loader

អ្នកវិភាគ​៖​ សេចក្ដីសម្រេច​របស់​ UN​ បញ្ជាក់​ថា​កម្ពុជា​ដើរតួ​នាទី​ជំនួស​អតីត​ របប​យោធា​ភូមា

ភ្នំពេញ៖ ​គឺជា​រឿង​គួរ​ឱ្យ​អៀនខ្មាស់​មួយ​ បើ​ប្រទេស​មួយ​ត្រូវ​បាន​គេ​លា​តត្រដាង​រឿង​អាក្រក់​ ករណី​រំលោភសិទ្ធិ​មនុស្ស​ និង​គោលការណ៍​ប្រជាធិបតេយ្យ​ នៅ​លើ​ឆាក​អន្តរជាតិ​ ។​ គេ​ធ្លាប់​លឺ​តែ​ប្រទេស​ កូរ៉េ​ខាងជើង​ និង​អតីត​របប​យោធា​ភូមា​ ត្រូវ​បាន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ​ ថ្កោលទោស​ និង​ចាត់ទុកជា​រដ្ឋ​មានការ​រំលោភសិទ្ធិ​មនុស្ស​ គួរ​ព្រួយបារម្ភ​ ។​

 

un
កិច្ចប្រជំុពេញអង្គក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ កាលពីថ្ងៃទី១ កក្កដា។ រូបភាពពី៖ iheu.org ​

តែ​ឥឡូវនេះ​ ប្រទេស​មួយ​នៅ​អាស៊ី​អាគេ្នយ៍​ បាន​មក​ទទួល​ខ្លួន​ជំនួស​ អតីត​របប​យោធា​ភូមា​។​ កាលពី​ស​ប្ដា​ហ៍​មុន​ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ​បាន​ចេញ​សេចក្ដីសម្រេច​មួយ​ ដោយ​ដាក់​ប្រទេស​កម្ពុជា​ ជា​រដ្ឋ​រំលោភសិទ្ធិ​មនុស្ស​ និង​បំបាត់​សំឡេង​ ក្រុមប្រឆាំង​ ថា​គួរ​ឱ្យ​ព្រួយបារម្ភ​។​ តែ​ សេចក្ដីសម្រេច​ របស់​អង្គការ​ពិភពលោក​នេះ​ ត្រូវ​បាន​ បក្ស​កាន់​អំណាច​បដិសេធ​ ហើយ​វាយបក​វិញ​ថា​ការ​ចោទប្រកាន់​មួយ​មិន​មាន​មូលដ្ឋាន​ជាក់ស្ដែង​។

​តាម​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ​ ដែល​ស្រង់​មក​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​ របស់​អង្គការ​អន្តរជាតិ​មួយ​ឈ្មោះ​ Forum​ Asia​ គេ​បាន​ដាក់​ប្រទេស​ កម្ពុជា​ ជា​ការ​កត់សំគាល់ធ្វើឡើង​នៅ​ក្នុង​សម័យប្រជុំ​ លើក​ទី​៣២​ របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ​ នៅ​ទីក្រុង​ហ្សេ​ណេ​វ​ ប្រទេស​ស្វិ​ស​កាលពី​ស​ប្ដា​ហ៍​មុន​។​ ប្រទេស​ដែល​ជំរុញ​ឱ្យ​មាន​សេចក្ដីសម្រេច​ នេះ​ គឺ​មាន​ ប្រទេស​ជប៉ុន​ អា​មេ​រិ​ក​ អង់គ្លេស​ បារាំង​ និង​សហភាព​អឺរ៉ុប​ រួម​នឹង​អង្គកាម្គាល់​ ដោយ​បាន​ហៅ​កម្ពុជា​ជា​រដ្ឋ​មួយ​ មានការ​រំលោភ​លើ​ ក្រុម​បក្ស​ប្រឆាំង​ ក្រុម​អង្គការសិទ្ធិមនុស្ស​ និង​បំពាន​សិទ្ធិ​មនុស្ស​។​ សេចក្ដីសម្រេច​នេះ​ មោះធ្រ​អន្តរជាតិ​មួយ​ចំនួន​ទៀត​។​ តាម​សេចក្ដីសម្រេច​នេះ​មាន​រដ្ឋ​ជា​ច្រើន​ទៀត​បាន​ឡើង​និយាយ​ រិះគន់​ការ​ដឹកនាំ​នៅ​កម្ពុជា​។​

​កាលពី​៣​ឆ្នាំ​មុន​ក្រុមប្រឹក្សា​សិ​ទិ្ធ​មនុស្ស​ អង្គការសហប្រជាជាតិ​បាន​ដក​ឈ្​ប្រទេស​ភូមា​ ចេញពី​បញ្ជីខ្មៅ​ របស់​ខ្លួន​ ដោយសារ​ប្រទេស​នេះ​បាន​កែទម្រង់​ការ​ដឹកនាំ​ប្រទេស​ ហើយ​ ងាក់​មក​រក​ការ​ដឹកនាំ​បែប​ប្រជាធិបតេយ្យ​។​ តែ​នៅ​ពេល​ជាមួយ​គ្នា​ ស្ថាប័ន​ពិភព​ល​លោក​មួយ​នេះ​ក៏​នៅ​តែ​ ដាក់​ប្រទេស​កូរ៉េ​ខាងជើង​ ដែល​មាន​មេដឹកនាំ​ផ្ដាច់​ការ​ វ័យក្មេង​ គឹ​ម​ ជុង​ អ៊ុ​ន​ ថា​ជា​រដ្ឋ​មួយ​រំលោភសិទ្ធិ​មនុស្ស​ យ៉ាងធ្ងន់ធ្ងរ​។​ ចុះ​ចំណែក​កម្ពុជា​វិញ​  អ្នកវិភាគ​កម្ពុជា​ យល់​ឃើញ​ដូច​ម្ដេច​ ចំពោះ​សេចក្ដីសម្រេច​របស់​ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ​?

​សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​លោក​ សូ​ ច​ន្ថា​ មាន​ប្រសាសន៍​មក​កាន់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ ពុធ​ ទី​ ០៦​ កក្កដា​ នេះ​ថា​ កា​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ហាក់​មានការ​ កម្រើក​នៅ​ឆ្នាំ​២០១៣​ ហើយ​បន្ដ​ធ្ងន់ធ្ងរ​ឡើងៗ​រហូត​ដល់​បច្ចុប្បន្ន​ ។​ លោក​ថា​ជាក់ស្ដែង​ដូច​ជា​ការ​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​យ៉ាង​ឃោ​ឃៅ​ ទៅ​លើ​ក្រុម​ប្រជាពលរដ្ឋ​រង​គ្រោះ​រឿង​ដីធ្លី​ដែល​តវ៉ា​ និង​ ការ​បង្ក្រាប​ទៅ​លើ​ក្រុម​កម្មករ​រោងចក្រ​ជាដើម​។​ លោក​បន្ដ​ថា​ ការ​ចេញ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​នេះ​ គឺជា​ពិត​ឆ្លុះ​បញ្ចាំង​ពី​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ ដែល​លោក​ថា​ដូច​ជា​ ការ​អនុវត្ដន៍​ច្បាប់​មាន​ស្ដងដា​ពីរ​ រវាង​ក្រុម​អ្នកមាន​អំណាច​និង​ប្រជាពលរដ្ឋ​ក្រីក្រ​ ក៏​ដូច​ជា​ក្រុម​អ្នកប្រឆាំង​ រួម​ជាមួយ​អង្គការ​សង្គម​ស៊ី​វិល​នានា​។​

​លោក​សាស្ដ្រាចារ្យ​បន្ដ​ថា​ កម្ពុជា​ពេល​នេះ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​រក​ផ្លូវ​មួយ​ដែល​ប្រជាជន​ភូមា​ធ្លាប់​រង​គ្រោះ​កាលពី​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ពួក​យោធា​។​ លោក​ថា​ នា​ពេល​កន្លង​មក​អ្នក​ណា​ក៏​ធ្លាប់​បានឮ​ហើយពី​ការ​ប្រកាស​របស់​ថ្នាក់ដឹកនាំ​យោធា​ម្នាក់​ ប្រកាស​ថា​កងទ័ព​ទាំងអស់​ជា​របស់​បក្ស​កាន់​អំណាច​។

chantha
សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​លោក​ សូ​ ច​ន្ថា

លោក​ សូ​ ច​ន្ថា​ បញ្ជាក់​ថា​ បើ​ករណី​ប្រទេស​ភូមា​ពី​អតីតកាល​ធ្លាក់​មក​លើ​កម្ពុជា​ នោះ​កម្ពុជា​និង​ទទួល​រង​ភាព​ឯកា​ ដោយ​រង​ទណ្ឌកម្ម​ពី​អន្ដរជាតិ​ព្រោះ​ បណ្ដា​សហគមន៍​អន្ដរជាតិ​ទាំងនោះ​ ពួក​គេ​មិន​ពេញចិត្ដ​របប​ដឹកនាំ​ផ្ដាច់​ការ​ឡើយ​។​

​លោក​ សូ​ ច​ន្ថា​៖​ «​ សម្រាប់​ខ្ញុំ​គិត​ថា​ សេចក្ដី​សម្រាប់​របស់​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​ស្ដី​ពី​សិទ្ធិ​មនុស្ស​នេះ​ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ពិត​នៅ​កម្ពុជា​ ដែល​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កំពុង​តែ​ប្រឈម​នេះ​បាទ​»​ ។​

​ប្រទេស​ជប៉ុន​ដែល​ផ្ដល់​ជំនួយ​ឥត​សំណង​ច្រើន​ជាងគេ​ដែរ​មក​ឱ្យ​កម្ពុជា​ ហើយ​កម្រ​ឃើញ​ចេញ​សេចក្ដីថ្លែងការណ៍​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ នៅ​ពេល​នេះ​តំណាង​របស់​ប្រទេស​នេះ​ បាន​ចេញ​មុខ​ច្បាស់​ជាងគេ​លើក​ឡើង​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​ តំណាង​របស់​ប្រទេស​នេះ​ បាន​សម្ដែង​ការ​ព្រួយបារម្ភ​ ចំពោះ​ភាព​តានតឹង​ផ្នែក​នយោបាយ​ ដែល​កាន់តែ​កើនឡើង​។​

​តែ​បែប​នេះ​ក្ដី​ តំណាង​កម្ពុជា​នៅ​ក្រុង​ហ្សេ​ណេ​វ​ មិន​បាន​ឆ្លើយ​តប​ ចំពោះ​ការ​ព្រួយបារម្ភ​របស់​អន្តរជាតិ​នោះ​ទេ​។​ តែ​ផ្ទុយ​ទៅ​វិញ​បាន​បដិសេធ​ ហើយ​ចោទ​ស្ថាប័ន​សិទ្ធិ​មនុស្ស​ ថា​ធ្វើ​នយោបាយ​ភា​វូប​និ​យ​កម្ម​ មាន​ស្តង់ដា​២​ និង​បាន​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។​
​យ៉ាងណា​ក៏​ដោយ​ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ​ អះអាង​ថា​ពិ​ព​លោក​ មិន​ បិទ​ភ្នែក​ ចំពោះ​បញ្ហា​ការ​ដឹកនាំ​នៅ​កម្ពុជា​ ដែល​គេ​ថា​កំពុង​ រំលោភ​លើ​ប្រព័ន្ធ​យុត្តិធម៌​ ដើម្បី​ បំបាត់​សំឡេង​ក្រុម​ឯករាជ្យ​ និង​សង្គម​ស៊ី​វិល​នោះ​ទេ​។​

​លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​បាន​គាំទ្រ​ សេចក្ដីសម្រេច​របស់​ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ​ថា​ត្រឹមត្រូវ​។​

Meas-Ny
លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម

លោក​យល់​ថា​ ទ​ង្វើ​របស់​កម្ពុជា​សព្វថ្ងៃ​ទោះជា​ខិតខំ​បិទ​បាំង​ ឬ​បដិសេធ​ក្ដី​គឺ​មិន​ត្រឹមត្រូវ​ទេ​ព្រោះ​ គេ​ដឹង​អស់ហើយ​។​

​លោក​ថា​ បើ​ប្រទេស​កម្ពុជា​រង​នូវ​ការ​ដាក់​ទណ្ឌកម្ម​ ទៀត​នោះ​គឺ​ លំបាក​ជាង​ប្រទេស​ភូមា​ទៅ​ទៀត​។​ អ្នក​ស្រាវជ្រាវ​សង្គម​រូប​នេះ​យល់​ថា​ កំពុង​ដើរ​តាម​អតីត​របប​ដឹកនាំ​របស់​ពួក​យោធា​ភូមា​ ហើយ​បើ​កម្ពុជា​អនុវត្ដន៍​របប​ចាស់​ដូច​ភូមា​មែន​នឹង​នាំ​ឲ្យ​ប្រទេស​នេះ​ជួប​វិបត្ដិ​ធ្ងន់​ជាង​ភូមា​។​

​លោក​ មាស​ នី​៖«​យើង​ខុស​គ្នា​ពី​ភូមា​ ត្រង់​ថា​ភូមា​គេ​ទទួល​ទណ្ឌកម្ម​ពី​អន្ដរជាតិ​មែន​តែ​គេ​មាន​រចនាសម្ព័ន្ធ​រឹង​មាំ​ហើយ​ប្រទេស​គេ​ក៏​មាន​ធនធានធម្មជាតិ​ច្រើន​ តែ​ប្រទេស​យើង​រចនាសម្ព័ន្ធ​របស់​យើង​នៅ​ខ្សោយ​ អំពើ​រពុក​រលួយ​ក៏​ច្រើន​ ហើយ​សេដ្ឋកិច្ច​យើង​ក៏​មិន​ទាន់​បាន​ទៅ​ណា​ឆ្ងាយ​ដែរ​ បើសិន​យើង​ទទួល​ទណ្ឌកម្ម​ពី​បរទេស​ទេ​ យើង​ប្រៀប​ដូច​សត្វ​កង្កែប​ដែល​លោត​បាន​ ៤​ ម៉ែត្រ​ធ្លាក់​៣​ម៉ែត្រ​ លោត​ឡើង​ចុះ​មិន​ឈប់​ចឹ​ង​ឯង​»​។​

​តែ​បែប​នេះ​ក្ដី​ លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាន​ជន​ ចាត់​ទុក​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​មក​លើ​កម្ពុជា​ នេះ​ថា​ជា​គំនិត​របស់​បុគ្គល​ដែល​មិនមែន​ជា​គំនិត​រួម​របស់​អង្គការសហប្រជាជាតិ​ទេ​។​

​លោក​ថា​ អ្នក​ដែល​មើល​មក​កម្ពុជា​ មានការ​រំលោភសិទ្ធិ​មនុស្ស​ អ្នក​ទាំងនោះ​គឺ​សុទ្ធតែ​អ្នក​មិន​បាន​ទទួល​ព័ត៌មាន​ពិត​ពី​កម្ពុជា​ ហើយ​លើស​ពី​នេះ​ទៅ​ទៀត​ អ្នក​ទាំងនោះ​គឺ​សុទ្ធតែ​ជា​ក្រុម​របស់​បក្ស​ប្រឆាំង​។​

​លោក​បន្ដ​ថា​ កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​ដែល​មានការ​គោរ​ច្បាប់​ គោរព​សិទ្ធិ​មនុស្ស​ពេញលេញ​ មិនមែន​ដូច​ការ​យល់​ឃើញ​របស់​ក្រុម​អ្នកវិភាគ​ប្រឆាំង​រាជរដ្ឋាភិបាល​មួយ​ចំនួន​ឡើយ​។​

sok-eysan-thum-07-06-16
លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាន​ជន

​លោក​ សុខ​ ឥ​សាន្ត​៖​ «​ទោះ​យ៉ាងណា​ក៏​ដោយ​វា​គ្រាន់បើ​ដូច​មេឃ​នឹង​ដី​ បើ​ប្រៀបធៀប​នឹង​របប​ខ្មែរក្រហម​ តើ​ពួក​គាត់​បាន​វាយតម្លៃ​ទេ​ កាល​របប​ខ្មែរក្រហម​គ្រប់គ្រង​ប្រទេស​ អង្គការ​សន្ដិ​មនុស្ស​ អង្គការ​អន្ដរជាតិ​ហ្នឹង​មានបាន​វាយតម្លៃ​ទេ​ »​។​

​ប៉ុន្តែ​បើ​តាម​ សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ​ ករណី​ប្រទេស​កម្ពុជា​ នឹង​ត្រូវ​បាន​ដាក់​ជា​របៀបវារៈ​សំខាន់​ម្ដងទៀត​ នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​ របស់​ ស្ថាប័ន​នេះ​នៅ​ខែកញ្ញា​ ខាង​មុខ​ ដែល​គេ​រំពឹង​ថា​ ស្ថាប័ន​សិ​ទិ្ធ​មនុស្ស​ពិភពលោក​មួយ​នេះ​នឹង​ចេញ​សេចក្ដីសម្រេច​មួយទៀត​ដោយ​ទាមទារ​ឱ្យ​ រដ្ឋាភិបាល​កម្ពុជា​ ដោះ​លែង​ជា​បន្ទាន់​ អ្នក​ការពារ​សិ​ទិ្ធ​មនុស្ស​ និង​ សកម្មជន​ គណបក្សប្រឆាំង​ ដែល​កំពុង​ជាប់​ឃុំ​៕ ​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

រុស្ស៊ីវាយលុកចូលតំបន់អារ៉ាប់ ក្រោយពីអាមេរិកស្ទាក់ស្ទើរមិនហ៊ានធ្វើសង្គ្រាមនឹងអ៊ីរ៉ង់

តាំងពីអាមេរិកបញ្ចូនទ័ពមកដាក់នៅមជ្ឈឹមបូព៌ាមកលទ[...]

តើNATOនឹងចាត់ការយ៉ាងណាចំពោះទង្វើឈ្លានពានស៊ីរីរបស់ទួគីជាសមាជិកខ្លួន?

ក្នុងចំណោមប្រទេសខ្លាំងៗបណ្ដាទ្វីបអឺរ៉ុប និង អ[...]

វិភាគ៖ចិនព្យាយាមធ្វើឱ្យតៃវ៉ាន់ឯកាបំផុត តើទៅរួចឬអត់?

ឯកា មិនមានអ្នករាប់រកគឺស្មើនឹងការមិនទទួលស្គាល់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត