en     km
en     km

កង្វះ​ទីផ្សារ​កសិកម្ម​ និង​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​កសិករ​

Share

cover 2015 CEDAC Congress
ភ្នំពេញ៖  ថ្លែង​ក្នុង​កម្មវិធី​សមាជ​ប្រចាំឆ្នាំ​ ២០១៥​ របស់​អង្គការ​សេ​ដាក​ នៅ​ថ្ងៃ​ទី​២៨​ ខែធ្នូ​នេះ​ លោក​ យ៉ង​ សាំង​កុមារ​ ប្រធាន​អង្គការ​សេ​ដាក​លើក​ឡើង​ថា​ កសិករ​កម្ពុជា​នៅ​តែ​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ គឺ​បញ្ហា​កង្វះ​ទីផ្សារ​កសិកម្ម​ និង​ការ​ប្រែប្រួល​អាកាសធាតុ​ ដែល​ប្រការ​នេះ​ធ្វើ​ឱ្យ​វិស័យ​កសិកម្ម​កម្ពុជា​ នៅ​មាន​ភាព​អន់​ខ្សោយ​នៅឡើយ​។​

​ព្យុះ​កំណាច់​ធំៗ​ចំនួន​២​ ដែល​កសិករ​កម្ពុជា​កំពុង​តែ​ប្រឈម​ និង​កំពុង​ធ្វើ​ឱ្យ​វិស័យ​កសិកម្ម​កម្ពុជា​ជួប​ភាព​អន់​ខ្សោយ​ នោះ​គឺ​កង្វះ​ទីផ្សារ​កសិកម្ម​ និង​ការ​ប្រែប្រួល​អាកាសធាតុ​។​ ​នេះ​គឺជា​ការ​លើក​ឡើង​របស់​លោក​ យ៉ង​ សាំង​កុមារ​ ប្រធាន​អង្គការ​សេ​ដាក​ ដែល​បាន​ថ្លែង​នៅ​ក្នុង​ កម្មវិធី​សមាជ​ប្រចាំឆ្នាំ​២០១៥​របស់​អង្គការ​សេ​ដា​។​

​ប្រធាន​អង្គការ​សេ​ដាក​ដែល​ទើប​ផុត​អាណត្តិ​រូប​នេះ​បន្ត​ថា​ កសិករ​នៅ​មាន​សមត្ថភាព​ទាប​នៅឡើយ​ក្នុង​ការ​ប្រឈម​មុខ​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ និង​ការ​ប្រកួតប្រជែង​ផលិតផល​កសិកម្ម​ជាមួយ​ប្រទេស​ជិតខាង​។​ លោក​ យ៉ង​ សាំង​កុមារ​ បន្ថែម​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន​ អង្គការ​សេ​ដាក​កំពុង​តែ​បញ្ជូន​បុគ្គលិក​របស់​ខ្លួន​ ដើម្បី​ចុះ​ទៅ​ជួយ​បង្ហាត់បង្រៀន​ពង្រឹងសមត្ថភាព​ដល់​ប្រជា​កសិករ​តាម​មូលដ្ឋាន​។​ តែ​ទោះ​យ៉ាងនេះ​ក្ដី​ លោក​ថា​ កិច្ចការ​នេះ​ត្រូវ​មានការ​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល​ផង​ដែរ​ ដើម្បី​ឱ្យ​វិស័យ​នេះ​អាច​ប្រកួតប្រជែង​នឹង​ប្រទេស​ជិតខាង​បាន​។​

លោក​ យ៉ង​ សាំង​កុមារ
លោក​ យ៉ង​ សាំង​កុមារ

​លោក​ យ៉ង​ សាំង​កុមារ​៖​ «​អ្វី​ដែល​យើង​បារម្ភ​ហ្នឹង​ គឺ​បារម្ភ​តើ​ថា​ កសិករ​ខ្មែរ​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ ដើម្បី​ទប់ទល់​ជាមួយ​ការ​ប្រកួត​ប្រកួតប្រជែង​ជាមួយ​កសិករ​នៅ​ប្រទេស​ជិត​ខាងលើ​បញ្ហា​ទីផ្សារ​។​ ហើយ​មួយទៀត​កសិករ​ខ្មែរ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ទប់ទល់​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​។​ អ​ញ្ចឹ​ង​ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង​បាន​អង្គការ​សេ​ដាក​ នឹង​ប​ញ្ចូ​ន​មនុស្ស​ម្នាក់​ទៅ​ធ្វើការ​ជាមួយ​កសិករ​ចន្លោះ​ពី​ ១០០​ ទៅ​ ២០០​ នាក់​ ជួយ​ពង្រឹង​បច្ចេកទេស​ដល់​កសិករ​»​។​

កសិករ​នៅ​ក្នុង​ខេត្តព្រៃវែង​មួយ​រូប​ អ្នកស្រី​ វង់​ ស៊ី​ថន​ និយាយ​ថា​ បច្ចុប្បន្ន​កសិករ​នៅ​មូលដ្ឋាន​ដែល​អ្នកស្រី​រស់នៅ​កំពុង​ជួប​បញ្ហា​ខ្វះ​ប្រព័ន្ធ​ទឹក​ស្រោចស្រព​ដំណាំ​ ខ្វះ​ទុន​ និង​ខ្វះ​ទីផ្សារ​កសិកម្ម​។​ អ្នកស្រី​សំណូមពរ​ដល់​រដ្ឋាភិបាល​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដល់​កសិករ​ តាម​រយៈ​ការ​បញ្ជូន​មន្ត្រី​កសិកម្ម​ចុះ​ពង្រឹង​ប​ចេ្ច​ក​ទេស​កសិកម្ម​បន្ថែម​ដល់​កសិករ​ នឹង​ប្រញាប់​ដោះស្រាយ​បញ្ហា​ទឹក​ដល់​កសិករ​។​

​អ្នកស្រី​ វង់​ ស៊ី​ថន​ ៖​ «​ទុក​កង្វល់​របស់​ប្រជាពលរដ្ឋ​មាន​៣​ចំនុច​ ចំណុច​ទី​១​ គឺ​ទុន​ ចង់ឱ្យ​អត្រា​ការ​ប្រាក់​ទាប​ហ្នឹង​ធ្លាក់​ដល់​ដៃ​ប្រជាពលរដ្ឋ​។​ ទី​២​ គឺ​ទឹក​ ប្រជាពលរដ្ឋ​ត្រូវការ​ទឹក​គាត់​ខ្វះ​ទឹក​ អ​ញ្ចឹ​ង​ប្រព័ន្ធ​ស្រោចស្រព​គឺ​នៅ​មាន​ភាព​ខ្វះខាត​។​ បញ្ហា​មួយទៀត​ គឺ​ទីផ្សារ​ ព្រោះ​ផល​កសិកម្ម​លក់​ទៅ​បាន​ទាប​នៅឡើយ​ អ​ញ្ចឹ​ង​សូម​ឱ្យ​រដ្ឋ​ជួយ​រក​ទីផ្សារ​ឲ្យ​កសិករ​»​។​

​នៅ​ថ្ងៃ​ទី​២៨​ ខែធ្នូ​នេះ​ ក្នុង​កម្មវិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ក្រើនរំឭក​ដល់​ប្រជា​កសិករ​ជា​ថ្មី​ ត្រូវ​រក្សា​ទឹក​ទុក​សម្រាប់​ស្រោចស្រព​ដំណាំ​នា​រដូវប្រាំង​ឆ្នាំ​ក្រោយ​។​

​សូម​រំឭក​ថា​ កាលពី​ថ្ងៃ​ទី​២៣​ ខែធ្នូ​ រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ​ស្តី​ពី​ការ​ចាត់វិធានកា​ថែរក្សា​ទឹក​ទុក​ដោយ​បាន​អំពាវនាវ​ឱ្យ​ប្រជា​កសិករ​ ធ្វើ​ស្រូវប្រាំង​តែ​១​ដង​ ប៉ុណ្ណោះ​ក្នុង​ ឆ្នាំ​២០១៦​ ហើយ​មិន​អាច​ធ្វើ​ស្រូវប្រាំង​លើក​ទី​២​ បាន​ទេ​  ព្រោះ​ទឹក​តាម​បណ្តា​អាង​ដែល​បាន​រក្សា​ទុក​ និង​ទឹកធម្មជាតិ​នៅ​កន្លែង​មួយ​ចំនួន​ គួរ​គប្បី​រក្សា​ទឹក​ទាំងនោះ​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ និង​ការ​ដាំ​ដំណាំ​រួម​ផ្សំ​ផ្សេង​ទៀត​ក្រៅពី​ស្រូវ​។​ រដ្ឋាភិបាល​ក៏​បាន​បញ្ជា​ឱ្យ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ ត្រូវ​ចូលរួម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ឱ្យ​បាន​ល្អ​ ដើម្បី​ផ្គត់ផ្គង់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ រហូត​ដល់​ពេល​មាន​ភ្លៀង​ធ្លាក់​៕

Share

Image
Image
Image