loader

​សេដ្ឋកិច្ចកម្ពុជានៅតែអាចបន្ដកំណើនខ្ពស់ និងមធ្យមក្នុងរយៈពេលខ្លី

តាមរបាយការណ៍សង្ខេបរបស់សូចនាករម៉ាក្រូសេដ្ឋកិច្ចជាតិដែលក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុយកមកចុះផ្សាយឱ្យដឹងថា បើទោះបីជា​សេដ្ឋកិច្ចពិភពលោក​កំពុងស្ថិត​ក្នុង​ភាពមិនប្រាកដប្រជា​ជាច្រើន ដែល​រួមមាន​ទាំង​ហានិភ័យ និង​បញ្ហា​ប្រឈម ទាំង​ក្នុងប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុងអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា​នៅតែ​អាច​បន្ត​កំណើន​ខ្ពស់ និង​រឹងមាំ ក្នុង​រយៈពេល​ខ្លី និង​មធ្យម​ខាងមុខនេះ។

ជាមួយនឹង​សមិទ្ធផល​នេះ ធនាគារ​អភិវឌ្ឍន៍អាស៊ី​បានចាត់ទុក​ប្រទេស​កម្ពុជា ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​នៅ​តំបន់​អាស៊ី ហើយ​បាន​ប្រសិទ្ធ​នាម​ប្រទេស កម្ពុជា ជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី។

ក្នុងឆ្នាំ២០១៦ កន្លងទៅកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា ៧,០% ដោយសារការងើបឡើងវិញនៃកំណើនក្នុងវិស័យកសិកម្ម បន្ទាប់ពីស្ទើរតែគ្មានកំណើនសោះក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ខណៈដែលកំណើនវិស័យឧស្សាហកម្ម និងសេវាកម្មមានភាពថមថយបន្ថិច។

តាមសូចនាករម៉ាក្រូសេដ្ឋកិច្ចជាតិដដែលនេះ ការ​ថមថយ​នៃ​កំណើន​ក្នុងវិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​នេះ បានបង្ហាញ​ពី​ភាពចាំបាច់ និង​បន្ទាន់​នៃ​ការអនុវត្ត​វិធានការ​គោលនយោបាយ​កែទម្រង់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច និង​ការធ្វើ​ពិពិធកម្ម ក្នុង​គោល ដៅ​ស្វែងរក​ជន្ទល់​ថ្មីៗ ដែលមាន​តម្លៃបន្ថែម​ខ្ពស់​ដល់​សេដ្ឋកិច្ច ដើម្បី​បន្ត​ធានា​ចីរភាព​នៃ​កំណើន​ក្នុង​រយៈពេល​មធ្យម និង​វែង។

តាមការណ៍នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្យាករណ៍ថា  សេដ្ឋកិច្ចកម្ពុជា ក្នុង​ឆ្នាំ ២០១៧ ត្រូវបាន​ប៉ាន់ស្មាន​ថា នឹង​រក្សាបាន​កំណើន​ក្នុង​រង្វង់ ៧,០%។ ក្នុងនោះ វិស័យ​ឧស្សាហកម្ម​នៅតែមាន​កំណើន​រឹងមាំ ក្នុង​អត្រា​ពីរ​ខ្ទង់​ដដែល ពោលគឺ​ប្រមាណ ១០,៧% ដែល​នឹង​បន្ត​ដើរតួនាទី​ជា​ក្បាលម៉ាស៊ីន​ជំរុញ​កំណើនសេដ្ឋកិច្ច​ទីមួយ ដឹកមុខ​ដោយ​វិស័យ​កាត់ដេរ និង​ការរីក​ធំធាត់​នៃ​វិស័យ​មិនមែន​កាត់ដេរ បើទោះបីជា​វិស័យ​សំណង់​មានការ​ថមថយ​បន្តិច​ក្តី។

វិស័យ​កសិកម្ម​អាច​នឹងមាន​កំណើន​ល្អ ពោលគឺ​ក្នុង​អត្រា ២,០% បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៦ ក្នុង​អត្រា ១,៨% ដោយសារ​កត្តា​អាកាសធាតុ​ដែលមាន​ស្ថានភាព​ល្អប្រសើរ​ជាង​ឆ្នាំមុន និង​ការ​ងើបឡើង​វិញ​នៃ​តម្លៃ​ទំនិញ ខណៈដែល​វិស័យ​សេវាកម្ម​អាច​នឹងមាន​កំណើន​យឺត​ជាង​ឆ្នាំមុន​ជាមួយនឹង​អត្រាកំណើន ៦,៥% ដោយសារ​ការបន្ត​ថមថយ​នៃ​វិស័យ​ទេសចរណ៍ និង​អចលនទ្រព្យ។ជាមួយគ្នានេះដែរ អត្រា​ប្តូរប្រាក់​នៅ​បន្ត​មាន​ស្ថិរភាព​ជាមួយនឹង​ការរំពឹងទុក​ថា ប្រាក់រៀល​នឹង​នៅ​បន្ត​រក្សាបាន​នូវ​តម្លៃ​ប្រមាណ ៤.០៣៧ រៀល​ក្នុង ១ ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ ២០១៧ នេះ៕

 

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

អង្ករ​កម្ពុជា​មិន​ជាប់​ចំណាត់ថ្នាក់​លេខ​១​នៃ​គុណភាព​ល្អ​បំផុត​របស់​ពិ​ព​ភ​លោក​

អង្ករ​កម្ពុជា​ខកខាន​ទទួល​បាន​ពានរង្វាន់​នៃ​ចំ[...]

បទវិភាគ៖ តើប្រាក់យ័នចិននៅកម្ពុជាអាច​ប្រជែងនឹងដុល្លារអាមេរិកបានទេ?

កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ មន្រ្តីផ្នែកធន[...]

បទសម្ភាសន៍៖ GMAC រំពឹងថាផលិតផលស្បែកជើងកម្ពុជានឹងទទួលបានការលើកលែងពន្ធនាំចូលទៅអាមេរិក

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត