en     km
en     km

​រដ្ឋមន្ដ្រីក្រសួង​កិច្ចការ​នារី​សំណូមពរ​ដល់​ឪពុក​-​ម្ដាយ​ផ្ដល់​ឱកាស​ឲ្យ​កូនស្រី​បាន​រៀន​ដល់​ថ្នាក់ឧត្ដម​ដូច​កូនប្រុស

Share

ភ្នំពេញ​ ៖​ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស​ “A”​ និង​អាណាព្យាបាល​ នា​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៧​ រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​បាន​សំណូមពរ​ដល់​ ឪពុក​-​ម្ដាយ​ គ្រប់​រូប​ផ្ដល់​ឱកាស​ឲ្យ​កូនស្រី​ បាន​រៀន​ដល់​ថ្នាក់ឧត្ដម​សិក្សា​ដូច​កូនប្រុស​។​ ឪពុក​-​ម្ដាយ​ ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​ស្ដ្រី​សុទ្ធតែ​បង្ហាញ​ជំហរ​ នឹង​អនុញ្ញាត​ឲ្យ​កូនស្រី​បាន​សិក្សា​តទៅ​មុខ​ លុះត្រា​សាមីខ្លួន​សម្រេចចិត្ដ​ឈប់​ដោយ​ខ្លួនឯង​។​

លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី ក្នុងពិធីជួបជាមួយសិស្សនិទ្ទេស អេ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧


ជំនួប​នេះ​បាន​ធ្វើ​ឡើង​នៅ​ឯ​ក្រសួង​កិច្ចការ​នារី​កាលពី​រសៀល​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៧​ ដែល​មាន​សិស្ស​និទ្ទេស​ “A”​ ភាគច្រើន​ជា​ស្ត្រី​ប្រមាណ​ ៩០​នាក់​ មក​ពី​រាជធានី​ភ្នំពេញ​ និង​ខេ​ត្ដក​ណា្ដ​ល​។​

​លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ រដ្ឋមន្ដ្រីក្រសួង​កិច្ចការ​នារី​ បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា​ ស្ដ្រី​គឺជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​មានការ​រីក​ចម្រើន​ដែល​មិន​អាច​ខ្វះ​បាន​។​ លោកស្រី​រដ្ឋមន្ដ្រី​បាន​សម្ដែង​មនោ​ទ​នភា​ព​ជា​ខ្លាំង​ចំពោះ​សិស្ស​ស្រី​ ដែល​បាន​ប្រឡង​ជាប់​ក្នុងឆ្នាំនេះ​។​

​ក្នុង​ឱកាស​នោះ​លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​ បាន​រំលឹក​ថា​ បច្ចុប្បន្ន​នេះ​ការ​សិក្សា​របស់​ក្មេង​ស្រី​ចាប់ពី​កម្រិត​បឋម​ដល់​ថ្នាក់​វិទ្យាល័យ​ គឺ​មាន​ភាព​ប្រហាក់ប្រហែល​និង​ក្មេង​ប្រុស​ ក៏​ប៉ុន្ដែ​លោកស្រី​មើលឃើញ​ថា​ ការ​សិក្សា​របស់​ក្មេង​ស្រី​នៅ​កម្រិត​ ឧត្ដម​សិក្សា​ គឺ​មិន​ទាន់​មាន​ភាព​ស្មើគ្នា​ជាមួយ​ក្មេង​ប្រុស​នៅឡើយ​ទេ​។​ ត្រង់​ចំណុច​នេះ​ លោកស្រី​រដ្ឋមន្ដ្រីក្រសួង​កិច្ចការ​នារី​ សំណូមពរ​ដល់​ ឪពុក​-​ម្ដាយ​ ក៏​ដូច​ជា​អាណាព្យាបាល​ទាំងអស់​ ប្រសិនបើ​មាន​លទ្ធភាព​ឲ្យ​កូន​ចូល​រៀន​ សូម​ផ្ដល់​ឱកាស​ឲ្យ​ក្មេង​ស្រី​ បាន​បន្ដ​ការ​សិក្សា​ដល់​ថ្នាក់ឧត្ដម​ដូច​ក្មេង​ប្រុស​ដែរ​។​ លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​៖«​យើង​តែងតែ​សំណូមពរ​ដល់​មាតាបិតា​ លោក​ផ្ដល់​លទ្ធភាព​ឲ្យ​កូនស្រី​ បើ​មាន​សមត្ថភាព​បន្ដ​ការ​សិក្សា​ សុំ​សំណូមពរ​ដល់​អាណាព្យាបាល​លោក​ផ្ដល់​ គេ​ហៅ​ថា​ កាល​នុ​វត្ដ​ភាព​ ឲ្យ​ក្មេង​ស្រី​ហ្នឹង​ កូនស្រី​ហ្នឹង​ ចៅស្រី​ហ្នឹង​ ទៅ​បន្ដ​ការ​រៀនសូត្រ​បន្ដ​»​។​

​បន្ថែម​លើ​នេះ​លោកស្រី​រដ្ឋមន្ដ្រី​បន្ដ​ថា​ ក្រសួង​កិច្ចការ​នារី​ក៏​បាន​សហការ​ជាមួយ​ក្រសួង​អប់រំ​ ដើម្បី​ជំរុញ​ឲ្យ​មាន​ កន្លែង​ស្នាក់​នៅ​ និង​អាហារូបករណ៍​ សម្រាប់​ស្ដ្រី​ខណៈ​មក​បន្ដ​ការ​សិក្សា​នៅ​ថ្នាក់ឧត្ដម​។​ ជាង​នេះ​ក្រសួង​កិច្ចការ​នារី​ក៏​បាន​សហការ​ផង​ដែរ​ជាមួយ​ ក្រសួងសុខាភិបាល​ ក្រសួងយុត្ដិធម៌​ និង​នគរបាល​ជាតិ​ បំណង​ជួយ​គាំពារ​ ដល់​ស្ដ្រី​ ធ្វើ​យ៉ាងណា​ឲ្យ​ស្ដ្រី​អាច​បាន​បន្ដ​ការ​សិក្សា​ឲ្យ​បាន​ខ្ពស់​ ដើម្បី​ជា​ដៃគូ​សហការ​ជាមួយ​បុរស​ដោយ​ស្មើភាព​។​ លោកស្រី​ អ៊ឹ​ង​ ក​ន្ថា​ផា​វី​៖«​អ​ញ្ចឹ​ង​នេះ​គឺ​ កិច្ចការ​ដែល​ក្រសួង​កិច្ចការ​នារី​បាន​ធ្វើ​រយៈពេល​ជាង​ ២០​ឆ្នាំ​ហើយ​ ជាមួយ​និង​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​លើកកម្ពស់​ធនធាន​ស្ដ្រី​ហ្នឹង​ ឲ្យ​ទៅ​ជា​ធនធាន​ដែល​ជា​ដៃគូ​ ជាមួយ​និង​ធនធាន​ដែល​ជា​បុរស​ ដើម្បី​យើង​អាច​ធ្វើ​ការងារ​ស្នើ​ជាមួយនឹង​គេ​ កុំ​ឲ្យ​យើង​នៅ​ក្រោម​គេ​ពេក​»​។​

​ឆ្លើយ​តប​និង​ការ​អំពាវនាវ​របស់​រដ្ឋមន្ដ្រីក្រសួង​កិច្ចការ​នារី​ដូចនេះ​ អ្នកស្រី​ សុទ្ធ​ សា​រុន​ វ័យ​ ៤៥​ឆ្នាំ​ជា​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ អះអាង​ថា​ អ្នកស្រី​នឹង​ឲ្យ​កូនស្រី​របស់​អ្នកស្រី​បាន​បន្ដ​ការ​សិក្សា​ឲ្យ​ខ្ពស់​ ដោយ​មិន​ឃាត់ឃាំង​ជា​ដាច់ខាត​។​ អ្នកស្រី​បាន​ប្រាប់​ថា​ អ្នកស្រី​ចង់​ឲ្យ​កូនស្រី​ចេះ​ដឹង​ និង​មាន​ជំហរ​ រឹង​មាំ​ដោយ​ខ្លួនឯង​ដោយ​មិន​ចាំបាច់​ពឹង​កម្លាំង​ប្ដី​ ទៅ​ថ្ងៃក្រោយ​។​ ម្យ៉ាង​អ្នកស្រី​គិត​ថា​ កាលណា​កូនស្រី​មានចំណេះ​ខ្ពស់​គឺ​មិន​ងាយ​នឹង​ប្រឈម​បញ្ហា​ ត្រូវ​បាន​ប្ដី​មើលងាយ​ទៅ​ថ្ងៃក្រោយ​។​ អ្នកស្រី​ សុទ្ធ​ សា​រុន​៖«​បើ​ទោះជា​ទៅ​នៅ​ជាមួយ​គ្រួសារ​គេ​ក៏​យើង​អត់​បារម្ភ​ដែរ​ព្រោះ​កូន​យើង​មានចំណេះ​វិជ្ជា​ ដូច​ថា​ទៅ​ថ្ងៃ​មុខ​ទៅ​បើ​ទោះជា​អត់​គេ​ចិញ្ចឹម​ក៏​យើង​មានចំណេះ​វិជ្ជា​ ក្នុង​បញ្ហា​គ្រួសារ​យើង​តែង​ជួប​ប្រទះ​បញ្ហា​ច្រើន​ ដូច​សម័យ​មុន​យើង​ពឹង​តែ​ប្ដី​ពេក​ ដល់​ពេល​ប្ដី​មាន​កំហុស​យ៉ាងណា​ក៏​យើង​មិន​ហ៊ាន​តវ៉ា​ ចេះ​តែ​ទ្រាំ​ ដល់​ពេល​កូន​យើង​មានចំណេះ​ដឹង​ខ្ពស់​ប្ដី​គេ​ក៏​មិន​ហ៊ាន​មើលងាយ​កូន​យើង​ដែរ​»​។​

អ្នកស្រី សុទ្ធ សារុន ម្ដាយយុវតី រិន ឆោមពៅនីកា សិស្សនិទ្ទេស អេ នៅវិទ្យាល័យ ហ៊ុន សែន បុរី ១០០ខ្នង


​ចំណែក​លោក​ ហែម​ បូ​រី​ អាយុ​ ៥០​ឆ្នាំ​ ជា​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ សព្វ​មានកូន​ស្រី​ចំនួន​ ០២​នាក់​។​ លោក​បាន​អះ​អា​ថា​ លោក​ចង់​ឲ្យ​កូនស្រី​របស់​លោក​ទាំង​ពីរ​បាន​បន្ដ​ការ​សិក្សា​ឲ្យ​ខ្ពស់​ ដើម្បី​អាច​ជួយ​ខ្លួន​នាង​បាន​ទៅ​ថ្ងៃក្រោយ​។​ លោក​យល់​ថា​ ហួស​សម័យ​ទៅ​ហើយ​ចំពោះ​ការ​គិត​ថា​ កូនស្រី​មិន​ចាំបាច់​រៀន​ច្រើន​ ហើយ​គួរតែ​រង់ចាំ​យកប្ដី​ដើម្បី​ពឹង​ដូច​សម័យ​មុន​។​ លោក​ ហែម​ បូ​រី​ ចង់​ឲ្យ​ ឪពុក​-​ម្ដាយ​ ទាំងអស់​លើកទឹកចិត្ដ​ និង​បើកឱកាស​ឲ្យ​កូនស្រី​បាន​សិក្សា​ឲ្យ​បាន​វែង​ឆ្ងាយ​ ដើម្បី​អនាគត​របស់​ពួក​គេ​បាន​ល្អ​ប្រសើរ​។​ លោក​ ហែម​ បូ​រី​៖«​បាទ​ ខ្ញុំ​សុំ​ផ្ដាំផ្ញើ​ទៅ​មាតាបិតា​សិស្ស​ បាទ​ កុំ​ ដូច​ថា​ កុំ​រារាំង​ដល់​ដំណើរការ​របស់​កូន​ បើសិនជា​កូន​ចង់​សូម​ ឪពុក​-​ម្ដាយ​ ជំរុញ​»​។​

លោក ហែម បូរី បង្ហាញចំណាប់អារម្មណ៍ប្រាប់លោក ជំទាវ អ៊ឹង កន្ថាផាវី ក្នុងពិធីជួបសិស្សនិទ្ទេស អេ កាលពីថ្ងៃទី២៦ តុលា ២០១៧


​ដោយសារ​តែ​មានការ​ជួយ​ជ្រុំ​ជ្រែង​ពី​អាណាព្យាបាល​ និង​ ការ​ទទូច​របស់​លោកស្រី​រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​ដូចនេះ​ សិស្ស​ស្រី​ដែល​មាន​វត្ដមាន​ក្នុង​ពិធី​នេះ​ សុទ្ធសឹងតែ​បាន​បង្ហាញ​ពី​ប្ដេជ្ញា​ចិត្ដ​ និង​គោលបំណង​នា​ថ្ងៃ​អនាគត់​របស់​ពួក​គេ​ ដែល​រំពឹង​ថា​ នឹង​បាន​សិក្សា​ដល់​ថ្នាក់ឧត្ដម​ បំពេញ​ក្ដី​ស្រ​ម៉ៃ​របស់​ពួក​គេ​ ហើយ​អាច​ជួយ​ខ្លួនឯង​ ជួយ​គ្រួសារ​និង​សង្គម​ជាតិ​។​

​នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែល​លោកស្រី​ រដ្ឋមន្ដ្រីក្រសួង​កិច្ចការ​នារី​ បាន​រៀបចំ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស​ “A”​ ក្រោយ​ពេល​ពួក​គេ​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​។​

​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ​ថា​ ចំនួន​ស្ត្រី​កម្ពុជា​ដែល​ទទួល​បានការ​អប់រំ​មានការ​កើនឡើង​ ជា​លំដាប់​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។​ ក្នុង​ចំណោម​បេក្ខជន​ដែល​ប្រឡង​ជាប់​សញ្ញាប័ត្រ​ទុតិយភូមិ​ឆ្នាំ​២០១៧​នេះ​ ឃើញ​ថា​សិស្ស​ ស្រី​មាន​ចំនួន​ច្រើន​ជាង​សិស្ស​ប្រុស​ ដែល​បង្ហាញ​ពី​ការ​កើនឡើង​នូវ​ភាព​សកម្ម​របស់​ស្ត្រី​ក្នុង​ កិច្ចការ​សង្គម​។​ សិស្ស​ស្រី​ដែល​បាន​ប្រឡង​ជាប់​ក្នុង​ឆ្នាំ​២០១៧​នេះ​ មាន​ចំនួន​ ៥១,២​ភាគរយ​ ខណៈ​សិស្ស​ប្រុស​មាន​ចំនួន​ ៤៨,៨​ ភាគរយ​។​ កាលពី​ឆ្នាំ​២០០០​ មាន​តែ​ស្ត្រី​២.៤​ភាគរយ​ប៉ុណ្ណោះ​ ដែល​បន្ត​ការ​សិក្សា​ដល់​ថ្នាក់​វិទ្យាល័យ​ ខណៈ​ឆ្នាំ​២០១៧​នេះ​ បាន​កើន​ដល់​៣៧​ភាគរយ​៕

Share

Image
Image
Image