loader

អ្នកវិភាគ​ ថា​ហ្វី​លី​ពី​ន​ នឹង​ខាតបង់​សេដ្ឋកិច្ច​បើ​ផ្ដាច់ទំនាក់ទំនង​ជាមួយ​អា​មេ​រិ​ក​ តែ​អ្នកនយោបាយ​ថា​ ជា​កិច្ចការ​ផ្ទៃក្នុង​របស់​គេ​

​ភ្នំពេញ​៖​ ប្រធានាធិបតី​ ថ្មី​ហ្វី​លី​ពី​ន​លោក​ រ៉ូ​ឌ្រី​ហ្គូ​ ឌូ​ទើ​តេ​ នៅ​រយៈពេល​ចុង​ក្រោយ​នេះ​បាន​បង្ហាញ​ជំហរ​ ចង់​ផ្ដាច់ទំនាក់ទំនង​ល្អជា​មួយ​អា​មេ​រិ​កដោយ​លោក​ បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​ ០៤​ ខែ​ តុលា​ ថា​ សមយុទ្ធ​រវាង​ហ្វី​លី​ពី​ន​ និង​អា​មេ​រិ​ក​ លើក​នេះ​ អាច​ជា​លើក​ចុង​ក្រោយ​ ដែល​ក្នុង​ឋានៈ​លោក​កំពុង​កាន់​អំណាច​ប្រទេស​ លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​សមយុទ្ធ​ ដូចនេះ​បន្ដ​ទៀត​ទេ​។

 ប្រធានាធិបតី ថ្មីហ្វីលីពីនលោក រ៉ូឌ្រីហ្គូ ឌូទើតេ
ប្រធានាធិបតី ថ្មីហ្វីលីពីនលោក រ៉ូឌ្រីហ្គូ ឌូទើតេ

​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ លោក​ ឌូ​ទើ​តេ​ បាន​ប្រកាស​ឱ្យ​ដឹង​កាល​ថ្ងៃ​អង្គា​រថា​ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ នៅ​ប្រទេស​ចិន​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។​ ទន្ទឹម​នឹង​ការ​បន្ត​រិះគន់​សហរដ្ឋអាមេរិក​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ លោក​បាន​បង្ហាញ​ក្តី​សង្ឃឹមថានឹង​អាច​ធ្វើ​ដំណើរ​ទៅ​ប្រទេស​រុ​ស្ស៊ី​ ឆាប់ៗ​នេះ​ដែរ​។​ លោក​ ឌូ​ទើ​តេ​ បាន​ធ្វើ​ឱ្យ​ពិភពលោក​ ភ្ញាក់ផ្អើល​ ដោយសារ​លោក​ បើក​ប្រតិបត្តិការ​សម្លាប់​ អ្នករត់ពន្ធ​គ្រឿងញៀន​ យ៉ាង​រង្គាល​។​

​យុទ្ធនាការ​នេះ​ នាំ​ឱ្យ​អា​មេ​រិ​ក​ថ្កោលទោស​ យ៉ាង​ខ្លាំង​។​ បញ្ហា​នេះ​ហើយ​ មើលទៅ​ បានជា​ ឌូ​ទើ​តេ​ រៀបចំ​ខ្លួន​ផ្ដាច់​សម្ព័ន្ធ​ ជាមួយ​អា​មេ​រិ​ក​ដែល​ធ្លាប់​មាន​ ជា​ច្រើន​ទស​វត្ស​មក​ហើយ​។​

​ការ​បង្ហាញ​ជំហរ​របស់​ ប្រធានាធិបតី​ហ្វី​លី​ពី​ន​ ត្រូវ​បាន​អ្នកវិភាគ​យល់​ថា​ ហ្វី​លី​ពី​ន​ នឹង​ខាតបង់​សេដ្ឋកិច្ច​ បើ​ផ្ដាច់ទំនាក់ទំនង​ជាមួយ​អា​រិ​ក​ ប៉ុន្ដែ​លោក​ថា​ ហ្វី​លី​ពី​ន​ ក៏​អាច​ចំណេញ​នយោបាយ​ផង​ដែរ​ ពី​ប្រទេស​ដែល​មិន​កាន់​ របប​ប្រជាធិបតេយ្យ​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

​ប្រហែល​មិនយូរ​ មិនឆាប់​ទេ​ គេ​នឹង​បានដឹង​ថា​ ប្រទេស​ហ្វី​លី​ពី​ន​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ ឌូ​ទើ​តេ​ និង​ផ្ដាច់ខ្លួន​ពី​អា​មេ​រិ​ក​ ហើយ​ងាក​ទៅ​រក​ប្រទេស​មហាអំណាច​ពីរ​ទៀត​ គឺ​ ចិន​ និង​រុ​ស្ស៊ី​ ដែល​ជា​គូរ​ប្រជែង​យ៉ាង​ខ្លាំង​ជាមួយ​សហរដ្ឋអាមេរិក​ ទាំង​វិស័យ​យោធា​ នយោបាយ​ និង​សេដ្ឋកិច្ច​។​

​បើ​យ៉ាងដូច​នេះ​មែន​ នយោបាយ​ភូមិសាស្ដ្រ​អាស៊ី​ នឹង​មានការ​ប្រែប្រួល​ ជា​ពិសេស​ភូមិសាស្ដ្រ​នយោបាយ​ អាស៊ី​អា​គ្នេ​យ៌​ ដែល​អា​មេ​រិ​ក​ ចាត់​ទុក​ថា​ ជា​តំបន់​មួយ​មាន​សក្ដានុពល​យ៉ាង​ខ្លាំង​ជាមួយ​ខ្លួន​។​

​ហ្វី​លី​ពី​ន​ បច្ចុប្បន្ន​ជា​ប្រទេស​មួយ​ ដែល​មាន​វត្តមាន​កងទ័ព​អា​មេ​រិ​ក​ នៅ​លើ​ទឹកដី​នេះ​ ហើយ​វត្តមាន​ទ័ព​អា​មេ​រិ​ក​នេះ​ គឺជា​ផ្នែក​មួយ​ដែល​ប្រទេស​មហាអំណាច​ មួយ​នេះ​ ប្រើប្រាស់​ឥទ្ធិពល​កងទ័ព​ របស់​ខ្លួន​ក្នុង​តំបន់​ ប្រយោជន៍​ទប់ទល់​ឥទ្ធិពល​ជាមួយ​ មហា​យក្ស​ ចិន​ នៅ​អាស៊ី​។​

​អ្នកវិភាគ​មួយ​រូប​ដែល​វិទ្យុ​ស្ដ្រី​ បាន​សុំ​ការ​បកស្រាយ​រឿង​នេះ​ បាន​យល់​ឃើញ​ថា​ បើ​ហ្វី​លី​ពី​ន​ ផ្ដាច់ខ្លួន​ពី​អា​មេ​រិ​ក​ គឺ​ មាន​ហានិភ័យ​កើតឡើង​ចំពោះ​ប្រទេស​ហ្វី​លី​ពី​ន​ ក៏​ដូច​ជា​ហានិភ័យ​តំបន់​ ដែល​លោក​ថា​ មាន​តែ​បញ្ហា​សេដ្ឋកិច្ច​ និង​នយោបាយ​។​

​អ្នក​សិក្សា​ពី​អភិបាលកិច្ច​ និង​ប្រជាធិបតេយ្យ​ លោក​បណ្ឌិត​ ចាន់​ វិបុល​ ថា​ប្រធានាធិបតី​ថ្មី​ នៃ​ប្រទេស​ហ្វី​លី​ពី​ន​ ទំនង​លោក​ ចង់​អនុវត្ដន៍​យុទ្ធនាការ​ បោសសំអាត​គ្រឿងញៀន​ នៅ​ប្រទេស​លោក​ឲ្យ​ចប់​អាណត្ដិ​ បានជា​ក្នុង​រយៈពេល​ថ្មីៗ​ទៅ​នេះ​ មាន​សារ​បង្ហាញ​ដល់​ សហរដ្ឋអាមេរិក​ ថា​ចង់​ផ្ដាច់ខ្លួន​ចេញ​ ហើយ​ងាក​ទៅ​បង្កើន​ទំនាក់ទំនង​ល្អជា​មួយ​ចិន​ដែល​ជា​ប្រទេស​មហាអំណាច​មួយ​ លើ​ពិភពលោក​ ហើយ​ជា​ប្រទេស​មួយ​ មិន​ចាប់អារម្មណ៍​ច្រើន​ពី​ការ​រំលោភសិទ្ធិ​មនុស្ស​។​

​តែ​លោក​យល់​ផ្សេង​នេះ​បន្តិច​ថា​ ហ្វី​លី​ពី​ន​បាន​រង​ឥទ្ធិពល​របស់​អា​មេ​រិ​ក​ អស់​រយៈកាល​ជា​ច្រើន​ទស​វត្ស​មក​ហើយ​ ដែល​ធ្វើ​ឱ្យ​ ហ្វី​លី​ពី​ន​ មិន​មានការ​រីក​ចម្រើន​អ្វី​ច្រើន​ហើយ​ម្យ៉ាងទៀត​ ហ្វី​លី​ពី​ន​ ក៏​មិន​ដែល​បាន​អនុវត្ដន៍​ច្បាប់​របស់​ខ្លួន​ បាន​ពេញលេញ​បាន​ដែរ​ ព្រោះតែ​គំនាប​ពី​សហរដ្ឋអាមេរិក​។​

​យ៉ាងណា​ អ្នក​សិក្សា​ពី​អភិបាលកិច្ច​រូប​នេះ​គិត​ថា​ ហ្វី​លី​ពី​ន​ នឹង​ខាតបង់​សេដ្ឋកិច្ច​ខ្លាំង​ បើសិន​ប្រទេស​នេះ​ពិតជា​សម្រេច​ផ្ដាច់ខ្លួន​ចេញពី​អា​មេ​រិ​ក​មែន​នោះ​។​ ជាង​នេះ​លោក​ថា​ បើ​ផ្ដាច់ខ្លួន​ពី​អា​មេ​រិ​ក​ ហ្វី​លី​ពី​ន​ គឺ​មិនមែន​ខាត់បង់​សេដ្ឋកិច្ច​ត្រឹមតែ​អា​មេ​រិ​ក​ទេ​ គឺ​ខាត​ទាំងអស់​ព្រោះ​សហភាព​អឺរ៉ុប​ ក៏​ដូច​អា​មេ​រិ​ក​ដែរ​ គឺ​ពួក​គេ​នឹង​មិន​ ឱ្យ​ហ្វី​លី​ពី​ន​ រស់​ងាយស្រួល​ទេ​។

លោក​ ចាន់​ វិបុល​៖​ «​ហ្វី​លី​ពី​ន​នៅ​ក្នុង​ផែន​ការណ៍​របស់​គាត់​ដែល​គេ​ហៅ​ថា​ Globalization​ ដែល​ជា​ដំណើ​ឆ្ពោះទៅ​ទិស​ខាងលិច​ជា​ជាង​ឆ្ពោះទៅ​រក​សាធារណៈរដ្ឋ​ចិន​ ប៉ុន្ដែ​នៅ​ក្នុង​របប​នេះ​លោក​ប្រធានាធិបតី​លោក​ចង់​ ពន្លះ​មួយ​ឈ្នះ​ដៃ​សិន​ដើម្បី​កម្ចាត់​អំពើ​ពុក​រលួយ​ និង​បញ្ហា​អំពី​គ្រឿងញៀន​នេះ​ ប៉ុន្ដែ​ក្នុង​រយៈពេល​ខ្លី​គាត់​អាច​នឹង​ថយ​មក​វិញ​ បើសិន​មានការ​បោះ​ឆ្នោត​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាង​មុខ​»​។​

​យ៉ាងណា​ក៏​ដោយ​ អ្នកនយោបាយ​ មិន​ចង់​និយាយ​ពី​ផល​លំបាក​ របស់​ប្រទេស​ហ្វី​លី​ពី​ន​ ទៅ​ថ្ងៃ​ខាង​មុខ​នោះ​ទេ​ បើ​ទោះជា​ វិទ្យុ​ស្ត្រី​សុំ​ការ​ពន្យល់​ក៏​ដោយ​នោះ​ ដោយ​ម្នាក់ៗ​ចាត់​ទុក​ថា​ ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ ហ្វី​លី​ពី​ន​។​

​លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា​ រឿង​ផ្ទៃក្នុង​ប្រទេស​ហ្វី​លី​ពី​ន​ លោក​មិន​អាច​និយាយ​ថា​ យ៉ាងណា​បាន​ទេ​។​ តែ​លោក​យល់​ថា​ ហ្វី​លី​ពី​ន​ អាច​មានការ​ធុញទ្រាន់​នឹង​ អា​មេ​រិ​ក​ ដែល​តែងតែ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ របស់​ខ្លួន​ទើប​ ហ្វី​លី​ពី​ន​ ចង់​ងាក​ចេញពី​ អា​មេ​រិ​ក​ ហើយ​ទៅ​ចាប់ដៃ​ជាមួយ​ ចិន​។​លោក​បន្ត​ថា​រឿង​កិច្ចការ​ផ្ទៃក្នុង​ របស់​ប្រទេស​មួយ​ចំនួន​គឺ​គេ​មិន​គួរ​លូកដៃ​ទេ​។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​។

លោក​ សុខ​ ឥ​សាន្ដ​៖«​ទីកន្លែង​ណា​ដែល​អា​មេ​រិ​ក​ចូល​ទៅ​ គឺ​មាន​បញ្ហា​ដោះស្រាយ​មិន​ចេញ​ វិវាទ​ដែល​កើតឡើង​ហ្នឹង​មិន​អាច​ដោះស្រាយ​ចេញ​ អ​ញ្ចឹ​ង​ទេ​គាត់​ចង់​ផ្ដាច់ខ្លួន​ហ្នឹង​ ឥឡូវ​គាត់​មាន​ទំនាស់​ជាមួយ​ចិន​ហើយ​ស្រាប់តែ​គាត់​មក​សហការ​ជាមួយ​ចិន​ហ្នឹង​ បាន​ន័យ​ថា​ គាត់​មើលឃើញ​ទស្សនៈវិស័យ​វែង​ឆ្ងាយ​ការ​ប្រយុទ្ធ​ប្រឆាំង​ ជាមួយ​ចិន​យកឈ្នះ​ចិន​មិន​បាន​ទេ​ មាន​តែ​លែង​ធម៌​ត្រជាក់​ដោយ​សន្ដិវិធី​ដើម្បី​ស្រាយ​»​។​

​ទាក់ទិន​បញ្ហា​ហ្វី​លី​ពី​ន​ នេះ​ លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ក្នុង​នាម​ជា​ប្រទេស​ខាងក្រៅ​ គឺ​មិន​អាច​ដឹង​ពី​កិច្ចការ​ផ្ទៃក្នុង​ របស់​ប្រទេស​គេ​បាន​ទេ​ ដែល​ សូ​ម្បី​កម្ពុជា​ក៏​មាន​បញ្ហា​របស់​ខ្លួន​ ដែល​មិន​ទាន់​ដោះស្រាយ​បាន​ដូច​គ្នា​។​

​លោក​ យឹ​ម​ សុវណ្ណ​៖«​ដូច​ខ្ញុំ​ជម្រាប​អ​ញ្ចឹ​ង​រឿង​ផ្ទៃក្នុង​ប្រទេស​គេ​ទេ​ ដែល​គេ​ដឹង​ ចំណែក​យើង​គឺ​មិន​អាច​ទៅ​ដឹង​ផ្ទៃក្នុង​ប្រទេស​គេ​បាន​ទេ​ ហើយ​សូ​ម្បី​តែ​យើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ ក៏​នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដែល​យើង​ត្រូវ​ដោះស្រាយ​ដោយ​ខ្លួន​យើង​»​។​

​លោក​ រ៉ូ​ឌ្រី​ហ្គូ​ ឌូ​ទើ​តេ​ បាន​ឡើង​កាន់​តំណែង​ជា​ប្រធាន​ធិ​បតី​ថ្មី​ នៃ​ប្រទេស​ហ្វី​លី​ពី​ន​កាលពី​ថ្ងៃ​ទី​ ៣១​មិថុនា​ ឆ្នាំ​២០១៦​ តាម​រយៈ​ការ​បោះ​ឆ្នោត​។​ លោក​បាន​ចូល​កាន់​តំណែង​កំពូល​របស់​ប្រទេស​ សាធារណរដ្ឋ​មួយ​នេះ​ ចំ​ពេល​ តុលាការ​ ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ បាន​កាត់ក្ដី​ឱ្យ​ហ្វី​លី​ពី​ន​ មាន​សិទ្ធិ​ចូល​ទៅ​កាន់កាប់​វិញ​ នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដែល​ ក្រុង​ប៉េ​កាំ​ង​បាន​ចូល​ កាន់កាប់​។​ ភ្លាមៗ​ បន្ទាប់​ពី​ទទួល​ជ័យជម្នះ​លើ​ប្រទេស​ចិន​ ហ្វី​លី​ពី​ន​ ព្រមាន​ដឹកនាំ​ទ័ព​ចូល​ តំបន់​នោះ​ តែ​ចិន​ព្រមាន​ ថាបើ​ក្រុង​ម៉ានីល​ហ៊ាន​នាំ​ទ័ព​ចូល​តំបន់​នោះ​ គឺ​ក្រុង​ប៉េ​កាំ​ង​មិន​ ទុក​ឱ្យ​ទ័ព​ហ្វី​លី​ពី​ន​ រស់​ឡើយ​។​ ក្រុង​ប៉េ​កាំ​ង​ព្រមាន​ថា​នឹង​ផ្ទុះ​សង្គ្រាម​ ភ្លាម​ បើ​មានការ​ចលនា​ទ័ព​ ចូល​ដែនទឹក​ប្រវត្តិសាស្ត្រ​ របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​បន្ទាប់​ពី​ការ​ព្រមាន​ធ្ងន់ៗ​ពី​ក្រុង​ប៉េ​កាំ​ង​ គេ​សង្កេត​ឃើញ​ក្រុង​ម៉ានីល​ ឆាប់​ប្រញាប់​ កែ​ពាក្យពេចន៍​ឡើង​វិញ​។​ លោក​ ឌូ​ទើ​តេ​ បា​នប​ញ្ចូ​ន​ ប្រេសិត​ជាន់ខ្ពស់​របស់​លោក​ទៅ​ក្រុង​ប៉េ​កាំ​ង​ ដើម្បី​សម្របសម្រួល​ឱ្យ​ ចិន​ ទទួលស្គាល់​ សាលដីកា​របស់​ តុលាការអន្តរជាតិ​ ហើយ​ ប្រាប់​ថា​ ហ្វី​លី​ពី​ន​ចង់បាន​សិទ្ធិ​មួយ​ផ្នែក​លើ​ តំបន់​ជំ​លោះ​ ជាមួយ​ចិន​ ហើយ​ចង់បាន​តំបន់​នោះ​ ក្លាយជា​ផលប្រយោជន៍​របស់​ហ្វី​លី​ពី​ន​។​ ករណី​នេះ​ហើយ​មើលទៅ​ទើប​ក្រុង​ម៉ានីល​ ប្រាថ្នា​យកចិត្ត​ មហាមិត្ត​ហើយ​ទុក​អា​មេ​រិ​ក​ មួយ​ឡែក​សិន​ ព្រោះ​អា​មេ​រិ​ក​ ក៏​ត្រូវ​បាន​ក្រុង​ប៉េ​កាំ​ង​ចោទ​ថា​ ជា​អ្នក​នៅ​ពីក្រោយ​ ក្រុង​ម៉ានីល​ក្នុង​រឿង​ ជំ​លោះ​ដែនទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង​នេះ​ដែរ​។​

​យ៉ាងណា​ក៏​ដោយ​គេ​ត្រូវ​រង់ចាំ​មើល​ថែម​ទៀត​ថា​ តើ​ហ្វី​លី​ពី​ន​ នឹង​មាន​ជំហរ​ដូច​មេ្ដ​ច​ ចំពោះ​ក្រុង​វ៉ា​ស៊ី​ន​តោន​ ខណៈ​ប្រទេស​មហាអំណាច​លេខ​មួយ​លើ​ពិភពលោក​នេះ​ នឹង​មាន​មេដឹកនាំ​ថ្មី​នៅ​ដើមឆ្នាំ​ក្រោយ​នេះ​៕​  

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ទស្សនៈ៖តើកម្ពុជាមានមុខមាត់បែបណា២០ឆ្នាំទៀត?

ទស្សនៈ៖តើកម្ពុជាមានមុខមាត់បែបណា២០ឆ្នាំទៀត?

ថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៩

ឆ្ពោះទៅអនាគតដ៏រុងរឿងតែងមានជាចក្ខុវិស័យរបស់ប្រ[...]

បទវិភាគ៖តើស្ថានភាពនេះកម្ពុជាគួរធ្វើតាមឱវាទរបស់ប្រធានាធិបតីត្រាំថាដាក់ប្រជាធិបតេយ្យលើផ្លូវត្រឹមត្រូវវិញ

ចាប់តាំងពីសហរដ្ឋអាមេរិកមានឯកអគ្គរដ្ឋទូតថ្មីប្[...]

អ្នកជំនាញភូមិសាស្រ្ដនយោបាយអន្ដរជាតិ៖យុវជនកម្ពុជាស្ថិតលើវិថីនៃការផ្លាស់ប្ដូរផ្នត់គំនិតខណៈពួកគេសម្លឹងមើលការវិលមកវិញរបស់លោកសមរង្ស៊ី

កញ្ញា ពៅនិកាជូនសេចក្ដីប្រែសម្រួល៖ ក្នុងដំណើរម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត