loader

អ្វីខ្លះ​ ដែល​យើង​ត្រូវ​ដឹង​មុន​បាតុភូត​ខ្យល់​កន្ដ្រាក់​ និង​រន្ទះបាញ់​ វាយប្រហារ​មក​លើ​យើង​?​

​ភ្នំពេញ​ ៖​ នៅ​ដើមរដូវ​វស្សា​ឆ្នាំ​២០១៨​នេះ​ បា​តុ​ភូមិ​ធម្មជាតិ​ បាន​វាយប្រហារ​លើ​ផ្ទះ​ លើ​មនុស្ស​ និង​សត្វ​ កើត​ញឹកញាប់​ ដែល​បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះសំបែង​ និង​បង្ក​ឲ្យ​មនុស្ស​ស្លាប់​មួយ​ចំនួន​ផង​ដែរ​។​ ដើម្បី​ត្រៀមលក្ខណៈ​ការពារ​ខ្លួន​ ពី​បា​តុ​ភូមិ​ធម្មជាតិ​ ដែល​មាន​ជា​អាទិ៍​ ខ្យល់​កន្ដ្រាក់​ និង​រន្ទះបាញ់​នេះ​ មន្ដ្រី​ នាំពាក្យ​នៃ​ក្រសួង​ធនធានទឹក​ បាន​ប្រាប់​នូវ​វិធីសាស្ដ្រ​ សង្កេត​ និង​ការពារ​ខ្លួន​មួយ​ចំនួន​ ។

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​ក្នុង​ឆ្នាំ​២០១៨​នេះ​ គេ​សង្កេត​ឃើញ​ បាតុភូត​ធម្មជាតិ​បាន​វាយប្រហារ​លើ​មនុស្ស​ និង​សត្វ​ ក៏​ដូច​ជា​បាន​បំផ្លាញ​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​តាម​បណ្ដា​ខេត្ដ​មួយ​ចំនួន​។​ តាម​ប្រសាសន៍​របស់​ មន្ដ្រី​នាំពាក្យ​ នៃ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ លោក​ ចាន់​ យុ​ត្ថា​ បាន​ឲ្យ​ដឹង​ថា​ ខេត្ដ​ក្នុង​តំបន់​ទំនាប​កណ្ដាល​ និង​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ គឺជា​ខេត្ដ​ ដែល​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត​ ពី​ការ​វាយប្រហារ​ដោយ​ខ្យល់​កន្ដ្រាក់​ និង​រន្ទះបាញ់​ ។​ ព្រោះ​តំបន់​ខ្ពង់រាប​ខាងជើង​ និង​ទំនាប​កណ្ដាល​ ជា​តំបន់​ងាយ​រង​គ្រោះ​ជាងគេ​៖«​មក​ដល់​ពេល​នេះ​ ដូច​ខ្ញុំ​ជម្រាប​ជូន​អ​ញ្ចឹ​ង​ សម្រាប់​តំបន់​ទំនាប​កណ្ដាល​ និង​តំបន់​ខ្ពង់រាប​ ជា​ពិសេស​គឺ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​។​ បើ​យើង​គិត​ជា​ខេត្ដ​ មាន​ដូច​ជា​ ខេត្ដព្រះវិហារ​ ឧត្ដរមានជ័យ​អី​ជាដើម​ ហើយ​តំបន់​ទំនាប​កណ្ដាល​នេះ​ យើង​រាប់​តាំងពី​ទំនាប​កណ្ដាល​ភាគ​ពាយ័ព្យ​ ចុះ​មក​ គឺ​មាន​ដូច​ជា​ នៅ​ខាង​ សៀមរាប​ ពោធិ៍សាត់​ បាត់ដំបង​ បន្ទាយ​មាន​ជ័យ​ រហូត​ដល់​ទំនាប​កណ្ដាល​ភាគ​ខាងកើត​ គឺ​បណ្ដា​ខេត្ដ​ជាប់​ព្រំដែន​កម្ពុជា​ វៀតណាម​នេះ​»​។​

​តែ​យ៉ាងណា​សម្រាប់​ខេត្ដ​ជាប់​តំបន់​មាត់សមុទ្រ​ គឺ​គ្មាន​ក្ដី​ព្រួយបារម្ភ​ពី​ការ​វាយប្រហារ​ដោយ​ខ្យល់​កន្ដ្រាក់​ ឬ​ក៏​រន្ទះបាញ់​ ធ្ងន់ធ្ងរ​នោះ​ទេ​។​ មន្ដ្រី​ នាំពាក្យ​ នៃ​ក្រសួង​ធនធានទឹក​ បន្ដ​ទៀត​ថា​ ជា​រឿយៗ​ឲ្យ​តែ​មាន​ភ្លៀង​ គឺ​តែងតែមាន​លាយឡំ​ជាមួយ​ខ្យល់​កន្ដ្រាក់​ និង​ផ្ទ​រ​ រន្ទះ​ ។​ ចំពោះ​ករណី​នេះ​ គឺជា​រឿង​ដែល​ពិបាក​ទប់ទល់​ព្រោះតែ​វា​ជា​បាតុភូត​ធម្មជាតិ​។​ ក៏​ប៉ុន្ដែ​បើ​ទោះបីជា​ ពិបាក​ទប់ទល់​ក៏​ពិតមែន​ ប៉ុន្ដែ​ប្រជាពលរដ្ឋ​អាច​សង្កេត​មើល​ពី​សញ្ញា​មួយ​ចំនួន​ មុន​ពេល​ដែល​មានការ​វាយប្រហារ​ ដោយ​ខ្យល់​កន្ដ្រាក់​ ឬ​ក៏​រន្ទះបាញ់​។​

​លោក​ ចាន់​ យុ​ត្ថា​ ប្រាប់​ថា​ មុន​ពេល​ដែល​មាន​បាតុភូត​ខ្យល់​កន្ដ្រាក់​ កើតឡើង​ គឺ​មាន​សញ្ញា​ ពីរ​ ដែល​ប្រជាពលរដ្ឋ​ ត្រូវ​កត់សម្គាល់​៖«​ទី​១​គឺ​តំបន់​ដែល​បងប្អូន​ប្រជាពលរដ្ឋ​លោក​រស់នៅ​ នៅ​ថ្ងៃ​ដែល​អាច​មាន​បាតុភូត​ខ្យល់​កន្ដ្រាក់​។​ ចាប់ពី​ថ្ងៃ​រះ​ បាន​ន័យ​ថា​ ថ្ងៃ​រះ​ខ្ពស់​ បន្ដិច​ទៅ​ ម៉ោង​ ៩-១០​ ទៅ​ ពេល​ហ្នឹង​គឺ​អាកាសធាតុ​ចាប់ផ្ដើម​មាន​សភាព​ ក្ដៅ​ ហប់​ ស្អុះស្អាប់​ ខុស​ពី​ធម្មជាតិ​ខុស​ពី​ធម្មតា​។​ អ​ញ្ចឹ​ង​បើ​ថា​ នៅ​ថ្ងៃ​ណាមួយ​កន្លែង​ដែល​យើង​រស់នៅ​ហ្នឹង​ គឺ​ធាតុអាកាស​ក្ដៅ​ ស្អុះស្អាប់​ ហប់​ អត់​ខ្យល់​ នេះ​គឺជា​សញ្ញា​ទី​១​ ដែល​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ថា​ នៅ​ពេល​រសៀល​អាច​មាន​បាតុភូត​ខ្យល់​កន្ដ្រាក់​កើតឡើង​នៅ​កន្លែង​ដែល​យើង​រស់នៅ​»​។​

​ចំណែក​សញ្ញា​ទី​២​ ដែល​បង្ហាញ​ថា​ នឹង​មាន​ខ្យល់​កន្ដ្រាក់​កើតឡើង​ គឺ​នៅ​ម៉ោង​ប្រហែល​ ៩​ ឬ​ ១០​ព្រឹក​ នៅ​លើ​ផ្ទៃមេឃ​មានការ​កកើត​ឡើង​ នូវ​ពពក​ម្យ៉ាង​ដែល​មាន​រាងដូចជា​ផ្សិត​ មាន​រូបរាង​ ក្បាល​ធំ​ហើយ​ជើង​របស់​វា​តូច​។​ ពពក​នេះ​នៅ​ពេល​ដែល​វា​ចាប់ផ្ដើម​កកើត​ឡើង​លើក​ដំបូង​ គឺ​វា​មាន​ស្ថានភាព​បែប​នេះ​៖«​ពេល​ដែល​ចាប់ផ្ដើម​កកើត​ពពក​នេះ​ គឺ​មាន​ពណ៌​ស​ធម្មតា​ទេ​ ហើយ​តូច​ បន្ទាប់​មក​ថ្ងៃ​កាន់តែ​ខ្ពស់​រហូត​ដល់​ថ្ងៃត្រង់​គឺ​ពពក​នេះ​ ចាប់ផ្ដើម​ពួន​ផ្ដុំ​ កាន់តែ​ធំ​ទៅៗ​ ហើយ​ក្រោយ​ពី​ ផុត​ពី​ពេល​ថ្ងៃត្រង់​ទៅ​ គឺ​ពពក​នេះ​ ចាប់ផ្ដើម​ប្រែ​ពណ៌​ បាន​ន័យ​ថា​ ពី​ស​ធម្មតា​ ទៅ​ជា​ខ្មៅ​បន្ដិច​ប​ម្ដងៗ​ ហើយ​នៅ​ពេល​ដែល​មេឃ​រកកលភ្លៀង​ ពពក​នេះ​គឺ​ចុះ​មក​កាន់តែ​ទាប​ យើង​មើលទៅ​ឃើញ​ពពក​នេះ​ទាប​ហើយ​មាន​ពណ៌​ខ្មៅ​»​។​

​ទាំង​ពីរ​ចំណុច​ខាងលើ​នេះ​ គឺជា​សញ្ញា​ ដ៏​ជាក់លាក់​មួយ​ ដែល​បង្ហាញ​ថា​ កន្លែង​លោក​ អ្នក​កំពុង​រស់នៅ​ អាច​នឹង​មាន​ ការ​វាយប្រហារ​ពី​ខ្យល់​កន្ដ្រាក់​។​ ករណី​នេះ​ប្រជាពលរដ្ឋ​គួរតែ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​គ្រប់ពេល​ ប្រសិនបើ​ឃើញ​សភាព​ បែប​នេះ​នៅ​លើ​ផ្ទះ​មេឃ​ ជា​ទូទៅ​ខ្យល់​កន្ដ្រាក់​តែងតែ​វាយប្រហារ​ នៅ​ពេល​រសៀល​។​

​ដោយឡែក​សម្រាប់​វិធី​ការពារ​រន្ទះបាញ់​វិញ​ លោក​ ចាន់​ យុ​ត្ថា​ មន្ដ្រី​នាំពាក្យ​ នៃ​ក្រសួង​ធនធានទឹក​ មាន​ប្រសាសន៍​ថា​ កាលណា​ពលរដ្ឋ​បាន​សង្កេត​ឃើញ​ ផ្ទៃមេឃ​ពពក​ឡើង​ខ្មៅ​ រកកល​ចង់​ភ្លៀង​ គឺ​មិន​ត្រូវ​ស្ថិត​នៅ​កន្លែង​ដែល​មានទឹក​ដក់​ឡើយ​។​ មិន​ត្រូវ​កាន់​សម្ភារ​ដែល​ធ្វើ​ពី​លោហៈ​ មាន​ដូច​ជា​ កាំ​បិទ​ ពូថៅ​ ចបជីក​ ចបកាប់​ មិន​ត្រូវ​ជ្រក​កោ​ម​ដើមឈើ​ ហើយ​ត្រូវ​ទៅ​រក​ទីកន្លែង​ដែល​ស្ងួត​ ស្រឡះ​ និង​អង្គុយ​ចុះ​ឲ្យ​ទាប​ បន្ទាប់​មក​យកដៃ​ក្ដោប​ស្លិ​ត្រចៀក​។​ វិធី​នេះ​ គឺ​ត្រូវ​ប្រើ​ក្នុង​ករណី​ដែល​ប្រជាពលរដ្ឋ​ កំពុង​ស្ថិត​នៅ​កណ្ដាលវាល​៖«​យើង​ត្រូវ​តែ​គេច​ពី​ដើមឈើ​ ហើយ​ទៅ​រក​វាល​ វាល​ឲ្យ​ស្រឡះ​ ហើយ​យើង​អង្គុយ​ចុះ​ឲ្យ​ទាប​ បាន​យើង​អង្គុយ​ អង្គុយ​ចោងហោង​ ឱន​ទៅ​មុខ​ ហើយ​យកដៃ​ទាំង​ពីរ​ ក្ដោប​ស្លឹកត្រចៀក​ធ្វើ​យ៉ាងណា​ឲ្យ​ខ្លួន​របស់​យើង​កាន់តែ​ទាប​ កាន់តែ​ល្អ​។​ ចំណុច​មួយទៀត​ដែរ​ ប្រសិនបើ​មាន​គ្រឿង​អេ​ឡិច​ត្រូ​ច​និក​ ផ្សេងៗ​ មាន​ដូច​ជា​ ទូរស័ព្ទ​ កូន​វិទ្យុ​ កូន​ម៉ា​ញ៉េ​អី​ គឺថា​ សូម​បិទ​វា​ ហើយ​បើ​យក​ល្អ​ គឺ​ដោះ​ថ្ម​ចេញ​តែ​ម្ដង​ ដើម្បី​កុំ​ឲ្យ​មាន​ចរន្ដអគ្គិសនី​ឆ្លងកាត់​»​។​

​ទន្ទឹម​នឹង​នេះ​ សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប​ ដែល​នៅ​ក្នុងផ្ទះ​ ខណៈ​ដែល​មាន​ភ្លៀង​ធ្លាក់​ គួរតែ​ផ្ដាច់​ចោល​ឲ្យ​អស់​នូវ​ចរន្ដអគ្គិសនី​ បញ្ឈប់​ការ​មើល​ទូរទស្សន៍​ ការ​ស្ដាប់​វិទ្យុ​ ការ​ប្រើ​អ៊ិ​ន​ធើ​ណេ​ត​ ឬ​ការ​និយាយ​ទូរស័ព្ទ​ជាដើម​។​ មន្ដ្រី​ពាក្យ​ បញ្ជាក់​ថា​ ប្រសិនបើ​ ពលរដ្ឋ​អាច​អនុវត្ដន៍​តាម​អ្វី​ដែល​ជម្រាប​ជូន​ខាងលើ​នេះ​ គឺ​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ដោយសារ​រន្ទះបាញ់​នេះ​បាន​៕

ព័ត៌មានទាក់ទង

UNទទូច​ឱ្យកម្ពុជាបញ្ឈប់ការគំរាមកំហែងអ្នកមិនទៅបោះឆ្នោតតែមន្ត្រីកម្ពុជាថាមន្ត្រីUNធ្វើជាមេធាវីឱ្យក្រុមប្រឆាំង

ជាថ្មីម្ដងទៀតអ្នករាយការណ៍ពិសេសអង្គការសហរដ្ឋប្[...]

អគ្គិភ័យឆាបឆេះរោងចក្រមួយកន្លែងនៅក្រុងតាខ្មៅ(មានសំឡេង)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេ[...]

សម្ដេច ហ៊ុន សែន ៖គណបក្សប្រជាជនធានាមិនអោយប្រទេសវិលទៅរកសង្រ្គាមឡើយ

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត