loader

​តំណាង​UN​និង​តំណាង​កម្ពុជា​ថ្លែង​អំពី​តម្លៃ​បោះ​ឆ្នោត​នៅ​កម្ពុជា​ដោយ​ភាព​ផ្ទុយ​គ្នា​

ភ្នំពេញ​៖​ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ បាន​ចោទសួរ​ពី​«​ភាព​ស្អាតស្អំ​»​នៃ​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាលពី​ថ្ងៃ​ទី​២៩​ខែ​ កក្កដា​ ដែលបក្សនេះ​បាន​ ដណ្តើម​អាសនៈ​សភា​ទាំងអស់​ ។ ​លោកស្រី​ថាជ័យជម្នះរបស់គណបក្សកាន់អំណាចនេះ​នឹង​នាំ​កម្ពុជា​ក្លាយជា​រដ្ឋ​ឯក​បក្ស​នៅ​អាណត្តិ​ថ្មី​នេះ​។​

​ប្រតិកម្ម​ទៅ​នឹងតំណាង​អង្គការសហប្រជាជាតិ​ ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការ​សហ​ប្រ​ជ​ជាតិ​បាន​សម្តែង​ការ​ខកចិត្ត​ ដោយ​ចាត់​ទុក​ថា​ សេចក្ដីថ្លែងការណ៍​របស់​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ មិន​ស្រប​នឹង​ភាព​ជឿនលឿន​នៃ​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ​។​

​ លោក​ធូ​វិ​រៈ​ជូន​សេចក្តីរាយការណ៍​!

​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​(Rhona​ Smith)​ប្រចាំ​ប្រទេស​កម្ពុជា​។ រូបភាព៖ ធូ វរិៈ 



​មហាសន្និបាត​នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ពុធ​ទី​២៦​កញ្ញា​នៅ​ទីក្រុង​ហ្សេ​ណែវ​ប្រទេស​ស្វិ​ស​។​ក្នុង​ឱកាស​នោះ​លោក​ស្ត្រី​រ៉ូ​ណា​ស្មី​ត​(RhonaSmith)​ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ស្តី​ពី​អំពី​សិទ្ធ​មនុស្ស​នៅ​កម្ពុជា​ បាន​ចោទសួរ​អំពី​«​ភាព​ស្អាតស្អំ​»​ នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​ ២៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៨​ ដែល​នាំ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស​ជា​ច្រើន​ទស​ត្ស​រ៍​មក​ហើយ​នោះ​ត្រូវ​បាន​កត់ត្រា​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ដឹកនាំ​រយៈពេល​៥​ឆ្នាំទៅ​មុខ​ទៀត​។​ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ កាលពី​ថ្ងៃ​ទី​ ២៦​ កញ្ញា​ ម្សិលមិញ​។​

​លោក​ ស្រី​ រ៉ូ​ណា​ ស្មី​ត​ បាន​សួរ​ជា​ថ្មី​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​កម្ពុជា​ ដោយ​ភ្ជាប់​នឹង​ការ​បោះ​ឆ្នោត​ ដែល​លោ​ស្រី​បាន​សួរ​អំពី​«​ភាព​ស្អាតស្អំ​»​។​

​លោកស្រី​ក៏​បាន​ភ្ជាប់​ករណី​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ការ​រឹតត្បិត​សេរីភាព​ព័ត៌មាន​ និង​សង្គម​ស៊ី​វិល​ផង​ដែរ​។​

​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ កត់សម្គាល់​ដូចនេះថា​៖«​ហេតុ​ដូច្នេះ​កម្ពុជា​ក្លាយជា​រដ្ឋ​ឯក​បក្ស​​តាម​ព្រឹ​ត្តន័យ​ ហើយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​កត់ត្រា​ជា​ប្រវត្តិសាស្ត្រ​ក្នុង​រយៈពេល​៥​ឆ្នាំ​ទៀត​ក្នុង​អាណត្តិ​រដ្ឋសភា​បច្ចុប្បន្ន​»​។​

​ការ​បោះ​ឆ្នោត​កាលពី​ចុងខែ​កក្កដា​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​ជ័យជម្នះ​តែ​ម្នាក់ឯង​ ដោយ​ទទួល​បាន​អាសនៈ​រដ្ឋសភា​ទាំងអស់​ ១២៥​ ​ ទោះបីជា​ បោះ​ឆ្នោត​នោះ​ មាន​គណបក្ស​ ចំនួន​២០​បាន​ចូលរួមក៏ដោយ​។​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ បាន​សម្ដែង​មោទនភាព​ដែល​ការ​បោះ​ឆ្នោត​លើក​នេះ​ មាន​គណបក្ស​ចូលរួម​ច្រើន​ជាង​អាណត្តិ​មុន​ដល់​ទៅ​ជាង២​ដង​។​

​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ចូលរួម​ទេ​ព្រោះ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៧​ ខណៈ​ដែល​មន្ត្រីជាន់ខ្ពស់​បក្ស​នេះ​ ១១៨​ រូប​ ត្រូវ​បាន​ហាម​ធ្វើ​នយោបាយ​រយៈពេល​៥​ ឆ្នាំ​។​

​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ បន្ថែម​ថា​ ការ​ប្រើប្រាស់​ច្បាប់​ដាក់​កំហិត​ការ​សម្តែង​មតិ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ អ្នកនយោបាយ​មាន​ជំហរ​ជំទាស់​ អង្គការ​សង្គម​ស៊ី​វិល​ រួម​ទាំង​ការ​ចោទប្រកាន់​ដោយ​បទ​ព្រហ្មទណ្ឌ​ផង​គឺជា​ការ​បំបិទ​សេរីភាព​មួយ​នៅ​កម្ពុជា​។​

​ខណៈ​ដែល​លោកស្រី​បាន​បញ្ចេញ​របាយការណ៍​វាយ​បន្ថោក​ កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​បែប​នេះ​ លោក​ ណី​ សំ​អុល​ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការ​សហ​ប្រ​ជ​ជាតិ​បាន​សម្តែង​កា​រខក​ចិត្តជា​ខ្លាំង​ដែល​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ លើក​ឡើង​ពី​ផល​អវិជ្ជមាន​ច្រើន​ ដោយ​មិន​បាន​ផ្តល់​តម្លៃ​លើ​សមិទ្ធផល​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ធ្វើ​អោយ​ លទ្ធិប្រជាធិបតេយ្យ​មាន​ភាព​ជឿនលឿន​ តាម​រយៈ​ការ​បោះ​ឆ្នោត​ដែល​ពលរដ្ឋ​កម្ពុជា​បាន​ចេញ​ទៅ​បោះ​ឆ្នោត​ជាង​៨០​ភាគរយ​ គឺ​ស្ដែង​ច្បាស់​ណាស់​ថា​កម្ពុជា​កំពុង​លើក​ត​ម្លើ​ន​សិ​ទិ្ធ​មនុស្ស​។​

​តាម​រយៈ​សេចក្ដីថ្លែងការណ៍​ លោក​ ណី​ សំ​អុល​ តំណាង​ប្រទេស​កម្ពុជា​ បាន​ចាត់​ទុក​របា​យក​រណ៍​របស់​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ មាន​មូលដ្ឋាន​តែ​ទៅ​លើ​ប្រភព​មិន​ឯករាជ្យ​ដែល​មិន​អាច​ទុកចិត្ត​បាន​ និង​មាន​លក្ខណៈ​នយោបាយ​ ។​ លោក​ថា​ ការ​រៀបចំ​របាយការណ៍​នេះ​មិន​ត្រឹមត្រូវ​ ពិសេស​តែ​ព័ត៌មាន​ផ្តល់​ពី​អង្គការ​សង្គម​ស៊ី​វិល​ដែល​មាន​និន្នាការ​ប្រឆាំង​រាជរដ្ឋាភិបាល​។​

​លោក​ ណី​ សំ​អុល​ បន្ត​ថា​ អវត្តមាន​អតីត​គណបក្សប្រឆាំង​តែ​មួយ​មិន​គួរ​បកស្រាយ​ថា​សិទ្ធិ​មនុស្ស​ សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​មានការ​រំលោភ​បំពាន​និង​រឹតត្បិត​នោះ​ទេ​។​

​យ៉ាងនេះ​ក្ដី​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រឹងប្រែង​រួម​គ្នា​លើកកម្ពស់​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ថា​ «​ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​អោយ​បរិយាកាស​អំណោយផល​ដល់​សង្គម​ស៊ី​វិល​អាច​ដំណើរការ​ ដែល​ជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​សម្រាប់​ការ​ពិភាក្សា​ដោយ​សេរី​ផ្តល់​ព័ត៌មាន​លើ​បញ្ហា​នានា​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ និង​សន្តិភាព​យូរអង្វែង​នៅ​កម្ពុជា​»​។​

​ដោយ​ប្រតិកម្ម​ ដដែល​នេះ​ លោក​ ណី​ សំ​អុល​ លើក​ឡើង​ថា​ ទោះបីជា​មានការ​វាយតម្លៃ​អវិជ្ជមាន​ជា​ច្រើន​ ក៏​កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​បន្ត​លើកកម្ពស់​ការពារ​ និង​គោរព​សិទ្ធិ​ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​នីតិរដ្ឋ​ និង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​

​គេ​រំពឹង​ថា​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​បង្ហាញ​ថែម​ទៀត​នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នេះ​។​ សម្ដេច​បាន​បញ្ជាក់​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ថា​ការ​ថ្លែង​ទៅ​កាន់​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​ ដែល​មាន​សម្ដេច​ជា​តំណាង​ប្រទេស​កម្ពុជា​ គឺជា​ការ​ស្ដារ​មុខមាត់​កម្ពុជា​ឡើង​វិញ​នៅ​ឆាក​អន្តរជាតិ​ដោយសារ​រយៈពេល​ចុង​ក្រោយ​នេះ​ ក្រុមប្រឆាំង​បាន​បង្ខូច​មុខមាត់​កម្ពុជា​យ៉ាង​ខ្លាំង​៕​

ព័ត៌មានទាក់ទង

ក្រុមហ៊ុនឱសថអឺរ៉ុបបន្ថយការស្លាប់ដោយសារឱសថក្លែងក្លាយនៅកម្ពុជា

ភ្នំពេញ៖ វិនិយោគិនអ៊ឺរ៉ុបបើកក្រុមហ៊ុនឱសថផ្គត់[...]

អ្នកបើកបរយន្តហោះម្នាក់ទាមទារឱ្យស្រាវជ្រាវយន្តហោះ Boeing 370សង្ស័យធ្លាក់នៅកម្ពុជា

នៅរយៈពេលចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយបរទេសជ[...]

លោក ស៊ុន ចាន់ថុល អំពាវនាវឱ្យក្រុមហ៊ុនដឹកជញ្ជូនកុំដឹកទំនិញហួសទម្ងន់កំណត់(មានសំឡេង)

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីសាធារណការនិងដឹកជញ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត