loader

​ប៉ូលិស​ក្រសួងមហាផ្ទៃ​ចាប់ផ្ដើម​ឃាត់​ទុក​ម៉ូតូ​ករណី​ជិះ​មិន​ពាក់មួក​សុវត្ថិភាព​

ភ្នំពេញ​៖​ក្រសួងមហាផ្ទៃ​ចាប់ផ្តើម​រឹ​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​ដាក់​ពង្រាយ​ប៉ូលិស​នៅ​មហាវិថី​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​គឺ​ចាប់​ស​ប្ដា​ហ៍​ទី​មួយ​នៃ​ខែមករា​ឆ្នាំ​២០១៨​នេះ​ហើយ​។​ ក្នុង​យុទ្ធនាការ​នេះ​ប៉ូលិស​ចរាចរណ៍​មាន​វិធានការ​ឃាត់​ម៉ូតូ​ទុក​ប្រសិនបើ​អ្នក​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​។​

កងម្លំាងខណ្ឌដូនពេញលើកម៉ូតូដាក់លើរថយន្តករណីមិនគោរពច្បាប់ចរាចរណ៍នៅរង្វង់មូលវិមានឯករាជ្យ។រូបថត៖សាលារាជធានីភ្នំពេញ។

​បន្ទាប់​ពី​សម្តេច​ ហ៊ុន​ សែន​ព្រមាន​ដក​តំណែង​មន្ត្រី​ក្រោម​ឱវាទ​ដែល​មិន​អាច​ដោះស្រាយ​បញ្ហា​សណ្តាប់ធ្នាប់​និង​ការ​កក់​ស្ទះចរាចរណ៍​នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ​ហើយ​ ស្រប​ពេល​នេះ​ សម្តេច​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៏​បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​កើនឡើង​ដោយ​បាន​ណែនាំ​ឱ្យ​ប៉ូលិស​ចរាចរណ៍​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ឱ្យ​ម៉ត់ចត់​។​

​ដោយ​អនុវត្ត​តាម​ប្រសាសន៍​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ ប៉ូលិស​ចរាចរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែមករា​នេះ​ ចាប់ផ្តើម​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ដើម្បី​អប់រំ​អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ កញ្ចក់​និង​ធ្វើការ​ផាកពិន័យ​ចំពោះ​អ្នក​មិន​គោរព​ច្បាប់​ដោយ​មាន​សិទ្ធិ​ឃាត់​ទុក​ម៉ូតូ​របស់​អ្នកបើកបរ​នោះ​ទៀត​ផង​។​

កងម្លំាងខណ្ឌដូនពេញលើកម៉ូតូដាក់លើរថយន្តករណីមិនគោរពច្បាប់ចរាចរណ៍នៅរង្វង់មូលវិមានឯករាជ្យ។រូបថត៖សាលារាជធានីភ្នំពេញ។

​លោក​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​បានឱ្យ​ដឹង​ថា​ប៉ូលិស​ចរាចរណ៍​ ចាប់ផ្តើម​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូ​ទាំង​ប្រទេស​ចាប់ពី​ត្រីមាស​ទី​១​ដោយ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​អ្នកដំណើរ​ឱ្យ​ពាក់មួក​សុវត្ថិភាព​និង​ត្រីមាស​ទី​២​ចាប់ផ្តើម​ផាកពិន័យ​ឃាត់​ម៉ូតូ​បើ​អ្នក​ជិះ​មិន​ពាក់មួក​សុវត្ថិភាព​នៅ​ទូ​ទាំង​ប្រទេស​។

«ជំហាន​ទី​១​អប់រំ​ជិះ​ម៉ូតូ​អត់​មួក​ដោយ​ហៅ​ប្រាប់​ទាំងអស់​គឺ​មិន​ឃាត់​ម៉ូតូ​ មិន​ឃាត់​ទុក​របស់​គេ​ហៅ​ប្រាប់​ឲ្យ​ទៅ​រក​មួក​ការពារ​អាយុជីវិត​។​ ផុត​ពី​ត្រីមាស​ទី​២​ហើយ​មិន​ពាក់មួក​សុវត្ថិភាព​ទៀត​គឺ​ប៉ូលិស​ធ្វើការ​ឃាត់​ទុក​ម៉ូតូ​របស់​អ្នក​ធ្វើ​ដំណើរ​។​ ចូល​ជំហាន​ទី​៣​ដាក់​ឱ​សាទ​វាទ​ហើយ​មាន​វិធានការ​បន្ថែម​ទៀត​។​បើ​ទោះបីជា​ករណី​​​​គ្រោះ​ថ្នាក់​ចរាចរណ៍​ថយ​ចុះ​នៅ​ឆ្នាំ​២០១៧​ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​កើនឡើង​រហូត​ដល់​១៧៨០​នាក់​និង​រង​របួស​ជាង​៥​ពាន់​នាក់​។​»

​ លោក​ អ៊ា​ ចរិយា​ នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​យល់​ថា​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចំពោះ​អ្នក​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​នឹង​មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រសិនបើ​ប៉ូលិស​ចរាចរណ៍​អនុវត្ត​រយៈ​យូរអង្វែង​។​

​លោក​ អ៊ា​ ចរិយា​ នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ចង់​ឃើញ​រដ្ឋាភិបាល​ចាត់វិធានការ​ក្តៅ​ឱ្យ​រឹត​បន្តឹង​ចំពោះ​អ្នកបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​និង​បើកបរ​ហូ​ស​ល្បឿន​កំណត់​ដែល​ជា​មូលហេតុ​ចម្បង​បណ្តាល​គ្រោះថ្នាក់​ចរ​រា​ចរណ៍​និង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៦០​ភាគរយ​។​

​លោក​ ចរិយា​ សង្កេត​ឃើញ​ថា​អាជ្ញាធរ​មិន​ទាន់​មានការ​រឹត​បន្តឹង​ខ្លាំង​ចំពោះ​អ្នកបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​និង​បើកបរ​ហូ​ស​ល្បឿន​កំណត់​នៅឡើយ​។​

«​ចង់​ឲ្យ​មាន​វិធានការ​ក្តៅ​ដូច​គ្នា​នេះ​ជា​មូលហេតុ​ដែល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដូច​ជា​ការ​បើកបរ​ហូ​ស​ល្បឿន​កំណត់​និង​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​មូលហេតុ​ទី​១​និង​ទី​២​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ជាង​៦០​ភាគរយ​ដែល​ដោយសារ​ការ​បើកបរ​ហូ​ស​ល្បឿន​កំនត់​និង​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​។​យើង​សង្កេត​ឃើញ​កន្លង​មក​មិន​ទាន់​មានការ​រឹត​បន្តឹង​ច្បាប់​តឹង​រឹង​ទៅ​លើ​មូលហេតុ​ទាំង​ពីរ​នេះ​ទេ​។​»

​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​បញ្ជាក់​ថា​ នៅ​ឆ្នាំ​២០១៧​ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​បាន​កើតឡើង​ចំនួន​៣៥៣១​ករណី​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១៧៨០​នាក់​និង​រង​របួស​ចំនួន​៥៥៣៩​នាក់​។​ខណៈ​ដែល​ឆ្នាំ​២០១៦​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​៣៧០០​លើក​បណ្តាល​ឲ្យ​ស្លាប់​ ១៧១៧​នាក់​និង​រង​របួស​៦៦០៧​នាក់​។​គ្រោះថ្នាក់​ដល់​អាយុ​វ​ជីវិត​ច្រើន​ជាងគេ​គឺ​អ្នក​ដែល​បើកបរ​ម៉ូតូ​ដោយ​មិន​បាន​ពាក់មួក​ការពារ​សុវត្ថិភាព​ជាង​៧៨​ភាគរយ​។​

​យោង​តាម​របាយការណ៍​ដដែល​នេះ​ អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាននៅ​ក្នុង​ខេត្ដ​ចំនួន​១៤​ដែល​មាន​ដូច​ជា​ ខេត្ដកណ្ដាល​ ព្រះ​វិហារ​ កំពង់ចាម​ កំពត​ ស្ទឹង​ត្រែង​ សៀមរាប​ កំពង់ធំ​ ស្វាយ​រៀង​ ព្រះ​សីហ​នុ​ កោះកុង​ មណ្ឌលគិរី​ កំពង់ស្ពឺ​ ពោធិ៍សាត់​ និង​ខេត្ដ​ប៉ៃលិន​។​

​លោក​ អ៊ា​ ចរិយា​ សង្កេត​ឃើញ​ថា​អរិ​យា​ប​ថ​អ្នកបើកបរ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព​នៅ​រាជធានី​ភ្នំពេញ​មាន​អត្រា​ពី​៥០​ទៅ​៦០​ភាគរយ​និង​អ្នក​ជិះ​ពីក្រោយ​មាន​អត្រា​ពាក់មួក​ក្រោម​២០​ភាគរយ​ ហើយ​អ្នកបើកបរ​នៅ​តាម​បណ្តា​ខេត្ត​មាន​អត្រា​ទាប​នៅឡើយ​៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

សមាគមកម្ពុជាការពារអ្នកកាសែត៖ សេរីភាពសារព័ត៌មានកម្ពុជាមានភាពល្អប្រសើរ

សមាគមកម្ពុជាការពារអ្នកកាសែត អះអាងថា សេរីភាពសា[...]

លោក ជា សុផារ៉ា ប្តេជ្ញាចិត្តដោះស្រាយវិវាទដីធ្លីលើដំណាំអំពៅឱ្យបានចប់ជាស្ថាពរ

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង[...]

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកជាផ្លូវការនៅឆ្នំា២០១៩

សភាជាតិនៃប្រទេសកម្ពុជា បានទទួលធ្វើជាប្រធានវេទ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត