loader

​កម្មការិនី​ បង្ហាញ​ការ​មិន​ពេញចិត្ដ​ចំពោះ​សកម្មភាព​របស់​គ្រូពេទ្យ​នៅ​ពេល​ពួក​គេ​បង្ហាញ​កាត​ ប​.​ស​.​ស​

​ភ្នំពេញ​ ៖​ កម្មការិនី​ រោងចក្រ​កាត់ដេរ​មួយ​ចំនួន​បង្ហាញ​អារម្មណ៍​មិន​ពេញ​ចិត្ដជា​ខ្លាំង​ ករណី​ដែល​គ្រូពេទ្យ​បញ្ចេញ​សកម្មភាព​ហាក់​មិន​អើពើ​លើ​ពួក​គេ​ ខណៈ​បង្ហាញ​កាត​ ប​.​ស​.​ស​។​ សហជីព​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​លើ​ករណី​នេះ​។​

​ប​.​ស​.​ស​ ដែល​មានឈ្មោះ​ពេញ​ថា​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ គឺជា​ស្ថាប័ន​ចំណុះ​ឲ្យ​ក្រសួង​ការងារ​ដែល​ធ្វើ​ការងារ​សម្រាប់​ជន​ទាំងឡាយ​ណា​ដែល​ស្ថិត​ក្រោម​បទ​ប្បញ្ញត្ដិ​ នៃ​ច្បាប់​ស្ដី​ពី​ការងារ​មាន​ដូច​ជា​គ្រោះថ្នាក់​ការងារ​ និង​ផ្នែក​ថែទាំ​សុខភាព​។​

​មាន​កម្មករ​ កម្មការិនី​ កម្ពុជា​រាប់​ម៉ឺន​នាក់​បាន​ប្រើ​សេវា​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ ដើម្បី​ធានា​រ៉ាប់រង​លើ​សុវត្ថិភាព​ការងារ​ និង​ការ​ថែទាំ​សុខភាព​របស់​ពួក​គេ​។​ ក៏​ប៉ុន្ដែ​កម្មការិនី​ មួយ​ចំនួន​បាន​ត្អូញត្អែ​ ពី​ការ​ទៅ​ប្រើ​សេវា​ជាតិ​មួយ​នេះ​ហាក់​មិន​ទទួល​បានការ​យកចិត្ដទុកដាក់​គ្រប់គ្រាន់​។​

​កញ្ញា​ ផែន​ ស៊ីនួន​ កម្មការិនី​រោង​កាត់ដេរ​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ កាលពី​ថ្ងៃ​ទី​០៤​ ខែតុលា​ ថា​ កញ្ញា​ត្រេកអរ​ដែល​មាន​សេវា​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ សម្រាប់​កម្មករ​ កម្មការិនី​ ក្រីក្រ​ដូច​ជា​រូប​នាង​ ក៏​ប៉ុន្ដែ​ការ​ពិត​គឺ​មិន​ដូច​ក្ដី​រំពឹង​របស់​នាង​ឡើយ​។​ កញ្ញា​ ស៊ីនួន​ មាន​ជំងឺ​ត្រចៀក​នាង​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​ដៃគូ​ របស់​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ ក៏​ប៉ុន្ដែ​ការ​ផ្ដល់​បឹ​ក្សា​និង​ការ​ព្យាបាល​មិន​បាន​ល្អ​ប្រសើរ​ទេ​ ត្រចៀក​របស់​នាង​បែរជា​មិន​បាត់​ហើយ​កាន់តែ​ឈឺ​ថែម​ទៀត​។​ កញ្ញា​ ផែន​ ស៊ីនួន​ ៖«​ដូច​ថ្ងៃមុន​ត្រចៀក​ខ្ញុំ​ឈឺ​អ​ញ្ចឹ​ង​ ខ្ញុំ​ទៅ​ពេទ្យ​ ដល់​ពេល​ទៅ​អ​ញ្ចឹ​ង​ គាត់​ឆ្លុះ​មើលទៅ​ ពេទ្យ​ថា​ ខ្ញុំ​រលាក​ត្រចៀក​ ដល់​ខ្ញុំ​រលាក​ត្រចៀក​អ​ញ្ចឹ​ង​ ពេទ្យ​ឲ្យ​ថ្នាំ​មក​ តែ​លេប​ទៅ​មិនបាច់​បែរជា​ហើម​ធំ​ជាង​ហ្នឹង​ ហើយ​ខ្ញុំ​ទៅ​ពេទ្យ​ម្ដងទៀត​ម៉ោង​ ៥​ ពេទ្យ​ឈប់​ធ្វើការ​»​។​

​ដោយសារ​តែ​ ស៊ីនួន​ ជា​កម្មករ​នាង​មិន​មាន​លទ្ធិ​ភាព​ដើម្បី​ទៅ​រក​ពេទ្យ​ឯកជន​ក្នុង​ការ​ព្យាបាល​ជំងឺ​នោះ​ទេ​ ដូច្នេះ​នាង​សំណូមពរ​ឲ្យ​មានការ​យកចិត្ដទុកដាក់​លើ​កម្មការិនី​ក្រីក្រ​ដូច​ជា​រូប​នាង​ផង​។​

​ដូច​គ្នា​ដែរ​អ្នកស្រី​ ស៊ី​ថា​ កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ​មួយ​រូប​ទៀត​ស្ថិត​នៅ​ខេ​ត្ក​កណ្ដាល​បាន​ឲ្យ​ដឹង​ថា​ អ្នកស្រី​មាន​អារម្មណ៍​ថា​ មិន​ពេញ​សកម្មភាព​របស់​គ្រូពេទ្យ​ជា​ខ្លាំង​ ខណៈ​អ្នកស្រី​បាន​ទៅ​ព្យាបាល​ជំងឺ​ ហើយ​ក្រុម​គ្រួ​ពេទ្យ​ដូច​ជា​រើសអើង​លើ​អ្នកស្រី​ ស្រប​ពេល​ដែល​បង្ហាញ​កាត​ របស់​របប​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​។​ អ្នកស្រី​ ស៊ី​ថា​ ៖«​ខ្ញុំ​ក៏​មិន​សប្បាយចិត្ដ​ដែរ​ បង​ក្រោយ​ពេ​ទៅ​ដល់​ពេទ្យ​ គេ​ឲ្យ​ខ្ញុំ​សម្រាក​មួយ​យប់​ រហូត​អស់​សេរ៉ូម​ ខ្ញុំ​មាន​អារម្មណ៍​អត់​មាន​គ្រូពេទ្យ​ណា​ទៅ​អើពើ​យើង​ទេ​ ទោះបី​គេ​ដើរ​ចុះ​មើល​អ្នកជំងឺ​ ក៏​មើល​គេ​អ្នក​ផ្សេងៗ​ ក្រោយ​ពេល​គេ​សួរ​ថា​ យើង​អ្នកជំងឺ​ខាង​ណា​ យើង​ប្រាប់​ថា​ បស​ស​ គឺ​គេ​ព្រ​លែង​ចោល​ ដើរទៅ​គ្រែ​មួយទៀត​»​។​

​លើស​ពី​នេះ​ ក្រោយ​ពេល​ដែល​ទទួល​ការ​ព្យាបាល​ក្រុម​គ្រួ​ពេទ្យ​មួយ​ចំនួន​បែរជា​ប្រើ​ពាក្យ​សម្ដីសំដៅ​ដល់​ការ​ចង់​ប្រាក់​កាក់​ ពី​អ្នកជំងឺ​ដែល​ប្រើ​សេវា​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ថែម​ទៀត​។​

​ជុំវិញ​បញ្ហា​នេះ​ អ្នកនាំពាក្យ​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​លោក​ ជាវ​ ប៊ុ​ន​រិ​ទ្ធ​ មាន​ប្រសាសន៍​ថា​ ក្នុង​ករណី​ដែល​កម្មករ​ កម្មការិនី​ជួប​ប្រទះ​បញ្ហា​ទាំងនេះ​ លោក​ស្នើ​ឲ្យ​ទួ​រ​ស័ព្ទ​ទៅ​កាន់​លេខ​ ១២៨៦​ របស់​ ប​.​ស​.​ស​ ដើម្បី​ធ្វើការ​សម្របសម្រួល​។​ លោក​ ជាវ​ ប៊ុ​ន​រិ​ទ្ធ​៖«​ទាំង​និយោជក​ ម្ចាស់​គ្រឹះស្ថាន​ រដ្ឋបាល​រោងចក្រ​ហ្នឹង​ គាត់​មាន​ លេខ​ទួ​រ​ស័ព្ទ​ទំនាក់ទំនង​បន្ទាន់​ ១២៨៦​ របស់​ ប​.​ស​.​ស​.​ ហើយ​ អ​ញ្ចឹ​ង​គាត់​អាច​ទាក់ទង​មក​លេខ​ ១២៨៦​ ហ្នឹង​ ព្រោះ​យើង​មាន​ក្រុមការងារ​រហូត​ដល់​ ជិត​ ២០​នាក់​ ដើម្បី​ទទួល​ទួ​រ​ស័ព្ទ​ពី​កម្មករ​ហ្នឹង​ ដើម្បី​សម្របសម្រួល​ »​។​

​ជា​និច្ច​ជា​កាល​ រាល់ពេល​មានការ​រិះគន់​ពី​ក្រុម​កម្មករ​ កម្មការិនី​ ជុំវិញ​ការ​បម្រើសេវា​សាធារណៈ​ ឬ​ក៏​សេវា​ផ្សេងៗ​ របស់​រដ្ឋ​ តែងតែ​មានការ​ចោទប្រកាន់​ក្រុម​កម្មករ​ កម្មការិនី​ ទាំង​អស់នោះ​ ថា​ក្រុមប្រឆាំង​។​ ជុំវិញ​រឿង​នេះ​ ប្រធាន​ហ​ជីព​ស៊ីខាវ​ឌួ​ សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ គួរតែ​ចុះ​មក​ត្រួតពិនិត្យ​ការ​បម្រើសេវា​របស់​ខ្លួន​ដោយ​ផ្ទាល់​ ជា​ជាង​ការ​ចោទប្រកាន់​លើ​កម្មករ​ កម្មការិនី​ និង​តំណាង​សហជីព​ដែល​តវ៉ា​ថា​ ជា​ក្រុមប្រឆាំង​។​

​លោក​ បុ​ន​ វណ្ណ​ ប្រធាន​សហជីព​ស៊ី​ខៅ​ឌួ​ ចង់​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ការ​យកចិត្ដទុកដាក់​លើ​កម្មករ​ កម្មការិនី​ ឲ្យ​បាន​ច្រើន​ជាង​សព្វថ្ងៃ​ ហើយ​ព្យាយាម​ស្ដាប់​ពី​ក្ដី​កង្វល់​ និង​ការ​ចង់បាន​របស់​ពួក​គេ​។​ លោក​ បុ​ន​ វណ្ណ​ យល់​ឃើញ​ថា​ ប្រសិនបើ​មានការ​សហការ​ល្អ​ ពី​ក្រុម​គ្រូពេទ្យ​មើលថែ​ កម្មករ​ ម្ម​ការិនី​ បាន​ល្អ​ប្រសើរ​វា​គឺជា​មុខមាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ហើយ​វា​នឹង​ធ្វើ​ឲ្យ​មាន​ប្រិ​យ​ជា​ប្រិយ៍ភាព​សម្រាប់​ការ​ដឹកនាំ​ថែម​ទៀត​។​ លោក​ បុ​ន​ វណ្ណ​៖«​ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ ឬ​មួយ​ក្រសួង​ពាក់ព័ន្ធ​ហ្នឹង​ ព្យាយាម​តាម​មាត់​របស់​កម្មករ​ មិនមែន​គាត់​ចេះ​តែ​ថា​ ល្អ​ទេ​ គាត់​ព្យាយាម​ស្ដាប់​កម្មករ​ តើ​គាត់​មាន​រអ៊ូ​ រទាំ​ កន្លែង​ណា​ រអ៊ូ​ រទាំ​ ពេល​ទៅ​ពេទ្យ​គេ​មិន​ព្យាបាល​គាត់​ ឬ​មួយ​អី​អ​ញ្ចឹ​ង​ មិនមែន​ធ្វើ​តាម​ខ្ញុំ​ទេ​ សំខាន់​ធ្វើ​តាម​កម្មករ​ជាក់ស្ដែង​»​។​

​យោង​តាម​របាយការណ៍​ស្រាវជ្រាវ​របស់​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ បង្ហាញ​ថា​ ចាប់តាំងពី​ឆ្នាំ​២០១២​ រ​ហូ​ដល់​បច្ចុប្បន្ន​ កម្ម​កា​រិ​និ​កាត់ដេរ​ ប្រមាណ​ជាង​ ១​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំៗ​ បាន​ដួល​សន្លប់​ក្នុង​ពេល​បំពេញការងារ​។​ តាម​របាយការណ៍​ដដែល​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៧​នេះ​ មានកម្ម​ការិនី​រោងចក្រ​យ៉ាងតិច​ចំនួន​ ០៣​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ខណៈ​កំពុង​បំពេញការងារ​។​

​វិស័យ​វាយ​ន​ភណ្ឌ​ គឺជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​របស់​កម្ពុជា​ ក្នុង​ចំណោម​វិស័យ​អាទិភាព​ជា​ច្រើន​ទៀត​ ដែល​មាន​ដូច​ជា​ វិស័យ​ទេសចរណ៍​ និង​វិស័យ​ស្រូវ​ អង្ករ​។​ វិស័យ​វាយ​ន​ភណ្ឌ​ បាន​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​ ៧០​ម៉ឺន​នាក់​ ខណៈ​មាន​ជាង​ ៨០​ភាគរយ​សុទ្ធសឹងតែ​ជា​ស្ដ្រី​៕

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ចៅសង្កាត់​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ត្រូវ​បាន​រា​រាំង​និង​ដក​យក​ត្រា​បន្ទាប់​ពី​បក្ស​នេះ​ត្រូវ​បាន​រំលាយ​

ចៅសង្កាត់​អូ​ចារ​និង​ចៅសង្កាត់​ទួល​តា​ឯកនៃ​គណ[...]

​អង្គការ​ការពារ​អ្នកកាសែត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ី​សេរី​

ភ្នំពេញ៖​គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន[...]

អាមេរិកប្រកាសលែងផ្តល់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៨

ក្រុងភ្នំពេញ៖ សហរដ្ឋអាមេរិកបានប្រកាសនៅក្នុងសេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត