loader

អ្នកស្រី ចេន សុភាព គ្រងពានរង្វាន់ ៣ ក្នុងកម្មវិធីប្រកួត«ភាពជាអ្នកដឹកនាំ»ឆ្នាំ២០១៧

ភ្នំពេញ៖ ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញ អស់រយៈពេល ៣ថ្ងៃ ទីបំផុតកម្មវិធីភាពជាអ្នកដឹកនាំឆ្នាំ ២០១៧ ក្រោមប្រធានបទ«ការបង្កើតបរិយាយកាស ដើម្បីឱ្យមនុស្សម្នាក់ៗអាចក្លាយជាអ្នកដឹកនាំ» បានរកឃើញម្ចាស់ជើងឯកពិតប្រាកដហើយ នោះគឺអ្នកស្រី ចេន សុភាព ស្ថាបនិកកីតម្បាញខ្មែរ និងជាអគ្គលេខាធិការនៃសហព័ន្ធស្រ្តីអ្នកជំនួញកម្ពុជា។

ការប្រកួតដែលមានការចូលរួមពីសំណាក់បេក្ខជនដែលមានទេពកោសល្យ ​ថ្វីមាត់ និងសុទ្ធសឹងជាប្រធានក្រុមហ៊ុន ម្ចាស់សហគ្រាសនេះ ធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលរៀបចំឡើងដោយលោក ហោ ចាន់រដ្ឋា អ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំនៅមជ្ឈមណ្ឌលរដ្ឋាលីតឌិញ។

 

                                                      ​ពានរង្វាន់ភាពជាអ្នកដឹកដាំឆ្នាំ២០១៧។រូបភាព កែវ សុខា

 

ម្ចាស់គ្រងពានរង្វាន់ចំនួន ៣ ក្នុងពេលតែមួយគឺអ្នកស្រី ចេន សុភាព ប្រាប់វិទ្យុស្រ្តីកាលពីរាត្រីថ្ងៃទី១២ តុលាថា អ្នកស្រីមានមោទនភាពយ៉ាងខ្លាំង ដែលអ្នកស្រីអាចយកឈ្នះបេក្ខជន និងបេក្ខនារីជាច្រើនរូបដែលចូលរួមប្រកួត ពិសេសគឺអាចឈានទៅដណ្តើមពានពីម្ចាស់ពានរង្វាន់ឆ្នាំមុន គឺលោក គឹម អឿន នាយកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ។ ស្រី្តម្ចាស់ពានរង្វាន់ភាពជាអ្នកដឹកនាំប្រចាំឆ្នាំ២០១៧ រូបនេះបន្តថា ភាពជោគជ័យរបស់អ្នកស្រីមិនមែនកើតឡើងដោយឯកឯងនោះទេ ពោលគឺទទួលបានកើតចេញកិច្ចខិតខំប្រឹងប្រែខ្លួនឯង ទោះបីខ្លួនជានារីភេទក៏ដោយ។ អ្នកស្រីចង់លើកទឹកចិត្តដល់យុវជន ពិសេសគឺស្រ្តី ត្រូវតែខិតខំសិក្សារៀនសូត្រ ដើម្បីបង្ហាញនូវភាពក្លាហានដល់សាធារណជនបានដឹងថា ស្រ្តីគឺមានសមត្ថភាពអាចធ្វើកិច្ចការជាច្រើនដូចបរុសដែរ។

អ្នកស្រី ចេន សុភាព ៖«យើងគ្រប់គ្នាតាមពិតអ្នកណាក៏អាចធ្វើបានដែរ ឱ្យតែយើងខិតខំប្រឹងប្រែង ហើយយើងមានសន្ទុះចិត្តក្នុងការធ្វើខ្លួនយើងឱ្យក្លាយជាមនុស្សម្នាក់ ដែលមានការទទួលស្គាល់ ជាពិសេសយើងអាចបង្ហាញថាស្រ្តីក៏អាចយកពានបានច្រើនក្នុងពេលតែមួយ ហើយអាចដណ្តើមជ័យលោភីបាន។ តែវាមិនមែនជាអំណួតដែលថាយើងហ្នឹងជាមនុស្សអស្ចារ្យ ប៉ុន្តែយើងធ្វើយ៉ាងម៉េចបង្ហាញឱ្យគេឃើញថា យើងអាចចាប់ផ្តើមដោយខ្លួនយើង ហើយខិតខំប្រឹងប្រែងឱ្យក្លាយជាមនុស្សដែលអាចជួយមនុស្សដដៃទៀត ក្នុងក្រុមគ្រួសារយើង ក្នុងសហគមន៍យើង សង្គមរបស់យើងទាំងមូលបាន»។

             អ្នកស្រី ចេន សុភាព ត្រូវបានលោកស្រី អ៊ឺង កន្ថាផាវី បំពាក់មេដាយ ជ័យលោភីក្នុងកម្មវិធីភាពជាអ្នកដឹកនាំឆ្នាំ២០១៧។

 

ងាកមកលោក គឹម អឿន នាយកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ ដែលទើបបាត់បង់ពានរង្វាន់ លោកបានបង្ហាញចំណាប់អារម្មណ៍ថា ការប្រកួតនេះជាការប្រកួតមួយយ៉ាងល្អប្រសើរ​ ព្រោះវាអាចធ្វើលោកធ្វើការស្រាវជ្រាវបន្ថែម ពិសេសគឺលោកអាចមានឱកាសបង្ហាញនូវបទពិសោធន៍ ចំណេះដឹងដល់អ្នកចូលរួមដែលភាគច្រើនជាសិស្សនិស្សិត។ លោក គឹម អឿន ទទួលស្គាល់នូវភាពចន្លោះប្រហោងរបស់ខ្លួន ដែលធ្វើឱ្យលោកបាត់បង់ពានរង្វាន់ភាពជាអ្នកដឹកនាំឆ្នាំ២០១៦។​ តែយ៉ាងណាលោកបេ្តជ្ញាថា នឹងខំប្រឹងធ្វើការស្រាវជ្រាវបន្ថែម ដើម្បីឆ្ពោះទៅដណ្តើមពានរង្វាន់ត្រឡប់មកវិញឱ្យបាននាឆ្នាំក្រោយៗ។

លោក គឹម អឿន៖«បាទខ្ញុំគិតថាវាគ្មិនម្នាក់ៗគាត់មុននឹងឡើងមកគាត់ស្រាវជ្រាវ ដូច្នេះគាត់លើកយកទស្សនៈជុំវិញពិភព លោក ទស្សនៈនៅខ្មែរយើងជាច្រើនដែលជាគតិបណ្ឌិតដើម្បីឱ្យប្អូនៗអ្នករៀនអាចទៅបានដែរ។ ចំណុចដែលយើងបាត់បង់ គឺវាសមរម្យដោយសារយើងការពារមិនបាន ប៉ុន្តែជាទូទៅវាជាមេរៀនមួយល្អមែនតែន ដែលធ្វើឱ្យខ្ញុំមានទឹកចិត្តក្នុងការស្រាវជ្រាវចំណុចខ្វះខាតរបស់យើង»។

                                                លោក គឹម អឿន នាយកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ

 

លោក ហោ ចាន់រដ្ឋា អ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំនៅមជ្ឈមណ្ឌលរដ្ឋាលីតឌិញ មានប្រសាសន៍ថា បំណងនៃការបង្កើតកម្មវិធីប្រកួតប្រជែងភាពជាអ្នកដឹកនាំនេះឡើង គឺដើម្បីកៀងគរថ្នាក់ដឹកនាំតាមស្ថាប័នរដ្ឋនិងឯកជន ឱ្យចូលរួមចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក និងចែករំលែកចំណេះដឹងដល់យុវជនជំនាន់ក្រោយឱ្យអាចក្រេបជញ្ជក់យកទៅអភិវឌ្ឍខ្លួន និងសង្គមជាតិឱ្យរីកចំរើន។ លោកបន្តថា ភាពជាអ្នកដឹកនាំគឺមានសារសំខាន់ណាស់ក្នុងការអភិវឌ្ឍស្ថាប័ន និងសង្គមជាតិ ដូច្នេះការប្រមូលផ្តុំថ្នាក់ដឹក នាំឱ្យចែករំលែកបទពិសោធន៍នេះ គឺជាគន្លឹះមួយបង្ហាញនូវការរីកចំរើនសម្រាប់បុគ្គលគ្រប់រូប។

លោក ហោ ចាន់រដ្ឋា៖«អ្វីដែលយើងធ្វើនេះ គឺទី១គឺយើងចង់ពង្រីកគតិបណ្ឌិត ឬក៏ការចេះដឹងពីការដឹកនាំឱ្យស៊ីជម្រៅ អ្នកណាក៏យល់ថាវាមានតម្លៃ តែភាគច្រើនបានសិក្សាថើរៗ ធ្វើឱ្យមានភាពគ្រោះថ្នាក់កើតឡើងខ្ពស់មែនទែន។ទី២ ផលប្រយោជន៍ដែលធ្វើគឺចង់អភិវឌ្ឍន៍អ្នកដឹកនាំកម្ពុជារបស់យើង បន្តធ្វើការអភិវឌ្ឍបន្តទៀត»។

                            លោក ហោ ចាន់រដ្ឋា អ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំនៅមជ្ឈមណ្ឌលរដ្ឋាលីតឌិញ ។

 

​អ្នកចូលរួមស្តាប់មួយរូបគឺលោក ជា សុខម៉េង ជាស្ថាបត្យករលើកឡើងថា ក្រោយពីបានចូលរួមកម្មវិធីនេះលោកទទួលបានពុទ្ធិ និងចំណេះដឹងយ៉ាងច្រើនសន្ធឹកសន្ធាប់ពីវាគ្មិន នូវភាពជាអ្នកដឹកនាំ។ លោកថា បទពិសោធន៍ដែលទទួលបាននេះ ជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យខ្លួនលោកឃើញថា ការសម្រេចចិត្ត និងអាកប្បកិរិយាដែលព្រឹត្តិកន្លងមកគឺមានភាពខុសឆ្គង និងនៅក្មេងខ្ចីណាស់ ដែលលោកត្រូវធ្វើការកែប្រែឡើងវិញ។

លោក ជា សុខម៉េង៖«ថ្ងៃនេះវាជួយខ្ញុំបានច្រើន ពីមុនខ្ញុំធ្លាប់ជាមនុស្សម្នាក់ធ្វើការសម្រេចចិត្តលឿនពេក ហើយខ្ញុំជាមនុស្សម្នាក់ ឆេវឆៅ នៅពេលខ្លះដែរ។ដូច្នេះក្រោយពីចូលរួមក្នុងកម្មវិធីនេះ ខ្ញុំគិតថាខ្ញុំយល់ដឹងច្រើន ភាគច្រើនគាត់ចែកបទពិសោធន៍ ហើយយោបល់របសល់គាត់ទាំងអស់ហ្នឹង ធ្វើឱ្យខ្ញុំសប្បាយចិត្ត ហើយជំរុញឱ្យខ្ញុំចង់ជោគជ័យដូចពួកគាត់ដែរ»។

                                                                            ​លោក ជា សុខម៉េង ជាស្ថាបត្យករ។

 

នៅចុងបញ្ចប់នៃកម្មវិធីបិទលោកស្រី អ៊ឺង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ច​ការ​នារីថ្លែងថា ការផ្តួចផ្តើមឱ្យមានកម្មវិធីប្រកួតប្រជែងនេះឡើង គឺមានអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះថ្នាក់ដឹកនាំដែលជាបេក្ខភាពប្រលង ព្រោះវាបានធ្វើឱ្យខួរក្បាលអ្នកទាំងនោះមានគំនិតច្នៃប្រឌិតច្រើន ដែលនេះជាចំណែកចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងសំខាន់។ លោកស្រីបន្ថែមថា នៅក្នុងបរិបទនេះបុគ្គលម្នាក់ៗ និងថ្នាក់ដឹកនាំនីមួយៗគឺស្ថិតនៅក្នុងការប្រកួតប្រជែងទាំងក្នុងប្រទេសនិងក្រៅប្រទេស ដូច្នេះការអភិវឌ្ឍភាពជាអ្នកដឹកនាំគឺរឹតតែសំខាន់សម្រាប់អ្នកដឹកនាំនាសម័យនេះ។

លោកស្រី អ៊ឺង កន្ថាផាវី ៖«ហើយឥឡូវនេះយើងមិនអាចរស់នៅឯកោទៀតទេ យើងត្រូវប្រកួតប្រជែងជាមួយគេ ដូច្នេះយើងត្រូវការអ្នកដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់ មានទស្សនៈវិស័យខ្ពស់ទៅមុខ យើងត្រូវតែខិតខំធ្វើយ៉ាងម៉េច មើលថាតើប្រទេស កម្ពុជាគួរធ្វើដំណើរទៅទិសខាងណា យើងចង់បានអ្វីដែលអាទិភាព»។

សូមជំរាបជូនថា កម្មវិធីភាពជាអ្នកដឹកនាំឆ្នាំ ២០១៧ ក្រោមប្រធានបទ«ការបង្កើតបរិយាយកាស ដើម្បីឱ្យមនុស្សម្នាក់ៗអាចក្លាយជាអ្នកដឹកនាំ»ឬ«ការប្រកួតគំនិត ដើម្បីពង្រីកគតិបណ្ឌិតភាពជាអ្នកដឹកនាំ»នេះបានចាប់ផ្តើមរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ តុលា។ បេក្ខជនចូលរួមប្រកួតមានបេក្ខបរុស១៦រូប និងបេក្ខនារីមានចំនួន១៦រូប។ ចំណែកគណកម្មការវាយតម្លៃនិងដាក់ពិន្ទុមានចំនួន ០៨រូប។ កម្មវិធីនេះក៏មានការចូលរួមពីគណៈអធិបតី និងសិស្សនិស្សិតប្រមាណ ៤០០នាក់ផងដែរ៕

 

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ស្រ្ដីខ្មែរ ១៦នាក់ បានទទួលមេដាយបេសកកម្មរក្សាសន្ដិភាពពីអង្គការសហប្រជាជាតិ(មានសំឡេង)

ភ្នំពេញ៖ស្រ្ដីខ្មែរដែលជាកងកម្លាំងមួកខៀវទើបបាន[...]

មុខរបរខ្ញុំ…⁣⁣ ខ្ញុំចង់ឃើញស្ត្រីមានក្តីសង្ឃឹម⁣ និងរឹងមាំក្នុងជីវិត

កញ្ញា⁣គៀង⁣ ស្រីពៅ⁣ មានអាយុសាមសិបមួយឆ្នាំ⁣ បាន[...]

ស្ដ្រី​ គ​-​ថ្លង់​ នៅ​ជនបទ​ងាយ​ប្រឈម​​នឹង​ការ​រំលោភ​បំពាន​ផ្លូវភេទ​

ស្ដ្រី​ គ​-​ថ្លង់​ ភាគច្រើន​នៅ​ជនបទ​ងាយ​ប្រឈម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត