផ្នែក​សុខភាព​ផ្លូវចិត្ត​ក្នុង​អង្គការ​មួយ​ផង​ដែរ​៕​

Share

Image
Image
Image