loader

​អ្នក​ញៀន​គ្រឿងញៀន​មក​ទទួល​សេវា​ព្យាបាល​មាន​កំណើន​ខ្ពស់​

ភ្នំពេញ​៖​ ក្នុង​រយៈពេល​ ៦​ ខែ​ ដើមឆ្នាំ​ ២០១៨​នេះ​ ក្រសួងសុខាភិបាល​បាន​ផ្តល់​ការ​ព្យាបាល​បន្សាប​អ្នក​ញៀន​គ្រឿងញៀន​មានការ​កើនឡើង​ជាង​ ១០០​ ភាគរយ​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ជនញៀនថ្នំាជាង៣០០០នាក់មកទទួលសេវាពន្យាបាលនៅតាមមណ្ឌលសុខភាព។

អាជ្ញាធរមានសមត្ថកិច្ចបង្ហាញ ភស្តុតាងថ្នំាញៀនជាច្រើនត្រូវបានរឹបអូនពី​ជន​ល្មើស។ រូបភាព៖ នគរបាលជាតិ



យោង​តាម​របាយការណ៍​ប្រចាំឆមាស​ទី​១​ ឆ្នាំ​ ២០១៨​ ស្តី​ពី​ការ​ព្យាបាល​អ្នក​ញៀន​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​របស់​ក្រសួងសុខាភិបាល​ បង្ហាញ​ថា​ ជន​ញៀន​ថ្នាំ​ញៀន​មក​ទទួល​សេវា​ព្យាបាល​បន្សាប​ចំនួន​ ៣២៣១​ នាក់​ នៅ​តាម​មណ្ឌល​សុខភាព​។

​ក្នុង​នោះ​អ្នក​ញៀន​គ្រឿងញៀន​ជា​បុរស​មាន​ចំនួន​ ៣០១៩​ នាក់​ ស្មើនឹង​ ៩៣​ ភាគរយ​ ហើយ​អ្នក​ញៀន​គ្រឿងញៀន​ជា​ស្រី​មាន​ចំនួន​ ២១២​ នាក់​ ស្មើនឹង​ ៧​ ភាគរយ​។​ អ្នក​ញៀន​គ្រឿង ញៀន​ ត្រូវ​បាន​រក​ឃើញ​ថា​ បាន​ប្រើប្រាស់​ថ្នាំ​ញៀន​ប្រភេទ​អំ​ហ្វេ​តា​មីន​ និង​ហេ​រូ​អ៊ី​ន​។​

​ក្នុង​ឆមាស​ទី​១​ អ្នក​ញៀន​គ្រឿងញៀន​មក​ទទួល​សេវា​ព្យាបាល​មាន​កំណើន​ ១០២​ ភាគរយ​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៧​ មាន​ចំនួន​ ១៥៩៦​ នាក់​។​

​របាយការណ៍​នេះ​ បន្ថែម​ថា​ ការ​ផ្តល់​សេវា​ព្យាបាល​នៅ​តាម​មណ្ឌល​ព្យាបាល​ និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​នៅ​ឆមាស​ទី​១​ សរុប​មាន​ចំនួន​ ៨៨២១​ នាក់​។​

​ជន​ញៀន​គ្រឿងញៀន​ដែល​មក​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាតិ​ និង​មន្ទីរពេទ្យ​បង្អែក​ មណ្ឌល​សុខភាព​ និង​មណ្ឌល​ព្យាបាល​ និង​ស្តារ​នីតិសម្បទា​ សរុប​មាន​ចំនួន​ ១២០៥២​ នាក់​។​

​ការ​ព្យាបាល​អ្នក​ញៀន​គ្រឿងញៀន​ដោយ​ផ្នែក​លើ​សហគមន៍​ទាមទារ​ឱ្យ​មាន​កិច្ចសហការ​អន្តរ​វិស័យ​ក្នុង​ភាព​ជា​ដៃគូ​រវាង​វិស័យ​សុខាភិបាល​ រដ្ឋអំណាច​មូលដ្ឋាន​ និង​មន្ត្រី​អនុវត្ត​ច្បាប់​ ជា​ចាំបាច់​មិន​អាច​ខ្វះ​បាន​។​ ក្រសួងសុខាភិបាល​ មានការ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ដើម្បី​ពង្រឹង​យន្តការ​ភាព​ជា​ដៃគូ​ជាមួយ​អ្នក​ពាក់ព័ន្ធ​នានា​។​

​របាយការណ៍​ប្រចាំឆ្នាំ​២០១៧​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ បង្ហាញ​ថា​ អាជ្ញា​ធរមាន​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាង​ ៨​ពាន់​ ករណី​ កើនឡើង​ជិត​ ៤​ពាន់​ករណី​ ស្មើនឹង​ជាង​ ៩២​ ភាគរយ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦​ មាន​ជាង​ ៤​ពាន់​ ករណី​។​

​អ្នក​ញៀន​ថ្នាំ​ប្រភេទ​អំ​ហ្វេ​តា​មីន​ ហេ​រ៉ូ​អ៊ី​ន​ និង​អាភៀន​បាន​ទទួល​សេវា​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ជាង​ ៣​ពាន់​ នាក់​ និង​ព្យាបាល​ក្នុង​មណ្ឌល​បន្សាប​គ្រឿងញៀន​ជាង​ ១​ម៉ឺន​ ២​ពាន់​ កើនឡើង​ជិត​ ៥​ ពាន់​នាក់​។​

​លោកនាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​ យ៉ា​ន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថ្លែង​នៅ​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថា​ ក្នុង​ដំណាក់កាល​ទី​ ៣​ នៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ អាជ្ញាធរ​ឃាត់ខ្លួន​ជនសង្ស័យ​ជាង​ ៥៧០០​ នាក់​ និង​បង្ក្រាប​បទល្មើស​ជាង​ ២៨០០​ ករណី​។​

​ការ​ផ្តល់​សេវា​ព្យាបាល​ និង​ស្តារ​នីតិសម្បទា​ដល់​អ្នក​គ្រឿងញៀន​ជាង​ ៧០០០​នាក់​ ហើយ​អាជ្ញាធរ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ពី​ផល​ប៉ះពាល់​ និង​គ្រោះថ្នាក់​គ្រឿងញៀន​ដល់​ប្រជាពលរដ្ឋ​ជាង​ ១​លាន​ ៦​ សែន​នាក់​។​

​បើ​តាម​របាយការណ៍​របស់​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឆ្នាំ​ ២០១៧​ រក​ឃើញ​ថា​ អ្នក​ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ភូមិ​ ឃុំ​ជាង​ ១៤០០០​ នាក់​ ស្មើនឹង​ ៣៦​ ភាគរយ​ មិន​ទាន់​ទទួល​បាន​សេវា​ព្យាបាល​និង​ស្តារ​នីតិសម្បទា​៕

ព័ត៌មានទាក់ទង

​តើ​ បន្លែ​ ត្រី​ សាច់​និង​អាហារ​បែប​ណា​ទើប​ក្រពះ​របស់​អ្នក​ងាយ​រំលាយ​វា​បាន​ល្អ​?

​ការ​រំលាយ​អាហារ​មាន​ឥ​ទ្ធ​ពល​សំខាន់​ចំពោះ​កា[...]

WHO៖​ ជំងឺមិនឆ្លង​កំពុង​គំរាមកំហែង​សុខភាព​និង​ការ​អភិវឌ្ឍន៍​ផ្នែក​សង្គម​

អង្គការ​សុខភាព​ពិភពលោក​ (WHO)​ ឱ្យ​ដឹង​ថា​ ប[...]

​ជំងឺគ្រុនឈាម​៖​ ការ​ដំអក់​យក​កូន​ទៅ​ពេទ្យ​នាំ​ឱ្យ​កុមារ​ប្រឈម​នឹង​ស្លាប់​

យោង​តាម​របាយការណ៍​រយៈពេល​ ៦​ ខែ​ដើមឆ្នាំ​ ២០១[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត