loader

​ស្ត្រី​សម្រាលកូន​ដោយ​ឆ្មប​បូរាណ​មានការ​ធ្លាក់​ចុះ​ខណៈ​មានការ​យកចិត្តទុកដាក់​ច្រើន​ដល់​សុខភាព​មាតា​និង​ទារក​

​ភ្នំពេញ​៖ ​ក្រសួងសុខាភិបាល​ឲ្យ​ដឹង​ថា​ស្ត្រី​សម្រាលកូន​ដោយ​ឆ្មប​បូរាណ​មានការ​ធ្លាក់​ចុះ​ជាង​ការ​សម្រាលកូន​នៅ​តាម​រយៈ​សេវា​សុខាភិបាល​សាធារណៈ​របស់​រដ្ឋ​។​ស្រប​ពេល​នេះ​ក្រសួង​ថា​ ការ​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​ដល់​កុមារ​អាយុ​ក្រោម​១​ឆ្នាំ​រហូត​១១​មុខ​ទទួល​បាន​លទ្ធផល​លើស​គោលដៅ​កំណត់​។​

 

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលសួរសុខទុក្ខស្រ្តីសម្រាលកូននៅក្នុងមន្ទីរពេទ្យ។រូបភាព៖ Facebook Page’s MoH

ក្រសួងសុខាភិបាល​បាន​បង្ហាញ​របាយការណ៍​ប្រចាំឆ្នាំ​២០១៧​ថា​ ស្ត្រី​សម្រាលកូន​សរុប​ជាង​ ៣៣​ ម៉ឺន​នាក់​ ក្នុង​ចំណោម​ស្ត្រី​មានគភ៌​រំពឹង​ទុក​ជិត​ ៣៧ ​ម៉ឺន​នាក់​។ ​ស្ត្រី​សម្រាលកូន​ទាំងនោះ​នៅ​ក្នុង​មណ្ឌល​សុខភាព​ជាង​ ១៦ ​ម៉ឺននាក់​។ ​ក្នុង​នោះ​សម្រាលកូន​នៅតាម​សេវា​ឯកជន​ជាង​៨​ពាន់​នាក់និង​សម្រាល​នៅ​តាម​ផ្ទះ​ដោយ​បុគ្គលិក​ពេទ្យ​ជាង ​១៣ ​ម៉ឺន​នាក់​និង​សម្រាលកូន​ដោយ​ឆ្មប​បូរាណ​ជាង​១​ពាន់​នាក់​។

ពេទ្យឆ្មបរបស់ក្រសួងសុខាភិបាលសម្រាលកូនដល់ផ្ទះរបស់ប្រជាពលរដ្ឋនៅតាមជនបទ។ Facebook Page’s Ministry of Health

​លោកស្រី​ ទុង​ រ​ដ្ឋា​វី​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក​ឲ្យ​ដឹង​នៅ​ក្នុង​កម្មវិធី​ប្រារព្ធ​ទិវា​ជាតិ​សុខ​ភាព​មាតា ​ទារក​និង​កុមារ​ កាលពី​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៨​ថា ​ស្ត្រី​សម្រាលកូន​នៅ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ប្រមាណ​៨០​ភាគរយ​។​លោកស្រី​ បញ្ជាក់​ថា​យ៉ាងតិច​ពេទ្យឆ្មប​របស់​ក្រសួងសុខាភិបាល​ពីរ​នាក់​មាននៅ​ក្នុង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​។​

លោកស្រី​ ទុង​ រ​ដ្ឋា​វី​ ៖«ឥឡូវនេះយើងឃើញថាការសម្រាលកូនតាមមូលដ្ឋានសុខាភិបាលមានភាពប្រសើរឡើងគឺសិងតែគ្មានការសម្រាលកូននៅតាមផ្ទះទេ។ហើយការសម្រាលកូនភាគច្រើនគឺធ្វើឡើងនៅមូលដ្ឋានសុខាភិបាលដោយបុគ្គលិកជំនាញ។ការសម្រាលកូនដោយឆ្មបបូរាណបើតាមការផ្តល់ព័ត៌មានមកយើងមិនទិន្នន័យជាក់លាក់ទេប៉ុន្តែតាមការផ្តល់ព័ត៌មានមកគឺនៅមានតិចតូចនៅឡើយទេ មិនទាន់អស់ទេដោយសារមូលហេតុប្រជាជនយើងឥឡូវធ្វើចំណាក់ស្រុក។»

​ស្រប​ពេល​នេះ​ដែរ​ របាយការណ៍​របស់​ក្រសួងសុខាភិបាល​ក៏​បាន​បង្ហាញ​ថា​ ក្រសួង​បានដាក់​បញ្ចូល​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុន​ស្វិតដៃជើង​ប្រភេទ​ចាក់​និង​វ៉ាក់សាំង​បង្ការ​ជំងឺរលាក​ស្រោមខួរ​ក្បាល​ទៅ​ក្នុង​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​នៅ​កម្ពុជា​។​

​របាយការណ៍​បានឲ្យ​ដឹង​ទៀត​ថា​ កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​សម្រាប់​ឆ្នាំ​២០១៧​បាន​ផ្តល់ថ្នាំ​​វ៉ាក់សាំង​ដល់​កុមារក្រោម​អាយុ​មួយ​ឆ្នាំ​បាន​​ជាង​ ៣៦ ​ម៉ឺន​នាក់​។ ​ក្នុង​នោះ​កុមារ​ជាង​ ៣២ ​ម៉ឺន​នាក់​ បាន​ទទួល​ថ្នាំ​បង្ការ​ជំងឺ​ជា​ប្រចាំ​ដោយ​គ្រប់​ចំនួន​ដូ​ស​ឬ​ស្មើនឹង​៩០,៥៨​ភាគរយ​។

​ជាមួយ​គ្នា​នេះ​អត្រា​គ្របដណ្តប់​នៃ​ការ​ផ្តល់​វ៉ាក់សាំង​បង្ការ​ជា​ប្រចាំ​លើ​កុមារ​ក្រោម​អាយុមួយ​ឆ្នាំ​ទទួលលទ្ធផល​ដូច​ជា​ ការផ្តល់វ៉ាក់សាំង​បង្ការ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​ក្រោម​២៤​ម៉ោង​ក្រោយ​ពេល​សម្រាល​មាន​ចំនួន​ ៨៣ ​ភាគរយ​។ ​វ៉ា​ក់​សាំង​បង្ការ​ជំងឺរបេង​ ៩៧​ភាគរយ​ និង​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុន​ស្វិតដៃជើង​ ៣​ ដូ​ស​ មាន ៩៧ ​ភាគរយ​ ហើយ​វ៉ាក់សាំង​បង្ការ​ជំងឺ​តេតាណូស​ ខាន់ស្លាក់​ ក្អកមាន់​ រលាក​ថ្លើម​ប្រភេទ​បេ​ រលាក​សួត​ ៣ ​លើក​មាន ​៩៧,៦៧​ ភាគរយ​លើស​ពី​គោលដៅ​បាន​កំណត់​។

​រីឯ​ជំងឺ​ក​ញ្ជ្រិ​ល​ ស្អូច​ មាន​ ៩៧,៦៨​ ភាគរយ​ នៅ​ខែ​ទី​៩​ ដែល​អត្រា​នេះ​ទាប​ជាង​គោលដៅ​កំណត់​ឲ្យ​បាន​១០០​ភាគរយ​សម្រាប់​ឆ្នាំ​២០១៧​។

​ក្នុង​របាយការណ៍​រក​ឃើញ​ថា​ ប្រជាពលរដ្ឋ​ទទួល​បាន​សេវា​សុខភាព​ មានគុណ​ភាព​ សុវត្ថិភាព​ និង​ប្រសិទ្ធភាព​ ហើយ​ប្រជាជន​មាន​កំណើន​កើនឡើង​ក្នុងការ​ប្រើប្រាស់​សេវា​សុខាភិបាល​សាធារណៈ​និង​ឯកជន​ច្រើន​ជាង​ឆ្នាំ​មុន​។ ​ការពិគ្រោះ​ជំងឺ​ថ្មី​សម្រាប់​ប្រជាជន​ម្នាក់​ក្នុង​មួយ​ឆ្នាំ​កើន​ចាប់ពី​ ០,៦៣​ ក្នុង​ឆ្នាំ​២០១៦​ ទៅ​០,៧១​ សម្រាប់​ឆ្នាំ ​២០១៧​។ ​ចំណែក​អត្រា​ស្លាប់​នៅ​មន្ទីរពេទ្យ​មា​០,៨៧​ ភាគរយ​ កាលពី​ឆ្នាំ​មុន​។

​ឥរិយា​បទ​គ្រូពេទ្យ​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​បាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍​នេះ​ថា​ពេទ្យ​រាក់ទាក់​ដល់​អ្នកជំងឺ​ឬ​អតិថិជន​ណាស់​បាន​កើនឡើង​រហូត​ដល់​ ៣៩,៩ ​ភាគរយ ​ទៅ​ ៥៦,៤៥ ​ភាគរយ​ ដែល​ថយ​ចុះ​ពី ​៦០,១​ភាគរយ ​៤៣,៥៦ ​ភាគរយ​។

​ដោយឡែក ​ពេទ្យ​គោរព​អតិថិជន​ណាស់​ មានការ​កើនឡើង​ពី​ ៥២ ​ភាគរយ​ ទៅ​ ៦៩,៤៤ ​ភាគរយ​ ហើយ​ភាព​អាណិតអាសូរ​អ្នកជំងឺ​ណាស់​របស់​គ្រូពេទ្យ ​បាន​កើ​ន​ឡើង​ ៥០,៧ ​ភាគរយ ​ទៅ​ ៦៣,៣៣​ ភាគរយ​។ ​ប៉ុន្តែ​គ្រូពេទ្យ​មិន​រាក់ទាក់​សោះ​ ពេទ្យ​មិន​គោរព​សោះ​ និង​ពេទ្យ​មិន​អាណិត​អាសូរអ្នកជំងឺ​សោះ​ ក្នុង​របាយការណ៍​នេះ​បញ្ជាក់​ថា​ គ្មាន​ការ​លើក​ឡើង​ទេ​ចំពោះ​អតិថិជន​ដែល​បាន​សម្ភាសន៍​។​


បើ​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​(WHO)​បាន​រក​ឃើញ​ថា​ ស្ត្រី​សម្រាលកូន​ប្រហែល​ ៨៣០ ​នាក់​​ស្លាប់​ដោយសារ​ការ​ពពោះ​និង​អំឡុង​ពេល​សម្រាលកូន​នៅ​ជុំវិញ​ពិភពលោក​ជា​រៀងរាល់ថ្ងៃ​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

​តើ​ បន្លែ​ ត្រី​ សាច់​និង​អាហារ​បែប​ណា​ទើប​ក្រពះ​របស់​អ្នក​ងាយ​រំលាយ​វា​បាន​ល្អ​?

​ការ​រំលាយ​អាហារ​មាន​ឥ​ទ្ធ​ពល​សំខាន់​ចំពោះ​កា[...]

​អ្នក​ញៀន​គ្រឿងញៀន​មក​ទទួល​សេវា​ព្យាបាល​មាន​កំណើន​ខ្ពស់​

ក្នុង​រយៈពេល​ ៦​ ខែ​ ដើមឆ្នាំ​ ២០១៨​នេះ​ ក្រស[...]

WHO៖​ ជំងឺមិនឆ្លង​កំពុង​គំរាមកំហែង​សុខភាព​និង​ការ​អភិវឌ្ឍន៍​ផ្នែក​សង្គម​

អង្គការ​សុខភាព​ពិភពលោក​ (WHO)​ ឱ្យ​ដឹង​ថា​ ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត